ក្រុងហាណូយៈ ក្រុមហ៊ុន Jones LaSalle Vietnam Co Ltd (JLL Vietnam) បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ដើម​សប្តាហ៍​នេះ​ថា ក្រុម​វិនិយោគិន​កំពុង​ស្វែងរក​ទ្រព្យសកម្ម​ឧស្សាហកម្ម និង​ឡូជីស្ទិក​តាមរយៈ​ការវិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឧស្សាហកម្ម​ក្នុងស្រុក និង​/​ ឬ​ការទិញ​ដី និង​ប្រតិបត្តិការ​អចលនទ្រព្យ​។

ក្រុមហ៊ុន JLL Vietnam ក៏បាន​ឲ្យ​ដឹងថា​ការច្របាច់​បញ្ចូល​គ្នា និង​ការទិញ​ភាគហ៊ុន​ក្រុមហ៊ុន (M&A) នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺជា​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ទីផ្សារ​នេះ ដោយសារ​និន្នាការ​ផលិតកម្ម​កំពុង​ផ្លាស់ប្តូរ​ចេញពី​ប្រទេស​ចិន​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​នឹង​បន្ត​ផ្ដល់​អត្ថប្រយោជន៍​ដល់​តំបន់​នេះ​ទាំងមូល​ដែល​រួមទាំង​ប្រទេស​វៀតណាម​ផងដែរ​។

កង្វះ​ស្ដង់ដា​ខ្ពស់ កង្វះ​ទីតាំង​ឃ្លាំង​ស្ដុកឡូជីស្ទិក​ទំនើប និង​កង្វះ​តម្រូវការ​រឹងមាំ​ពី​អ្នក​កាន់កាប់​ក្នុង​តំបន់​កំពុង​គាំទ្រ​ដល់​កំណើន​ប្រកប​ដោយ​សក្ដានុពល​។

លោកស្រី Nguyen Thi Van Khanh នាយក​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​មូលធន​ប្រចាំ​ក្រុមហ៊ុន JLL Vietnam បាន​ឲ្យ​ដឹងថា គុណភាព​ទ្រព្យសកម្ម កំណើន​ការជួល ទំហំ​កិច្ចព្រមព្រៀង និង​ការកាន់កាប់​ដីធ្លី​ដែល​នៅសល់​ជា​កត្តា​ដ៏សំខាន់​សម្រាប់​ក្រុម​វិនិយោគិន​ក្នុងការ​កំណត់​ការសម្រេចចិត្ត​វិនិយោគ​របស់​ពួកគេ​។

លោកស្រី Khanh បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​រំពឹងថា ក្រុម​វិនិយោគិន​បរទេស​នឹង​បន្ត​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង និង​ការប្ដេជ្ញាចិត្ត​ដ៏រឹងមាំ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​វៀតណាម ហើយ​ទីផ្សារ​នេះ​នៅតែ​មាន​សក្ដានុពល​សម្រាប់​កំណើន​»​។

ទោះ​សកម្មភាព M&A អាច​កើតឡើង​ក្នុង​ល្បឿន​កាន់តែ​យឺត និង ហ្វ្រេកង់​កាន់តែ​ទាប​ក្នុង​រយៈពេល ២ ​ត្រីមាស​ដែល​នៅសល់​ក្នុងឆ្នាំនេះ​ដោយសារ​កង្វះ​ការវិនិយោគ​លើ​គម្រោង​ដែល​មាន​រួចហើយ​ក្តី ក៏​គោលនយោបាយ​ដែលមាន​ស្រាប់​របស់​រដ្ឋាភិបាល​នឹង​លើកកម្ពស់​តម្លាភាព​ក្នុង​ទីផ្សារ​នេះ​។ កត្តា​នេះ​នឹង​ធានា​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​វៀតណាម និង​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​មកពី​តំបន់​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន JLL Vietnam​។

ជាមួយ​នឹង​តំបន់​ដី​ដែលមាន​រួចហើយ ដើម្បី​អភិវឌ្ឍ​គម្រោង​លំនៅឋាន និង​គម្រោង ពាណិជ្ជកម្ម​ដែល​កាន់តែ​ពិបាក​ស្វែងរក​ក្នុង​តំបន់​ប្រជុំ​ដោយ​ពាណិជ្ជកម្ម (CBD) ឬ​ក្នុង​តំបន់​ល្បីៗ​នៅ​ទីក្រុង​ដែល​ក្រុមហ៊ុន JLL បាន​ឲ្យ​ដឹងថា ចំនួន​ក្រុម​វិនិយោគិន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​ស្វែងរក​ការពង្រីក​ទីតាំង​ឈរជើង​របស់​ពួកគេ​ឆ្ពោះ​ទៅ​កាន់​បណ្ដា​ខេត្ត​ជិតខាង​ផ្សេងទៀត​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​រួមមាន​ក្រុមហ៊ុន​អចលនទ្រព្យ Novaland ដែល​អភិវឌ្ឍ​គម្រោង​ទីក្រុង Aqua City របស់​ខ្លួន​នៅ​ទីក្រុង Long Hung ខេត្ត Dong Nai ក្រុមហ៊ុន Nam Long ដែល​ទិញយក​គម្រោង​អភិវឌ្ឍន៍​ទីក្រុង Dong Nai Waterfront នៅ​ដើម​ឆ្នាំនេះ ហើយ​នៅ​ឆ្នាំ​មុន​បាន​ទិញ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង Dai Phuoc Paragon ទំហំ ៤៥ ​ហិកតា​ដែល​មាន​ទីតាំង​នៅ​ទីក្រុង Nhon Trach ខេត្ត Dong Nai និង​ទិញ​អចលនទ្រព្យ Keppel Land ដែល​មាន​ដី ៣ កន្លែង​ក្នុង​ទីក្រុង​ហូជីមិញ​នៅពេល​ថ្មីៗ​។

ទោះបី​ជា​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុម​វិនិយោគិន​ថ្មីៗ​មួយ​ចំនួន​កំពុង​ស្វែងរក​តំបន់​ដែល​រីកចម្រើន​រហ័ស​ទាំងនេះ​ក៏ដោយ ក៏​ក្រុមហ៊ុន JLL បាន​ឲ្យ​ដឹងថា ភាគច្រើន​នៅតែ​ត្រូវបាន​គ្របដណ្ដប់​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ឬ​ក្រុមហ៊ុន​បរទេស​ដែល​ត្រូវបាន​បង្កើត​ឡើង​ជាយូរ​នៅក្នុង​ប្រទេស​វៀតណាម​៕ ANN/LA