ក្រុង​ហូជីមិញៈ វិស័យ​អចលនទ្រព្យ​ទេសចរណ៍​​មាន​សក្តានុពល​យ៉ាង​ខ្លាំង​​ក្នុង​ការ​សម្រេច​បាន​​កំណើន ​ដោយសារ​ភាព​រីក​ចម្រើន​​យ៉ាង​លឿន​​​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។ ​នេះ​បើ​យោង​តាម​វេទិកា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​ក្នុង​​ទីក្រុង​ហូជីមិញ​កាល​​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

លោក Ha Manh Tien ប្រធាន​សមាគម​នាយក​សាជីវកម្ម​ (ACD) បាន​ប្រាប់​វេទិកា​អចលនទ្រព្យ​​​ទេសចរណ៍ (TPF) ​​ឆ្នាំ​ ២០១៩​ ថា ឧស្សាហកម្ម​ទេសចរណ៍​បាន​និង​កំពុង​​​កើន​ឡើង​ក្នុង​អត្រា​ពី ​៣០ ទៅ ៤០ ​ភាគរយ​ប្រចាំ​ឆ្នាំ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​នេះ​ដែល​ស្ថិត​ក្នុង​ចំណោម​​កំណើន​​លឿន​បំផុត​ក្នុង​ពិភព​លោក។ ​

វៀតណាម​ទទួល​បាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ចំនួន ​១៥,៥ លាន​នាក់ ​កាល​ពី​ឆ្នាំ​មុន​ ​ហើយ​ចំនួន​នេះ​​​រំពឹង​ថា​នឹង​កើន​​​ដល់ ​១៨ ​​លាន​នាក់​នៅ​ឆ្នាំ​នេះ។

លោក​បាន​ថ្លែង​ថា ទីផ្សារ​អចលនទ្រព្យ​​ទេសចរណ៍​​បាន​និង​កំពុង​កើន​ឡើង​ខ្លាំង ​និង​ទាក់ទាញ​វិនិយោគិន​ក្នុង​ស្រុក ​និង​អន្តរជាតិ​យ៉ាង​ច្រើន។

លោក​បន្ត​ថា៖ «ក្រុមហ៊ុន​​អភិវឌ្ឍន៍​ជា​ច្រើន​ដែល​កាល​ពី​ពេល​មុន​​វិនិយោគ​​​តែ​លើ​​វិស័យ​អចលនទ្រព្យ​លំនៅឋាន​បាន​ចាប់​ផ្តើម​​វិនិយោគ​លើ​​វិស័យ​អចលនទ្រព្យ​​ទេសចរណ៍​ ​ដែល​​​​បង្កើត​ឲ្យ​មាន​ទីផ្សារ​រស់រវើក»។

លោក Ha Van Sieu អនុ​ប្រធាន​​​​រដ្ឋបាល​ទេសចរណ៍​ជាតិ​របស់​វៀតណាម​​បាន​ថ្លែង​ថា កំណើន​​​ចំនួន​​ភ្ញៀវ​ទេសចរ​ជាតិ​​និង​អន្តរជាតិ​​បាន​ធ្វើ​ឲ្យ​មាន​​​រលក​​វិនិយោគ​ដ៏​ធំ​មួយ​​​ក្នុង​ផ្នែក​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះ​វីឡា ​និង​អាផាតមិន​​ទេសចរណ៍​​​​ក្នុង​មជ្ឈមណ្ឌល​ទេសចរណ៍​ធំៗ។

ក្នុង​ឆ្នាំ​ ២០១១ ប្រទេស​នេះ​មាន​​​កន្លែង​​ស្នាក់​នៅ​ចំនួន ១៣ ៧៥៦ ទីតាំង ដែល​មាន​បន្ទប់​សរុប​​ជាង ​២៥៦ ០០០​ បន្ទប់ ហើយ​ចំនួន​នេះ​បាន​​កើន​ឡើង​ដល់​​ ២៨ ០០០​ ទីតាំង​​ដែល​មាន​បន្ទប់​សរុប ​៥៥០ ០០០ ​បន្ទប់​កាល​ពី​ឆ្នាំ​មុន។

