កំពង់​ឆ្នាំងៈ ​ការ​ប្រកាស​អំពី​គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​ឆ្លង​ទន្លេ​សាប ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​កាន់​ខេត្ត​កំពង់ធំ​ ត្រូវ​បាន​គេ​មើល​​ឃើញ​ថា នឹង​ជួយ​ជំរុញ​​កំណើន​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដែល​ទីនោះ​​នឹង​ប្រមូល​ផ្តុំ​ដោយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​​សំខាន់ៗ។ នេះ​បើ​យោង​តាម​អ្នក​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ។

លោក នួន រិទ្ធី នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ Khmer Foundation Appraisal Co., Ltd បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​​ពី​ថ្ងៃ​ម្សិលមិញ​ថា មាន​មនុស្ស​មួយ​ចំនួន​​បាន​មើល​រំលង​ពី​សក្តានុពល​ភូមិសាស្រ្ត​របស់​ខេត្ត​​កំពង់ឆ្នាំង ខណៈ​ទី​នោះ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​ ព្រោះ​មាន​ទាំង​ផ្លូវ​​គោក ផ្លូវ​ដែក ផ្លូវ​ទឹក​ និង​ផ្លូវ​​អាកាស។​

លោក​បាន​លើក​ឡើង​ថា ការ​ប្រកាស​ពី​គម្រោង​ភ្ជាប់​ផ្លូវ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​វិស័យ​អចលន​ទ្រព្យ​នៅ​ខេត្ត​កំពង់ឆ្នាំង​មាន​សម្ទុះ​ឡើង​បន្ថែម​ទៀត ដោយ​​នឹង​មាន​លំហូរ​ប្រជាជន​ចូល​ទៅ​រស់​នៅ និង​​ធ្វើ​ដំណើរ​ឆ្លង​កាត់​កាន់​តែ​ច្រើន។ លោក​ថ្លែង​ថា​៖ ​«លំហូរ​ប្រជាជន​ នឹង​ធ្វើ​ឲ្យ​មាន​កំណើន​ដង់ស៊ីតេ​ ហើយ​នៅ​ពេល​មាន​កំណើន​ដង់ស៊ីតេ ​វិស័យ​អចលន​​ទ្រព្យ​ក៏​នឹង​ស្ទុះ​ឡើង​ដែរ​»។​

តាម​លោក នួន រិទ្ធី បច្ចុប្បន្ន​ដី​តំបន់​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​តម្លៃ​​ជា​មធ្យម​ពី ​៥០០​ ទៅ ៦០០ ​ដុល្លារ​ក្នុង ​១ ​​ម៉ែត្រ​ការ៉េ ខណៈ​ដី​លំនៅឋាន​ក្នុង​ក្រុង ​មាន​​ចន្លោះ​ពី ​១០០ ទៅ ២០០ ​ដុល្លារ​។ ដី​សម្រាប់​​​សង់​រោងចក្រ​​ ​មាន​​តម្លៃ​ចន្លោះ​ពី ​១៥ ​​ទៅ ២០ ​ដុល្លារ​​ ដី​កសិកម្ម​ ​មាន​តម្លៃ​ជា​មធ្យម​ពី​ ២ ទៅ ៥ ​ដុល្លារ​ និង​ដី​ចម្ការ​ធំៗ​ដែល​នៅ​ឆ្ងាយៗ​​​អាច​​នៅ​ចន្លោះ​ ​០,២ ទៅ ​០,៥ ​ដុល្លារ​(២ ៥០០ ​ទៅ ​៣ ០០០ ដុល្លារ​ក្នុង ​១ ហិកតា)។

ផ្ទះ​​នៅ​ទីតាំង​ល្អ​បំផុត អាច​មាន​តម្លៃ​ចន្លោះ​ពី ២០ ទៅ ៣០​ម៉ឺន​ដុល្លារ​ក្នុង ​១ ​ល្វែង។ បច្ចុប្បន្ន​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ ក៏​មាន​គម្រោង​​សាងសង់​បុរី​មួយ​ចំនួន​​​ផង​ដែរ​​។​

លោក​បន្ត​ថា តម្លៃ​នេះ​បើ​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន មាន​កន្លែង​ខ្លះ​កើន​ឡើង​រហូត​ដល់​​ ​៥០ ​ភាគរយ និង​កន្លែង​ឆ្ងាយៗ​​អាច​កើន​ឡើង​ក្នុង​រង្វង់​ ​១៥ ​​ភាគរយ​។

លោក​ប្រាប់​ទៀត​ថា៖ «កំពង់ឆ្នាំង​អាច​និយាយ​ថា​ ជា​​កន្លែង​ដែល​មាន​សក្តានុពល​ខ្ពស់​​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​​ឧស្សាហកម្ម​»។​

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល កាល​ពី​ថ្ងៃ​ទី ​១៩ ខែ ​មីនា បាន​​និយាយ​ថា ការ​សាងសង់​ផ្លូវ​​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​​ទៅ​ខេត្ត​កំពង់ធំ​ អាច​នឹង​ចាប់​ផ្តើម​​ក្នុង​ពេល​ឆាប់ៗ​ ដោយ​លោក​នឹង​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​យ៉ាង​ណា​រំកិល​គម្រោង​នេះ​ឲ្យ​មក​នៅ​មុខ​គេ ខណៈ​​ក្នុង​ផែនការ​​ ​៥ ​ឆ្នាំ​របស់​ក្រសួង​នា​ពេល​នេះគឺ​មិន​ទាន់​មាន​គម្រោង​នេះ​ទេ​។

លោក​ថ្លែង​ថា​៖ «ការ​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​នេះ​បាន​បញ្ចប់​ ១០០ ​ភាគរយ​ហើយ ដោយ​យើង​នឹង​ឈាន​​ទៅ​រក​ការ​ចរចា​តម្លៃ​ព្រម​ទាំង​យក​​គម្រោង​​នេះ​ដាក់​ទៅ​​ក្នុង​កម្មវិធី​រំកិល ​៥ ​ឆ្នាំ​​ទៅ​ភាគី​មិត្ត​ចិន ដើម្បី​ស្នើសុំ​ថវិកា​ប្រាក់​កម្ចី​សម្បទាន​មក​សាងសង់»។

គម្រោង​សាងសង់​ផ្លូវ​ថ្មី​ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ​​នេះ​មាន​ប្រវែង​សរុប ​៥៧​ គីឡូ​ម៉ែត្រ​។ បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ការ​សាងសង់​ផ្លូវ​នេះ​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២០០ ​លាន​ដុល្លារ​ ​ជា​កម្ចី​សម្បទាន​ពី​ចិន​។​

លោក​ថ្លែង​ថា៖​ ​«​​ខ្ញុំ​សូម​ស្នើ​ឲ្យ​ផ្នែក​ឯកជន​យក​គំនិត​នេះ​ទៅ​ពិចារណា​ដើម្បី​រៀបចំ​តំបន់​នោះ​ឲ្យ​ក្លាយ​​ជា​កន្លែង​​បម្រើ​សេវា​ Logistic របស់​តំបន់​មហា​​អនុ​តំបន់​​ទន្លេ​មេគង្គ​តែ​ម្តង»​៕ LA