
កម្មករកំពុងសាងសង់លំនៅឋានតម្លៃសមរម្យ Worldbridge។ រូបថត សហការី
ភ្នំពេញៈ លំនៅឋានតម្លៃសមរម្យក្នុងដំណាក់កាលទី ១ របស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នឹងសាងសង់រួចរាល់នៅចុងត្រីមាសទី ១ ឆ្នាំក្រោយ ខណៈការសាងសង់គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២០។
គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដំបូងនៅកម្ពុជានេះបានបើកការដ្ឋានសាងសង់កាលពីខែមករាឆ្នាំ ២០១៧ លើផ្ទៃដីទំហំ ៤៥ ហិកតាដោយមានតម្លៃវិនិយោគប្រមាណ ១០០ លានដុល្លារ។
គម្រោងដែលស្ថិតក្នុងស្រុកស្អាងខេត្តកណ្តាលនេះមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលនឹងរួមមានផ្ទះស្នាក់នៅដែលមានកម្ពស់ ២ ជាន់ ចំនួន ២,៤៥៧ ល្វែង និងផ្ទះអាជីវកម្ម (Shophouse) ប្រមាណ ៩០ ល្វែង។
លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Worldbridge Homes បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងទាំងមូលស្ទើរ តែបញ្ចប់ទាំងស្រុងហើយ ដោយនៅពេលនេះក្រុមហ៊ុនចាប់ផ្តើមសម្រុកសាងសង់ផ្ទះស្នាក់នៅក្នុងដំណាក់កាលទី ១ ហើយគ្រោងនឹងបញ្ចប់ ក្នុងអំឡុងខែ មីនា ឆ្នាំ ២០១៩។
លោកថ្លែងថា៖ «សម្រាប់លំនៅឋានតម្លៃសមរម្យដំណាក់កាលទី ១ ដែលមានចំនួនជាង ៤០០ ល្វែង ការសាងសង់បានចាប់ផ្តើមកាលពីខែកញ្ញាកន្លងមក ហើយគ្រោងនឹងបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខ»។
ផ្ទះតម្លៃសមរម្យក្នុងគម្រោងនេះមានទំហំ ៤x៧ ម៉ែត្រដោយមានតម្លៃចាប់ពី ២៥,០០០ ដុល្លារទៅដល់ជិត ៣០,០០០ ដុល្លារ។ ចំណែកផ្ទះប្រភេទអាជីវកម្មមិនទាន់ត្រូវបានដាក់តម្លៃនៅឡើយទេ។
លោក សុធីរិទ្ធ បានមានប្រសាសន៍ថា៖ «ដោយសារស្ថិតក្នុងទីតាំងមានសក្តានុពល និងមានតម្លៃសមរម្យ លំនៅឋានក្នុងគម្រោងនេះបានទទួលការគាំទ្រយ៉ាងច្រើនពីអតិថិជន»។
បើតាមលោក សុធីរិទ្ធ ការលក់លំនៅឋានតម្លៃសមរម្យខាងលើរហូតមកដល់ពេលនេះសម្រេចបានប្រហែល ៥០ ភាគរយហើយ ក្នុងនោះអតិថិជនជាមន្ត្រីរាជការមានប្រមាណ ៥០ ភាគរយ។
ក្រុមហ៊ុន Worldbridge Homes គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group ដែលកំពុងអភិវឌ្ឍគម្រោងធំៗក្នុងរាជធានីភ្នំពេញដូចជា The Bridge និង The Peak។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានឲ្យដឹងថា ការវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យ គឺជាការវិនិយោគដែលងាយទទួលបានជោគជ័យ ព្រោះចំនួនគ្រួសារថ្មីៗបានកើនឡើងយ៉ាងច្រើននៅកម្ពុជា។
លោកបន្ថែម កំណើនប្រាក់ចំណូល និងការចង់មានលំនៅឋានផ្ទាល់ខ្លួនបានធ្វើឲ្យមានតម្រូវការលំនៅឋានជាច្រើន ពិសេសលំនៅឋានដែលមានតម្លៃសមរម្យ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ ការវិនិយោគលើលំនៅឋានតម្លៃក្រោម ៦ ម៉ឺនកំពុងមានទីផ្សារល្អណាស់។ ភាពជោគជ័យសម្រាប់គម្រោងនីមួយៗអាស្រ័យលើកត្តាសំខាន់ចំនួន ២ គឺតម្លៃ និងទីតាំង»។
លោកបន្តថា សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Worldbridge Homes នៅជិតក្រុងតាខ្មៅនោះ បើតាមលោកដឹង គឺមានអតិថិជនជាច្រើនបានចាប់អារម្មណ៍ ខណៈសកម្មភាពនៃការសាងសង់មានដំណើរទៅមុខជាប្រចាំ។
បើទោះជាមានការគាំទ្រ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលឲ្យមានការវិនិយោគទៅលើលំនៅឋានតម្លៃសមរម្យយ៉ាងណាក៏ដោយ ក៏រហូតមកទល់ពេលនេះគេទើបតែឃើញមានក្រុមហ៊ុនចំនួន ៣ ប៉ុណ្ណោះដែលប្រកាសសាងសង់គម្រោងបែបនេះ ដោយគម្រោងទី ១ អភិវឌ្ឍដោយក្រុមហ៊ុន Worldbridge Homes គម្រោងទី ២ ដោយក្រុមហ៊ុន ប៊ុនជេស គ្រុប ក្នុងតម្លៃ ៨៨ លានដុល្លារស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល និងគម្រោងទី ៣ ដោយក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ជប៉ុន Arakawa ក្នុងតម្លៃ ៧០ លានដុល្លារស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕ LA