The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋា​ភិបាល​បាន​អនុម័ត​ប្លង់​គោល​រាជធានី ភ្នំពេញ​ ពី​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ ២០៣៥​




រដ្ឋា​ភិបាល​បាន​អនុម័ត​ប្លង់​គោល​រាជធានី ភ្នំពេញ​ ពី​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ ២០៣៥​

Content image - Phnom Penh Post
រូបភាព​មើលពី​លើនៅ​ផ្នែកខ្លះ​នៃទី​ក្រុងភ្នំពេញ​នាពេល​បច្ចុប្បន្ន។ ហេង ជីវ័ន

រដ្ឋា​ភិបាល​បាន​អនុម័ត​ប្លង់​គោល​រាជធានី ភ្នំពេញ​ ពី​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ ២០៣៥​

ប្លង់​គោល​រាជធានី​ភ្នំពេញ ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវ​ការ​​កាលពី​ចុង​សប្តាហ៍​ទី ២ នា​ខែធ្នូ​នេះដែល​ប្លង់គោល​នេះ​ត្រូវ​បាន​កំណត់​លក្ខណវិនិច្ឆ័យ​ចំនួន ១៤ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​ការ​រៀបចំ​នគរូបនីយកម្ម​ទីក្រុង​ភ្នំពេញ ដែល​​កំពុងមាន​កំណើន​ប្រជាសស្រ្ដ និង​នគរូបនីយកម្ម​។

​យោងតាម​ប្រសាសន៍​របស់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម របស់លោក​កាលពី​ថ្ងៃទី​ ១១ ខែធ្នូ​កន្លងមក បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ បាន​អនុម័ត​ទាំងស្រុង​នូវ​សេចក្តីព្រាង​អនុ​ក្រិត្យ​ស្តីពី «​ការដាក់​ឲ្យ​អនុវត្ដ​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ ២០៣៥»​។

យោងតាម​មាត្រា ២ នៃ​អនុ​ក្រិត្យ​លេខ ៧៧ អនប​.​ប្រ​.​ក ចុះ​ថ្ងៃទី ៧ មិថុនា​ឆ្នាំ ២០១២ បាន​កំណត់ថា ប្លង់គោល​ប្រើប្រាស់​ដី​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា​ផែនការ​កំណត់​ចក្ខុវិស័យ និង​យុទ្ធសាស្រ្ដ​រួមសម្រាប់​ការ​អភិ​វឌ្ឍផ្នែក​រូបវ័ន្ដ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ និង​គមនាគមន៍​សំខាន់ៗ និង​ធ្វើ​សមាហរណ​កម្ម​ថ្នាក់​រាជធានី ថ្នាក់ស្រុក ថ្នាក់​ខណ្ឌ​ទៅនឹង​តំបន់ និង​ថ្នាក់ជាតិ​។​

​លោក​បន្ដថា ៖ «​គោលដៅ​ប្រើ​ប្រាស់​ដី​រាជធានី​ភ្នំពេញឆ្នាំ ២០៣៥ ជា​ឯកសារ​យុទ្ធ​សាស្រ្ដ​បម្រើ​ឲ្យ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ មាន​គោលដៅ និង​ទស្សន​វិស័យ​ដល់​ឆ្នាំ ២០៣៥ ក្នុងការ​គ្រប់គ្រង និង​តម្រង់ទិស​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ក្នុង​ព្រំប្រទល់​រដ្ឋបាល​​រាជធានី និង​តំបន់​ប្រជុំជន​ពាក់​ព័ន្ធ​ទាំងទ្បាយ​នៅជាប់​ជុំវិញ ឆ្លើយតបបាន​នឹង​កំណើន​នៃ​ការ​វិនិយោគ​ឯកជន និង​ចំនួន​ប្រជាជន​ក្នុង​រាជធានី​តាមរយៈ​ការ​តម្រង់​ ទិស និង​ជំរុញ​ការវិនិយោគ​សាធារណៈ​ស្របតាម​របប​សេដ្ឋកិច្ចទីផ្សារសេរី និង​អភិ​វឌ្ឍ​តាម​បែប​​ប្រជាធិបតេយ្យ​​ថ្នាក់ក្រោម​ជាតិ​»​។

អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀតថា ប្រជាជន​សរុប​នៅរាជ​ធានី​ភ្នំពេញ មាន​ចំនួន ១.៦៨៨.០៤៤ នាក់ (​តាម​ការ​ធ្វើ​អង្កេត​ប្រជាសាស្រ្ដ​កម្ពុជា​ឆ្នាំ ២០១៣ នៃ​ក្រសួងផែនការ​) ហើយ​​អាច​កើន​ដល់ ៣ លាន​នាក់​នៅ​​ឆ្នាំ ២០២០ ។ កំណើន​នគរូបនីយកម្ម និង​កំណើន​ការ​សាងសង់​សំណង់​ធំថ្មីៗ​លើសពី ៥ ជាន់​មាន​ប្រមាណ ៦២៨ អាគារ និង​សំណង់​បុរី​ចំនួន ១១០ ទីតាំង ពង្រាយ​នៅ​គ្រប់ខ​ណ្ឌ​ ក្នុង​ក្រុង និង​ជាយក្រុង និង​បាន​ជំរុញ​ការរីក​ទីក្រុង​ទៅតំបន់​ខាងក្រៅ​ចេញពី​ខណ្ឌកណ្តាល​ក្រុង ស្ទើរតែ​ហួស​ពី​តំបន់​រដ្ឋបាល​របស់ខ្លួន​។​

Content image - Phnom Penh Post
លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។ រូបថត មឿន ញៀន

​ជាមួយគ្នានេះ​មធ្យោបាយ​ដឹក​ជញ្ជូន​ក៏មាន​ការរីកចម្រើន​ដោយ​មាន ចំនួន​រថយន្ដ ៣៤ ម៉ឺន​គ្រឿង និង​ទោចក្រយានយន្ដ​ចំនួន​ជាង ១,៧០ លាន​គ្រឿង និង​កំពុង​បន្ដ​កើន​ទ្បើង​ជា​រៀងរាល់ថ្ងៃ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ការបំពុល​បរិស្ថាន​គួរ​ឲ្យ​កត់​សម្គាល់​ពី ១ ថ្ងៃ​ទៅមួយថ្ងៃ​។​

​លោក ប៉ា សុជាតិ​វង្ស បាន​បន្ដ​ថា សេចក្តីព្រាង​ប្លង់គោល​រាជធានី​ភ្នំពេញបានកំណត់​លក្ខណៈ​វិនិច្ឆ័យ​លើ ១៤ ចំណុច ដូចជា ទី ១ ទម្រង់​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ទី ២ ការដឹកជញ្ជូន ទី ៣ ទីផ្សារ​អចលនវត្ថុ ទី ៤ សង្កាត់​មិន​រៀបរយ ទី ៥ ការកកើត​និង​ការ​រីក​ចម្រើន របស់​ទីក្រុង​ពី​ឆ្នាំ ១៨៥០ ដល់​​ឆ្នាំ ១៩៩៣ ទី ៦ លក្ខណៈ​សម្បត្តិ​រូប សាស្ត្រ និង​តួនាទី​លម្ហ​ក្រុង ទី ៧ សន្ទុះ​និង​បុគ្គលិក​លក្ខណ​ភ្នំ​ពេញ ទី ៨ ទេសភាព និង​សមាសភាគ​ទីក្រុង ទី ៩ កសិកម្ម​និង​នគរូបនីយកម្ម ទី ១០ ហេ​ដ្ឋា​​រចនា​សម្ព័ន្ធ​ ទីក្រុង ទី ១១ មធ្យោបាយ​និង​សេវាសាធារណៈ ទី ១២ និន្នាការ​និង​ទស្សនវិស័យ​នៃ​នគរូបនីយកម្ម​ភ្នំពេញ និង​ទី ១៤ ទស្សនវិស័យ​សេដ្ឋកិច្ច​សង្គម និង​លំហ។

​លោក​ទ្បុ​ង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា លោក​មិនដឹងថា តើ​ប្លង់គោល​ទីក្រុង​ទាំងមូល​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះទេ ប៉ុន្តែ​បន្ទាប់ពី​អនុម័ត​សេចក្តីព្រាង​ប្លង់គោល រាជរដ្ឋាភិបាល​នឹង​ចេញអនុ​ក្រិត​ថ្មី​មួយ​ដើម្បី​ប្រើប្រាស់​ដីធ្លី​ឲ្យ​បាន​សមស្រប​នឹង​ផែនការ​អភិ​វ​ឌ្ឍ​ន៍​ក្រុង​។ ចំណែក​ការពង្រីកក្រុង​បន្ថែម​ទៀត ឬ​យ៉ាងណា​វា​ជា​សេចក្តីសម្រេច​របស់​ក្រសួង​មហា​ផ្ទៃ។​

