ទោះបីជាថ្ងៃបុណ្យជាតិហើយមានដុំពពកខ្មៅរកភ្លៀងក៏ដោយក្តី លោក យ៉ង់ ធារិទ្ធ អគ្គនាយកក្រុមហ៊ុន GBC Engineer កំពុងតែជិះកង់សំដៅទៅការិយាល័យរបស់លោកដែលស្ថិតនៅផ្លូវលេខ ៣៣១ ក្នុងសង្កាត់បឹងកក់ទី ២ ដើម្បីបញ្ចប់ការងារមួយចំនួន ហើយជាមួយគ្នានេះក៏ដើម្បីធ្វើលំហាត់ប្រាណផងដែរ។
សុខភាព គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស្វករវ័យ ៣៤ ឆ្នាំរូបនេះ ដែលតាំងតែពីវ័យកុមារភាពមករូបគេតែងតែសុបិនចង់ធ្វើជាវេជ្ជបណ្ឌិតមួយរូបនៅពេលធំពេញវ័យ។ បើទោះជាក្តីសុបិននោះមិនត្រូវបានបំពេញក្តីលោក ធារិទ្ធ ដែលបានរួមបង្កើតក្រុមហ៊ុនវិស្វកម្មអន្តរជាតិកាលពីឆ្នាំមុនក៏នៅតែចាត់ទុកខ្លួនឯងថាជា «អ្នកព្យាបាល» មិនមែនជំងឺមនុស្សនោះទេគឺជំងឺសំណង់អគារ។
លោកថ្លែងថា៖ «បន្ទាប់ពីធ្វើការក្នុងវិស័យវិស្វកម្មសំណង់អស់ជាង ១០ ឆ្នាំខ្ញុំអាចនិយាយថាដូចជាវេជ្ជបណ្ឌិតម្នាក់ដែរដោយវិស្វករត្រូវអតិថិជនស្វែងរកនៅពេលមានបញ្ហាអ្វីមួយកើតឡើង។ វិស្វករមិនត្រឹមតែព្យាបាលអគារនោះទេ តែថែមទាំងជាអ្នកកំណត់វាសនាអគារថែមទៀតផង»។
ជាកូនប្រុសទី ៣ មកពីគ្រួសារកសិករក្រីក្រ ១ នៅក្នុងខេត្តបាត់ដំបងលោក ធារិទ្ធ តែងតែមានទម្លាប់ខិតខំប្រឹងប្រែងលើគ្រប់កិច្ចការងារ។ ទោះបីជាឪពុកម្តាយរបស់លោកពុំបានរៀនសូត្រខ្ពង់ខ្ពស់ក៏ដោយលោកទាំង ២ តែងលើកទឹកចិត្ត និងផ្គត់ផ្គង់ឲ្យកូនបានរៀនសូត្រ។ សុបិនរបស់ពួកគាត់ គឺចង់ឃើញកូនប្រុសនេះពាក់អាវពេទ្យ ពិនិត្យអាការៈអ្នកជំងឺក្នុងមន្ទីរពេទ្យ។
លោក ធារិទ្ធ បានរំឭកថា៖ «គួរឲ្យសោកស្តាយ ខ្ញុំប្រឡងចូលសាលាពេទ្យមិនជាប់ឡើយក្រោយជាប់បាក់ឌុបនៅឆ្នាំ ២០០១។ ខ្ញុំបានត្រឹមជាប់ចូលរៀនថ្នាក់បច្ចេកទេសរយៈពេល ៣ ឆ្នាំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)»។
ខកចិត្តប៉ុន្តែមិនអស់សង្ឃឹមលោកបានប្តេជ្ញាចូលរៀននៅមហាវិទ្យាល័យវិស្វកម្មដោយបានក្លាយជាសិស្សឆ្នើមក្នុងការសិក្សា បើទោះបីជាលោកមិនដែលមានក្តីស្រមៃក្លាយជាវិស្វករពីមុនមកក៏ដោយ។ នៅពេលកំពុងសិក្សានេះហើយដែលធ្វើឱ្យលោកស្រឡាញ់ផ្នែកវិស្វកម្ម ជាពិសេសវិស្វកម្មរចនា។
លោកនិយាយថា៖ «ខ្ញុំតែងតែស្រឡាញ់មុខវិជ្ជាគណិតវិទ្យាតាំងពីនៅរៀននៅសាលាចំណេះដឹងទូទៅ ប៉ុន្តែវិស្វកម្មគឺមិនមែនត្រឹមតែដោះស្រាយលំហាត់ប៉ុណ្ណោះទេ តែវាគឺជាការងារជាក់ស្តែង និងបច្ចេកទេសក៏ដូចជាការស្វែងរកដំណោះស្រាយចំពោះបញ្ហានានាជាអ្វីដែលខ្ញុំពិតជាស្រឡាញ់»។
