ហៃណានៈ វិធានការបទប្បញ្ញត្តិ តឹងរ៊ឹងបាននាំឲ្យមានការធ្លាក់ចុះខ្លាំងចំពោះការអភិវឌ្ឍអចលនទ្រព្យក្នុងខេត្តហៃណាន ប្រទេស ចិន ខណៈការវិនិយោគសរុបក្នុងរយៈពេល ៣ ត្រីមាសដំបូងកាលពីឆ្នាំមុន បានធ្លាក់ចុះ ១០ ភាគរយធៀបនឹងឆ្នាំ ២០១៧។ នេះបើយោងតាមតួលេខពីការិយាល័យស្ថិតិខេត្តដីកោះមួយនេះ។
ខេត្តហៃណាន នឹងបន្តគ្រប់គ្រងតឹងរ៊ឹងទៅលើវិស័យអចលនទ្រព្យ ហើយបង្កើតយន្តការរយៈពេលវែងមួយ ដោយប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ច្បាប់ និងរដ្ឋបាល ដើម្បីធានាដល់ការសាងសង់លំនៅឋានសាធារណៈ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅឋាន។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ដែលបានថ្លែងនៅវេទិកាសេដ្ឋកិច្ចថ្នាក់ខេត្តដែលប្រារព្ធធ្វើឡើងនៅ ទីក្រុងហៃគូដែលជារដ្ឋធានីរបស់ខេត្តហៃណាននាពេលថ្មីនេះ។
មន្រ្តីរដ្ឋាភិបាលខេត្តនេះបានឲ្យដឹងថា ការផ្គត់ផ្គង់ដីនឹងត្រូវផ្តោតជាអាទិភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាដែលចាំបាច់ ដើម្បីជួយឲ្យមានការផ្លាស់ប្តូរកោះនេះឲ្យទៅជាតំបន់ពាណិជ្ជកម្មសេរីអន្តរជាតិលក្ខណៈសាកល្បង ព្រមទាំងការអភិវឌ្ឍគម្រោងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងគម្រោងសង្គមថ្មីៗ។
វិធានការនេះបានចាប់ផ្តើមចូលជាធរមាន។ ក្នុងរយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ ២០១៨ ការវិនិយោគលើអចលនទ្រព្យមានចំនួន ៣៤ ភាគរយនៃ ផ.ស.ស របស់ខេត្តនេះបានធ្លាក់ចុះ ១០ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។
ក្នុងរយៈពេល ១១ ខែដំបូងក្នុងឆ្នាំ ២០១៨ ការលក់ផ្ទះពាណិជ្ជកម្មបានគិតតាមក្រឡាផ្ទៃបានធ្លាក់ចុះចំនួន ៣៦,៥ ភាគរយមកនៅត្រឹម ១៣,៧៧ លានម៉ែត្រការ៉េ ខណៈដែលការលក់គិតតាមទំហំទឹកប្រាក់បានធ្លាក់ចុះចំនួន ២១,២ ភាគរយមកនៅត្រឹម ១៩០,៤៧ ពាន់លានយន់ (២៧,៧ ពាន់លានដុល្លារ)។
ផ្ទះដែលសាងសង់ថ្មីៗសរុបមានចំនួន ១៧,៨៦ លានម៉ែត្រការ៉េ ធ្លាក់ចុះ ៧,១ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។ នេះបើយោងតាមការិយាល័យស្ថិតិខេត្តហៃណាន។
រដ្ឋាភិបាលខេត្តហៃណានបានអនុវត្តគោលនយោបាយកូតា ដើម្បីទប់ស្កាត់ការទិញផ្ទះសម្រាប់លក់យកចំណេញ និងដើម្បីអភិវឌ្ឍកោះនេះឲ្យក្លាយជាតំបន់ពាណិជ្ជកម្មសេរីលក្ខណៈ សាកល្បងនៅខែមេសាខាងមុខ។
ច្បាប់ថ្មីនេះតម្រូវឲ្យអ្នកទិញផ្ទះដែលជាអនិវាសនជនផ្តល់កំណត់ត្រាពន្ធរយៈពេល ៦០ ខែពីយ៉ាងហោចណាស់សមាជិកម្នាក់នៃគ្រួសាររបស់អ្នកដាក់ពាក្យ។
ការបង់ប្រាក់មុន (down payment) អប្បបរមាក្នុងអត្រា ៧០ ភាគរយ គឺជាលក្ខខណ្ឌតម្រូវសម្រាប់អ្នកទិញផ្ទះជាអនិវាសនជនដែលដាក់ពាក្យសុំកម្ចីទិញផ្ទះពាណិជ្ជកម្ម ហើយកំណត់រយៈពេល ៥ ឆ្នាំទើបអាចលក់ផ្ទះនោះវិញបាន។
លោក Zhang Dawei ប្រធានអ្នកវិភាគផ្នែកអចលនទ្រព្យប្រចាំក្រុមហ៊ុន Centaline Property បានថ្លែងថា៖ «បទប្បញ្ញត្តិបែបនេះនៅខេត្តហៃណានមានភាពចាំបាច់ក្រៃលែង។ ខេត្តនេះធ្លាប់ពឹងផ្អែកខ្លាំងពេកលើវិស័យអចលនទ្រព្យ។
ក្នុងរយៈពេលវែង វាមិនមែនជាវិធីសាស្រ្តនិរន្តរភាពទេ។ ការឈឺចាប់បច្ចុប្បន្នបន្ទាប់ពីការដាក់ចេញបទប្បញ្ញត្តិនេះជាវិធីតែមួយគត់ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ»។
ទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញថា ការវិនិយោគសរុបក្នុងវិស័យអចលនទ្រព្យនៅតំបន់ថ្នាក់ខេត្តចំនួន ៣១ ទូទាំងប្រទេសក្នុងរយៈពេល ១១ ខែដំបូងកាលពីឆ្នាំមុន បានកើនឡើងដល់ ១១,០៨ ពាន់ពាន់លានយន់ (១,៦៤ ពាន់ពាន់លានដុល្លារ) ដោយខេត្តក្វាងទុង ខេត្តជឺជាំង និងខេត្តជាំងស៊ូ គឺជាខេត្តនាំមុខគេ។ ការវិនិយោគអចលនទ្រព្យសរុបក្នុងខេត្តទាំងនេះក្នុងឆ្នាំ ២០១៧ មានចំនួន ១០,៩៧ ពាន់ពាន់លានយន់។
លោក Zhang បានថ្លែងថា ការវិនិយោគលើអចលនទ្រព្យរបស់ប្រទេសបាននិងកំពុងកើនឡើងក្នុងកម្រិតខ្ពស់មួយកាលពីឆ្នាំមុន ហើយការទិញលក់ដីក្នុងទីក្រុងជាច្រើនក៏មានកម្រិតខ្ពស់ផងដែរ ជាពិសេសនៅក្នុងទីក្រុងលំដាប់ទី១ និងទី២ ដោយក្រុមហ៊ុនអភិវឌ្ឍន៍បង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះការទិញដៅសម្រាប់សាងសង់លំនៅឋាន។
លោក Zhang បានឲ្យដឹងទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានក៏បានចូលក្នុងទីផ្សារអភិវឌ្ឍន៍នៅទីក្រុងលំដាប់ទី៣ និងលំដាប់ទី៤ ផងដែរ ដែលជំរុញឲ្យការលក់ដីកើនឡើង៕ People''s Daily/PS