​លោក​បន្តថា «​ប្លង់គោល​ជា​ឯកសារ​ដែលមាន​គោលដៅ​រៀបចំ​ផែនការ​អភិ​វ​ឌ្ឍ​​ក្រុង​ស្របតាម​ការ​រីកចម្រើន​ប្រជាសាស្ត្រ សេដ្ឋកិច្ច​និង​នគរូបនីយកម្ម​ទីក្រុង​»​។​

​ទោះជា​យ៉ាងណា​លោក ម៉េង ប៊ុណ្ណា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា ប្លង់គោល​ដែល​​បានអនុម័ត​ដោយ​គណៈរដ្ឋ​មន្ត្រី​កាលពីពេល​ថ្មីៗ​នេះ ជា​ប្លង់​គោល​ផ្លូវការ​របស់​ទីក្រុង​ហើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ជា​ប្លង់គោល​នៅ​ទ្បើ​យ ដែល​មានន័យថា ជា​ប្លង់​តម្រង់ទិស​យុ​ទ្ឋ​សាស្ត្រ​ធំៗ មិនមែនជា​ប្លង់​លម្អិត​នោះទេ​។ ក្រសួង​ត្រូវ​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្តិ​លម្អិត​មួយចំនួនទៀត ដើម្បី​ឲ្យ​ការប្រើប្រាស់​ដីធ្លី​មាន​ភាព​កាន់តែ​ច្បាស់លាស់​។

​លោក​បន្តថា ក្នុង​ប្លង់គោល​នេះ​បាន​រៀបចំ​រាជធានី​ភ្នំពេញ ប្រមាណ ១៥ តំបន់​ខុសៗ​គ្នា ដូចជា​តំបន់​ពាណិជ្ជកម្ម តំបន់​លំនៅឋាន តំបន់​ឧស្សាហកម្ម តំបន់​កសិកម្ម​តំបន់​ដែល​ត្រូវ​អភិ​រក្ស​ជាដើម ប៉ុន្តែ​នៅ​ពេល​ប្លង់គោល​នេះ​ត្រូវ​សិក្សា​លម្អិត តំបន់​នីមួយៗ​អាច​នឹងមាន​ច្រើនជាង​នេះ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​។​

​នៅពេល​សាក​សួរថា តើ​ទីក្រុង​ភ្នំពេញ​នឹងត្រូវ​ពង្រីក​បន្ថែមទៀត​ឬ​យ៉ាងណា​? លោក ម៉េង ប៊ុណ្ណា​រិ​ទ្ធ បាន​ថ្លែងថា «​នៅពេល​នយោបាយ​កម្ពុជា នៅតែមាន​ស្ថិរភាព សេដ្ឋកិច្ចកម្ពុជា​បន្ត​កើន​ទ្បើង និង​មាន​កំណើន​នៃ​ការ​អភិ​វ​ឌ្ឍ ការ​ពង្រីក​​ក្រុង​អាច​ត្រូវ​ពិនិត្យ​តាម​ស្ថាន​ភាព​ជាក់ស្តែង​រៀងរាល់ ៥ ឆ្នាំ​ម្តង​»​។ លោក​បន្ថែមថា «​ប្លង់​របស់​យើង​អាច​មានការ​លម្អៀង ដូច្នេះ​ការពង្រីក​ទីក្រុង​នឹងត្រូវ​សិក្សា​ទ្បើង​វិញតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីកចម្រើន​នគរូបនីយកម្ម និង​កំណើន​ប្រជាសាស្ត្រ​»​។​

Content image - Phnom Penh Post
ទិដ្ឋភាព​ជ្រុង​មួយ​នៃរាជធា​នីភ្នំពេញ​មើលពី​លើឆ្ពោះ​ទៅ​ទន្លេចតុមុខ​។ ហេង ជីវ័ន

​កាលពីដើម​ឆ្នាំនេះ ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​រួមគ្នា ដើម្បី​លើកទ្បើង​ពី​ផែនការ​ដាក់បញ្ចូល​នូវ​ឃុំ​មួយចំនួន​ក្នុងស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្តាល​ចូលមក​ស្ថិតក្រោម​រដ្ឋបាល​ក​រាជ​ធានី​ភ្នំពេញ ដោយ​ផែនការ​នោះ បាន​លើកទ្បើង​ពី​ស្ថានភាព​ភូមិសាស្ត្រ​អំណោយផល​របស់​តំបន់​ខាងលើ ដែល​អាច​រៀបចំ​ជា​តំបន់​អភិ​វ​ឌ្ឍន៍​សេដ្ឋកិច្ច ទេសចរណ៍ វប្ប​ធ៌ម​។​

