ភ្នំពេញៈ កា​រិ​យា​ល័យ​ដែល​កំពុង​ប្រើ​ប្រាស់ និង​ដាក់​ជួល​​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ គិត​ត្រឹម​ដំ​ណាច់​ត្រី​មាស​ទី​ ៣ ឆ្នាំ​ ២០១៨ នេះ​​​​បាន​​កើន​​ឡើង​តិច​តួច ​​​បើ​ធៀប​​​នឹង​ត្រី​មាស​ទី​ ២ ខណៈ​​អត្រា​ប្រើ​ប្រាស់​មាន​ជាង​ ៨៦ ​ភាគ​​រយ។ នេះ​បើ​តាម​​ការ​​ស្រាវ​ជ្រាវ​​របស់​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ CBRE Cambodia។

របាយ​ការណ៍​​បាន​បង្ហាញ​ថា ក្នុង​ត្រី​មាស​ទី​ ៣ ​អ​គារ​កា​រិ​យា​ល័យ​ Keystone ​ដែល​​មាន​ទំ​ហំ​ជាង​ ១៥ ០០០ ​ម៉ែត្រ​ការ៉េ​ ត្រូវ​​បាន​​​ដាក់​ចូល​ក្នុង​ទី​ផ្សារ​ ដែល​​ធ្វើ​ឲ្យ​ផ្ទៃ​​កា​រិ​យា​ល័យ​សរុប​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​កើន​ដល់​ ៣៦០ ០០០ ម៉ែត្រ​កា​រ៉េ ដោយ​កើន​ ​៤,៧ ​ភាគ​រយ ​បើ​​ធៀប​នឹង​ត្រី​មាស​ទី​ ២ ឆ្នាំ​ ២០១៨​។

សម្រាប់​អ​គារ​កា​រិ​យា​ល័យ​កម្រិត A មាន​អត្រា​ប្រើ​ប្រាស់​ប្រ​ហែល​ ៦៨ ​ភាគ​រយ កម្រិត B មាន​អត្រា​ប្រើ​ប្រាស់​ ៨៨ ​ភាគ​រយ និង​កម្រិត C មាន​អត្រា​ ប្រើ​ប្រាស់​ ៩២ ​ភាគ​រយ​។

សម្រាប់​តម្លៃ​ជួល​ក្នុង​ត្រី​មាស​​ទី​ ៣ ​មិន​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ​ បើ​ធៀប​នឹង​ត្រី​មាស​ទី​ ២ ដោយ​កា​រិ​យា​ល័យ​​​​កម្រិត A មាន​​តម្លៃ​ចន្លោះ​ពី​ ២៨-៣៨​ ដុល្លារ​ក្នុង ​១ ម៉ែត្រ​ការ៉េ​​ សម្រាប់​រយៈ​ពេល​ ១ ​ខែ​ កម្រិត​ B ​តម្លៃ​ពី​ ១៨​-២៨ ​ដុ​ល្លារ​ និង​កម្រិត C តម្លៃ​ពី​ ១០​-១៨ ​ដុ​ល្លារ​។

អ្នក​​វិ​ភាគ​របស់​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ CBR​E Cambodia លោក ជា គីម​សៀ បាន​ប្រាប់​ថា កំ​ណើន​សេដ្ឋ​កិច្ច និង​លំ​ហូរ​ចូល​នៃ​ក្រុម​ហ៊ុន​​មក​ពី​បរ​ទេស​ បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រើ​ប្រាស់​អគារ​កា​រិ​យា​ល័យ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ​ពិ​សេស​​កា​រិ​យា​ល័យ​​ដែល​មាន​ស្តង់​ដារ​​​ចាប់​ពី​កម្រិត​មធ្យម​​ (B) ឡើង​ទៅ​។

លោក​​​បន្ត​ថា បច្ចុ​ប្បន្ន​​​កា​រិ​យា​ល័យ​កម្រិត​ A នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​ការ​ប្រើ​ប្រាស់​ច្រើន​​​ទេ តែ​ចំ​នួន​​នេះ​​​នឹង​​កើន​ឡើង​នៅ​ពេល​អ​នា​គត​។

