ចំនួន​ផ្ទះ​ទំនេរ ឬ​គ្មាន​មនុស្ស​រស់នៅ​កំពុង​កើនឡើង​នៅ​គ្រប់​ទិសទី​ក្នុង​ប្រទេស​ជប៉ុន ហើយ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​កំពុង​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​ពី​កំណើន​នៃ​ចំនួន​នេះ​។

ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​ការប្រើប្រាស់​ផ្ទះ​ទំនេរ​កាន់តែ​ល្អប្រសើរ​។ កាលពី​ដើម​ខែ​មេសា ក្រសួង​ទេសចរណ៍ ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និង​ដែនដី​បាន​បញ្ចេញ​នូវ​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​នូវ​ការបញ្ជាក់​គុណភាព​នៃ​ផ្ទះ​ទំនេរ ដើម្បី​ឲ្យ​អ្នក​ទិញ​មាន​ទំនុក​ចិត្ត​។

បច្ចុប្បន្ន​គេ​កំពុង​តែ​ផ្តោត​លើ​បញ្ហា​នេះ ដើម្បី​មើល​ថា តើ​យុទ្ធសាស្ត្រ​ទាំងនេះ​នឹង​អាច​ដោះស្រាយ​បញ្ហា​ទាក់ទង​ទៅ​នឹង​ផ្ទះ​ទំនេរ​ដែល​បាន​កើនឡើង​យ៉ាង​គំហុក​នេះ​បាន​ឬ​យ៉ាង​ណា​?

«​លក់ដាច់​» ក្នុង​តម្លៃ ០ ​យេន​​

កាលពី​រដូវក្តៅ ស្ត្រី​វ័យ​ ៣០ ​ឆ្នាំ​ម្នាក់​នៅ Matsuyama បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​អំពី​ផ្ទះ​ទំនេរ​ ១ លើ​គេហទំព័រ Jimoty ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ​អចលនទ្រព្យ​ដែល​ធ្លាប់​មាន​អ្នក​ស្នាក់នៅ​រួច​។ ឪពុកក្មេក​របស់​អ្នកស្រី​ធ្លាប់​ស្នាក់​នៅក្នុង​ផ្ទះ​នេះ​។

អ្នកស្រី​បាន​ជូន​ផ្ទះ​នេះ​ទៅ​ឲ្យ​គេ​ដោយ​មិន​គិត​ថ្លៃ​។ អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​រកឃើញ​មនុស្ស​ម្នាក់​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ជួសជុល​ផ្ទះ​នេះ​ដើម្បី​ស្នាក់នៅ​។ នេះ​គឺជា​រឿង​មួយ​ដ៏ល្អ ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​ផ្ទះ​នេះ​ទៅ​គេ​យ៉ាង​ខ្លាំង​»​។

យោង​តាម​គេហទំព័រ Jimoty Inc., កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បាន​ដាក់​ផ្សព្វផ្សាយ​អំពី​ផ្ទះ​ទំនេរ ឬ​ផ្ទះ​លម្ហែ​ដោយ​ដាក់​តម្លៃ ០ ​យេន ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​បដិសេធ​សំណើ​របស់​ពួកគេ​ចំពោះ​ការស្វែងរក​អ្នក​ទិញ ឬ​មិន​អាច​ស្វែងរក​អ្នក​ទិញ​បាន​។

ការផ្សព្វផ្សាយ​ទាំង​នេះ​ទាក់ទាញ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​យ៉ាង​ខ្លាំង​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Jimoty Inc.,​។

ក្នុង​ករណី​ភាគច្រើន Jimoty មិន​យក​កម្រៃ​ជើងសារ​អ្វី​នោះ​ឡើយ​។ ប្រសិន​បើ​ការផ្សព្វផ្សាយ​បែប​នេះ​ទាក់ទាញ​អ្នក​ចូល​មើល​ច្រើន វា​ផ្តល់​អត្ថប្រយោជន៍​ដល់​គេហទំព័រ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​នេះ​ទៅវិញ​ទេ​។

ក្រុមហ៊ុន​រថភ្លើង​មួយ​ចំនួន​រួមទាំង Keikyu Corp. បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​កាលពី​ខែ​មេសា​ឆ្នាំ​ ២០១៧ ដើម្បី​ដាក់​ជួល​ផ្ទះ​ទំនេរ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​របស់​ខ្លួន​ពី​ម្ចាស់​ផ្ទះ ជួសជុល​ផ្ទះ​ទាំងនោះ ហើយ​ជួល​បន្ត​ទៅ​ឲ្យ​អ្នក​ដែល​ចង់​ស្នាក់នៅ​ទី​នោះ​។ គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​កុំ​ឲ្យ​បាត់បង់​សោភ័ណភាព​តាម​បណ្តោយ​ផ្លូវ​រថភ្លើង និង​បង្ការ​ពី​ការបាត់បង់​អ្នក​ស្នាក់នៅ​ដែល​ធ្វើឲ្យ​ផ្ទះ​ទំនេរ​កាន់តែ​កើនឡើង​។

ក្រុមហ៊ុន Daikyo group ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ធំ​មួយ​បាន​ដាក់​យូនីត​ទំនេរ​ជួល​ក្នុង​ខុនដូ​នានា​ក្នុង​ខេត្ត Okinawa Prefecture ទៅ​ឲ្យ​អ្នក​ស្នាក់នៅ​ក្នុង​ខេត្ត​នេះ​សម្រាប់​រយៈពេល​​ ១ ​ខែ ឬ​យូរ​ជាង​នេះ​។

យោង​តាម​ក្រសួង​គមនាគមន៍ និង​កិច្ចការ​ផ្ទៃក្នុង​គិត​ត្រឹម​ឆ្នាំ​ ២០១៣ មាន​ផ្ទះ​ទំនេរ​ប្រមាណ ៨.២ ​លាន​ផ្ទះ​។ ចំនួន​នេះ​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដោយសារ​តែ​ប្រជាជន​និយម​ទិញ​ផ្ទះ​ថ្មីៗ​ជា​ជាង​ផ្ទះ​ដែល​មាន​មនុស្ស​ស្នាក់នៅ​រួច​ហើយ​។ បញ្ហា​នេះ​ក៏​ដោយសារ​តែ​ចំនួន​ប្រជាជន​នៅ​ជប៉ុន​ធ្លាក់​ចុះ​ផង​ដែរ​។

ចំនួន​ផ្ទះ​ទំនេរ​បាន​កើនឡើង​ប្រមាណ​ ២០ ​ភាគរយ​ក្នុង​រយៈពេល​ ១ ​សតវត្សរ៍​ចុង​ក្រោយ​នេះ​។

វិទ្យាស្ថាន​ស្រាវជ្រាវ Nomura បាន​ទស្សន៍ទាយ​ថា ប្រសិន​បើ​ផ្ទះ​ទំនេរ​ទាំង​នេះ​មិន​មាន​ការប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​នោះ ចំនួន​នេះ​នឹង​កើន​ឡើង​ដល់​ ២១.៦៧ ​លាន​ផ្ទះ​ក្នុង​ឆ្នាំ ២០៣៣ ដែល​ជា​ចំនួន​ច្រើន​ជាង ​៣០% ​នៃ​ចំនួន​ផ្ទះ​សរុប​ក្នុង​ប្រទេស​ជប៉ុន​៕

The Japan News