ក្រុង​ហា​ណូយៈ ក្រុម​អ្នក​ជំ​នាញ​បាន​ឲ្យ​ដឹង​​ថា ​ទី​ផ្សារ​អច​លន​ទ្រព្យ​វៀត​ណាម​ត្រូវ​​​ដោះ​​ស្រាយ​​​​​​បញ្ហា​លំ​បាក​ៗ​ជា​ច្រើន​ ដើម្បី​បង្កើន​ចំ​នួន​ជន​បរ​ទេស​ដែល​ទិញ​អ​ច​ល​ន​ទ្រព្យ​​ក្នុង​ប្រ​ទេស​វៀត​ណាម។

លោក​ស្រី Nguyen Hoai An ប្រ​ធាន​ក្រុម​ហ៊ុន CBRE Vietnam ប្រ​ចាំ​នៅ​ទី​ក្រុង​ហា​ណូយ​បាន​ថ្លែង​ប្រាប់​សារ​ព័ត៌​មាន​ Viet Nam News ​ថា៖ «ដើម្បី​ជំ​រុញ​ការ​ទិញ​លក់​​​ផលិត​ផល​​​អ​ច​ល​ន​​ទ្រព្យ​​របស់​ជន​បរ​ទេស​​ក្នុង​​ទី​ផ្សារ​ក្នុង​ស្រុក​ វៀត​ណាម​គួរ​តែ​បង្កើន​ចំ​ណែក​ផលិត​ផល​​​អ​ច​ល​ន​ទ្រព្យ​ដែល​រក្សា​ទុក​សម្រាប់​​ជន​បរ​ទេស​​ក្នុង​គម្រោង​នី​មួយ​ៗ​»។

លោក​​ស្រី​បាន​ថ្លែង​ថា៖ «ការ​បញ្ចប់​​​ឯក​សារ​ផ្លូវ​ច្បាប់​ សា​រា​​ចរ​ នីតិ​វិធី ​និង​ការ​គាំ​ទ្រ​​ដល់​​ជន​បរ​ទេស​​ក្នុង​ការ​ទិញ​អច​លន​ទ្រព្យ​​​ក្នុង​ប្រ​ទេស ​វៀត​ណាម ជា​កត្តា​ចាំ​បាច់។ វៀត​ណាម​ត្រូវ​​បញ្ចប់​​​​ដំ​ណើរ​ការ​ចេញ​​សៀវ​ភៅ​ពណ៌​ផ្កា​ឈូក ​និង​ប័ណ្ណ​កម្ម​សិទ្ធិ​លើ​ទ្រព្យ​សម្បត្តិ​របស់​ជន​បរ​ទេស​»។

លោក​ស្រី​បន្ថែម​ថា៖ «ទន្ទឹម​នឹង​​នេះ​ដែរ ​ធនា​គារ​ក៏​ត្រូវ​បង្កើន​ការ​គាំ​ទ្រ​ដល់​​ជន​បរ​ទេស​​​​ក្នុង​ប្រតិ​បត្តិ​ការ​ទិញ​លក់​​អច​ល​ន​ទ្រព្យ​​​ផង​ដែរ​»។

លោក​ស្រី​បន្ត​ថា ​គម្រោង​ដែល​​មាន​ស្រាប់​ដែល​ចង់​​ទាក់​ទាញ​អតិ​ថិ​ជន​បរ​ទេស​​ឲ្យ​កាន់​តែ​ច្រើន​នោះ គួរ​តែ​បង្កើត​​ដំ​ណើរ​ការ​ថែ​រក្សា​អតិ​ថិ​ជន​ប្រ​កប​ដោយ​វិជ្ជា​ជីវៈ​សម្រាប់​ជន​បរ​ទេស​។

លោក​ស្រី An លើក​ឡើង​ថា ​អ្នក​ទិញ​ជន​បរ​ទេស​ជា​រឿយ​ៗ​ពួក​គេ​តែង​តែ​ប្រ​ឈម​នឹង​ឧប​សគ្គ​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ទិញ​អច​លន​ទ្រព្យ​នៅ​​វៀត​ណាម ​រួម​ទាំង​ការ​ដាក់​ក​ម្រិត​ផ្នែក​​ច្បាប់​​ស្តី​ពី​​ចំ​ណែក​កម្ម​សិទ្ធិ​របស់​​ជន​បរ​ទេស​​ក្នុង​​គម្រោង​អច​លន​ទ្រព្យ​នី​មួយ​ៗ​ផង​ដែរ​។

