ភ្នំពេញ: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អភិវឌ្ឍ​អចលនទ្រព្យ​លំនៅឋាន​ធ្វើការ​បញ្ចុះ និង​សម្រួល​លក្ខខណ្ឌ​ការបង់ប្រាក់​ចំពោះ​លំនៅឋាន​របស់​កម្មករ និយោជិត​ដែល​រង​ផលប៉ះពាល់​ពី​ការព្យួរ​ការងារ​ដោយសារ​ការផ្ទុះ​ជំងឺ​កូវីដ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ដើម្បី​លើកកម្ពស់​ស្មារតី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ត​វិធានការ​បន្ទាន់​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ វិធានការ​នេះ​ក៏​នឹង​ជួយ​សម្រាល​បន្ទុក​ដល់​កម្មករ និង​និយោជិត​មួយ​ចំនួន​ដែល​ត្រូវបាន​ព្យួរ និង​បាត់បង់​ការងារ​ពី​ការងារ​។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ត្រូវធ្វើការ​បញ្ចុះ​ថ្លៃ​ផ្ទះ​ក្នុង​កម្រិត​សមស្រប ខណៈ​រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដែល​មាន​តម្លៃ​ក្រោម ៧០ ០០០ ​ដុល្លារ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​​លំនៅឋាន​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ មីនា ក៏បាន​គាំទ្រ​វិធានការ​របស់​រដ្ឋាភិបាល និង​សម្រេច​បញ្ចុះតម្លៃ​លំនៅឋាន​រហូតដល់​ ៧ ភាគរយ​ទៅ​តាម​គម្រោង​នីមួយៗ​របស់​សមាជិក​ខ្លួន​។ ចំពោះ​អតិថិជន​ដែល​ទិញ​លំនៅឋាន​បង់​ផ្តាច់​ពី​សមាជិក​របស់​សមាគម​ចាប់ពី​ខែ​មីនា​នេះ​តទៅ​នឹង​បញ្ចុះតម្លៃ​ ៧ ​ភាគរយ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​សមាជិកសមាគម​នឹង​ផ្តល់​ភាពទន់ភ្លន់​អំពី​លក្ខខណ្ឌ​នៃ​ការបង់ប្រាក់​ចំពោះ​ការទិញ​លំនៅឋាន​របស់​កម្មករ និយោជិត​ដែល​រងផលប៉ះពាល់​បាត់បង់​ចំណូល​នៅក្នុងពេល​នៃ​វិបត្តិ​នេះ​»​។

លោក គឹម ហ៊ាង ម្ចាស់​គម្រោង​បុរី KS Residence និង ប្រធាន​ក្រុមហ៊ុន Khmer Real Estate បាន​ឲ្យ​ដឹងថា លោក​គាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​អំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ធ្វើការ​បញ្ចុះតម្លៃ​ផ្ទះ និង​សម្រួល​លក្ខខណ្ឌ​ការបង់ប្រាក់​ចំពោះ​កម្មករ និយោជិត​។

លោក​បន្តថា ទោះបី​យ៉ាងណា​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន​មួយចំនួន​ក៏​នឹងរង​ផលប៉ះពាល់​ផងដែរ ដោយសារ​ខ្ចីប្រាក់​ពី​ធនាគារ​មក​អភិវឌ្ឍ​។

លោក​ថ្លែងថា​៖ «​ការអំពាវនាវ​ជា​រឿង​ល្អ តែ​សំខាន់​ម្ចាស់​លុយ​ [​ម្ចាស់​បុរី​] ​គេ​ធ្វើតាម​អត់ ជួនកាល​ម្ចាស់​លុយ​គេ​អត់​ធ្វើតាម​ព្រោះ​គេ​មាន​ហេតុផល​គេ​ដែរ គេ​ខ្ចីលុយ​ពី​ធនាគារ បើ​គេ​ធ្វើតាម​ក្រសួង ចុះ​ខាង​ធនាគារ​គេ​ព្រម​អនុគ្រោះ​អត់ បើ​និយាយ​ពី​សន្ដាន​ចិត្ត​យើង​មិនដឹងថា​ធ្វើ​បាន​ ឬ​មិនបាន​នោះទេ​»៕LA