
ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធគម្រោងកំពុងពិនិត្យមើលរូបអគាររបស់គម្រោង។ រូប សហការី
ប៉ោយប៉ែត៖ គម្រោងលំនៅឋានប្រភេទខុនដូតម្លៃសមរម្យ Sokha Residences Sanco ដែលស្ថិតក្នុងក្រុងប៉ោយប៉ែត ក្រោមទុនវិនិយោគប្រមាណ ១៥១ លានដុល្លារ បានសម្ពោធបើកការដ្ឋានសាងសង់ហើយកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំមុន ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៣ ខាងមុខ។
គម្រោង Sokha Residences Sanco ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន M.R Sokha Residences Group លើផ្ទៃដី ៣៨ ៤០០ម៉ែត្រការ៉េ រួមមានអគារចំនួន ៩ អគារ ដែលអគារនីមួយៗមានកម្ពស់ ១៩ ជាន់ ស្មើនឹងបន្ទប់ស្នាក់នៅសរុប ៤ ២៩៦ យូនីត។ គម្រោងនេះស្ថិតនៅចន្លោះតំបន់សេដ្ឋកិច្ចពិសេសសាន់កូ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
Sokha Residences Sanco គឺជាគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យប្រភេទខុនដូទី ២ នៅកម្ពុជា បន្ទាប់ពីគម្រោង Arakawa នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ហោ គន្ធា នាយកប្រតិបត្តិក្រុមហ៊ុន M.R Sokha Residences Group បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា នេះជាគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យទី ១ របស់ក្រុមហ៊ុន ខណៈកន្លងមកក្រុមហ៊ុនបានសាងសង់គម្រោងលំនៅឋានតម្លៃថ្លៃ ដោយគម្រោងទាំង ៣ សុទ្ធតែស្ថិតក្នុងក្រុងប៉ោយប៉ែត។ លោកបន្តថា គោលបំណងចម្បងរបស់ក្រុមហ៊ុន គឺដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការផ្តល់លំនៅឋានតម្លៃសមរម្យដល់ប្រជាជនដែលមានប្រាក់ចំណូលទាប និងមធ្យម។
លោកបានថ្លែងថា៖ «បច្ចុប្បន្ន យើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយក្នុងខែមករានេះ យើងនឹងដាក់គ្រឿងចក្រចាប់ផ្តើមសាងសង់អគារទាំងអស់តែម្តង»។
លំនៅឋានតម្លៃសមរម្យក្នុងគម្រោងនេះមាន ២ ប្រភេទ គឺ ២៩ ម៉ែត្រការ៉េ និង ៣២ ម៉ែត្រការ៉េ ដោយមានតម្លៃចាប់ពី ២២ ០០០ ទៅដល់ជិត ៣០ ០០០ ដុល្លារ។ ទោះយ៉ាងណា លោក គន្ធា បានឲ្យដឹងថា គម្រោងនេះមិនទាន់ប្រកាសលក់នៅឡើយទេ។
លោកថ្លែងថា៖ «តម្លៃនេះ គឺក្រុមហ៊ុនអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាលក្នុងការសាងសង់លំនៅឋានសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងទាប»។ លោកបន្ថែមថា គម្រោង Sokha Residences Sanco គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន M.R Sokha Residences Group ស្ថិតនៅលើផ្ទៃដីសរុបជាង ១៥ ហិកតា ហើយការសាងសង់នឹងត្រូវផ្តោតទៅលើគុណភាព បរិស្ថាន សុវត្ថិភាព។
អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បាននិយាយថា ប៉ោយប៉ែត គឺជាកន្លែងដែលមានប្រជាជនធ្វើចំណាកស្រុកទៅរស់នៅច្រើន ដើម្បីប្រកបការងារ ហេតុនេះបើមានលំនៅឋានតម្លៃសមរម្យ និងទីតាំងល្អ ការលក់នឹងងាយទទួលបានជោគជ័យ។ អ្នកស្រីបន្តថា កំណើនប្រាក់ចំណូល និងការចង់បានផ្ទះរស់នៅផ្ទាល់ខ្លួន កំពុងជំរុញឲ្យមានការអភិវឌ្ឍលំនៅឋានថ្មីជាច្រើន។
អ្នកស្រីថ្លែងថា៖ «សម្រាប់កម្រិតតម្លៃលំនៅឋានចន្លោះពី ២០ ០០០ ទៅ ៣០ ០០០ ដុល្លារ គឺនឹងមិនពិបាកលក់ទេ»។
បើតាមអ្នកស្រី សុធីតា ការសិក្សារបស់អ្នកជំនាញក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីៗនេះបានរកឃើញថា សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ៣០ ០០០ ដុល្លារ គឺអាចផ្តល់លទ្ធភាពឲ្យប្រជាជនមានប្រាប់ចំណូលក្នុងរង្វង់ជាង ៣០០ ដុល្លារ ទិញបានតាមរយៈការបង់រំលស់។
របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា បើគិតត្រឹមដំណាច់ឆ្នាំ ២០១៩ នៅកម្ពុជាមានគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន ៥ ដោយមានលក្ខណៈជាសំណង់លំនៅឋាន (ផ្ទះ) ចំនួន ៨ ៣៣១ ខ្នង និងលក្ខណៈជាអគារសហកម្មសិទ្ធិ (ឯកជន) ចំនួន ៧ ២៥៦ យូនីត៕ LA