លោក​ Sieu មាន​ប្រសាសន៍​ថា៖ «​ជា​មួយ​នឹង​និន្នាការ​លំហូរ​​ភ្ញៀវ​ទេសចរ​ចូល​តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក​​បន្ត​កើត​មាន​​ និង​ការ​ដែល​កំពុង​ក្លាយ​​ជា​ផ្កាយ​មួយ​ដែល​កំពុង​រះ​​​ក្នុង​​អាស៊ាន​ យើង​មាន​សុទិដ្ឋិនិយម​​ចំពោះ​ទស្សន​វិស័យ​នៃ​​ភាព​រីក​ចម្រើន​​ក្នុង​វិស័យ​ទេសចរណ៍​​​​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​​​ខាង​មុខ​»។

ប្រទេស ​វៀតណាម ​ត្រូវ​បាន​ព្យាករ​ថា​​នឹង​ទទួល​បាន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ២១ ​លាន​នាក់​ត្រឹម​ឆ្នាំ​ ២០២០ និង ៤៧​ លាន​នាក់​​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​​ខាង​មុខ​​ ហើយ​មាន​កំណើន​ជា​មធ្យម​ចំនួន ​៩ ទៅ​ ១១​ ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

លោក​បាន​ថ្លែង​ថា៖ «​វៀតណាម​​ត្រូវ​ការ​បន្ទប់​ចំនួន ​​៦៥០ ០០០ ទៅ ៧០០ ០០០ ​​បន្ទប់​ត្រឹម​ឆ្នាំ ​២០២០​ និង ​៩៥០ ០០០ ​ទៅ​ ១,០៥ លាន​​បន្ទប់​ត្រឹម​ឆ្នាំ​ ២០២៥ និង​ ១,៣​ លាន​ទៅ ​១,៤៥​ លាន​បន្ទប់​ត្រឹម​ឆ្នាំ​ ២០៣០»។ លោក​បានបន្ថែមថា៖

«​អចលនទ្រព្យ​ទេសចរណ៍​នឹង​បន្ត​នៅ​ជា​វិស័យ​មួយ​ក្នុង​​ចំណោម​​វិស័យ​សក្តានុពល​បំផុត​​នៃ​ការ​វិនិយោគ​ ប្រសិន​​បើ​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​ជ្រើសរើស​ទីតាំង​ត្រឹមត្រូវ​និង​ប្រភេទ​ត្រឹមត្រូវ​​ដែល​ចាប់​យក​តម្រូវ​ការ​​​របស់​​ភ្ញៀវ​ទេសចរ​ជំនាន់​ក្រោយ​​»។

លោក Kai Marcus Schroter ​អគ្គ​នាយក​​​ក្រុមហ៊ុន Tourism Hospitality Management ដែល​ផ្តល់​សេវា​​​​​បដិសណ្ឋារកិច្ច​​ទេសចរណ៍​ ​បាន​​​អបអរ​សាទរ​ចំពោះ​​​សក្តានុពល​​របស់​​វិស័យ​អចលនទ្រព្យ​​ទេសចរណ៍​ ប៉ុន្តែ​ក៏​​​ថ្លែង​ផង​ដែរ​ថា ​មាន​បញ្ហា​ប្រឈម​​​មួយ​ចំនួន​ដែល​ត្រូវ​​ជម្នះ​។

អគ្គនាយក​រូប​នេះ​បាន​បន្ត​ថា ប្រទេស​ ​វៀតណាម ​មាន​​ទេសភាព​ស្រស់​ស្អាត​ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​​ជា​ច្រើន​​មិន​ដឹង​អំពី​​វា​ ដោយសារ​ប្រទេស​នេះ​មិន​បាន​ផ្សព្វផ្សាយ​​​ឲ្យ​បាន​ល្អ។ ​

រចនា​សម្ព័ន្ធ​ទេសចរណ៍​នៅ​ខ្សោយ​ ហើយ​ផលិតផល​អចលនទ្រព្យ​​ទេសចរណ៍​​ខ្វះ​ភាព​យូនីក ​និង​ទាក់ទាញ។

