
សំណង់លំនៅឋានរបស់ក្រុមហ៊ុន Worldbridge។ រូបថត សហការី
ភ្នំពេញៈ ទោះជាការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យមានសារៈសំខាន់ចំពោះការចូលរួមចំណែកដល់សេដ្ឋកិច្ច និងសង្គមក្តីក៏រហូតមកដល់ពេលនេះមានក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះដែលបានវិនិយោគលើផ្នែកនេះ។
នៅដើមខែនេះលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងពិធីបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ ២០១៩ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះ ដោយថ្លែងថាវាពិតជាចាំបាច់ណាស់ ព្រោះវាមិនត្រឹមតែចូលរួមចំណែកផ្តល់នូវកន្លែងស្នាក់នៅសម្រាប់អ្នកដែលមានប្រាក់ចំណូលមធ្យម និងទាបប៉ុណ្ណោះទេ តែថែមទាំងសម្រាប់គូស្រករថ្មី ឬអ្នកទើបមានការងារធ្វើ ដែលចង់មានកន្លែងស្នាក់នៅផ្ទាល់ខ្លួនទៀតផង។
លោកបន្តថា ការចូលរួមចំណែករបស់វិនិយោគិនគឺពិតជាមានសារៈសំខាន់ណាស់។
លោកថ្លែងថា៖ «តម្លៃសមរម្យនៃលំនៅឋាននេះ គឺជាការផ្តល់នូវទំនុកចិត្ត និងលំនឹងនៃសេចក្តីត្រូវការលំនៅឋានគ្រប់វ័យរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស អាស្រ័យហេតុនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជាមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឲ្យខិតខំធ្វើកម្មវិធីរៀបចំការងារសាងសង់លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់ធានាផ្តល់នូវទំនុកចិត្តផង និងជាចន្លោះ [លទ្ធភាព] សម្រាប់ឲ្យកម្មករ-កម្មការិនីរបស់យើងអាចមានលទ្ធភាពបង់»។
ប៉ុន្តែរហូតមកទល់ពេលនេះមានតែក្រុមហ៊ុនវិនិយោគចំនួន ៣ ប៉ុណ្ណោះដែលរួមមាន ក្រុមហ៊ុន Worldbridge Land ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល តម្លៃ ១០០ លាន ក្រុមហ៊ុន Arakawa Co., Ltd នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានទុនវិនិយោគ ៧០ លានដុល្លារ និងក្រុមហ៊ុន Bun Ches Groups ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល មានតម្លៃ ៨៨ លានដុល្លារ។
លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅ Worldbridge Homes Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Land បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងរបស់លោកបានបញ្ចប់ ១០០ ភាគរយហើយ ខណៈលំនៅឋានក្នុងដំណាក់កាលទី ១ បានរួចរាល់ ៩០ ភាគរយដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២០។ លោកបន្តថា ពេលនេះក្រុមហ៊ុនកំពុងផ្តោតទៅលើការស្ថាបនាសួនច្បារបៃតង។
លោកប្រាប់ទៀតថា៖ «យើងមានផែនការប្រគល់ផ្ទះប្រហែល ៦០០ ខ្នងឲ្យអតិថិជនចូលស្នាក់នៅក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២០»។
បើតាមលោក សុធីរិទ្ធ សម្រាប់ដំណាក់កាលទី ១ ការលក់ស្ទើរតែអស់ទាំងស្រុងទៅហើយដោយមានតម្លៃចន្លោះពី ២៥ ០០០ ទៅ ៣០ ០០០ ដុល្លារក្នុង ១ ល្វែង។
ទោះយ៉ាងណាលោកមិនបានប្រាប់ឲ្យដឹងពីគម្រោងដំណាក់កាលទី ២ នោះទេ។
សហស្ថាបនិក Arakawa Co., Ltd ដែលអភិវឌ្ឍលំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) លោក អៀង សុធារ៉ា បាននិយាយថា ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យមិនត្រឹមតែចូលរួមចំណែកផ្តល់កន្លែងស្នាក់នៅសម្រាប់អ្នកដែលមានជីវភាពមធ្យម និងទន់ខ្សោយប៉ុណ្ណោះទេ តែវាថែមទាំងជួយកាត់បន្ថយភាពអនាធិបតេយ្យក្នុងការបង្កើតសំណង់អនាធិបតេយ្យ និងជម្លោះដីធ្លីមួយចំណែកផងដែរ។ លោកបន្តថា Arakawa Residence កំពុងចូលរួមចំណែកយ៉ាងច្រើននៅក្នុងការផ្តល់កន្លែងស្នាក់នៅតម្លៃសមរម្យដល់ប្រជាជនខ្មែរតាមរយៈការបង់ប្រាក់បន្តិចបន្តួចក្នុង ១ ខែ។
លោកថ្លែងថា៖ «ការបង់ប្រាក់តិច គឺប្រៀបដូចទៅនឹងការជួលផ្ទះគេស្នាក់នៅ ប៉ុន្តែនៅពេលដល់ឆ្នាំកំណត់ ផ្ទះនោះនឹងក្លាយជាកម្មសិទ្ធិរបស់យើងតកូនតចៅ»។
លោកប្រាប់ទៀតថា គម្រោង Arakawa Residence កំពុងទទួលការគាំទ្រជាច្រើនដោយបន្ទប់ស្នាក់ក្នុងដំណាក់កាលទី ១ ចំនួន ១ ៦៨០ យូនីត ត្រូវបានអតិថិជនទិញអស់ ៩០ ភាគរយហើយ។
គម្រោងនេះត្រូវបានធ្វើឡើងយ៉ាងប្រណីតតាមស្តង់ដាប្រទេសជប៉ុន ដើម្បីផ្តល់ឲ្យអតិថិជននូវកន្លែងរស់នៅមួយដ៏ល្អមានសុវត្ថិភាព និងផាសុកភាព។ នេះបើតាមលោក សុធារ៉ា។
Arakawa Residence គឺជាគម្រោងខុនដូដែលសាងសង់លើផ្ទៃដី ១,៣៦ ហិកតាត្រូវបានចែកចេញជា ២ ដំណាក់កាល ដោយដំណាក់កាលទី ១ មានអគារកម្ពស់ ២១ ជាន់ ចំនួន ១០ ដែលស្មើនឹង ១៦៨០ យូនីត និងដំណាក់កាលទី ២ មានចំនួន ៦ អគារមានបន្ទប់សរុប ១២៨០ យូនីត។ បន្ទប់ក្នុងគម្រោង Arakawa Residence មានទំហំចាប់ពី ២៣ ម៉ែត្រការ៉េ និងមានតម្លៃចាប់ពី ២៨ ៥០០ ដុល្លារក្នុងយូនីតឡើងទៅ។
បើតាមលោក សុធារ៉ា បច្ចុប្បន្នការសាងសង់គ្រោងអគារទាំង ១០ នៃដំណាក់កាលពី ១ បានចប់រួចរាល់ហើយដោយតាមផែនការនឹងបើកឲ្យអតិថិជនចូលស្នាក់នៅនាចុងឆ្នាំ ២០២០ ខណៈដំណាក់កាលទី ២ នឹងបើកដំណើរការនៅចុងឆ្នាំ ២០២១។
កាលពីឆ្នាំ ២០១៤ កម្ពុជាបានអនុម័តគោលនយោបាយលំនៅឋានថ្នាក់ជាតិដើម្បីជំរុញការអភិវឌ្ឍលំនៅឋានឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។ យោងតាមគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ ៥ ម៉ឺនខ្នងក្នុង ១ ឆ្នាំរហូតដល់ឆ្នាំ ២០៣០៕ MK