លោក​ស្រី​ថ្លែង​​ថា​៖ «សម្រាប់​គម្រោង​អគារ​ អា​ផាត​មិន​ ជន​បរ​ទេស​អាច​កាន់​កាប់​បាន​តែ​ ៣០​ ភាគ​រយ​ប៉ុ​ណ្ណោះ​នៃ​ទំ​ហំ​អ​គារ​អា​ផាត​មិន​នោះ ​ចំ​ណែក​ឯ​គម្រោង​ប្រភេទ ​townhouse គឺ​មិន​ឲ្យ​លើស​ពី​ ១០​ ភាគ​រយ​ ឬ​មិន​ឲ្យ​​លើស​ពី ​២៥០ យូ​នីត​ទេ​»។

យោង​តាម​លោក​ស្រី Nguyen Manh Ha អតីត​ប្រ​ធាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​លំ​នៅ​ឋាន ​និង​ទី​ផ្សារ​នៃ​ក្រ​សួង​សំ​ណង់​ និង​ជា​អនុ​ប្រ​ធាន​សមា​គម​អច​លន​ទ្រព្យ​វៀត​ណាម​បាន​ថ្លែង​ថា ​វៀត​ណាម​មាន​ច្បាប់​ជា​ច្រើន​ដូច​ជា ​ក្រឹត្យ និង សារា​ចរ ជា​ដើម ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​អច​លន​ទ្រព្យ។ ​អ្នក​ទិញ​ដែល​ជា​ជន​បរ​ទេស​ ជា​រឿយ​ៗ​ពួក​គេ​មិន​បាន​ដឹង​អំពី​ច្បាប់​ទាំង​អស់​របស់​ប្រ​ទេស​នេះ​ទេ។

លោក​ស្រី Ha លើក​ឡើង​ថា​ រដ្ឋ​គួរ​តែ​មាន​សៀវ​ភៅ​ណែ​នាំ​មួយ​សម្រាប់​អ្នក​ទិញ​ដើ​ម្បី​ផ្តល់​ជា​ការ​ណែ​នាំ​គ្រប់​ជំ​ហាន ​និង​​ទី​ភ្នាក់​ងារ​រដ្ឋ​​ដែល​អនុ​វត្ត​នូវ​ជំ​ហាន​ទាំង​នោះ។ ​ធ្វើ​ដូ​ច្នេះ​ វា​នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​​អ្នក​ទិញ​ជា​ជន​បរ​ទេស​ដើ​ម្បី​ជា​ការ​ស្វែង​យល់​នៃ​ដំណើរ​​ការ​ទិញ​អ​ច​លន​ទ្រព្យ​។

លោក​ស្រី​បន្ត​ថា​៖ «វៀត​ណាម​​មាន​ក្រប​ខ័ណ្ឌ​ច្បាប់​ដែល​អនុ​ញ្ញាត​ឲ្យ​​ជន​បរ​ទេស​អាច​ទិញ​និង​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​លើ​អច​លន​ទ្រព្យ​​ក្នុង​ប្រ​ទេស​​បាន​។ ក៏​ប៉ុន្តែ​ដំ​ណើរ​ការ​នេះ​មាន​ឧប​សគ្គ​ជា​ច្រើន​ទាំង​បញ្ហា​​ភា​សា​ និង​ច្បាប់​សម្រាប់​អនុ​វត្ត​ឯក​សារ​ស្រប​ច្បាប់​នា​នា​»។

លោក​ស្រី​បន្ថែម​​ថា​៖ «លើស​ពី​នេះ​ទៀត​ អ្នក​ទិញ​ដែល​ជា​ជន​បរ​ទេស​ក៏​មាន​បញ្ហា​ក្នុង​ការ​​គាំ​ទ្រ​ដល់​ការ​ផ្ទេរ​ប្រាក់​ពី​ធនា​គារ​ផង​ដែរ​»។

លោក​ស្រី​បញ្ជាក់​ថា៖ «គម្រោង​​ភាគ​ច្រើន​របស់​វិនិ​យោ​គិន​ក្នុង​ស្រុក​ មិន​មាន​ក្រុម​គាំ​ទ្រ​អតិ​ថិ​​ជន​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ទិញ​ដែល​ជា​ជន​បរ​ទេស​ទេ​ក្នុង​អំ​ឡុង​ពេល​ប្រតិ​បត្តិ​ការ​ទិញ​អច​លន​ទ្រព្យ​ ដែល​ធ្វើ​ឲ្យ​ពិ​បាក​​សម្រាប់​ជន​បរ​ទេស​ដែល​ស្វែង​រក​ទិញ​គម្រោង​ទាំង​នោះ​»។

