ភ្នំពេញៈ អ្នកនៅក្នុងវិស័យអចលនទ្រព្យរំពឹងថា ការដាក់ចេញគោលនយោបាយមិនយកពន្ធប្រថាប់ត្រារយៈពេល ១ ឆ្នាំចំពោះការទិញ-លក់ផ្ទះ និងខុនដូតម្លៃក្រោម ៧ ម៉ឺនដុល្លារនឹងជួយធ្វើឲ្យប្រជាជនដែលមានចំណូលទាប និងមធ្យម ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទទួលបានអត្ថប្រយោជន៍ច្រើន។
ការរំពឹងដូច្នេះកើតមានឡើងបន្ទាប់ពីកាលពីថ្ងៃពុធក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការទិញលក់ខុនដូក៏រាប់បញ្ចូលទៅក្នុងវិធានការលើកលែងពន្ធប្រថាប់ត្រានេះផងដែរ បន្ទាប់ពីកាលពីថ្ងៃចន្ទលោកបានប្រកាសពី ការលើកលែងពន្ធប្រភេទនេះសម្រាប់ការទិញលំនៅឋានក្រោមតម្លៃនេះក្នុងរយៈពេល ១ ឆ្នាំចាប់ពីខែកុម្ភៈឆ្នាំនេះដល់ខែមករា ឆ្នាំ ២០២១។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «លំនៅឋាននៅទីនេះ [ក្នុងវិធានការមិនយកពន្ធប្រថាប់ត្រា] ក៏និយាយដល់ខុនដូដែរ ព្រោះខុនដូ ១ កន្លែងៗគេទិញ ១ យូនីតដែលជួនកាលមានតម្លៃតែ ៥ ឬ ៦ ម៉ឺនដុល្លារ អ៊ីចឹងក៏ត្រូវមិនជាប់ពន្ធដែរសម្រាប់ខុនដូ»។
លោកបន្ថែមថា វិធានការនេះនឹងធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋានតម្លៃសមរម្យខិតខំអភិវឌ្ឍលំនៅឋានថ្មីៗបន្ថែម ចំណែកអ្នកដែលមានប្រាក់ល្មមៗ ក៏អាចមានលទ្ធភាពកាន់តែច្រើនក្នុងការទិញលំនៅឋានក្នុងកម្រិតតម្លៃនេះដែរ។ លោកបន្តថា វិធានការនេះក៏នឹងចូលរួមចំណែកដល់ការជំរុញឲ្យប្រជាជនរស់នៅក្នុងក្រុងភ្នំពេញទិញលំនៅឋានប្រភេទខុនដូតម្លៃសមរម្យរស់នៅផងដែរ។
គោលនយោបាយរបស់រដ្ឋាភិបាលនៅពេលនេះត្រូវបានដាក់ចេញនៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងទទួលផលប៉ះពាល់ពីផលអវិជ្ជមាននៃសេដ្ឋកិច្ចពិភពលោក និងតំបន់ដែលផ្តើមចេញពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា និងស្របពេលដែលសហភាពអឺរ៉ុបបានសម្រេចកាត់ប្រព័ន្ធអនុគ្រោះពន្ធ ២០ ភាគរយនៃការនាំចេញរបស់កម្ពុជា។
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុន Arakawa Co., Ltd ដែលអភិវឌ្ឍខុនដូមានតម្លៃសមរម្យ Arakawa Residence ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការប្រកាសមិនយកពន្ធប្រថាប់ត្រារយៈពេល ១ ឆ្នាំលើផ្ទះ និងខុនដូនាពេលនេះនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើនទាំងសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងទាប ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
លោកថ្លែងថា៖ «វិធានការនេះនឹងបើកឱកាសឲ្យអ្នកដែលមានប្រាក់ចំណូលទាប និងមធ្យមមានលទ្ធភាពកាន់តែច្រើនក្នុងការទិញលំនៅឋានផ្ទាល់ខ្លួន ព្រោះគេមិនចាំបាច់បង់ពន្ធប្រថាប់ត្រា ដែលស្មើ ៤ ភាគរយនៃតម្លៃអចលនទ្រព្យសរុបទៀតឡើយ»។
លោកបន្តថា វិធានការនេះនឹងផ្តល់ផលប្រយោជន៍ចម្បងចំនួន ៣ ដែលរួមមានការជួយសម្រួលបន្ទុកដល់អ្នកទិញ ដោយមិនចាំបាច់ចំណាយប្រាក់លើការបង់ពន្ធ ហើយក្រុមហ៊ុនអភិវឌ្ឍន៍នឹងងាយស្រួលលក់ ចំណែកភ្នាក់ងារអចលនទ្រព្យ និងអ្នកលក់គ្រឿងសំណង់ក៏មានសកម្មភាពច្រើនជាងមុនដែរ។
លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW សែនសុខបាននិយាយថា ខណៈដែលតម្រូវការលំនៅឋានក្រោមតម្លៃនេះកំពុងមានកំណើនខ្ពស់នោះ ការសម្រេចមិនយកពន្ធប្រថាប់ត្រារយៈពេល ១ ឆ្នាំនេះគឺជាវិធីសាស្ត្រមួយដើម្បីបង្កលទ្ធភាពឲ្យប្រជាជនខ្មែរមានលំនៅឋានផ្ទាល់ខ្លួនកាន់តែច្រើន។ លោកថា ការមិនយកពន្ធនេះអាចឲ្យអ្នកទិញ-លក់ចំណេញប្រាក់រហូតដល់ជិត ៣ ០០០ ដុល្លារ។
លោកថ្លែងថា៖ «បើទោះបីការផ្តល់នេះមានរយៈពេលត្រឹម ១ ឆ្នាំ ប៉ុន្តែក៏ជាឱកាសមួយដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃក្រោម ៧ ម៉ឺន ទទួលបានភាពជោគជ័យឆាប់រហ័សលើការលក់ ព្រោះអ្នកទិញនឹងមិនត្រូវចំណាយខ្ពស់ដូចពេលមុន»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឲ្យដឹងថា ក្នុងនាមសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា លោកពិតជារីករាយចំពោះការសម្រេចរបស់រដ្ឋាភិបាល ព្រោះវាមិនត្រឹមតែធ្វើឲ្យប្រជាជនទទួលបានអត្ថប្រយោជន៍ពីការមិនចាំបាច់បង់ពន្ធប្រថាប់ត្រាប៉ុណ្ណោះទេ តែរដ្ឋក៏អាចជំរុញឲ្យប្រជាជនមកចុះបញ្ជីឲ្យបានកាន់តែច្រើនផងដែរ។
លោកថា៖ «វាល្អសម្រាប់អ្នកពាក់ព័ន្ធគ្រប់ផ្នែកទាំងអ្នកទិញ ក្រុមហ៊ុនសាងសង់ និងសកម្មភាពរបស់ភ្នាក់ងារអចលនទ្រព្យផងដែរ»៕ LA