ក្រុងប៉េកាំងៈ ទីផ្សារអចលនទ្រព្យរបស់ប្រទេស ចិន ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងល្បឿនថេរ បន្ទាប់ពីមានការវិវឌ្ឍក្នុងល្បឿនលឿនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមទិន្នន័យឧស្សាហកម្ម។
ក្រុមហ៊ុនផ្ដល់ព័ត៌មានឧស្សាហកម្មតាមអនឡាញ China Real Estate Information Corp (CRIC) បានឲ្យដឹងថា ការលក់របស់ក្រុមហ៊ុនអចលនទ្រព្យចំនួន ១០ ក្នុងប្រទេស ចិនដីគោក បានកើនខ្ពស់ជាង ២០០ ពាន់លានយន់ (២៩,៨ ពាន់លានដុល្លារ) កាលពីឆ្នាំ ២០១៨។
ក្នុងនោះក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ស្ថិតនៅលំដាប់លើគេ ដោយលក់បានចំនួន ៧២៨,៧ ពាន់លានយន់ ខណៈដែលក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ២ ទៀតគឺក្រុមហ៊ុន Vanke លក់បានចំនួន ៦០៧ ពាន់លានយន់ និងក្រុមហ៊ុន Evergrande Group លក់បាន ៥៥១,១ ពាន់លានយន់។
របាយការណ៍នេះបានចង្អុលបង្ហាញថា ក្រុមហ៊ុនចំនួន ៣០ បានទទួលប្រាក់ចំណូលប្រចាំឆ្នាំ ១០០ ពាន់លានយន់ ហើយការលក់សរុបរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេទាំង ១០០ បានកើន ៣៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន CRIC បានព្យាករថា ឧស្សាហកម្មនេះនឹងចូលក្នុងអំឡុងពេលកំណើនថេរមួយ ដោយអត្រាកំណើនប្រចាំឆ្នាំរបស់ក្រុមហ៊ុនឈានមុខគេទាំង ១០០ នឹងមានចាប់ពី ២០ ទៅ ៣០ ភាគរយ ធៀបនឹង ៤០ ភាគរយជាមធ្យមកាលពី ឆ្នាំ ២០១៧។
ក្រុមហ៊ុន China Real Estate Index System ដែលជាក្រុមហ៊ុនផ្ដល់ព័ត៌មានឧស្សាហកម្មមួយផ្សេងទៀត ក៏បានចេញផ្សាយរបាយការណ៍ស្រដៀងគ្នានេះផងដែរ ដែលបានបង្ហាញថា ក្រុមហ៊ុនដែលមានប្រាក់ចំណូលចាប់ពី ១០ ពាន់លានទៅ ១០០ ពាន់លានយន់ មានទំនោរកាន់តែខ្លាំងក្នុងការទិញដី និងបានផ្លាស់ប្តូរជាបណ្ដើរៗនូវការផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនពីទីក្រុងលំដាប់ទី ១ និងលំដាប់ទី ២ ទៅជាទីក្រុងកាន់តែតូចៗវិញ។
លោក Zhang Dawei ប្រធានអ្នកវិភាគប្រចាំក្រុមហ៊ុន Centaline Property បានថ្លែងថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេទាំងនោះ នឹងបន្ថយល្បឿនការអភិវឌ្ឍរបស់ពួកគេ»។ លោកបន្ថែមថា ក្រុមហ៊ុនលំដាប់ទី ២ កំពុងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការទិញដី។
លោកបានឲ្យដឹងថា បើទោះជាសម្ពាធពីបទប្បញ្ញត្តិស្តីពីលំនៅឋានកាន់តែតឹងរ៉ឹងក្តី ក៏ឆ្នាំ ២០១៨ បានមើលឃើញការលក់កើនឡើងដដែល ដោយ ៩០ ភាគរយនៃក្រុមហ៊ុនទាំងនោះ សម្រេចបានទិសដៅប្រចាំឆ្នាំរបស់ពួកគេ។
លោក Xie Yifeng អ្នកសរសេរអត្ថបទកាសែត និងជាអ្នកអត្ថាធិប្បាយល្បីឈ្មោះមួយរូបឲ្យដឹងថា ទីផ្សារចិនមិនធ្លាក់ចុះទេ ទោះបីជាមានអត្រាកំណើនកាន់តែទាបក៏ដោយ។
ក្រុមហ៊ុន CRIC ក៏បានព្យាករដែរថា ដោយសារថមថយកំណើនរបស់ឧស្សាហកម្មនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ នឹងស្វែងរកការធ្វើពិពិធកម្មអាជីវកម្មរបស់ពួកគេ ដើម្បីរក្សាកំណើន ប៉ុន្តែនឹងបន្តពឹងផ្អែកយ៉ាងខ្លាំងលើអចលនទ្រព្យក្នុងរយៈពេល ១ ឆ្នាំខាងមុខនេះ។
ប៉ុន្តែលោក Zhang បានឲ្យដឹងថា ទោះបីជាក្រុមហ៊ុនសាងសង់លំនៅឋានជាច្រើន កំពុងជំរុញអាជីវកម្មផ្សេងទៀតដូចជាទេសចរណ៍ ការថែរក្សាមនុស្សចាស់ ការអប់រំ និងអចលនទ្រព្យជួលរយៈពេលវែងក្តី ក៏វិស័យដែលផ្ដល់ប្រាក់ចំណេញភាគច្រើនរបស់ក្រុមហ៊ុនទាំងនោះ នៅតែជាអចលនទ្រព្យដដែល៕ People''s Daily/LA