The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វិស័យ​សំណង់​ដើរតួ​កាន់តែ​សំខាន់​ ខណៈ​កម្មករ​កាន់តែ​រង​ហានិភ័យ




វិស័យ​សំណង់​ដើរតួ​កាន់តែ​សំខាន់​ ខណៈ​កម្មករ​កាន់តែ​រង​ហានិភ័យ

Content image - Phnom Penh Post

វិស័យ​សំណង់​ដើរតួ​កាន់តែ​សំខាន់​ ខណៈ​កម្មករ​កាន់តែ​រង​ហានិភ័យ

លក្ខខណ្ឌ​ការងារ​ដ៏អាក្រក់ និង​សុវត្ថិភាព​ដ៏​ផុយស្រួយ​នៅ​ការដ្ឋាន​សំណង់​បាន​ចោទ​ជា​បញ្ហា​កាន់តែ​ធំ​ឡើង​ខណៈ​ដែល​ឧស្សាហកម្ម​សំណង់​ដែល​កំពុង​រីក​លូតលាស់​លឿន​នៅ​កម្ពុជា​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​រហូត​ដល់ ២៥ ​ម៉ឺន​នាក់​។

យោង​តាម​របាយការណ៍​សង្ខេប​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ដើម​សប្ដាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា​វិស័យ​សំណង់​កម្ពុជា​ដែល​ទទួល​បាន​កំណើន​ទុនវិនិយោគ​រហូត​ដល់​ទៅ ៣៣ ​ភាគរយ​នៅ​ឆ្នាំ ២០១៥ ធៀប​នឹង​ឆ្នាំ​ ២០១៤ ​នោះ​បាន​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​ចន្លោះ​ពី ២០ ​ម៉ឺន​ទៅ ២៥ ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ជាពិសេស​គម្រោង​អភិវឌ្ឍន៍​​នៅ​ភ្នំពេញ​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជាង ១០ ​ម៉ឺន​នាក់​។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​​ដឹង​បន្ថែម​ថា​ឧស្សាហកម្ម​សំណង់​ដែល​ទទួល​បាន​សំណើ​សាងសង់​ជាង ២៣០០ ​គម្រោង​នោះ​ផ្ដល់​ប្រាក់​កម្រៃ​យ៉ាង​តិច ៦ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដល់​កម្មករ​គ្មាន​ជំនាញ​ខណៈ​វិស្វករ ស្ថាបត្យករ និង​អ្នក​ជំនាញ​ផ្សេងៗ​ទៀត​អាច​ទទួល​បាន​កម្រៃ​ចាប់ពី ៣៥០ ​ដុល្លារ​ដល់​ទៅ ២០០០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។

លោក យ៉ាន់ ធី អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​មាន​សុទិដ្ឋនិយម​ចំពោះ​ឱកាស​នេះ​ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​សុខមាលភាព និង​សុវត្ថិភាព​របស់​កម្មករ​សំណង់​ទាំង​នោះ​ខណៈ​ដែល​ចំនួន​កម្មករ​រងគ្រោះ​នៅក្នុង​ការដ្ឋាន​សំណង់​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​កាលពី​ឆ្នាំ​ ២០១៥ ​កន្លង​មក​។

លោក យ៉ាន់ ធី និយាយ​ថា​៖ «តាមរយៈ​កំណត់ត្រា​ផ្សេងៗ​របស់​យើង យើង​រកឃើញ​ថា​កម្មករ​សំណង់​ជាង ២ ​ពាន់​នាក់​បាន​រងគ្រោះ​នៅក្នុង​ការដ្ឋាន​សំណង់​កាលពី​ឆ្នាំ​ ២០១៥ ​កន្លង​មក​ក្នុង​នោះ​កម្មករ ៣៦ ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​»​។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សហជីព​រូប​នេះ​ជឿជាក់​ថា​តួលេខ​កម្មករ​រងគ្រោះ​ថ្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​មាន​ចំនួន​ច្រើន​ជាង​នេះ​ខណៈ​ដែល​ក្រុមហ៊ុន​សំណង់​ភាគច្រើន​បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ហើយ​ករណី​ជាច្រើន​មិន​ត្រូវ​បាន​គេ​រាយការណ៍​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់ត្រាល់​) ឲ្យ​ដឹង​ថា​ខណៈ​ដែល​កម្មករ​សំណង់​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កម្មករ​ផ្លូវការ​ដែល​នាំ​ឲ្យ​បាត់បង់​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍ និង​ការ​ធានា​រ៉ាប់រង​ផ្សេងៗ​នោះ​កម្មករ​សំណង់​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដោយសារ​កង្វះ​ខាត​សម្ភារ​ការពារ​ខ្លួន (Personal Protection Equipments)​។

