ភ្នំពេញៈ តម្លៃ​ដី​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់​ត្រា ​នៅ​តំបន់​សំខាន់ៗ​ក្នុង​ខណ្ឌ​ទាំង ​៤ នៅ​កណ្តាល​រាជធានី​ភ្នំពេញ ​ដែល​នឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​​​ដើម​ខែ​កក្កដា ឆ្នាំ​នេះ​ បាន​កើន​ឡើង​ជាង ​៣០ ​ភាគរយ​​ក្នុង ​១ ​ម៉ែត្រ​ការ៉េ ​បើ​ធៀប​នឹង​តម្លៃ​ដែល​កំពុង​អនុវត្ត​​​ពេល​បច្ចុប្បន្ន​។ ​នេះ​បើ​តាម​សេក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

អ្នក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​ចាត់​ទុក​ការ​កែប្រែ​តម្លៃ​ថ្មីនេះ ​នឹង​ជួយ​បង្កើន​ចំណូល​ពន្ធ​របស់​រដ្ឋ​។​

សេចក្តី​​ប្រកាស​របស់​ក្រសួង​ចុះ​ថ្ងៃ​ទី ​២២​ ខែ ​មីនា ឆ្នាំ ​២០១៩ ​ស្តីពី​ការ​កំណត់​មូលដ្ឋាន​គិតពន្ធ​ប្រថាប់​ត្រា ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ ​ឬ​សិទ្ធិ​កាន់​កាប់​​អចលនទ្រព្យ​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី ​១ ខែ ​កក្កដា ឆ្នាំ ​២០១៩ ​បាន​បន្ត​កំណត់​យក​ខណ្ឌ​ចំនួន ​៤ ​ដាក់​​ក្នុង​តំបន់ ១ ​រួម​មាន ​ខណ្ឌ​ទួលគោក​​ដូនពេញ ​ចំការមន និង​ខណ្ឌ ៧ ​មករា​។

សេចក្តី​ប្រកាស​​ឲ្យ​ដឹង​ថា ​សម្រាប់​ដី​ស្ថិត​នៅ​តំបន់​សង​ខាង​​ផ្លូវ​មេ​សំខាន់ៗ​ដូច​ជា ផ្លូវ​ព្រះ​មុនីវង្ស ព្រះ​នរោត្តម និង​ផ្លូវ​ព្រះសីហនុ ​នឹង​កើន​ឡើង​ពី​តម្លៃ​ ១ ៥០០ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ​នា​ពេល​បច្ចុប្បន្ន​​ទៅ​ដល់​ ៤ ៥០០ ​ដុល្លារ​ ខណៈ​​ដី​ស្ថិត​នៅ​តាម​ផ្លូវ​រណប​នឹង​ផ្លូវ​មេ​​ខាង​លើ​ បាន​កើន​ពី ​១ ០០០ ដុល្លារ​ទៅ​ដល់ ​២ ៥០០ ​ដុល្លារ​។​

តម្លៃដី​ស្ថិត​នៅ​ជុំវិញ​ផ្សារ​ថ្មី សូរិយា ​ផ្សារ​អូឡាំពិក​ ចំណែក​ខ្លះ​នៃ​ផ្លូវ​កម្ពុជា​ក្រោម ព្រះ​នរោត្តម ​​សហព័ន្ធ​រុស្ស៊ី ​និង​ហ្សាលដឺហ្គោល បាន​កើន​ឡើង​ពី​ ១ ០០០ ​ដុល្លារ ​ដល់ ​៤ ០០០ ​ដុល្លារ។

សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​សម្រាប់​ដី​​​ស្ថិត​នៅ​​​ផ្លូវ​មួយ​ចំនួន​ដូចជា ​កម្ពុជា​ក្រោម​ ម៉ៅ​សេទុង​ ត្រសក់​ផ្អែម សហព័ន្ធ​រុស្ស៊ី ព្រះស៊ីសុវត្ថិ នេរុ ​មាន​តម្លៃ​ ៣ ៥០០ ​ដុល្លារ ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ​ ខណៈ​តម្លៃ​ដី​​នៅ​តំបន់​ខ្លះ​នៃ​កំណាត់​​​ផ្លូវ​មុនីវង្ស សហព័ន្ធ​រុស្ស៊ី​ទេពផន​ មាន​តម្លៃ​ ៣ ០០០ ​ដុល្លារ​។