លោក​ស្រី​បន្ត​ថា​៖ «លើស​ពី​នេះ​ទៀត​ អតិ​ថិ​ជន​បរ​ទេស​ជា​ច្រើន​ដែល​មាន​ផ្ទះ​ ឬ​អា​ផាត​មិន ​ពួក​គេ​តែង​តែ​ជួប​បញ្ហា​ក្នុង​ការ​​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ»។

លោក ​Stephen Wyatt នា​យក​ក្រុម​ហ៊ុន JLL ប្រ​ចាំ​ប្រ​ទេស​ វៀត​ណាម ​បាន​ឯក​ភាព​​លើ​ការ​លើក​ឡើង​នេះ។​​​លោក​បាន​បន្ថែម​ថា​ គម្រោង​​មួយ​ចំ​នួន​​​ក្នុង​ទី​ក្រុង​ហូ​ជី​មិញ​បាន​​រាយ​ការណ៍​ថា​​ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​ពី​​​អតិ​ថិ​ជន​បរ​ទេស​ ​ប៉ុន្តែ​មិន​មាន​យូ​នី​ត​សម្រាប់​អ្នក​ទិញ​ជា​ជន​បរ​ទេស​​ដោយ​សារ​តែ​មាន​ការ​ដាក់​កម្រិត​ផ្នែក​ច្បាប់​។

លោក Wyatt ថ្លែង​ថា​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក្រុម​ហ៊ុន​ JLL បាន​ធ្វើ​យុទ្ធ​នា​ការ​ទី​ផ្សារ​ជា​លក្ខណៈ​​អន្តរ​ជាតិ​មួយ​សម្រាប់​គម្រោង​លំ​នៅ​ឋាន​​​ក្នុង​ប្រ​ទេស​ វៀត​ណាម​ ហើយ​បាន​ទទួល​​ចំ​ណាប់​អា​រម្មណ៍​ និង​មតិ​ឆ្លើយ​តប​ច្រើន​ពី​វិ​និ​យោ​គិន​បរ​ទេស​មក​ពី​​​សិង្ហ​បុរី ហុង​កុង ចិន​ដី​គោក​ កូរ៉េ​ខាង​ត្បូង និង ជប៉ុន។

សិទ្ធិ​របស់​ជន​បរ​ទេស​លើ​អ​ច​ល​ន​ទ្រព្យ​ គឺ​ដូច​គ្នា​ទៅ​នឹង​សិទ្ធិ​របស់​ពល​រដ្ឋ​ក្នុង​ស្រុក​ដែរ​ ដែល​អ​ច​ល​ន​ទ្រ​ព្យ​របស់​ពួក​គេ ​អាច​ជួល លក់​បន្ត​ ផ្ទេរ​ម​រតក និង​​ប្រើ​ប្រាស់​ជាវ​ត្ថុ​បញ្ចាំ​ជា​ដើម។ លើស​ពី​នេះ​ទៀត​សិទ្ធិ​កាន់​កាប់​មាន​​រយៈ​ពេល ​៥០ ​ឆ្នាំ ​ហើយ​អាច​ពន្យារ​បាន​រយៈ​ពេល​ ៥០ ​ឆ្នាំ​ទៀត​។

យោង​​តាម​លោក​ស្រី ​An ការ​វិ​និ​យោគ​ផ្ទា​ល់ពី​ប​រ​ទេស ​កំ​ពុង​កើន​ឡើង​ដែល​រួម​ចំ​ណែក​​ដល់​កំ​ណើន​​​ជន​បរ​ទេស​ដែល​កំ​ពុង​​រស់​នៅ​ និង​ធ្វើ​ការ​នៅ​​​វៀត​ណាម។​ ការ​វិនិ​យោគ​​លើ​អ​ចល​​នទ្រ​ព្យ​មក​ពី​អ្នក​ទិញ​ជា​ជន​បរ​ទេស​នឹង​បន្ត​កើន​ឡើង​។

នា​យក​ដ្ឋាន​គ្រប់​គ្រង​លំ​នៅ​ឋាន​និង​ទី​ផ្សារ​ បាន​រាយ​ការណ៍​​ថា ​គិត​ត្រឹម​ឆ្នាំ​ ២០១៧​ មាន​ជន​​បរ​ទេស​ចំ​នួន​ ៨០០ នាក់​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​លើ​អ​ច​ល​ន​ទ្រព្យ​​​ក្នុង​ប្រ​ទេស​ វៀត​ណាម៕ ANN/NS