
រដ្ឋាភិបាលកម្ពុជាកំពុងតែបង្ហាញពីមហិច្ឆតាកាន់តែធំរបស់ខ្លួនតាមរយៈការចាប់ផ្តើមរៀបចំប្លង់គម្រោងផ្លូវក្រវាត់ក្រុងទី ៣ ដែលមានប្រវែងវែង និងទំហំធំសម្រាប់សម្រួលដល់ការដឹកជញ្ជូននានា។
យោងតាមសេចក្តីព្រាងដែលបង្ហាញកាលពីពេលពេលថ្មីៗដោយអភិបាលរងខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានឲ្យដឹងថាគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅផ្លូវជាតិ ២១) នេះបានលាតសន្ធឹងលើឃុំ-សង្កាត់ចំនួន ១៧ នៃស្រុកចំនួន ៣ ក្នុងខេត្តកណ្តាល និងខណ្ឌចំនួន ២ របស់រាជធានីភ្នំពេញ។ គម្រោងនេះចាប់ផ្តើមចេញពីចំណុច PK១៦+៨០០ ផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅគឺចំណុចប្រសព្វ PK៦៤+៤០៨ និងផ្លូវជាតិលេខ ១ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។
គម្រោងនេះក៏ឆ្លងកាត់ស្រុកស្អាងដែររួមមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុកកណ្តាលស្ទឹងមានឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ។
ក្នុងរាជធានីភ្នំពេញគម្រោងនេះនឹងត្រូវឆ្លងកាត់សង្កាត់គងនយ សាក់សំពៅ ពងទឹក និងប្រទះឡាងនៃខណ្ឌខណ្ឌដង្កោ សង្កាត់ភ្លើងឆេះរទះ កន្ទោក និងចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នេះក៏មានការសាងសង់ស្ពានអាកាសកាត់ផ្លូវជាតិលេខ ៤ លេខ ៣ លេខ ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន ១ នៅស្រុកស្អាង និងស្រុកកៀនស្វាយដែលមានទទឹង ២៥ ម៉ែត្រ និងក្រាលកៅស៊ូអ៊ុត និងមានលូ ១០១ កន្លែងដែលមានលូ ២ ប្រភេទគឺប្រភេទលូមូលចំនួន ២៨ កន្លែង មុខកាត់ជាមធ្យម ១,៦០ ម៉ែត្រ ប្រភេទលូជ្រុងចំនួន ៧៣ កន្លែងមុខកាត់ជាមធ្យម ៣ ម៉ែត្រផងដែរ។

គំនូសព្រាងផ្លូវក្រវាត់ក្រុងទី ៣ ដែលចេញពីផ្លូវជាតិលេខ ៤ ទៅផ្លូវជាតិលេខ ២១ ។ រូបថត សហការី
លោក គង់ សោភ័ណ្ឌ ប្រាប់ទៀតថាគម្រោងនេះមានផ្លូវប្រវែង ៤៧,៦០៨ គីឡូម៉ែត្រ ដែលវាជាគម្រោងមួយក្នុងចំណោមគម្រោងអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថាតាមរយៈការសិក្សាពីសមិទ្ធផលលទ្ធផលបានបង្ហាញឲ្យដឹងថា បើគម្រោងនេះត្រូវបានសាងសង់នោះនឹងធ្វើឲ្យប្រសើរឡើងបណ្តាញផ្លូវជាតិនៅកម្ពុជាពង្រឹង និងពន្លឿនការអភិវឌ្ឍក្រុង និងចូលរួមសម្រេចផែនការរួមរបស់រាជធានីភ្នំពេញក្នុងការកែលម្អបណ្តាញផ្លូវក្រវាត់ក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ទីប្រជុំជន និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក វ៉ា ស៊ឹមសូរិយា បានថ្លែងថាសេចក្តីព្រាងផ្លូវនេះកំពុងរៀបចំនៅឡើយមិនទាន់បញ្ចប់នោះទេ ហើយការបង្ហាញនាពេលកន្លងមកគ្រាន់តែជាសេចក្តីព្រាងដំបូងប៉ុណ្ណោះ។ លោកបានបន្តថាការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នេះអាចនឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ប្រសិនជាមានថវិកាគ្រប់គ្រាន់។
លោកបន្តថា៖ «ខ្ញុំមិនមានព័ត៌មានលម្អិតទេ និងមិនដឹងពីផ្លូវនេះចំណាយថវិកា សាងសង់អស់ប៉ុន្មានលានដុល្លារទេ»។
លោក សាយ ឡុង ប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បាននិយាយថាតាមលោកមើលឃើញផ្ទាល់គឺក្រុមវិស្វករចិនកំពុងចាប់ផ្តើមបោះបង្គោលពីតម្រុយសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នៅក្នុងមូលដ្ឋានខាងលើរួចហើយដែលធ្វើឲ្យតម្លៃដីនៅតំបន់នោះបានឡើងថ្លៃទ្វេដង ឬច្រើនជាងនេះ។ លោកបានបន្តថាប្រជាពលរដ្ឋរីករាយចំពោះដំណឹងពីការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នេះដោយសារពួកគេមានអារម្មណ៍ថាកាន់តែកៀកជិតរាជធានីភ្នំពេញ។
លោកនិយាយថា៖ «តាមខ្ញុំដឹងនឹងមានការសាងសង់ស្ពានមួយកាត់កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ប៉ុន្តែខ្ញុំមិនដឹងថាផ្លូវនេះបញ្ចប់កន្លែងណាទេ»។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថាតាមធម្មតាទីក្រុងយើងត្រូវការហេដ្ឋារចនាសម្ព័ន្ធច្រើនទៀត ប៉ុន្តែកន្លងមកយើងឃើញរដ្ឋាភិបាលបានប្រកាសតែមិនបានធ្វើនៅឡើយ ប៉ុន្តែប្រសិនបើផ្លូវទាំងនេះសាងសង់ វាមិនត្រឹមតែធ្វើឲ្យអ្នកនៅមូលដ្ឋានទទួលបានប្រយោជន៍ពីដីឡើងថ្លៃនោះទេ តែវាបានបម្រើផលប្រយោជន៍សាធារណៈជាច្រើនទៀត។
លោកស្រីបន្តថា៖ «រដ្ឋាភិបាលត្រូវតែវិនិយោគច្រើនថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ព្រោះសព្វថ្ងៃកង្វះខាតហេដ្ឋារចនាសម្ព័ន្ធបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងកើតមានបញ្ហាជាច្រើន»៕