លោក តុលា ថ្លែង​ថា​៖ «ក្នុង​វិស័យ​សំណង់ សុខមាលភាព និង​សុវត្ថិភាព​ហាក់​ដូចជា​នៅ​ឆ្ងាយ​នៅ​ឡើយ​មិនទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ​។ សូម្បី​តែ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ក៏​មិន​ទាន់​គ្រប​ដណ្ដប់​ដោយ​ទូលំ​ទូលាយ​ដែរ​ដោយ​វា​គ្រប់​ដណ្ដប់​តែ​ទៅ​លើ​ឧស្សាហកម្ម​កាត់ដេរ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ចំណែកឯ​ការដ្ឋាន​សំណង់ និង​ក្រុមហ៊ុន​សំណង់​ភាគច្រើន​មិន​ទាន់​បាន​ចុះ​បញ្ជី​នៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ទេ​»​។

បើ​យោង​តាម​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ការ​ចុះ​កិច្ចសន្យា​បន្ត​រវាង​ក្រុមហ៊ុន​សំណង់ និង​ក្រុម​ម៉ៅការ​តូចៗ​បាន​ធ្វើ​ឲ្យ​កម្មករ​សំណង់​ភាគច្រើន​លើសលប់​ពុំ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៅ​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​នោះ​ឡើយ​។

កញ្ញា ស្រី លាភ អាយុ ២៤ ​ឆ្នាំ​ជា​អ្នក​ជញ្ជូន​កំបោរ​រយៈពេល ៥ ​ខែ​មក​ហើយ​ឲ្យ​ដឹង​ថា​នាង​ធ្វើការ​យ៉ាង​តិច ៨ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អាទិត្យ​ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល ២ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ ក្រៅពី​ធ្វើការ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ហួតហែង ស្រីលាភ ក៏​បាន​ធ្វើការ​វេន​យប់​បន្ថែម​ទៀត​ដោយ​ទទួល​បាន​កម្រៃ ១ ​ម៉ឺន​រៀល​ក្នុង​រយៈពេល ៣ ​ម៉ោង ឬ ២ ​ម៉ឺន​រៀល​សម្រាប់​រយៈពេល ៥ ​ម៉ោង។

ស្រី លាភ និយាយ​ថា​៖ «​ពួក​ខ្ញុំ​ពុំ​ទទួល​បាន​​អត្ថប្រយោជន៍​អ្វី​ទេ​។ បើ​រងគ្រោះ​គេ​ជួយ​ខ្លះៗ​។ ពេល​ខ្លះ​គេ​បាន​ស្នើ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​នៅ​វេន​យប់​ទៀត​»​។

មិន​ខុស​អ្វី​ពី​ស្រី លាភ លោក អ៊ិន អាយុ ៣៧ ​ឆ្នាំ​ដែល​ជា​ជាង​រៀប​ឥដ្ឋ​នៅឯ​ការដ្ឋាន​សំណង់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​នៅ​កោះពេជ្រ​បាន​និយាយ​ថា​លោក​បាន​ធ្វើការ​នៅ​ទី​នោះ​រយៈពេល ២ ​ខែ​មក​ហើយ និង​ទទួល​បាន​ប្រាក់​ឈ្នួល ១០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

ថ្វី​បើ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​ស្រី​ លាភ ​ទ្វេដង​ប៉ុន្តែ​លោក អ៊ិន ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹមតែ ១ ដុល្លារ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ការងារ​បន្ថែម​ម៉ោង​វេន​ល្ងាច​ដោយ​លោក​ប្រាប់​ថា​នេះ​មកពី​លោក​ធ្វើការ​ក្នុង​ក្រុម​ម៉ៅការ​សាងសង់​ខុស​ពី​ស្រីលាភ។

លោក អ៊ិន និយាយ​ថា​៖ «​គេ​ឲ្យ​ខ្ញុំ​ត្រឹម ១ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​សម្រាប់​វេន​ល្ងាច​ហើយ​ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ធ្វើការ​លើស ៨ ​ម៉ោង​ទៀត​ប៉ុន្តែ​គេ​មិន​គិត​ប្រាក់​ថែម​ម៉ោង​ឲ្យ​ទេ​។ គេ​ថា​វា​ជា​ការងារ​ដែល​ខ្ញុំ​ត្រូវ​បង្ហើយ​អាចម៍​កំបោរ​»។

ក្រៅ​ពី​មិន​បាន​ទទួល​អត្ថប្រយោជន៍​ដូច​កម្មករ​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​លោក អ៊ិន ប្រាប់​ថា​ប្រាក់​ឈ្នួល​របស់​លោក និង​កម្មករ​សំណង់​ដទៃ​ទៀត​មិន​ត្រូវ​បាន​គេ​ផ្ដល់​ជូន​ឲ្យ​ទៀងទាត់​ឡើយ​។