លោក Sieu ​ថ្លែង​ថា ភ្ញៀវ​ទេសចរ​​ចង់​បាន​បទពិសោធ​ថ្មីៗ​ ​ហើយ​​​ការណ៍​នេះ​តម្រូវ​​ឲ្យ​​វិនិយោគិន​​អភិវឌ្ឍ​​ផលិតផល​បែប​នេះ​។ ឧទាហរណ៍​ គម្រោង​វិស័យ​អចលនទ្រព្យ​​ទេសចរណ៍​មួយ អាច​នឹង​ក្លាយ​ជា​ទីតាំង​​ចម្រុះ​មួយ និង​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្វីៗ​ផ្សេង​ដូច​​​ជា​កាស៊ីណូ កន្លែង​​កីឡា កន្លែង​ព្រឹត្តិការណ៍​ផ្សេង​ៗ និង​អ្វី​ផ្សេងៗ​ទៀត​។

លោក​បាន​​បន្ត​ថា​ ប្រតិបត្តិករ​សណ្ឋាគារ​​និង​រមណីយដ្ឋាន​ត្រូវ​ការ​ធ្វើ​​ពិពិធកម្ម​កន្លែង​ស្នាក់​នៅ​​​​ឲ្យ​មាន​ជម្រើស​ផ្សេងៗ​ដើម្បី​បំពេញ​តាម​​តម្រូវ​ការ​ដែល​​កើន​ឡើង​របស់​អតិថិជន​។

លោក Nguyen Tran Nam ប្រធាន​សមាគម​អចលនទ្រព្យ​​ (RE​A) របស់​វៀតណាម​បាន​ថ្លែង​ថា​៖ «នំ​សម្រាប់​​ទីផ្សារ​អចលនទ្រព្យ​​វិស័យ​ទេសចរ ​គឺ​មាន​រសជាតិ​ឆ្ងាញ់​ ​ប៉ុន្តែ​មិនមែន​​អ្នក​រាល់​គ្នា​សុទ្ធ​តែ​អាច​ទទួល​ទាន​វា​បាន​ទេ​។ ​ដើម្បី​អភិវឌ្ឍ​​ប្រកប​ដោយ​​ចីរភាព​ ​ទីផ្សារ​នេះ​ត្រូវ​ការ​អ្នក​អភិវឌ្ឍន៍​ដែល​មាន​គុណភាព​»។

លក្ខណ​សម្បត្តិ​ ​និង​ជំនាញ ​របស់​បុគ្គលិក​​នៅ​តាម​សណ្ឋាគារ​​និង​រមណីយដ្ឋាន​ជា​ច្រើន​​មាន​កម្រិត​ទាប​ ​ហើយ​​សហគ្រាស​​ចាំបាច់​ត្រូវ​លើក​កម្ពស់​​​​គុណភាព​​​នៃ​ការ​បណ្តុះបណ្តាល​​​បុគ្គលិក​របស់ពួក​គេ​ ហើយ​មិន​គួរ​​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​វគ្គ​បណ្តុះបណ្តាល​នៅ​​តាម​សាសា​ទេ​។

ប្រតិភូ​នានា​ដែល​ចូលរួម​ក្នុង​​វេទិកា​​នេះ​​​បាន​លើក​ជា​យោបល់​ថា ប្រទេស ​វៀតណាម ​​គួរ​តែ​យក​​ចិត្ត​ទុក​ដាក់​ជាង​មុន​ទៅ​លើ​បញ្ហា​បរិស្ថាន ​​ខណៈ​​ដែល​កំពុង​អភិវឌ្ឍ​​គម្រោង​អចលនទ្រព្យ​ទេសចរណ៍​ ដោយសារ​​ឧស្សាហកម្ម​ទេសចរណ៍​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​​​​លើ​ធាតុ​ផ្សំ​ និង​​ទេសភាព​ធម្មជាតិ ដូច្នេះ​ការ​ធ្លាក់ចុះ​​បរិស្ថាន​អាច​នឹង​ធ្វើ​ឲ្យ​​អនាគត​មិន​ល្អ​សម្រាប់​ទិសដៅ​ទេសចរណ៍​​ល្បីៗ​ទាំង​នេះ។

អចលនទ្រព្យ​​​ទេសចរណ៍​ប្រចាំ​ឆ្នាំ​នេះ​ ត្រូវ​បាន​រៀបចំ​ដោយ​ទស្សនាវដ្តី Theleader៕ ANN/PS