ក្រុង​ហូជីមិញៈ ហ័ង ធីធុយវ៉ាន់ (Hoang Thi Thuy Van) អាយុ ៤៨ ឆ្នាំ​ដែល​ជា​ពលរដ្ឋ​​នៅ​ស្រុក​ Thu Duc នៃ​ទីក្រុង​ហូជីមិញ មាន​លទ្ធភាព​​​​ទិញ​អាផាតមិន​តម្លៃ​ទាប​កាល​ពី​ ៤ ឆ្នាំ​មុន ដោយសារ​កញ្ចប់​ឥណទាន​អំណោយ​ផល ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​ឡើយ។

អ្នកស្រី​ប្រាប់​កាសែត Viet Nam News ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សំណាង​ជាង​សហការី​របស់​ខ្ញុំ​ជា​ច្រើន​​​ផ្សេង​ទៀត ដែល​មិន​មាន​លទ្ធភាព​​ទិញ​អាផាតមិន»។

អ្នក​ស្រី​ថ្លែង​ថា តម្លៃ​ផ្ទះ​បច្ចុប្បន្ន​ថ្លៃ​ពេក​សម្រាប់​ពួក​គេ មិន​ថា​ពួក​គេ​ប្រឹង​សន្សំ​ប្រាក់​បាន​ច្រើន​​ប៉ុនណា​នោះ​ទេ។

អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​ធ្លាប់​គិត​ថា​​នឹង​ផ្លាស់ប្តូរ​ទៅ​រស់នៅ​កាន់​តែ​ជិត​ទីប្រជុំជន​ក្នុង​ទីក្រុង ​គឺ​នៅ​ស្រុក​ Binh Thanh ឬ​ស្រុក Phu Nhuan ប៉ុន្តែ​បាន​សម្រេច​ចិត្ត​បោះបង់​គំនិត​នេះ​ចោល ដោយសារ​តម្លៃ​ខ្ពស់​ឆ្ងាយ​ពី​អ្វី​ដែល​ខ្ញុំ​អាច​មាន​លទ្ធភាព»។

កាល​ពី​ ៤ ឆ្នាំ​មុន កញ្ចប់​ឥណទាន​អំណោយ​ផល​របស់​ធនាគារ​រដ្ឋ ៣០ ពាន់​ពាន់​លាន​ដុង (១,២៩ ពាន់​​លាន​​​ដុល្លារ) បាន​ជួយ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​រាប់​ពាន់​នាក់​ឲ្យ​ទិញ​​អាផាត​មិន​តម្លៃ​ទាប​ក្នុង​ទីក្រុង​ធំៗ។

ទោះ​យ៉ាង​ណា ចាប់​​​ពី​កញ្ចប់​ឥណទាន​​នេះ​លែង​មាន​ចាប់​ពី​ពាក់​កណ្តាល​​ឆ្នាំ ២០១៦ មក​មនុស្ស​ជា​ច្រើន​​បាន​បោះបង់​ចោល​ក្តី​សុបិន​ទិញ​ផ្ទះ​របស់​ពួក​គេ​ដោយសារ​តម្លៃ​ផ្ទះ​កើន​ឡើង។

ទីផ្សារ​អចលនទ្រព្យ​បាន​ជួប​ប្រទះ​រយៈពេល​មិន​ល្អ​ខ្លះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើន​ឡើង​ដល់​កម្រិត​​មួយ​ដែល​មិន​អំណោយ​ផល​សម្រាប់​ប្រជាជន​​ដែល​មាន​ប្រាក់​ចំណូល​ទាប ឬ​តិច​តួច។

ឧទាហរណ៍ អាផាតមិន​​មាន​បន្ទប់​​ដេក​មួយ​ទំហំ ៧០ ម៉ែត្រ​ការ៉េ​​ ក្នុង​​គម្រោង​ប្រណីត​​​មួយ​នៅ​ស្រុក Binh Thanh ក្រុង​ហូជីមិញ អាច​ថ្លៃ​​រហូត​​ដល់ ៤,៥ ពាន់​ពាន់​លាន​​ដុង (ជិត ២ សែន​ដុល្លារ)។ នេះ​​បើ​យោង​តាម​​ឈ្មួញ​ជើងសារ​ម្នាក់​​ដែល​បាន​ប្រាប់​កាសែត Viet Nam News។

