ក្រុងគូឡាឡាំពួរៈ ចាប់ពី​អា​ផាត​មិន​ប្រណីត​នៅ​ប្រទេស​ សិង្ហបុរី​ រហូតដល់​ខុនដូ​មាត់សមុទ្រ​នៅ​ប្រទេស ​ម៉ាឡេស៊ី ក្រុម​វិនិយោគិន​ហុងកុង​កំពុង​ផ្លាស់ប្តូរ​សាច់ប្រាក់​ទៅ​ជា​អចលនទ្រព្យ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ការតវ៉ា​ប្រឆាំង​ដោយ​ហិង្សា​កាន់តែខ្លាំង​ឡើង​នៅ​ក្រុង​ហុងកុង និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក​។

មនុស្ស​រាប់លាន​នាក់​បាន​ចេញ​មក​ដងផ្លូវ​ក្នុង​អំឡុងពេល ៤ ​ខែ​នៃ​ការធ្វើ​បាតុកម្ម​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ចិន​ភាគ​ខាងត្បូង​មួយ​នេះ​ដែល​រារាំង​ទេសចរណ៍ ខណៈ​ដែល​ក៏​កំពុង​បង្ខំ​ក្រុមហ៊ុន​ជាច្រើន​ឲ្យ​ផ្អាក​ការងារ​បុគ្គលិក ហើយ​វិស័យ​អចលនទ្រព្យ​កំពុង​ទទួលរង​ផលប៉ះពាល់​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ទីផ្សារ​ ១ ​ក្នុង​ចំណោម​ទីផ្សារ​លំនៅឋាន​តម្លៃ​ខ្ពស់បំផុត​របស់​ពិភពលោក​នេះ​បាន​ធ្លាក់​ថ្លៃ​គិត​ចាប់តាំងពី​ខែ​មិថុនា​មក​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​បង្ខំចិត្ត​ដាក់លក់​បញ្ចុះតម្លៃ​លើ​គម្រោង​ថ្មីៗ និង​ការកាត់បន្ថយ​ថ្លៃ​ជួល​ការិយាល័យ​។

លោក Peter Ng ពាណិជ្ជករ​ហុងកុង​បាន​ទិញ​ខុនដូ​មួយ​នៅ​កោះ Penang ប្រទេស​ ម៉ាឡេស៊ី បន្ទាប់ពី​ការតវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​។ Penang ជា​ទីកោះ​មួយ​ដែល​មាន​ប្រជាជន​ដែល​ជា​ជនជាតិ​ចិន​រស់នៅ​ភាគច្រើន និង​មាន​ភាពពេញនិយម​ក្នុង​ចំណោម​ប្រជាជន​ហុងកុង​។

វិនិយោគិន​ផ្សារហ៊ុន និង​អចលនទ្រព្យ​អាយុ ៤៨ ​ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​អស្ថិរភាព​គឺជា​កតា្ត​ជំរុញ​សម្រាប់​ខ្ញុំ​»​។ លោក​បាន​បន្ថែមថា លោក​បារម្ភ​អំពី​ការខូចខាត​រយៈពេល​វែង​ដល់​សេដ្ឋកិច្ច​ទីក្រុង​ហុងកុង ប្រសិន​បើ​ភាពចលាចល​បន្ត​កើតឡើង​។ លោក​ថ្លែងថា​៖ «​ក្រុម​វិនិយោគិន​នឹង​តែងតែ​សម្លឹង​អ្វីៗ​ដូច​នោះ​។ ស្ថិរភាព​នយោបាយ​»​។

លោក Derek Lee ដែល​ជា​ពាណិជ្ជករ​ទីក្រុង​ហុងកុង​មួយរូប​ទៀត​ដែល​មាន​អាផាតមិន​នៅ​កោះ Penang ដែរ​នោះ​បាន​ឲ្យ​ដឹងថា លោក​ដឹងថា​អ្នក​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​មួយ​នេះ​កំពុង​ពិចារណា​ការវិនិយោគ​លើ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​តែ​ភាពចលាចល​នេះ​។

បុរស​វ័យ ៥៥ ​ឆ្នាំ​នេះ​ប្រាប់ AFP ថា​៖ «​មនុស្ស​កំពុង​គិត​អំពី​របៀប​ក្នុង​ការពន្លឿន​គំនិត​របស់​ពួកគេ របៀប​ក្នុង​ការធ្វើ​ឲ្យ​ជីវិត​កាន់​តែមាន​ស្ថិរភាព​»​។

បន្ថែម​លើ​ការទាក់ទាញ​របស់​ម៉ាឡេស៊ី តម្លៃ​សមរម្យ​ និង​តម្លៃ​ទាប​ជាង​ខ្លាំង​ធៀប​នឹង​អចលនទ្រព្យ​នៅ​ទីក្រុង​ហុងកុង​ក៏​ជា​កត្តា​ជំរុញ​ផងដែរ​។

គេហទំព័រ​អចលនទ្រព្យ​អាស៊ីអាគ្នេយ៍ Property Guru របស់​ម៉ាឡេស៊ី​បាន​មើលឃើញ​កំណើន ៣៥ ​ភាគរយ​នៃ​លំហូរ​ចូល​មនុស្ស​មកពី​ទីក្រុង​ហុងកុង​។ នេះ​បើ​យោង​តាម​លោក Hari Kri-shnan អគ្គនាយក​របស់​គេហទំព័រ​នេះ​។