ក្រុមហ៊ុន​សំណង់​មួយ​ចំនួន​ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​គម្រោង​ធំៗ​បាន​ឲ្យ​ដឹង​ថា​ពួកគេ​ពុំ​សូវ​បាន​ដឹង​អំពី​ស្ថានភាព​របស់​កម្មករ​សំណង់​ទាំងនោះ​ទេ​ដោយសារ​ការងារ​សាងសង់​ត្រូវ​បាន​ចុះ​កិច្ចសន្យា​បន្ត​ទៅ​ក្រុម​អ្នក​ម៉ៅការ​ផ្សេងៗ​គ្នា​។

លោក Huang នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cana Sino Construction Corporation ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សាងសង់​គម្រោង​អភវិឌ្ឍន៍​ពីរ​នៅ​តំបន់​កោះពេជ្រ និង​គម្រោង​មួយ​ចំនួន​នៅ​ភ្នំពេញ​ថ្លែង​ថា​៖ «ដើម្បី​បញ្ចប់​គម្រោង​សាងសង់​តាម​ពេលវេលា​ដែល​បាន​គម្រោង​ទុក​កម្មករ​សំណង់​អាច​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើការ​បន្ថែម​នៅ​វេន​ល្ងាច​ដោយ​យើង​គិត​ប្រាក់​ឈ្នួល​ប៉ុន្តែ​យើង​មិនមែន​ជា​អ្នក​ជ្រើសរើស​កម្មករ​នោះ​ឡើយ​។ [​យើង​មិន​ធ្វើការ​ផ្ទាល់​ជាមួយ​ពួកគេ​ទេ​] យើង​បាន​ចុះ​កិច្ចសន្យា​បន្ត​ទៅ​ក្រុម​ម៉ៅការ​តូចៗ​»​។

លោក Theirry Loustau នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​សំណង់ LBL International បាន​ថ្លែង​ថា​៖ «​ជា​ធម្មតា ៨ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ យើង​អាច​ពិចារណា​ការងារ​បន្ថែម​ម៉ោង​ពី ២ ទៅ ៣ ​ម៉ោង​ប្រសិន​បើ​កម្មករ​យល់​ព្រម​ប៉ុន្តែ​មិន​លើស​ពី​នោះ​ឡើយ​។ ការងារ​វេន​យប់​ជាមួយ​ក្រុម​ផ្សេង​អាច​នឹង​ត្រូវ​បាន​គេ​ពិចារណា​ជាមួយ​ការ​ផ្ដល់​ប្រាក់​ថែម​ម៉ោង​ទៅ​តាម​ច្បាប់​»​។

លោក Theirry Loustau បន្ត​ថា​៖ «​វេន​យប់​តែងតែ​ត្រូវ​បាន​គេ​ពិចារណា​ដោយសារ​ការ​រឹត​បន្តឹង​រថយន្ត​ធុន​ធំ​ចូល​ទីក្រុង​នៅ​ពេល​ថ្ងៃ​។ ការងារ​វេន​យប់​ពិបាក​អនុវត្ត​ដោយសារ​តែ​សំឡេង​រំខាន​ដល់​អ្នក​ជិត​ខាង​»​។

ដើម្បី​លើក​កម្ពស់​សុខមាលភាព និង​សុវត្ថិភាព​កម្មករ​សំណង់​លោក មឿន តុលា បាន​ជម្រុញ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ពង្រីក​ការងារ​អនុវត្ត​ច្បាប់​ការងារ​ទៅលើ​ក្រុមហ៊ុន​សំណង់​ទាំងឡាយ​ដែល​កំពុង​ប្រតិបត្តិ​នៅ​កម្ពុជា​។

លោក មឿន តុលា បញ្ជាក់​ថា៖ «​ស្ថាប័នរដ្ឋ​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​ជម្រុញ​ឲ្យ​អនុវត្ត​ច្បាប់​ការងារ​នៅ​លើ​ក្រុមហ៊ុន ឬ​និយោជក​គឺ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​»​។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ស្វែងរក​ការ​ពន្យល់​ពី​មន្ត្រី​នៅ​ក្រសួង​​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ផង​ដែរ​ប៉ុន្តែ​ទូរស័ព្ទ​ទៅ​ជាច្រើន​ដង​គ្មាន​អ្នក​លើក​ខណៈ​មន្ត្រី​បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​​ប្រាប់​ឲ្យ​ដាក់​ពាក្យ​ស្នើសុំ​ជា​មុន​សិន​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។