ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើឲ្យអ្នកអភិវឌ្ឍន៍នានាងាកមកជួយគិតគូរពីការវិនិយោគលើគម្រោងលំនៅឋានដែលមានតម្លៃទាបឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នុងពេលអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតការងាររបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាលពីល្ងាចថ្ងៃអង្គារ លោក ជា សុផារ៉ា បានស្នើឲ្យអ្នកអភិវឌ្ឍន៍វិស័យលំនៅឋាននានាជួយវិនិយោគលើលំនៅឋានមានតម្លៃទាបដើម្បីធ្វើយ៉ាងណាឲ្យអ្នកបម្រើការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង និងក្រុមប្រជាពលរដ្ឋផ្សេងៗទៀតអាចមានលំនៅឋានជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនមែនជំរុញឲ្យអ្នកអភិវឌ្ឍន៍សាងសង់លំនៅឋានតម្លៃទាប ទៅសាងសង់នៅជិតសហគមន៍អ្នកមានជីវភាពធូរធារ និងធ្វើឲ្យខូចបរិយាកាសសហគមន៍របស់គេនោះទេ ប៉ុន្តែគួរសាងសង់លំនៅឋានតម្លៃទាបនៅតាមតំបន់ជាយក្រុង»។ លោកបន្តថា៖ «ខ្ញុំជឿថាប្រសិនបើសាងសង់ផ្ទះដែលមានរចនាសម្ព័ន្ធសមស្រប និងមិនមានការដេគ័រ ឬបំពាក់សម្ភារបរិក្ខារច្រើននោះគឺអាចលក់ក្នុងតម្លៃទាបបាន»។
លោកបានបន្តថា យើងគួរផ្តោតលើកម្មកររោងចក្រដែលពួកគេមានប្រាក់ខែចាប់ពី ១៧០ ដុល្លារឡើងទៅដោយពួកគេអាចលៃលក ៨០ ទៅ ១០០ ដុល្លារក្នុងមួយខែបង់ថ្លៃផ្ទះបាន ព្រោះបើពួកគេជួលផ្ទះគេតម្លៃ ៥០ ដុល្លារក្នុងមួយខែរយៈពេល ១០ ឆ្នាំ ឬ ២០ ឆ្នាំក៏នៅតែជាផ្ទះរបស់គេដដែល។
លោកបន្តថា បច្ចុប្បន្ន មានប្រជាជនខ្មែរប្រហែល ១,២ លាននាក់បានធ្វើចំណាកស្រុក និងបានផ្ញើប្រាក់ប្រមាណ ២០០០ លានដុល្លារក្នុងមួយឆ្នាំត្រឡប់មកកម្ពុជាវិញ ហេតុនេះអ្នកអភិវឌ្ឍន៍លំនៅឋាននានាគួររកឱកាសធ្វើការជាមួយអាជ្ញាធរដើម្បីទទួលបានសាច់ប្រាក់ទាំងនោះយកមកប្រើប្រាស់ហើយអាចឲ្យអ្នកធ្វើការនៅក្រៅប្រទេសមានឱកាសទិញលំនៅឋានបាន។
លោក ជា សុផារ៉ា បានឲ្យដឹងទៀតថាបច្ចុប្បន្នក្នុងមួយឆ្នាំកម្ពុជាត្រូវការលំនៅឋានថ្មីប្រមាណ ១ ម៉ឺនខ្នង ដោយតម្រូវការនេះគឺគិតតែក្រុមប្រជាជនរស់នៅទីក្រុង និងទីប្រជុំជនប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាលោក ជា សុផារ៉ា មិនបានបញ្ជាក់ឲ្យដឹងពីលំនៅឋានតម្លៃទាបគួរមានតម្លៃប៉ុន្មានជាក់លាក់ទេ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍បុរីវិមានភ្នំពេញ លោកឧកញ៉ា លី ហួរ បានថ្លែងថា ការលក់លំនៅឋានតម្លៃខ្ពស់ហាក់មានភាពយឺតយ៉ាវបន្តិចហេតុនេះក្រុមហ៊ុនរបស់លោកកំពុងត្រៀមវិនិយោគលំនៅឋានតម្លៃទាបបន្ថែមទៀត