កំណើន​ដែល​ជំរុញ​ដោយ​ប្រទេស​ចិន

ខណៈ​ការតវ៉ា​ប្រឆាំង​របស់​ទីក្រុង​ហុងកុង​កំពុង​ជំរុញ​ជា​ចម្បង​ដើម្បី​ឲ្យ​មាន​សេរីភាព​ប្រជាធិបតេយ្យ​កាន់តែ​ខ្លាំង​ឡើង និង​ការទទួល​ខុសត្រូវ​របស់​នគរបាល​នោះ កំហឹង​នៅ​រដូវក្ដៅ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការខឹង​សម្បា​ដែល​ឆេះ​ងំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចំពោះ​ទីក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​មូលដ្ឋាន ជុំវិញ​ការធ្លាក់ចុះ​កម្រិតជីវភាព និង​ការចំណាយ​លើ​ការរស់នៅ​ខ្ពស់​។

ទីផ្សារ​អចលនទ្រព្យ​របស់​ទីក្រុង​ហុងកុង​គឺជា​ទីផ្សារ​មួយ​ដែលមាន​អចលនទ្រព្យ​តម្លៃ​សមរម្យ​តិចជាងគេ​ក្នុង​ពិភពលោក​។ ទីក្រុង​នេះ​មាន​អចលនទ្រព្យ​តម្លៃ​ខ្ពស់​ខ្លាំង​ដែល​មួយផ្នែក​ត្រូវបាន​ជំរុញ​ដោយ​ប្រជាជន​ចិនដីគោក​ដែលមាន​ប្រាក់​ច្រើន​ដែល​បាន​វិនិយោគ​លើ​ទីក្រុង​នេះ ដែល​បាន​បរាជ័យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការសាងសង់​ផ្ទះល្វែង​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​។

ប៉ុន្តែ​នៅពេល​នេះ​ជនជាតិ​ចិនដីគោក​ដែល​ជា​ធម្មតា​មើលឃើញ​អចលនទ្រព្យ​នៅ​ទីក្រុង​ហុងកុង​ថា ជាការ​វិនិយោគ​ប្រកប​ដោយ​សុវត្ថិភាព​នោះ​កំពុង​ជ្រើសរើស​យក​ប្រទេស​សិង្ហបុរី​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ប្រកួតប្រជែង ដោយសារ​ការតវ៉ា​ប្រឆាំង និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​។ នេះ​បើ​យោង​តាម​ក្រុម​អ្នកសង្កេតការណ៍​។

នៅ​ឆ្នាំនេះ​មាន​ការកើនឡើង​ការលក់​ផ្ទះល្វែង​ប្រណីត​នៅ​ប្រទេស​សិង្ហបុរី ដែល​ដូច​ទៅ​នឹង​ទីក្រុង​ហុងកុង​ដែល​ល្បី​ខាង​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់ ដែល​បាន​ជំរុញ​មួយផ្នែក​ដោយ​អ្នកទិញ​ជា​ជនជាតិ​ចិនដីគោក​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ OrangeTee & Tie​។

លោក Alan Cheong នាយក​ប្រតិបត្តិ​ក្រុមការងារ​ស្រាវជ្រាវ និង​ពិគ្រោះ​យោបល់​នៅ​ក្រុមហ៊ុន Savills បាន​ថ្លែងថា​៖ «​ការតវ៉ា​ប្រឆាំង​នៅ​ទីក្រុង​ហុងកុង បានធ្វើ​ឲ្យ​ប្រជាជន​ចិនដីគោក​មួយចំនួន​ដែល​នៅ​ទីនោះ (​បារម្ភ​កាន់តែខ្លាំង​) អំពី​ការវិនិយោគ​លើ​អចលនទ្រព្យ​ទីក្រុង​ហុងកុង ដូច្នេះ​ពួកគេ​យក​ការវិនិយោគ​នោះ​ទៅ​ប្រទេស​សិង្ហបុរី​»​។

រួមផ្សំ​ជាមួយ​នឹង​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម អាច​បង្អាក់​ទឹកចិត្ត​ប្រជាជន​ចិន​មួយចំនួន​មិន​ឲ្យ​វិនិយោគ​នៅ​ប្រទេស​លោកខាងលិច និង​បាន​ជំរុញ​ពួកគេ​ឆ្ពោះទៅ​ប្រទេស​សិង្ហបុរី​ដែល​មាន​ជា​ជនជាតិ​ចិន​ភាគច្រើន​រស់នៅ​ទីនោះ​។

លោក Cheong ថ្លែងថា​៖ «​ខ្ញុំ​គិតថា ពួកគេ​មិន​ចង់​ទៅ​ប្រទេស​លោក​ខាង​លិច​ទេ​»​។

សិង្ហបុរី គឺជា «​ប្រទេស​ដែល​មាន​វប្បធម៌​ជិតស្និទ្ធ​បំផុត​ជាមួយ​ចិន ក្រៅពី​ទីក្រុង​ហុងកុង ហើយ​ខ្ញុំ​គិតថា ពួកគេ​មាន​អារម្មណ៍​កាន់តែ​មាន​ផាសុកភាព​ជាមួយ​វប្បធម៌​នោះ​»​។

មាន​សញ្ញា​បន្ថែមទៀត​ដែល​បង្ហាញថា ទីក្រុង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង និង​ប្រកប​ដោយ​ស្ថិរភាព​នេះ​កំពុង​ទទួល​អត្ថប្រយោជន៍​ពី​ភាពចលាចល​នៅ​ទីក្រុង​ហុងកុង ដែល​ក្រុមហ៊ុន Goldman Sachs កាលពី​សប្ដាហ៍​មុន​បាន​ប៉ាន់ប្រមាណ​ថា មាន​លំហូរ​ចេញ​ប្រាក់ ៤ ពាន់​លាន​ដុល្លារ​ពី​ទីក្រុង​ហុងកុង​ទៅ​ប្រទេស​សិង្ហបុរី​នៅ​រដូវក្ដៅ​នេះ​៕ LA