The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិនិយោគិន​កូរ៉េ​ ជា​ប្រភព​វិនិយោគ​លើ​អចលនទ្រព្យ​ឆ្លង​ព្រំដែន​ធំ​បំផុត​នៅ​អាស៊ី

វិនិយោគិន​កូរ៉េ​ ជា​ប្រភព​វិនិយោគ​លើ​អចលនទ្រព្យ​ឆ្លង​ព្រំដែន​ធំ​បំផុត​នៅ​អាស៊ី

Content image - Phnom Penh Post
ក្រាហ្វិក​បង្ហាញ​ពី​បរិមាណ​វិនិយោគ​ឆ្លង​ព្រំដែន​របស់​វិនិយោគិន​អាស៊ី​សម្រាប់​ឆមាស​ទី​ ១ ឆ្នាំនេះ​។ រូបថត ANN

វិនិយោគិន​កូរ៉េ​ ជា​ប្រភព​វិនិយោគ​លើ​អចលនទ្រព្យ​ឆ្លង​ព្រំដែន​ធំ​បំផុត​នៅ​អាស៊ី

ក្រុងសេអ៊ូលៈ ទិន្នន័យ​បានបង្ហាញ​ក្នុង​ខែ​កញ្ញា​នេះ​ថា វិនិយោគិន​កូរ៉េ-ខាងត្បូង​គឺជា​ប្រភព​លំហូរ​ចេញ​ក្រៅ​ប្រទេស​ធំជាងគេ​ក្នុង​តំបន់​អាស៊ី​ក្នុង​ការវិនិយោគ​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​។

ប្រតិបត្តិការ​នៅ​ប្រទេស​របស់​វិនិយោគិន​ទាំងនេះ​មាន​ចំនួន ៦,៨ ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១​។ នេះ​បើតាម​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ CBRE​។ តួលេខ​នេះ​បាន​កើនឡើង​ ២ ​ដង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​មកនេះ​។

ក្នុង​ចំណោម​ទឹកប្រាក់​វិនិយោគ​សរុប​ទឹកប្រាក់​ចំនួន ៤,៨ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​វិនិយោគ​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ដែល​កើនឡើង ៦៧ ​ភាគរយ​នៃ​ការវិនិយោគ​ឆ្លងកាត់​ព្រំដែន​អាស៊ី​ទាំងមូល​ដែល​ផ្តោត​ទិសដៅ​លើ​ទីផ្សារ​អឺរ៉ុប​។

មូលធន​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម និង​ក្រុមហ៊ុន​មូលបត្រ​របស់​កូរ៉េ មាន​ចាប់ពី​អគារ​ការិយាល័យ​នៅក្នុង​ទីក្រុង​ធំៗ​ដូចជា​ទីក្រុង​ប៉ារីស និង​អាំស្ទែរដាំ​រហូត​ដល់​ទីក្រុង​ដែល​មាន​ទីផ្សារ​តូចៗ​ជាច្រើន ដូចជា​ប្រទេស​អៀរឡង់ ប៉ូឡូញ និង​សាធារណរដ្ឋ ឆែក ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​កាន់តែ​ខ្ពស់​។

ក្រុមហ៊ុន CBRE បាន​ឲ្យ​ដឹងថា ក្រុម​វិនិយោគិន​ទាំងនេះ​កំពុង​ស្វែងរក​ការធ្វើ​ពិពិធកម្ម និង​ទីកន្លែង​ដែល​មាន​អត្រា​ការប្រាក់​ទាប ហើយ​ទិសដៅ​វិនិយោគ​ថ្មីៗ​កំពុង​ទទួល​បាន​ភាពពេញនិយម​។

លោក Henry Chin ប្រធាន​ទទួល​បន្ទុក​ស្រាវជ្រាវ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក​នៃ​ក្រុមហ៊ុន CBRE បាន​ថ្លែងថា​៖ «​ផលចំណេញ​ក្នុង​ស្រុក​ទាប និង​បរិយាកាស​ការពារ​ហានិភ័យ​វិជ្ជមាន​ត្រូវ​បាន​កំណត់ថា​ជា​កត្តា​ជំរុញ​សំខាន់ៗ​សម្រាប់​ក្រុម​វិនិយោគិន​កូរ៉េ​»​។

ក្រៅពី​វិនិយោគិន​កូរ៉េ វិនិយោគិន​សិង្ហបុរី​ក៏​កំពុង​បង្ហាញ​កំណើន​ផងដែរ​នៅក្នុង​ការវិនិយោគ​អចលនទ្រព្យ​ឆ្លង​ព្រំដែន​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​។

លោក Chin បន្ថែម​ថា​អ្នកទិញ​ជា​ជនជាតិ​សិង្ហបុរី​មាន​ចំនួន ៤៣ ​ភាគរយ​នៃ​ការវិនិយោគ​នៅ​បរទេស​សរុប​ក្នុង​តំបន់​អាស៊ី និង ៥១ ​ភាគរយ​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ វិនិយោគិន​សិង្ហបុរី​ត្រូវ​បាន «​ជំរុញ​យ៉ាងខ្លាំង​ដោយ​ផលចំណេញ​នានា និង​មានបំណង​កាន់តែខ្លាំង​ក្នុងការ​ចាក​ចេញ​ពី​ហានិភ័យ និង​ស្វែងរក​ជម្រើស​អចលនទ្រព្យ​ជំនួស​ដែល​សមស្រប​»​។

តួលេខ​ទាំងនេះ​កើតមានឡើង​ផ្ទុយ​នឹង​ការធ្លាក់ចុះ​ ២៥ ​ភាគរយ​ក្នុង​ការវិនិយោគ​អចលនទ្រព្យ​នៅ​បរទេស​របស់​តំបន់​អាស៊ី​សរុប​នៅ​ឆមាស​ទី​ ១ ធៀប​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​មក​នៅត្រឹម ១៩ ​ពាន់​លាន​ដុល្លារ​៕ ANN/LA

អត្ថបទគួរចាប់អារម្មណ៍