ដោយសារក្រុមប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនៅកម្ពុជាមានចំនួនច្រើនហើយតម្រូវការលំនៅឋានតម្លៃទាបក៏មានតម្រូវការច្រើនផងដែរនាពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ននេះមានក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន ៤ កំពុងវិនិយោគលើលំនៅឋានមានតម្លៃទាបមានដូចជា ក្រុមហ៊ុន WorldBridge Group ដែលកំពុងវិនិយោគលើលំនៅឋានតម្លៃទាបស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្រុមហ៊ុន ប៊ុនជេស្ឋ វិនិយោគលើលំនៅឋានតម្លៃទាបនៅសង្កាត់ព្រែកតាទែនតាមបណ្តោយផ្លូវជាតិលេខ ៥ ក្រុមហ៊ុន Arakawa Cambodia Co, Ltd វិនិយោគលំនៅឋានអគារសហកម្មសិទ្ធិ (ខុនដូ) តម្លៃទាបនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងក្រុមហ៊ុនបុរីវិមានភ្នំពេញកំពុងវិនិយោគលំនៅឋានមានតម្លៃទាបនៅក្នុងសង្កាត់បាក់ខែងតាមបណ្តោយផ្លូវជាតិលេខ ៦។
លោកឧកញ៉ា លី ហួរ បានប្រាប់ទៀតថានៅពេលឆាប់ៗនេះក្រុមហ៊ុនលោកក៏នឹងបន្ថែមទុនដើម្បីវិនិយោគលំនៅឋានតម្លៃទាបមួយបន្ថែមទៀតស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ផងដែរ។
បុរសម្នាក់ដែលមានបំណងចង់ទិញលំនៅឋានតម្លៃទាបដោយគ្រាន់តែប្រាប់ឈ្មោះ សុជាតិ កំពុងបម្រើការងារនៅស្ថានីយទូរទស្សន៍មួយបាននិយាយថាលោកចង់ទិញផ្ទះតម្លៃទាប ប៉ុន្តែលោកគិតថា លំនៅឋានតម្លៃទាបដែលប្រកាសលក់កន្លងមកមានតម្លៃថ្លៃហើយមានចម្ងាយឆ្ងាយពេកពីកន្លែងធ្វើការរបស់លោកក៏ដូចជាទីប្រជុំជនក្រុង។
លោកអះអាងថា៖ «ផ្ទះតម្លៃទាបគួរមានតម្លៃចន្លោះពី ១០០០០ ទៅ ១៥០០០ ដុល្លារក្នុង ១ ល្វែង ប៉ុន្តែលំនៅឋានតម្លៃទាបដែលដាក់លក់កន្លងមកសុទ្ធតែមានតម្លៃថ្លៃខ្ពស់ហួសពីលទ្ធភាពរបស់ខ្ញុំ»។

លំនៅឋានដែលកំពុងវិនិយោគដោយក្រុមហ៊ុន WorldBridge Group មានតម្លៃចន្លោះពី ២៥,០០០ ទៅ ៣០,០០០ ដុល្លារអាមេរិកអាស្រ័យលើទំហំផ្ទះ និងប្រភេទផ្ទះនីមួយៗ។
ឆ្លើយតបនឹងការវិនិយោគលំនៅឋានមានតម្លៃទាបនេះលោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ដែលវិនិយោគលំនៅឋានតម្លៃទាបដំបូងនៅកម្ពុជាបានថ្លែងថា គម្រោងរបស់លោកមិនផ្តោតលើប្រាក់ចំណេញទេ ព្រោះបើចង់បានប្រាក់ចំណេញលោកមិនសាងសង់លំនៅឋានតម្លៃទាបទេ លោកសាងសង់ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មប្រសើរជាង។
លោកបន្តថា៖ «ខ្ញុំចង់ជួយរដ្ឋាភិបាល និងជួយប្រជាជនឲ្យមានផ្ទះសមរម្យសម្រាប់ជាជម្រករបស់ពួកគេ»៕