សិង្ហបុរីៈ សកម្មភាព​ភតិសន្យា​សម្រាប់​ការិយាល័យ​កម្រិត​ A ក្នុងប្រទេស​សិង្ហបុរី​បាន​ជាប់គាំង អំឡុងពេល​កើតមាន​វិបត្តិ​នៃ​ការរីករាលដាល ហើយ​នៅតែ​បន្ត​យឺតយ៉ាវ​នៅ​ត្រីមាស​ទី​ ៣ នៃ​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ដោយ Cushman & Wakefield (C&W)​។

C&W បាន​ឱ្យដឹងថា ចំពេល​ធ្លាក់ចុះ​ដ៏អាក្រក់​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​បណ្តាលមកពី​ការរីក​រាលដាល​នៃ​កូវីដ​១៩ ការជួល​ការិយាល័យ​កម្រិត A សម្រាប់​អាជីវកម្ម​បន្ត​ធ្លាក់ចុះ ៥,១ ភាគរយ​ក្នុង​ត្រីមាស​ទី​ ៣ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ដល់​តម្លៃ​ ៩,៨៤ ដុល្លារ​ក្នុង​ ១ ​ហ្វ៊ីតការ៉េ​ក្នុង​ ១ ​ខែ​។

C&W ឱ្យដឹង​បន្តថា លើសពី​នេះ​ទៀត​ប្រឈម​នឹង​ភាពមិន​ប្រាកដប្រជា​នៃ​អាជីវកម្ម អ្នកជួល​ដែល​ជិត​ចប់​កុងត្រា​កំពុង​ស្វែងរក​ការជួល​បន្តទៀត​ជាមួយ​កុងត្រា​រយៈពេល​ខ្លី​។

ជាមួយ​ទីតាំង​ការិយាល័យ​ដែល​មិន​ប្រើប្រាស់ ពេល​ដែល​ធ្វើ​ការងារ​ពី​ផ្ទះ​នៅតែ​បន្ត​អនុវត្ត ក្រុមហ៊ុន​កំពុង​សិក្សា​យុទ្ធសាស្ត្រ​ការងារ​ដើម្បី​ត្រួត​ពិនិត្យមើល​តម្រូវការ​ការិយាល័យ​ក្នុងពេល​អនាគត​របស់​ពួកគេ​។

ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ​បាន​កត់សម្គាល់​ថា​៖ «​ក្នុងពេល​ភ្លាមៗ​ទៅ​រយៈពេល​ខ្លី ទីផ្សារ​រំពឹងថា​ទីតាំង​ជួល​ដែល​គេ​រំពឹងថា ទំនេរ​នោះ​នឹង​ត្រូវបាន​កាន់កាប់​ឡើងវិញ នៅពេល​មាន​អ្នក​ជួល​ត្រឡប់​ទៅ​ជួល​វិញ​ទោះ​ក្នុង​រយៈពេល​ខ្លី​»​។

C&W ឱ្យដឹងថា ទោះបី​ជា​យ៉ាងណា ទីតាំង​ទំនេរ​ខ្លះ​កំពុង​ត្រូវ​កាន់កាប់​ដោយ​អ្នកផ្សេង​ដែល​ចាប់យក​ឱកាស​ដើម្បី​ជួល​ទីតាំង​ល្អ​នៅ​អត្រា​ជួល​កាន់តែ​ទាក់ទាញ​ជាង​មុន​។

ជា​ឧទាហរណ៍ ក្រុមហ៊ុន​ធានារ៉ាប់រង QBE បាន​ផ្លាស់ប្តូរ​ទៅកាន់​អគារ Guoco Tower និង កាន់កាប់​ទំហំ​ដល់​ទៅ​ ២៨៨០ ​ម៉ែត្រការ៉េ ដែល​បាន​បោះបង់​ដោយ​ក្រុមហ៊ុន Grab ដែល​បាន​ផ្លាស់ប្តូរ​ចេញ​។ ទន្ទឹមនឹង​នោះដែរ ក្រុមហ៊ុន Amazon ​កំពុង​ជួល​ការិយាល័យ​ទំហំ​ ៨៣៦១ ​ម៉ែត្រការ៉េ​ចំនួន​ ៣ ​ជាន់​នៅ​អគារ Asia Square Tower 1 ដែល​ក្រុមហ៊ុន Citi បោះបង់​។

លោក Mark Lampard នាយក​ប្រតិបត្តិ​នៃ C&W និង ប្រធាន​នៃ​ក្រុមហ៊ុន​ភតិសន្យា​ពាណិជ្ជកម្ម​របស់​ប្រទេស​សិង្ហបុរី និង តំណាង​អ្នក​ជួល​ថ្នាក់​តំបន់ បាន​កត់សម្គាល់​ថា ការអនុញ្ញាត​ឱ្យ​បុគ្គលិក​ពាក់កណ្តាល​នៃ​កម្លាំង​ពលកម្ម​ត្រឡប់​ទៅធ្វើ​ការងារ​នៅ​ការិយាល័យ​វិញ គឺជា​ «​អ្នកផ្លាស់ប្តូរ​ល្បែង​នេះ​» ដែល​នេះ​ផ្តល់ឱ្យ​ក្រុមហ៊ុន​នូវ​ «​ភាពចាំបាច់​» ដើម្បី​វាយតម្លៃ​គំរូ​ភាពរហ័សរហួន​របស់​ពួកគេ​។

លោក​បាន​និយាយថា​៖ «​រហូតមកដល់​ពេល​នេះ ក្រុមហ៊ុន​ទាំងឡាយ​មិនទាន់​រៀបចំ​ដើម្បី​សម្រេចចិត្ត ពេល​ដែល​គ្មាន​អ្នក​នៅក្នុង​ការិយាល័យ​។ ទីផ្សារ​ក៏បាន​ចាប់យក​ជំហាន​ទី​ ១ ក្នុងការ​ត្រឡប់​ទៅរក​ភាព​ងាយ​ទទួលបាន​ដោយ​រុញច្រាន​ដោយ​ក្រុមហ៊ុន​ដែល​ស្វែងរក​តម្រូវការ​តូច​ជាង និង បោះបង់​ទីតាំង​ការិយាល័យ​មុន​ចោល​»​។

ពេល​មាន​ការអភិវឌ្ឍ​ប្រកប​ដោយ​វិជ្ជមាន​គឺ​អ្នក​រុញច្រាន​តម្រូវការ​ថ្មី ដូចជា​ទម្រង់​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​ពង្រីក​ខ្លួន​នៅក្នុង​ប្រទេស​សិង្ហបុរី​ដោយសារ​តែ​ភាពតានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​។

ឧទាហរណ៍​ក្រុមហ៊ុន ByteDance កំពុងមាន​ផែនការ​ពង្រីក​ទៅកាន់​ប្រទេស​សិង្ហបុរី​ធ្វើជា​មជ្ឈមណ្ឌល​តំបន់​របស់ខ្លួន សម្រាប់​ការពង្រីក​ខ្លួន​ទៅកាន់​តំបន់​អាស៊ី​បាន​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ ដើម្បី​ប្រតិបត្តិការ​ធនាគារ​ឌីជីថល​ក្នុង​សិង្ហបុរី​។ ស្រដៀង​គ្នា​នេះ​ក្រុមហ៊ុន Tencent បាន​ជ្រើសរើស​សិង្ហបុរី​ជា​មជ្ឈមណ្ឌល​សម្រាប់​កំណើន​នៅ​តំបន់​អាស៊ី និង​មាន​ផែនការ​បើក​ការិយាល័យ​នៅ​សិង្ហបុរី​៕ The Straits Time_ANN/RR