
កម្មករកំពុងធ្វើការ ក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគលើវិស័យសំណង់ ៥២៥ គម្រោង ដែលមានតម្លៃ ១,១៧ ពាន់លានដុល្លារ នៅខែកក្កដានេះ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍បង្ហាញថា ទុនវិនិយោគវិស័យសំណង់ក្នុងខែ កក្កដា ឆ្នាំ ២០១៩ បានកើនឡើងជិត ៤០ ភាគរយ បើធៀបនឹងខែ កក្កដា ឆ្នាំ ២០១៨ ដែលមាន ៣៣០ និងមានតម្លៃ ៨៤៣ លានដុល្លារ។
ក្នុងចំណោមទឹកប្រាក់វិនិយោគសរុបក្នុងរយៈពេល ១ ខែនេះ គម្រោងដែលមានតម្លៃ ១ ពាន់លានដុល្លារ ត្រូវបានអនុម័តនៅថ្នាក់ជាតិចំនួន ១២៩ លានដុល្លារ នៅថ្នាក់រាជធានីខេត្តក្រុង។ នេះបើយោងតាមរបាយការណ៍។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ និងអភិវឌ្ឍន៍វិស័យទេសចរណ៍» កាលពីថ្ងៃម្សិលមិញថា ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់បានក្លាយជាសសរស្តម្ភដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបន្តថាជាក់ស្តែងក្នុងឆ្នាំ ២០០០ ការវិនិយោគក្នុងវិស័យសំណង់មានទំហំត្រឹមតែ ៣២៦ លានដុល្លារ និងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅឆ្នាំ ២០០៧ ដែលមានទំហំវិនិយោគជាង ៣ ពាន់លានដុល្លារ។ ទោះបីយ៉ាងណាដោយសារវិបត្តិហិរញ្ញវត្ថុសកលបានធ្វើឲ្យទុនវិនិយោគវិស័យសំណង់នៅកម្ពុជាធ្លាក់ចុះចំនួន ៤ ឆ្នាំជាប់គ្នា បន្ទាប់ពីបានចាប់ផ្តើមកើនឡើងវិញក្នុងឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្ន។
លោកថ្លែងថា៖ «ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃនគរូបនីយកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឲ្យអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចំដែនដីដោយបានកំណត់តំបន់មានសក្តានុពលសម្រាប់អភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចជាអាទិ៍ ប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ ប៉ូលខេត្តសៀមរាប ខេត្តព្រះសីហនុ និងទីប្រជុំជនតាមព្រំដែនជាដើម»។
លោកបន្តថាការអភិវឌ្ឍនេះគឺទាមទារជាចាំបាច់ពីការចូលរួមចំណែករបស់វិស័យឯកជនទាំងក្នុងស្រុក និងបរទេស។
គិតត្រឹមខែ កក្កដា ឆ្នាំ ២០១៩ អគារដែលមានកម្ពស់ចាប់ពីកម្ពស់ ៤០ ជាន់ឡើងទៅមានចំនួន ៣២ អគារ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កាលពីឆ្នាំ ២០១៨ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃសរុបប្រមាណ ៥,២ ពាន់លានដុល្លារ ធ្លាក់ចុះ ១៨ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានតម្លៃជាង ៦,៤ ពាន់លានដុល្លារ៕ LA