ដោយ​ឡែក​ដី​នៅ​កន្លែង​មួយ​ចំនួន​ដូច​ជា ជុំវិញ​ផ្សារ​ចាស់ ​ផ្សារ​កណ្តាល ​ទួលទំពូង ​ផ្សារ​សុវណ្ណា ផ្សារ​បឹង​ត្របែក ​ផ្សារ​បឹង​កេងកង ផ្លូវ​មេ​នៅ​ក្នុង​តំបន់​បឹងកក់ ​តំបន់​កោះ​ពេជ្រ ​និង​រដ្ឋសភា ​មាន​​តម្លៃ​ ២ ៥០០ ​ដុល្លារ​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​។​

ជាមួយ​គ្នា​នេះ ប្រកាស​ខាង​លើ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​តម្លៃ​ដី​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់​ត្រា នៅ​ក្នុង​ខណ្ឌ​ទាំង​ ៤ មាន​ទាប​បំផុត ​៥០០ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ​។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក ​ច្រឹក​ សុខនីម ​កាល​ពី​ល្ងាច​​ម្សិលមិញ ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា ​តម្លៃ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់​ត្រា​ថ្មី​នេះ គឺ​​មាន​កម្រិត​កៀក​ទៅ​នឹង​តម្លៃ​​ទីផ្សារ​ជាក់ស្តែង​​។

ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ ក៏​នឹង​ធ្វើ​​ឲ្យ​រដ្ឋ​ទទួល​បាន​ចំណូល​កាន់​តែ​ច្រើន​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ផង​ដែរ​។ លោក​បាន​​ថ្លែង​ថា៖ «​​តម្លៃ​ដែល​ទើប​ធ្វើ​បច្ចុប្បន្នភាព​​ពេល​នេះ​ស្មើ​នឹង ​៧០ ទៅ ​៨០ ភាគរយ​នៃ​​ទីផ្សារ​ជាក់ស្តែង​​»។

លោក​បន្ត​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​​តាម​តម្លៃ​ទីផ្សារ​ គឺ​ជា​រឿង​ចាំ​បាច់​ ខណៈ​ដែល​តម្លៃ​ដី​នៅ​ពេល​នេះ​បើ​ធៀប​​នឹង​រយៈពេល ​១០ ​ឆ្នាំ​មុន​មាន​​ ការ​ប្រែប្រួល​យ៉ាង​ច្រើន​។

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​សីហា ឆ្នាំ ​២០១៨ បាន​សម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ​នូវ​ឧបសម្ព័ន្ធ​ស្តីពី​ការ​បែង​ចែក​ភូមិ​សាស្រ្ត និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់​ត្រា ដែល​បាន​និង​កំពុង​អនុវត្ត​អស់​រយៈពេល​ ១០ ​ឆ្នាំ​កន្លង​មក​ហើយ ​ដើម្បី​​ឲ្យ​ស្រប​​តាម​ការ​រីក​ចម្រើន​ខាង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ ពេល​​បច្ចុប្បន្ន​។

លោក​ កែន​ សម្បត្តិ ​អគ្គនាយក​រង​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខាសាលា​មួយ​​កាល​ពី​ខែ​មេសា​ថា​ កាល​ពី​ឆ្នាំ​ ២០១៨ ​រាជធានី​ភ្នំពេញ​ ទទួល​បាន​ចំណូល​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់​កាប់​​អចលនទ្រព្យ​ចំនួន​ប្រមាណ​ ៩៧ ​លាន​ដុល្លារ​។ ដោយ​ឡែក​នៅ​ក្នុង​រយៈពេល ៣ ​ខែ​ដើម​ឆ្នាំ​ ២០១៩ ការ​ប្រមូល​ចំណូល​ពន្ធ​​នេះ ​បាន​ចំនួន​ប្រមាណ​ ២៤ ​លាន​ដុល្លារ​៕ LA