នៅពេលបញ្ចប់ការសិក្សានៅឆ្នាំ ២០០៦ លោក ធារិទ្ធ បានចំណាយពេលប្រហែលកន្លះឆ្នាំធ្វើការជាវិស្វករនៅរោងចក្រក្រដាស ១ កន្លែងនៅក្រុងព្រះសីហនុ ហើយកន្លះឆ្នាំទៀតនៅក្រុមហ៊ុនវិស្វកម្ម ILI Consulting Engineering ដែលជាក្រុមហ៊ុនរបស់អាល្លឺម៉ង់។ នៅឆ្នាំ ២០០៧ លោកបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យ GadjahMada នៅទីក្រុង Yoyakarta ប្រទេសឥណ្ឌូនេស៊ី។
បន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មនៅឆ្នាំ ២០០៩ លោក ធារិទ្ធ ដែលពេលនោះមានអាយុ ២៥ ឆ្នាំបានត្រឡប់មកមាតុប្រទេសវិញ ហើយបានបន្តធ្វើការឱ្យក្រុមហ៊ុន ILI។ ក្នុងរយៈពេល ៦ ឆ្នាំជាមួយក្រុមហ៊ុន លោកបានធ្វើការលើគម្រោងធំៗជាច្រើន ពិសេសអគារទីស្នាក់ការធនាគារអេស៊ីលីដានៅរាជធានីភ្នំពេញ។
ទោះបីជាមានជោគជ័យទីនោះខ្លាំងយ៉ាងណាក្តីនៅឆ្នាំ ២០១៥ លោក ធារិទ្ធិ បានលាលែងពីតំណែងរបស់គាត់ដើម្បីបង្កើតក្រុមហ៊ុន ១ ជាមួយសហសេវិកជនជាតិអាល្លឺម៉ង ២ រូប។ ការផ្លាស់ប្តូរដ៏ធំធ្វើឱ្យគាត់មានក្តីបារម្ភខ្លះ ប៉ុន្តែក៏គួរឱ្យរំភើបផងដែរ។
លោកបាននិយាយថា៖ «វាជាហានិភ័យដ៏ធំមួយដោយសារប្រើប្រាស់ប្រាក់សន្សំរបស់ខ្ញុំដើម្បីបង្កើតក្រុមហ៊ុន ក៏ប៉ុន្តែការបន្តធ្វើការឱ្យគេ មិនអាចឲ្យយើងមើលឃើញអ្វីដែលយើងអាចធ្វើបាននោះទេ»។
លោកបានបន្ថែមថា៖ «ម្យ៉ាងទៀតក្នុងអាយុជាង ៣០ ឆ្នាំខ្ញុំបានរៀបការមានគ្រួសារហើយ។ ខ្ញុំពិតជាត្រូវការអ្វីមួយជារបស់ខ្លួនផ្ទាល់សម្រាប់គ្រួសារខ្ញុំ មុនពេលដែលវាយឺតពេលសម្រាប់ខ្ញុំក្នុងការធ្វើអ្វីទាំងអស់»។
ដោយមានការិយាល័យកណ្តាលនៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន GBC មានការិយាល័យក្រៅប្រទេសនៅកម្ពុជា និងវៀតណាម។ ក្នុងការិយាល័យរបស់ GBC នៅរាជធានីភ្នំពេញមានបុគ្គលិកជាង ៣០ នាក់ដែលភាគច្រើនជាវិស្វករមានទាំងជនជាតិ ខ្មែរ និងអាល្លឺម៉ង់កំពុងធ្វើការលើសេវាកម្មវិស្វកម្មដូចជា ការត្រួតពិនិត្យសំណង់ការប្រឹក្សាផ្នែកវិស្វកម្ម និងការវាយតម្លៃអគារជាដើម។ ទោះយ៉ាងណាលោក ធារិទ្ធ និយាយថាលោកមានមោទនភាពដែលបានក្លាយជាមេដឹកនាំជនជាតិខ្មែរក្នុងក្រុមហ៊ុនវិស្វកម្មអន្ដរជាតិមួយដែលជារឿងកម្រមានណាស់នៅក្នុងប្រទេសយើង។
