ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម TCC Triumph ដែល​មាន​តម្លៃ​ជាង ​១ ​ពាន់​លាន​ដុល្លារ ​របស់​ក្រុមហ៊ុន​ចិន YunNan ShengMao Investment (Cambodia) Co., Ltd ​​សម្រេច​បាន​​ប្រមាណ ​៣០ ​ភាគរយ​សម្រាប់​ដំណាក់​ទី១ ខណៈ​​គម្រោង​ទាំង​​មូល​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ​២០២០។ នេះ​បើ​យោង​តាម​អ្នក​គ្រប់គ្រង​ផ្នែក​លក់​របស់​គម្រោង​នេះ។​

អគារ​លក់​ទំនិញ​ចំនួន​ ៤ ​ដែល​​អគារ​នីមួយៗ​មាន​កម្ពស់​ ៤ ជាន់ ត្រូវ​បាន​ចាប់​ផ្តើម​សាងសង់​កាល​​ពី​​ចុង​ខែ ​វិច្ឆិកា ឆ្នាំ ​២០១៨ ដោយ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ ​២០១៩ នេះ ខណៈ​ដំណាក់​កាល​ទី​២ ដែល​មាន​អគារ​ខ្ពស់​ៗ​ចំនួន ២ និង​អគារ​លក់​ទំនិញ​ចំនួន ​​២ ទៀត​ ​អាច​នឹង​​ចាប់​ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ ​២០១៩ នេះ។

លោក ហាក់ យ៉ារិទ្ធ អ្នក​គ្រប់គ្រង​​ផ្នែក​លក់​របស់​ TCC Triumph ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ការ​សាងសង់​ ​ដំណាក់​កាល​ទី​១​ នៃ​គម្រោង​នេះ​​កំពុង​ដំណើរការ​យ៉ាង​លឿន​។​

លោក​និយាយ​​ថា៖ «[យើង​] សង្ឃឹម​ថា​នឹង​អាច​បើក​ដំណើរការ​​បាន​នៅ​ដើម​ឆ្នាំ ​២០២០​ ហើយ​នៅ​ពេល​សាងសង់​រួច នឹង​​មាន​ផលិតផល​ជាង ​១០ ​ម៉ឺន​​មុខ​ដាក់​តាំង​លក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ»​​។

លោក​បាន​បន្ត​ថា ការ​លក់​ក្នុង​ដំណាក់​កាល​ទី​១ នៅ​ពេល​នេះ​សម្រេច​បាន​​ប្រមាណ​ ៦០ ​ភាគរយ​ហើយ ដោយ​អតិថិជន​ប្រហែល​ ៩០ ​ភាគរយ គឺ​ជា​ អ្នក​នៅ​ក្នុង​ស្រុក​​។​

បើ​តាម​លោក យ៉ារិទ្ធ ​ផ្ទះ​សម្រាប់​ធ្វើ​អាជីវកម្ម មាន​តម្លៃ​ចាប់​ពី​ជាង ​១០ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ ខណៈ​តូប​លក់​ទំនិញ មាន​​តម្លៃ​ចាប់​ពី ៧​ ៨០០ ​ដុល្លារ​​។​

លោក​បន្ត​ថា កាល​ពី​សប្តាហ៍​មុន​ក្រុមហ៊ុន​បាន​ចាប់​ដៃ​គូ​សហការ​ជា​មួយ​ក្រុមហ៊ុន​ ​ Attica Diamond មក​ពី​ប្រទេស​ក្រិក ដើម្បី​នាំ​យក​គម្រោង​នេះ​ទៅ​លក់​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ផង​ដែរ​។

គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម TCC Triumph វិនិយោគ​លើ​ផ្ទៃដី​ទំហំ​ជាង ៩ ​ហិកតា ស្ថិត​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ​​ជា​ទីតាំង​ដែល​ក្រុមហ៊ុន​​​បាន​ជួល​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន​ក្នុង​កិច្ចសន្យា​ជួល​ចំនួន ​៤០ ​ឆ្នាំ​ ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​តម្លៃ​ជួល​នោះទេ។

កំពង់ផែ​ភ្នំពេញ​ ក៏​បាន​ជួល​ដី​​មាត់ទន្លេ​សាប​ចាប់​ពី​គល់​ស្ពាន​​ជ្រោយ​ចង្វារ រហូត​ដល់​ផ្សារ​រាត្រី​ឲ្យ​ក្រុមហ៊ុន​ចិន​ផ្សេង​ទៀត​ផង​​ដែរ គឺ​ក្រុមហ៊ុន Yuetay Group សម្រាប់​អភិវឌ្ឍ​គម្រោង​​ស្រដៀង​គ្នា​នេះ​ ក្នុង​រយៈពេល​ ​៥០ ​ឆ្នាំ​ ក្នុង​តម្លៃ​ជួល​តែ​ជាង ​១៦ ​លាន​ដុល្លារ​ប៉ុណ្ណោះ។

គម្រោង TCC Triumph ជា​មជ្ឈមណ្ឌល​​បោះដុំ​ទំនិញ​អន្តរជាតិ​​ដ៏​ធំ​មួយ​ជា​មជ្ឈមណ្ឌល​​ទេសចរណ៍ និង​ជា​កន្លែង​កម្សាន្ត​​​ខ្នាត​អន្តរជាតិ​ដ៏​ធំ​​។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ប្រាប់​​ថា YunNan ShengMao Investment (Cambodia) Co., Ltd គឺ​ជា​គម្រោង​ធំ​ដែល​នឹង​​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​​ដូច​ជា​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។

លោក​ស្រី​​បាន​ថ្លែង​ថា​៖​ «​ដោយសារ​គម្រោង​នេះ​មាន​រយៈពេល​​​កំណត់ ដូច្នេះ​តម្លៃ​​អាច​មាន​ភាព​ធូរ​ថ្លៃ​ជាង​គម្រោង​ទូទៅ។ ទោះ​យ៉ាង​ណា​ការ​លក់​បាន​រហូត​ដល់ ​៦០ ​ភាគរយ​នា​ពេល​នេះ គេ​អាច​និយាយ​ថា ជា​ភាព​ជោគជ័យ​មួយ​របស់​ក្រុមហ៊ុន​»៕