លោក​បញ្ជាក់​​​ថា៖​​ «​៣-៥ ​ឆ្នាំ​ ខាង​មុខ​ ចំ​នួន​នៃ​ការ​​ប្រើ​ប្រាស់​កា​រិ​យា​ល័យ​​កម្រិត A នឹង​កើន​ឡើង​ ខណៈ​​នឹង​មាន​ក្រុម​ហ៊ុន​ធំ​ៗ​លំ​ដាប់​អន្តរ​ជាតិ​​ជា​ច្រើន​ចូល​មក​វិ​និ​យោគ​នៅ​កម្ពុជា​»។​

បច្ចុ​ប្បន្ន​អគារ​កា​រិ​យា​ល័យ​កម្រិត A ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​មាន​ចំ​នួន​ ២ គឺ Vattanac Tower និង​អគារ Exchange Square ខណៈ​អគារ​​កា​រិ​យា​ល័យ​ដែល​ទើប​សាង​សង់ និង​កំ​ពុង​សាង​សង់​ភាគ​ច្រើន​ជា​អគារ​​កម្រិត B។​

នា​យក​​រង​​ក្រុមហ៊ុន CBRE Cambodia លោក James Hodge និ​យាយ​ថា ​កា​រិ​យា​ល័យ​កម្រិត B កំ​ពុង​មាន​ទី​ផ្សារ​​ល្អ​ណាស់ ជាក់​ស្តែង​អគារ​កា​រិ​យា​ល័យ Keystone ដែល​ទើប​បើក​ដំ​ណើរ​ការ​​កាល​ពី​​ខែ​កក្កដា​ រហូត​ដល់​​​ពេល​នេះ​ ​៥០ ​ភាគ​រយ​​នៃ​ផ្ទៃ​អគារ​​ត្រូវ​បាន​អតិ​ថិ​ជន​ជួល​យក​ទៅ​ប្រើ​ប្រាស់​។

លោក​បន្ត​ថា អតិ​ថិ​ជន​ដែល​ជួល​កា​រិ​យា​ល័យ​ Keystone ភាគ​ច្រើន​​គឺ​ជា​ក្រុម​ហ៊ុន​មក​ពី​បរ​ទេស។

លោក​​​បន្ត​​​ថា៖​ «​ការ​វិនិ​​យោគ​​​​លើ​អគារ​កា​រិ​យា​ល័យ​កម្រិត B​ ​កំ​ពុង​មាន​សក្តា​នុ​ពល​ខ្ពស់​នៅ​ភ្នំ​ពេញ​។ ទី​ផ្សារ​នេះ​​នឹង​កាន់​តែ​ល្អ​នៅ​ពេល​អនា​គត​»​។​​

តាម​ការ​ព្យា​ករ​នៅ​ក្នុង​ត្រី​មាស​ទី​ ៤ នេះ​នឹង​មាន​អគារ​កា​រិ​យា​ល័យ​កម្រិត B ​ចំ​នួន​ ៤ ​​ទៀត​​​ចូល​​ក្នុង​ទី​ផ្សារ ​រួម​មាន East Commercial Center, Diamond Twin, E.Sun Tower និង Elysee។ ការ​ផ្គត់​ផ្គង់​​ថ្មី​នេះ​​នឹង​ធ្វើ​ឲ្យ​ទំ​ហំ​​កា​រិ​យា​ល័យ​​ជួល​នៅ​​​​ភ្នំ​ពេញ​ កើន​ឡើង​ដល់​ជិត​ ៤០០ ០០០ ​ម៉ែត្រ​កា​រ៉េ​។

របាយ​ការណ៍​​​ក្រ​សួង​រៀប​ចំ​ដែន​ដី នគរូ​ប​នី​យ​កម្ម និង​សំ​ណង់ បាន​ឱ្យ​ដឹង​ថា ទុន​វិ​និ​យោគ​​​វិ​ស័យ​សំ​ណង់​​រយៈ​ពេល​ ៩ ​ខែ ឆ្នាំ​ ២០១៨ មាន​តម្លៃ​ជាង​ ៤ ៨២០ ​លាន​ដុ​ល្លារ ខណៈ​ក្នុង​រយៈ​ពេល​ដូច​គ្នា​​​នៃ​ឆ្នាំ​ ២០១៧ មាន​តម្លៃ​​ជាង​ ៥​ ៦៣៦ ​លាន​ដុ​ល្លារ​ ធ្លាក់​​​ចុះ​ចំ​នួន​ ១៤,៤៧ ​ភាគ​រយ៕ LA