ក្រុងគូឡាឡាំពួៈ ជនបរទេស​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ទិញ​អចលនទ្រព្យ​ក្នុង​ទីក្រុង​មួយ​ដែល​គ្រោង​នឹង​សាងសង់​ឡើង​ដោយ​ចំណាយ​ ១០០ ​ពាន់​លាន​ដុល្លារ បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​ដ៏ធំ​នេះ​ដែល​មាន​គោលដៅ​សំដៅ​អតិថិជន​មកពី​ប្រទេស​ចិន​ដីគោក​បាន​បង្ក​ឱ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មេដឹកនាំ​ម៉ាឡេស៊ី​នៅ​ដើម​សប្តាហ៍​នេះ​។

Forest City គឺជា​ទីក្រុង​អេកូ​ដែល​មាន​អគារ​ខ្ពស់ៗ និង​មាន​វីឡា​ជាច្រើន​នៅ​តាម​មាត់សមុទ្រ​លើ​កោះកែ​ច្នៃ​ចំនួន​ ៤ ​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ Johor ដែល​ចំណាយ​ពេល​ដំណើរ​តែ​ ១ ​ម៉ោង​ប៉ុណ្ណោះ​ពី​ប្រទេស​សិង្ហបុរី​។

គម្រោង​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ពលរដ្ឋ​ចំនួន ៧ ​សែន​នាក់ ហើយ​វា​នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ធំ Country Garden ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង និង​ក្រុមហ៊ុន​មួយ​ដែល​កាន់កាប់​ភាគហ៊ុន​មួយផ្នែក​ដោយ​ស្តេច​ស៊ុលតង់​ប្រចាំ​រដ្ឋ Johor ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០៣៥​។

វា​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ជាការ​ទាក់ទាញ​អ្នកទិញ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ស្តុកស្តម​មកពី​ចិន​ដីគោក ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad ដែល​បាន​លុបចោល​រួច​ហើយ​នូវ​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ជាមួយ​ទីក្រុង​ប៉េកាំង​ដែល​កិច្ចព្រមព្រៀង​ទាំងនោះ​សម្រេច​ដោយ​អតីត​រដ្ឋាភិបាល​ម៉ាឡេស៊ី​នោះ​បាន​ថ្លែងថា ជនបរទេស​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទិញ​អចលនទ្រព្យ​នៅក្នុង​គម្រោង​ទីក្រុង​នេះ​ទេ​។

លោក Mahathir ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​អ្វី​ដែល​ច្បាស់លាស់​មួយ​គឺថា​ទីក្រុង​ដែល​នឹង​ត្រូវ​សាងសង់​នេះ​គឺ​មិន​អាច​លក់​ទៅ​ឱ្យ​ជនបរទេស​បាន​ទេ​»​។

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​មិន​ផ្តល់​ទិដ្ឋាការ​ឱ្យគេ​មក​រស់នៅ​ទី​នេះ​ទេ​»​។

ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​មិន​សប្បាយ​ចិត្ត​នឹង​គម្រោង​នេះ​ទេ ដោយសារ​តែ​វា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​សំដៅ​ទៅ​អ្នកទិញ​បរទេស​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម ហើយ​ពួកគេ​ក៏​សម្តែង​ការព្រួយបារម្ភ​ផង​ដែរ​ថា​អាច​បំផ្លាញ​ដល់​បរិស្ថាន​។

ក្រុមហ៊ុន Country Garden Pacificview Sdn Bhd ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​ក្នុង​គម្រោង​សាងសង់​ទីក្រុង Forest City បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ទាក់ទង​ទៅ​ការិយាល័យ​របស់​លោក Mahathir រួចហើយ​ដើម្បី​ស្វែងរក​ការបំភ្លឺ​អំពី​ការលើក​ឡើង​របស់​គាត់​នេះ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ប្រធាន​ក្រុមហ៊ុន​ Country Garden បាន​ជួប​លោក Mahathir កាលពី​ដើម​ខែ ហើយ​មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ​បាន​បញ្ជាក់​ជាថ្មី​ថា លោក​ស្វាគមន៍​ចំពោះ​ការវិនិយោគ​បរទេស​ដែល​អាច​បង្កើត​ឱកាស​ការងារ លើក​កម្ពស់​ការផ្ទេរ​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី និង​ការបង្កើត​ការងារ​។

ទំនាក់ទំនង​រវាង​ទីក្រុង​គូឡាឡាំពួ និង​ទីក្រុង​ប៉េកាំង​មាន​ភាព​កក់ក្តៅ​នៅ​ក្រោម​ការដឹកនាំ​របស់​អតីត​រដ្ឋាភិបាល​ដែល​កំពុង​ជួប​រឿង​អាស្រូវ​របស់​លោក Najib Razak ហើយ​ការវិនិយោគ​ពី​ក្រុមហ៊ុន​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ទោះបី​ជា​យ៉ាងណា​ក្រុម​អ្នករិះគន់​បាន​និយាយ​ថា កិច្ចព្រមព្រៀង​ទាំងនោះ​មិន​បាន​ផ្តល់​អំណោយផល​ដល់​ប្រទេស​ម៉ាឡេស៊ី​ទេ​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង​កាលពី​ពេល​ថ្មីៗ​នេះ​លោក​នាយក​រដ្ឋមន្ត្រី Mahathir បាន​ប្រកាស​ថា​លោក​បាន​ពន្យារ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដោយ​ចិន​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ២២ ពាន់​លាន​ដុល្លារ​។

ខណៈ​គម្រោង​ទីក្រុង Forest City គឺជា​គម្រោង​អភិវឌ្ឍ​ឯកជន​នោះ​មនុស្ស​មួយ​ចំនួន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​មើល​ឃើញ​គម្រោង​នេះ​ថា​ជា​សញ្ញា​មិន​ស្វាគមន៍​មួយ​ទៀត​នៃ​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើនឡើង​៕ NS