ទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ធ្វើ​ការ​បញ្ជូន​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី​ចុះទៅ​សិក្សា​នៅ​តាម​បណ្តា​កោះ​ទាំងអស់​នៅ​កម្ពុជា ដែល​មាន​ចំនួន​សរុប ៧៥​កោះ នៅ​ដែន​សមុទ្រ​របស់​កម្ពុជា​។

លោក ជា សុផារ៉ា ទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​គូស​បញ្ជាក់​ក្នុង​ការ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ របស់​ក្រសួង​នេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ក្រសួង​ទៅ​សិក្សា​លើ​កោះ​ទាំង ​៧៥ ​នេះ អាច​ចាប់​ផ្ដើម​នៅ​ខែ​ឧសភា ឆ្នាំ ​២០១៨ ដោយ​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​សក្ដានុពល​នៃ​កោះ​នីមួយៗ​។

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា ៖ «​យើង​មិន​ត្រូវមាន​មោទនភាព ព្រោះ​បាន​ស្គាល់​កោះ​នៅ​ប្រទេស​ដទៃ​នោះ​ទេ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​កោះ​នៅ​កម្ពុជា ទើប​ជាការ​ប្រសើរ​ជា​ការ​ការពារ​បូរណភាព​ទឹកដី​»​។

លោក​បន្ត​ថា ៖ «​ការ​បញ្ជូន​មន្ត្រី​ឲ្យ​ទៅ​សិក្សា​រាល់​បណ្ដា​កោះ​ទាំង​៧៥​នៅ​ដែន​សមុទ្រ​កម្ពុជា​នេះ គឺ​ដើម្បី​សិក្សា​ពី​សក្ដានុពល​សម្រាប់​ការ​វិនិយោគ និង​ចៀស​ផុត​ពី​ការ​សាងសង់​រំលោភ​លើ​ផ្ទៃ​កោះ​ដោយ​ចៀសវាង​មាន​ការ​អនុញ្ញាត​ឲ្យ​មានការ​សាង សង់​រួច​ទើប​ហាម​ឃាត់ និង​រុះរើ​តាម​ក្រោយ​នោះ​»​។

បណ្តា​កោះ​នានា​នៅតាម​សមុទ្រ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៤​ជាប់​តំបន់​ឆ្នេរ​មាន​កោះ​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​និង​កំពុង​អភិវឌ្ឍ​ដូចជា​កោះ​ដែក​គោល កោះ​សង្សារ កោះ​ឫស្សី កោះក្របី កោះ​ស្តេច កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​ឋាន​សួគ៌​ជាដើម ខណៈ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​សម្បទាន​ដល់​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​អន្តរជាតិ​នានា ដើម្បី​អភិវឌ្ឍ​កោះ​ទាំងនោះ​រួច​ហើយ​។

លោក ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ។ហេង ជីវ័ន

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា បណ្តា​កោះ​នានា​នៅ​តាម​សមុទ្រ​កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ណាស់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ ដើម្បី​រដ្ឋាភិបាល​ទទួល​បាន​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា​ការ​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ឲ្យ​បាន​កាន់​តែ​ច្រើន ប៉ុន្តែ​ជាមួយ​នឹង​សក្តានុពល និង​ការវិនិយោគ ដែល​បាន​និង​កំពុង​ធ្វើ​មួយ​ចំនួន គឺ​អ្នក​អភិវឌ្ឍន៍ និង​អាជ្ញាធរ​គួរ​គិត​គូរ​ពី​និរន្តរភាព​បរិស្ថាន ពិសេស​កុំ​ឲ្យ​មានការ​សាងសង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​លើ​កោះ​ព្រោះ​វា​បំពុលបរិស្ថាន​ខ្លាំង​ណាស់​។

លោក​បន្ត​ថា ៖ «​ការ​អភិវឌ្ឍ​ជា​អ្វីដែល​យើង​ស្វាគមន៍​តែ​ការ​អភិរក្ស​ដើម្បី​និរន្តរភាព​បរិស្ថាន​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​យើង​ទទួល​បាន​ផល​សម្រាប់​ទាំង​អស់​គ្នា និង​ជាការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​ថ្លែង​ថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​កោះ​ចំនួន​ ៣២ ដែល​កោះ​មួយ​ចំនួន​បាន​និង​កំពុង​អភិវឌ្ឍ ប៉ុន្តែ​កោះ​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​អភិវឌ្ឍ​នៅ​ឡើយ​ទេ​។

លោក​បន្ត​ថា កោះ​នៅ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ណាស់ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដោយ​សារ​មាន​ឆ្នេរ​ខ្សាច់​ស្អាត និង​មាន​ផ្កាថ្ម​ជាច្រើន​។

លោក​អភិបាល​បន្តថា ៖ «​ប្រសិន​ជា​មាន​ការ​ចុះ​សិក្សា​ពី​សក្តានុពល​កោះ​បែប​នេះ ជា​ការ​ប្រសើរ​ហើយ​ខេត្ត​ព្រះសីហនុ សូម​គាំទ្រ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​នេះ​»៕