លោក​ថ្លែង​ថា ផ្ទះ​តូច​មួយ​​​នៅ​ផ្លូវ​ដើរ​តូច​ដែល​រថយន្ត​មិន​អាច​ចូល​​បាន​ក្នុង​ស្រុក​លេខ ៤ ឬ​ស្រុក Phu Nhuan អាច​មាន​តម្លៃ​​រហូត​ដល់​ ៥ ពាន់​លាន​ដុង (២១៥ ០០០ ដុល្លារ)។

ឈ្មួញ​ជើងសា​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ផ្ទះ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ធំ​ក្នុង​ស្រុក​ដែល​ស្ថិត​ក្នុង​តំបន់​ប្រជុំជន​ដូច​ជា​ស្រុក​លេខ ១ លេខ ៣ និង​ស្រុក​នៅ​ជិត​នោះ​ ដូច​ជា​ស្រុក Binh Thanh ស្រុក Phu Nhuan និង​​ស្រុក​លេខ ៤ ផ្ទះ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​សម្រាប់​ប្រជាជន​ភាគ​ច្រើន។

តម្រូវការ​ខ្ពស់

ក្រុម​អ្នក​ជំនាញ​បាន​ថ្លែង​ថា ទីផ្សារ​អចលនទ្រព្យ​កំពុង​ជួប​ប្រទះ​​​កង្វះ​ខាត​ធ្ងន់ធ្ងរ​នូវ​​ផ្ទះ​តម្លៃ​សមរម្យ​ បើ​ទោះ​ជា​មាន​តម្រូវការ​ខ្ពស់​ក្តី។

ផលិតផល​អចលនទ្រព្យ​នៅ​​​វៀតណាម មិន​ស៊ី​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ឡើយ ជា​ពិសេស​ក្នុង​ទីក្រុង​ធំៗ​ដូច​ជា​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ។ ការ​ផ្គត់ផ្គង់​អាផាតមិន​តម្លៃ​ខ្ពស់ មាន​ច្រើន ខណៈ​ដែល​មាន​កង្វះខាត​ផ្ទះ​តម្លៃ​សមរម្យ។

គិត​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៧ មក ផ្នែក​ទីផ្សារ​អាផាតមិន​កម្រិត C (អាផាតមិន​តម្លៃ​សមរម្យ​​​តម្លៃ​​ក្រោម ១ ពាន់​ដុល្លារ​ក្នុង ​១ ​ម៉ែត្រការ៉េ) បាន​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​ការ​ផ្គត់ផ្គង់​​ខ្លាំង។ នេះ​បើ​យោង​តាម​​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ DKRA Vietnam។

អាផាតមិន​កម្រិត A (​​តម្លៃ​​ខ្ពស់​ចាប់​ពី ១ ៨០០ ទៅ ៣ ០០០ ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ) និង​អាផាតមិន​កម្រិត B (​តម្លៃ​មធ្យម​​​ចាប់​ពី ១ ១០០ ទៅ ១ ៨០០ ដុល្លារ) មាន​ច្រើន​​​ជាង​អាផាតមិន​កម្រិត C។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន DKRA កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ ពេល​ខ្លះ​ផ្នែក​អាផាតមិន​តម្លៃ​សមរម្យ​គ្មាន​ការ​ផ្គត់ផ្គង់​ទៀត​ផង។

ស្ថិត​ក្រោម​កញ្ចប់​កម្ចី ៣០ ពាន់​ពាន់​លាន​ដុង របស់​រដ្ឋាភិបាល អ្នក​ទិញ​ផ្ទះ​អាច​ទិញ​អាផាតមិន​​តម្លៃ​សមរម្យ​ដែល​មាន​ផ្ទៃ​ក្រឡា​ ៧០ ម៉ែត្រការ៉េ ឬ​ក្រោម​នេះ​ក្នុង​តម្លៃ ១៥ លាន​ដុង​ក្នុង ​១ ​ម៉ែត្រការ៉េ។

លោក Le Hoang Chau ប្រធាន​ក្រុមហ៊ុន HCM City Real Estate Association (HoREA) ថ្លែង​ថា អតុល្យភាព​រវាង​ការ​ផ្គត់ផ្គង់ ​និង​តម្រូវការ​ក្នុង​ផ្នែក​អាផាតមិន​តម្លៃ​សមរម្យ គឺ​ជា​សញ្ញា​នៃ​ការ​អភិវឌ្ឍ​មិន​មាន​និរន្តរភាព​ក្នុង​ទីផ្សារ។