លោកអះអាងថា៖ «វិនិយោគិនជាច្រើនរំពឹងថានឹងទទួលបានតម្លៃ និង គុណភាពទាបពីវិស្វករ និងអ្នករចនាក្នុងស្រុក ទោះបីជាពួកគេមានប្រវត្តិសិក្សា និងបទពិសោធប្រហាក់ប្រហែលគ្នាទៅនឹងដៃគូបរទេសក៏ដោយ»។
«ខ្ញុំជឿថានេះជាឧបសគ្គដ៏ធំ ១ សម្រាប់សិស្សដែលសិក្សាជំនាញវិស្វកម្មក្នុងស្រុក បើទោះបីជាវិស័យសាងសង់របស់ប្រទេសកំពុងរីកចម្រើនក៏ដោយ។ បេសកកម្មរបស់ខ្ញុំគឺផ្លាស់ប្តូរវាដោយការបង្កើនជំនាញ និងគុណភាពការងាររបស់បុគ្គលិកខ្មែររបស់ខ្ញុំ»។
ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះក្រុមហ៊ុន GBC Cambodia បានទទួលគម្រោងធំៗជាច្រើនរួមទាំងគម្រោងរចនាម៉ូដស៊ីវិល និងរចនាសម្ព័ន្ធនៃអគារ Mercedes-Benz Autohaus និងអគារ Diamond Apartment កម្ពស់ ២១ ជាន់។ គម្រោងធំបំផុតរបស់ក្រុមហ៊ុនគិតមកត្រឹមថ្ងៃនេះគឺអគារកម្ពស់ ៩ ជាន់របស់ Novotel Hotel Palace ដែលមានទំហំ ១៦៦00 ម៉ែត្រការ៉េនៅខេត្តព្រះសីហនុ ដោយការសាងសង់អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៨ នេះ។
យោងតាមលោក ធារិទ្ធ មូលហេតុចម្បងនៃភាពជោគជ័យនេះគឺជាអាទិភាពរបស់លោកចំពោះសុវត្ថិភាពនៃអគារដោយផ្តោតលើការកាត់បន្ថយគ្រោះថ្នាក់ ឬហានិភ័យនៃគ្រោះថ្នាក់ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្តង់ដារអឺរ៉ុប។
លោក ធារិទ្ធ ថ្លែងថា៖ «អ្នកវិនិយោគ និងវិស្វករជាច្រើននៅកម្ពុជាអាចផ្តោតតែទៅលើភាពស្រស់ស្អាតរបស់អគារ ប៉ុន្តែគោលការណ៍របស់យើងស្ថិតនៅលើអគារសុវត្ថិភាព ១00 ភាគរយ។ យើងនឹងមិនលះបង់សុវត្ថិភាពដើម្បីកត្តាអ្វីផ្សេងនោះទេ ហើយយើងប្រយ័ត្នមែនទែនចំពោះមេគុណសុវត្ថិភាពជាឧទាហរណ៍ មានមេគុណសុវត្ថិភាពនៃដែកថែបដែលត្រូវបានប្រើក្នុងសំណង់ជាដើម»។
ទន្ទឹមនឹងនេះដែរលោក ធារិទ្ធ និយាយថាលោកតែងតែធ្វើឱ្យប្រាកដថាការរចនាម៉ូដចេញពីក្រុមហ៊ុនរបស់លោកត្រូវគ្នានឹងកម្លាំងពលកម្មក៏ដូចជាលទ្ធភាពការងាររបស់កម្មករនៅការដ្ឋានសាងសង់។
លោកនិយាយថា៖ «ទាំងយើង និង អ្នកវិនិយោគមិនចង់ឱ្យអគារដួលរលំបន្ទាប់ពីសាងសង់បាន ២-៣ ឆ្នាំ ឬគ្រោះថ្នាក់ណាមួយនៅកន្លែងសាងសង់នោះទេ ហើយយើងត្រូវការសម្ភារ និងធនធានមនុស្សដែលមានគុណភាពខ្ពស់ដើម្បីកុំឲ្យរឿងនេះកើតឡើង។ ដូច្នេះថ្លៃសេវារបស់យើងអាចខ្ពស់ ប៉ុន្តែវិនិយោគិននឹងទទួលបានអ្វីដែលពួកគេចង់បាន»៕