
ទិដ្ឋភាពនៃការរលំអគារកំពស់ ៧ ជាន់ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩ នៅក្នុងព្រះសីហនុ។ ហ្វេសប៊ុក
ភ្នំពេញៈ វិស័យអចលនទ្រព្យរបស់កម្ពុជាប្រឈមនឹងការត្រួតពិនិត្យ បន្ទាប់ពីមានការបាក់រលំអគារកម្ពស់ ៧ ជាន់ ដែលគ្រប់គ្រងដោយចិននៅក្រុងព្រះសីហនុ ដែលបង្កឲ្យមានមនុស្សស្លាប់ជាច្រើននាក់មក។
ភ្លាមៗរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បធ្វើការត្រួតពិនិត្យគុណភាពសំណង់នានានៅក្នុងខេត្តព្រះសីហនុ ដែលកំពុងគ្របដណ្តប់វិនិយោគិនចិនមួយនេះ។
អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យសំណង់រំពឹងថា គណៈកម្មការនេះនឹងជួយធ្វើឲ្យគុណភាពនៃការសាងសង់ និងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ដើម្បីឲ្យស្របទៅនឹងកំណើននៃវិស័យដ៏មានសក្តានុពលសេដ្ឋកិច្ចនេះ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៣ ខែ មិថុនា បានចេញសេចក្តីសម្រេច ១ ស្តីពី «ការបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ» ដែលគណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់នៅក្នុងខេត្តព្រះសីហនុ។
គណៈកម្មការក៏មានសិទ្ធិក្នុងការត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅសាងសង់នៅតាមការដ្ឋានសំណង់ ធ្វើបច្ចុប្បន្នភាពសំណង់អគារ ដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្មផងដែរ។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈីកម្ពុជា កាលពីម្សិលមិញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកសាទរចំពោះការបង្កើតឲ្យមានគណៈកម្មការដើម្បីត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ព្រោះបច្ចុប្បន្ន នៅទីនោះមានការដ្ឋានសាងសង់ច្រើនណាស់។
លោកបន្តថា ជាមួយនឹងបទពិសោធដែលកើតឡើងក្នុងខេត្តព្រះសីហនុ នៅតាមរាជធានី ខេត្ត-ក្រុង ទាំងអស់រដ្ឋាភិបាលគួរតែបង្កើតឲ្យមានគណៈកម្មការនេះផងដែរ។ លោកថ្លែងថា៖ «ខ្ញុំគិតថា វាមិនត្រឹមតែជួយរឹតបន្តឹងការត្រួតពិនិត្យគុណភាពសំណង់ និងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់កម្មករដែលកំពុងបម្រើការងារក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន និងអនាគតទៀតផង»។
ទោះបីយ៉ាងនេះក្តី សុខ គីន ហាក់មិនមានសុទិដ្ឋិនិយមច្រើនចំពោះប្រសិទ្ធភាពរបស់គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នេះទេ។ លោកថ្លែងថា៖ «ដើម្បីឲ្យគណៈកម្មការនេះអាចដំណើរទៅមុខបានល្អប្រកបដោយប្រសិទ្ធភាព ការមានសមាសភាពចូលរួមពីអង្គការសង្គមស៊ីវិល និងសហជីព នឹងកាន់តែប្រសើរ។ ត្រង់ចំណុចនេះអាចនិយាយថា អាជ្ញាធរជាអ្នកមានជំនាញបច្ចេកទេស និងដឹងពីកិច្ចការផ្លូវច្បាប់ ខណៈវិស័យឯកជន និងសង្គមស៊ីវិលមានការយល់ដឹងច្រើនពីស្ថានភាពរបស់កម្មករសំណង់»។
លោក ជីវ ស៊ីវផេង ប្រធានគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នមានសំណង់សាងសង់រួច និងកំពុងសាងសង់ខ្លះមិនអនុវត្តតាមច្បាប់ត្រឹមត្រូវទេ។ លោកថ្លែងថា៖ «ក្នុងនាមវិស័យឯកជន ខ្ញុំមានជំនឿថា រដ្ឋាភិបាលនឹងមិនបណ្តោយឲ្យមានករណីសាងសង់ដែលមិនមានច្បាប់ត្រឹមត្រូវកើតមានទៀតទេ»។
វិស័យសំណង់នៅកម្ពុជា មានសម្ទុះកើនឡើងយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០១៩ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃ ២ ៧៤២ លានដុល្លារ កើនឡើងចំនួន ៦៧,៣៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
សម្រាប់ខេត្តព្រះសីហនុ ទុនវិនិយោគវិស័យសំណង់ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០១៩ នេះមានតម្លៃរហូតដល់ ៥៨២ លានដុល្លារ ក្នុងនោះគម្រោងអនុម័តដោយអាជ្ញាធរថ្នាក់ជាតិ មានចំនួន ៥៩ គម្រោង អនុម័តដោយសមត្ថកិច្ចថ្នាក់ក្រោមជាតិ មាន ២២ គម្រោង និងអនុម័តដោយសមត្ថកិច្ចក្រុង ស្រុក មាន ១០៥ គម្រោង។
លោក នួន រិទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals បានឲ្យដឹងថា ការរីកចម្រើនវិស័យសំណង់នៅខេត្តព្រះសីហនុមានល្បឿនលឿន ដែលអាចធ្វើឲ្យការត្រួតពិនិត្យពីសំណាក់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធមិនគ្រប់ជ្រុងជ្រោយ ហើយការពង្រឹងលើការត្រួតពិនិត្យគុណភាពសំណង់ជារឿងចាំបាច់។
លោកបានថ្លែងថា៖ «ការបង្កើតគណៈកម្មការត្រួតពិនិត្យនេះ អាចជាផ្នែកមួយក្នុងការដាស់តឿនដល់អាជ្ញាធរមូលដ្ឋានកុំឲ្យមានការធ្វេសប្រហែសតទៅទៀត»៕ LA