លោក​ថ្លែង​ថា អាផាតមិន ​តម្លៃ​សមរម្យ មាន​ចំនួន​សមាមាត្រ​តូច​បំផុត​នៃ​លំនៅឋាន​ដែល​មាន បន្ទាប់​មក​ផ្នែក​អាផាតមិន​តម្លៃ​មធ្យម និង​តម្លៃ​ខ្ពស់ ដែល​ជំនួស​មក​វិញ​គួរ​តែ​មាន​​សមាមាត្រ​តូច​បំផុត​វិញ។

លោក​កត់​សម្គាល់​ថា៖ «វា​ទំនង​ជា​ខ្លាំង​​ថា លំនៅឋាន​តម្លៃ​សមរម្យ​នឹង​មិន​​មាន​ត​ទៅ​ទៀត​ទេ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​លុះ​ត្រា​តែ​រដ្ឋាភិបាល​ចាត់​វិធានការ»។

ក្នុង​កិច្ច​ប្រជុំ​នា​ពេល​ថ្មីៗ​មួយ​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ ​និង​ថ្នាក់​ដឹកនាំ​ទីក្រុង​ហូជីមិញ លោក Nguyen Van Duc នាយក​រង​ក្រុមហ៊ុន Dat Lanh Real Estate Company បាន​ថ្លែង​ថា ការ​ផ្គត់ផ្គង់​ផ្ទះ​តម្លៃ​ទាប​បាន​ធ្លាក់ចុះ​ជា​សន្សឹមៗ​ក្នុង​ទីក្រុង​ក្នុង​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

កាល​ពី​ជាង ១០ ឆ្នាំ​មុន ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​ក្នុង​ទីក្រុង​ដូចជា​ក្រុមហ៊ុន Khang Gia, Nam Long, Dat Lanh និង​ក្រុមហ៊ុន Le Thanh បាន​វិនិយោគ​លើ​គម្រោង​ផ្ទះ​​តម្លៃ​ទាប។

លោក​ថ្លែង​ថា៖ «ទោះជា​យ៉ាង​ណា មិន​​មាន​ក្រុមហ៊ុន​ភាគ​ច្រើន​ក្នុង​ចំណោម​​ក្រុមហ៊ុន​ទាំង​នោះ​មិន​អនុវត្ត​គម្រោង​បែប​នេះ​​ត​ទៅ​ទៀត​ទេ​ពេល​បច្ចុប្បន្ន»។

ឧទាហរណ៍ ក្រុមហ៊ុន Dat Lanh Company បាន​ប្រឈម​កង្វះខាត​មូលធន​ក្នុង​ការ​អនុវត្ត​គម្រោង​លំនៅឋាន​តម្លៃ​ទាប​ថ្មីៗ។

លោក Duc  បាន​ថ្លែង​ថា កង្វះ​ការ​វិនិយោគ​កើត​មាន​ឡើង​ដោយសារ​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ទាប​ពី​ការ​សាងសង់​លំនៅឋាន​បែប​នេះ។ លោក​​បន្ថែម​ថា បើ​តម្លៃ​សម្ភារ​សាងសង់ ឬ​អត្រា​ការ​ប្រាក់​ធនាគារ​កើន​ឡើង ក្រុមហ៊ុន​អាច​ប្រឈម​នឹង​ការ​ខាតបង់។

លោក​ថ្លែង​​ថា៖ «ការ​វិនិយោគ​​លើ​លំនៅឋាន​តម្លៃ​ទាប​ទទួល​បាន​ប្រាក់​ចំណេញ​ទាប ប្រហែល​ពី ១ ទៅ ២ លាន​ដុង​ក្នុង ​១ ​ម៉ែត្រ​ការ៉េ»។

លោក Le Huu Nghia នាយក​ក្រុមហ៊ុន Le Thanh Real Estate ថ្លែង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ជាង​លំនៅឋាន​តម្លៃ​ថ្លៃ ដោយសារ​ទទួល​បាន​ប្រាក់​​ចំណេញ​ខ្ពស់​ជាង​ឆ្ងាយ។

