ទីក្រុង​ហូជីមិញ៖ អាជ្ញាធរ​ទីក្រុង​នេះ បាន​រាយការណ៍​ពី​ការ​វិនិយោគ​ទុន​ដោយ​ផ្ទាល់​ពី​បរទេស (FDI) ចំនួន ១,១៤ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៤ ខែ​ដំបូង​នៃ​ឆ្នាំ ២០២១ ដោយ​ធ្លាក់ចុះ ១២,៩២% ធៀបនឹង​រយ:ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន។

ថវិកា​ប្រមាណ ៣៦០ លាន​ដុល្លារ ត្រូវ​បាន​ចំណាយ​ទៅ​ក្នុង​គម្រោង​ថ្មី​ចំនួន ១០០ ដែល​ភាគ​ច្រើន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​មាន ២២៥,១ លាន​ដុល្លារ និង​អចលនទ្រព្យ ១២៥,៨ លាន​ដុល្លារ។

ទន្ទឹម​នឹង​នេះ​ដែរ ទឹក​ប្រាក់ ៤០៣ លាន​ដុល្លារ ត្រូវ​បាន​បន្ថែម​ទៅ ៣០ គម្រោង​ ដែល​មាន​ស្រាប់​ហើយ ៣៧៧,៦ លាន​ដុល្លារ​ទៀត ត្រូវ​បាន​ប្រើសម្រាប់​ការ​ចូលរួម​វិភាគទាន​ដើម​ទុន និង​ទិញ​ភាគហ៊ុន​ក្នុង​ប្រតិបត្តិការ​សរុប​ចំនួន ៥៤៧។

វិនិយោគិន​បរទេស​បាន​បញ្ចេញ​ដើម​ទុន​ភាគ​ច្រើន​ក្នុង​ការ​កែច្នៃ និង​ផលិតកម្ម​ដោយ​មាន​ទឹក​ប្រាក់ ៣២២ លាន​ដុល្លារ​ កើន​ឡើង ២៨,២ ភាគរយ បន្ទាប់​មក​វិស័យ​ពាណិជ្ជកម្ម​ដែល​មាន​ ៣២១,២ លាន​ដុល្លារ អចលនទ្រព្យ​មាន ១៩៦,៣ លាន​ដុល្លារ សកម្មភាព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មាន ១៧៥,៤ លាន​ដុល្លារ និង​ការ​អប់រំ​បណ្តុះបណ្តាល​មាន ៣០,៣ លាន​ដុល្លារ។

ក្នុង​ចំណោម​ប្រទេស​ និង​តំបន់​ចំនួន ៥៥ ដែល​បោះ​ទុន​វិនិយោគ​នៅ​ក្នុង​ទីក្រុង​អំឡុង​ពេល​នោះ​ប្រទេស​ជប៉ុន បាន​នាំមុខ​ដោយ​មាន​ទឹក​ប្រាក់ ៤៩៤,៤ លាន​ដុល្លារ​ សិង្ហបុរី​ឈរ​នៅ​លំដាប់​ទី២ មាន​ចំនួន ២៨១,៦ លាន​ដុល្លារ និង​សាធារណរដ្ឋ​កូរ៉េ​ឈរ​នៅ​លំដាប់​ទី៣ ដែល​មាន​ទឹក​ប្រាក់ ៩៧,៧ លាន​ដុល្លារ។

លោក HuaQuocHưng ប្រធាន​គណៈ​គ្រប់គ្រង​តំបន់​កែច្នៃ​ឧស្សាហកម្ម និង​នាំចេញ​នៃ​ទីក្រុង​ហូជីមិញ​បាន​និយាយ​ថា តំបន់​កែច្នៃ និង​មណ្ឌល​ឧស្សាហកម្ម​ភាគ​ខាង​ត្បូង​បាន​ទាក់ទាញ​ប្រាក់​ចំនួន ២៣៧ លាន​ដុល្លារ​គិត​ត្រឹម​ចុង​ខែ​មេសា ដែល​កើន​ឡើង ២៦ ភាគរយ បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

គណៈកម្មាធិការ​ប្រជាជន​ក្រុង​បាន​រៀបចំ​ផែនការ​ជួប​ជាមួយ​ធុរកិច្ច​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ និង​គាំទ្រ​ដល់​ក្រុមហ៊ុន​ក៏​ដូចជា​ណែនាំ​គម្រោង​ធំៗ​ និង​ផែនការ​វិនិយោគ​របស់​ទីក្រុង​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ៕ VNS-ANN/RR