ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជំងឺកូវីដ ១៩ បានធ្វើឲ្យការលក់ផ្ទះមិនសូវមានសកម្មភាពខ្លាំងក្លាដូចមុន ប៉ុន្តែវិស័យអចលនទ្រព្យនៅកម្ពុជាពេលនេះនៅតែមានដំណើរការល្អជាធម្មតា។
នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានសរសេរថា បច្ចុប្បន្នជំងឺកូវីដ ១៩ កំពុងបង្កឲ្យមានផលប៉ះពាល់មួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែលោកសង្កេតឃើញថា សកម្មភាពនៃទីផ្សារអចលនទ្រព្យមិនបានជាប់គាំងនោះទេ ដោយប្រជាពលរដ្ឋអាជីវករក្នុងប្រទេសនៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខរបររបស់ខ្លួនជាធម្មតា។ លោកបន្តថា នៅក្នុងអំឡុងពេលនេះការលក់ ទិញលក់ផ្ទះសម្រាប់ស្នាក់នៅអាចមិនសូវខ្លាំងដូចពេលមុន ប៉ុន្តែសម្រាប់លំនៅឋានប្រកបអាជីវកម្ម (Shophouse) បែបជាមានសម្ទុះកើនឡើងជាបន្តបន្ទាប់។
លោកលើកឡើងថា៖ «អាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្នលំនៅឋានបែប Shophouse កំពុងពេញនិយមផងដែរ»។
លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ទោះបីការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ ១៩ បានធ្វើឲ្យប្រទេសជាច្រើនសម្រេចបិទព្រំដែន និងមានការហាមឃាត់ការធ្វើដំណើរ ក៏វិស័យអចលនទ្រព្យនៅកម្ពុជាមិនបានជាប់គាំងទេ ដោយវាគ្រាន់តែធ្លាក់ចុះល្បឿនបន្តិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗចាប់ផ្តើមមានភាពល្អប្រសើរវិញហើយនៅពេលនេះ។
លោកបន្តថា ភាពល្អប្រសើរនៃវិស័យអចលនទ្រព្យនៅកម្ពុជា គឺមកពីហេតុផលមួយចំនួនដូចជា កត្តាស្ថិរភាពនយោបាយលំនឹងម៉ាក្រូសេដ្ឋកិច្ច និងភាពល្អប្រសើរនៃទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ពិសេសជាមួយប្រទេសចិន។
លោកបញ្ជាក់ថា៖ «ទោះវិស័យអចលនទ្រព្យនៅកម្ពុជាពេលនេះមានភាពរស់រវើកខ្លាំងហើយក៏ដោយ ក៏ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យនេះនឹងមានកំណើនឡើងទ្វេដងបន្ថែមទៀតនៅពេលជំងឺកូវីដ ១៩ បញ្ចប់ទៅវិញទាំងស្រុង»។
ជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា ការស្ថាបនា និងកែលម្អផ្លូវថ្នល់ និងព្រលានយន្តហោះអន្តរជាតិថ្មីៗនាពេលនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា។
លោកបន្ថែមថា បច្ចុប្បន្នមានវិនិយោគិនបរទេសកាន់តែច្រើនកំពុងសម្លឹងឆ្ពោះមកកម្ពុជា។ លោកបញ្ជាក់ថា៖ «នៅពេលមានការវិនិយោគកាន់តែច្រើន ទីផ្សារអចលនទ្រព្យក៏មានសម្ទុះកើនឡើងទៅតាមនោះដែរ»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រាប់ថា ទោះជាការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យទីផ្សារអចលនទ្រព្យមានសភាពស្ងប់ស្ងាត់មួយកម្រិត ប៉ុន្តែនៅពេលនេះវាបានចាប់ផ្តើមល្អឡើងវិញហើយ។ លោកបន្តថា ស្ថានភាពវិវត្តន៍នាពេលនេះបាននិងកំពុងជំរុញអ្នកវិនិយោគលើវិស័យអចលនទ្រព្យកាន់តែច្រើនឲ្យ នាំគ្នាស្វែងរកទិញអចលនទ្រព្យនៅស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស។
លោកនិយាយថា៖ «ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានចាប់ផ្តើមបង្កើនសក្តានុពលរបស់ខ្លួនជាបន្តបន្ទាប់»។
ទោះបីជាយ៉ាងណា លោកអះអាងថា សម្រាប់ទីផ្សារអចលនទ្រព្យជួល អាចនៅមានភាពជាប់ទ្រឹងខ្លះនៅពេលនេះ។
ក្នុងឱកាសចុះទៅពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលស្ថិតក្នុងខេត្តកណ្តាល កាលពីខែមុន លោក ហ៊ុន សែន បាននិយាយថា ថ្វីបើសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានភាពអវិជ្ជមានក្នុងឆ្នាំ ២០២០ នេះ ប៉ុន្តែការដ្ឋានសាងសង់ភាគច្រើននៅកម្ពុជាមិនបានបញ្ឈប់នោះទេ គ្រាន់តែការទិញលក់មិនមានច្រើនដូចមុន។
ទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ការអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេសចំនួន ១ ៦៤៧ គម្រោងកើន ២២៣ គម្រោង ខណៈតម្លៃវិនិយោគមានប្រមាណ ៣ ០៤៩ លានដុល្លារ កើន ២០,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩៕LA