លោក​ថ្លែង​ថា បញ្ហា​បាន​កើត​មាន​កាន់​តែ​អាក្រក់​ដោយសារ​បញ្ហា​ប្រឈម​​នានា​ក្នុង​ការ​ទទួល​បាន​ឥណទាន នីតិវិធី​រដ្ឋបាល​ស្មុគស្មាញ និង​កង្វះ​ដី​សម្រាប់​ការ​សាងសង់។

អនុសាសន៍

ក្រុម​អ្នក​ជំនាញ​និយាយ​ថា វៀតណាម​គួរ​អភិវឌ្ឍ​គោល​នយោបាយ​អនុគ្រោះ​​ថ្មីៗ​សម្រាប់​ដីធ្លី ពន្ធ អត្រា​ការ​ប្រាក់ ឥណទាន និង​ទ្រព្យ​បញ្ចាំ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ និង​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​អាផាតមិន​ទំហំ​ផ្សេងៗ។

ការ​អភិវឌ្ឍ​ផ្ទះ​តម្លៃ​សមរម្យ គឺ​ជា​បញ្ហា​បន្ទាន់​មួយ ខណៈ​នគរូបនីយកម្ម​យ៉ាង​ឆាប់​រហ័ស​កំពុង​ដាក់​សម្ពាធ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង។

លោក Chau ប្រធាន​ក្រុមហ៊ុន HoREA បាន​ថ្លែង​ថា៖ «តម្រូវ​ការ​ផ្ទះ​មាន​តម្លៃ​សមរម្យ​មាន​ទំហំ​ធំធេង​ក្នុង​ទីក្រុង​ហូជីមិញ ហើយ​បទប្បញ្ញត្តិ​ស្តីពី​លំនៅឋាន​តម្លៃ​ទាប​គួរ​តែ​ត្រូវ​បាន​​ចេញ​ផ្សាយ»។

យោង​តាម​ស្ថិតិ​ពី​វិទ្យាស្ថាន​គ្រប់គ្រង​​សេដ្ឋកិច្ច​មជ្ឈិម ជា​មធ្យម​ប្រជាជន​ជាង ១ លាន​នាក់ ​ធ្វើ​អន្តោប្រវេសន៍​ពី​ទី​ជនបទ​មក​រស់នៅ​ក្នុង​ទីក្រុង​ធំៗ​ក្នុង​មួយ​ឆ្នាំៗ ហើយ​តួលេខ​នេះ​ត្រូវ​បាន​រំពឹង​​ថា​នឹង​បន្ត​កើន​ឡើង។

មាន​ការ​ប៉ាន់​ប្រមាណ​ថា តម្រូវការ​ផ្ទះ​តម្លៃ​សមរម្យ​នឹង​មាន​ប្រហែល​ពី ៦០ ទៅ ៧០ ភាគរយ ​នៃ​តម្រូវ​ការ​ទីផ្សារ​សរុប ប៉ុន្តែ​ការ​ផ្គង់ផ្គង់​មាន​តិច​ជាង ២០ ភាគរយ។

អាផាតមិន​ដែល​មាន​ទំហំ​តិច​ជាង ៦០ ម៉ែត្រការ៉េ ​ដែល​មាន​តម្លៃ​តិត​ជាង ៧០០ លាន​ដុង (៣០ ០៩០ ដុល្លារ) មាន​តែ ៥ ភាគរយ ​ប៉ុណ្ណោះ​នៃ​ការ​ការ​ផ្គត់ផ្គង់​របស់​ទីផ្សារ។

យោង​តាម​ស្ថិតិ​ពី​ក្រសួង​សំណង់​វៀតណាម គិត​នៅ​ត្រឹម​ឆ្នាំ ២០២០ ប្រជាជន​ប្រហែល ១,៧ លាន​នាក់ ​នឹង​ត្រូវការ​ផ្ទះ​ក្នុង​តំបន់​ទីក្រុង រួម​ជាមួយ​នឹង​បុគ្គលិក​កម្មករ​ចំនួន ១,៧ លាន​នាក់ ​ដែល​ត្រូវ​ការ​ទី​ជម្រក​ប្រកប​ដោយ​ស្ថិរភាព ដែល​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​អាផាតមិន​ជិត ១ លាន​យូនីត៕ ANN/KC