​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែងថា នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​​យើង​បាន​រង់ចាំ​រាប់​ឆ្នាំ​មក​ហើយ​។ គ្រប់​ទីក្រុង​ធំៗនៅតាម​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​សុ​ទ្ធតែមាន​ប្លង់គោល នៅ​ទ្បើ​យ​តែ​កម្ពុជា​មិនទាន់មាន​។

ដូច្នេះ​ការ​មាន​​ប្លង់គោល​ជាការ​ប្រសើរណាស់ ព្រោះ​ទី ១ អាច​បង្ហាញ​ពីរ​ចនាសម្ព័ន្ធ​ទីក្រុង​ច្បាស់លាស់​ថា ត្រូវ​សាង​សង់​អ្វី និង​ជាការ​ងាយ​ស្រួល​ដែល​យើង​បង្ហាញ​ពី​ប្លង់​គោល​​ទីក្រុង​របស់​យើង​ទៅ​អ្នកវិនិយោគ ទី ២ អាច​ដឹង​ពី​តំបន់​ណា​ត្រូវធ្វើ​អ្វី និង​កសាង​អាគារ​កម្ពស់​ប៉ុណ្ណា ទី ៣ អាច​កាត់បន្ថយ​ការ​សាងសង់​សំណង់​អាណាធិបតេយ្យ និង​ទី ៤ អាច​កាត់បន្ថយ​ផល​រំខាន​នានា​លើ​ការសាងសង់​លំនៅឋាន និង​ទ្រព្យសម្បត្តិ​សាធារណៈ​។​

​លោក ឌី​ម៉​ង់ បាន​ពន្យល់ថា «ប្លង់គោល​នេះ​បានចាប់ផ្តើម​សិក្សា​គម្រោង​តាំងពី​ឆ្នាំ ២០០២ មកម្ល៉េះ ដោយ​ក្រុម​អ្នកជំនាញ​កម្ពុជា​​ជាច្រើន​ក្រុម ដូចជា ក្រុមស្ថាបត្យករ ក្រុម​នគរូបនីយកម្ម ក្រុម​ទេសភាព​ទីក្រុង ក្រុម​អ្នក​បរិស្ថាន ក្រុម​វិស្វករ និង​ក្រុម​អ្នក​ជំនាញ​ផ្នែក​វប្បធម៌ ជាដើម ដោយ​មាន​ការផ្តល់​យោបល់​ពី​ក្រុម​អ្នក​ជំនាញ​បារាំង​»​។

​លោក​បាន​បន្តថា ក្នុង​អំឡុង​ពេល​​ដំណើរការ​បង្កើតជា​ប្លង់​គោល​​នេះមាន​ការជជែក​ពិភាក្សា​ជា​ច្រើន​នៅក្នុង​កិច្ចការ​នោះ «ដើ-ម្បី​​ឲ្យ​ប្រាកដថា​លទ្ធផល​ចុង​ក្រោយ​នៃ​ប្លង់គោល​នោះ បង្កើត​បាន​ជា​គម្រូ​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​សុខដុម​រមណីយ​ក្នុងការ​រស់នៅ និង​ភាព​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​»។​

សម្រាប់​ការអនុវត្ត​តាម​ប្លង់​មេ​នេះ «​ឥឡូវនេះ​រាជរដ្ឋាភិបាល ទើប​តែ​ឯកភាព​សម្រេចលើ​ប្លង់ គោល​នេះ​សម្រាប់​យើងទាំងអស់គ្នា​ធ្វើ​ការ​អភិវឌ្ឍ​ទីក្រុង​តាមនេះចាប់ ពីពេលនេះតទៅ។ វា​គឺជា​ប្លង់​គោល​ ជា​ផ្លូវការ​របស់​រាជ​រដ្ឋាភិបាល សម្រាប់​យើង»។ នេះ​បើតាម​ប្រសាសន៍​របស់លោក ឌី​ម៉​ង់​។ «យើង​ សង្ឃឹម​ការ​អនុវត្ត​តាមប្លង់មេនេះ» ហើយអ្នកពាក់ព័ន្ធក៏​ដូច​ជា​អ្នកចូល រួម​ទាំង ឡាយ​ រួមទាំង​វិស័យឯកជន ​ក៏​អនុវត្តតាម​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។