
ទិដ្ឋភាពសំណង់អគារចម្រុះដ៏ច្រើនស្អេកស្កេះក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ត្រូវគេមើលឃើញថាបានរីកចម្រើនជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ ដែលមកបើកដំណើរការនៅកម្ពុជាបានកើនឡើង ជាបន្តបន្ទាប់។
ទិន្នន័យពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញបង្ហាញថា ក្រុមហ៊ុនអចលនទ្រព្យដែលជាសមាជិកសមាគមបានកើនឡើងដល់ ១០៧ ក្នុងនោះក្រុមហ៊ុនបរទេសមានចំនួន ១៨ ខណៈពីដើមឆ្នាំ ២០១៨ ក្រុមហ៊ុនជាសមាជិកមាន ៩៦ និងក្រុមហ៊ុនបរទេសមាន ១៤។
លោក ម៉ុត វណ្ណនេត អគ្គលេខាធិការសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ការរីកចម្រើននៃវិស័យអចលនទ្រព្យបានធ្វើឲ្យទីផ្សារនេះមានការប្រកួតប្រជែងកាន់តែខ្លាំង។ ដើម្បីអាចទទួលបានចំណែកទីផ្សារ ក្រុមហ៊ុននីមួយៗត្រូវតែគោរពច្បាប់ និងពង្រឹងសេវាកម្មរបស់ខ្លួនឲ្យបានល្អ។ ការធ្វើការប្រកបដោយវិជ្ជាជីវៈ និងមានស្ថាប័នច្បាស់លាស់ នឹងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន។
លោកថ្លែងថា៖ «កំណើនក្រុមហ៊ុនជាសមាជិកនេះបានបង្ហាញពីភាពរីកចម្រើនទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាការយល់ដឹងពីសារៈសំខាន់ក្នុងការគោរពច្បាប់ផងដែរ»។
ទោះបីយ៉ាងណា នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនដែលកំពុងប្រកបអាជីវកម្មដោយមិនចុះបញ្ជីផងដែរ។
ខណៈមានក្រុមហ៊ុន ៣-៤ កំពុងដាក់ពាក្យស្នើសុំចូលជាសមាជិកនោះ លោក វណ្ណនេត និយាយថា៖ «ខ្ញុំរំពឹងថា នៅដំណាច់ឆ្នាំនេះ ចំនួនក្រុមហ៊ុនសមាជិកសមាគមនឹងកើនឡើងដល់ ១១០ ក្រុមហ៊ុន»។
ក្រុមហ៊ុនបរទេស ដែលជាសមាជិកសមាគមអ្នកវាយតម្លៃ មានមកពីប្រទេស ចិន ម៉ាឡេស៊ី អាមេរិក និងសិង្ហបុរី ជាដើម។
ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 ដែលរៀបចំឡើងនៅកម្ពុជា កាលពីចុងសប្តាហ៍មុន នាយិកាក្រុមហ៊ុន Century 21 Cambodia លោកស្រី Grace Rachny Fong បានប្រាប់ថា បច្ចុប្បន្នវិស័យអចលនទ្រព្យកម្ពុជាកំពុងទាក់ទាញវិនិយោគិនពីប្រទេសជាច្រើនលើពិភពលោកឲ្យចូលមកបណ្តាក់ទុន ឬបើកក្រុមហ៊ុននៅកម្ពុជា។
លោកស្រីបានបន្តថា ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងវិនិយោគិនបរទេសសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកស្រីថ្លែងថា៖ «នេះជាលើកទី ១ ហើយដែលព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំនៅកម្ពុជា។ ព្រឹត្តិការណ៍នេះបានជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាទៅកាន់ពិភពលោក»។
កម្ពុជា ជាប្រទេសទី ៧៥ ដែលបាននាំយកសិទ្ធិអាជីវកម្មផ្តាច់មុខ (Fran-chise) ក្រុមហ៊ុន Century 21 ពីសហរដ្ឋអាមេរិក។
ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាផ្សេងទៀត មានដូចជា CBRE Cambodia, Knight Frank, Keller Williams Realty និង Era Real Estate ជាដើម៕ LA