ក្រុងហូជីមិញៈ ក្រុម​អ្នកជំនាញ​នៅ​សិក្ខាសាលា​ស្តីពី «​វដ្ដវិបត្តិ និង​ឱកាស​វិនិយោគ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​» ដែល​បាន​រៀបចំ​ឡើង​ដោយ​កាសែត Thanh Nien នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​កាលពី​ខែ​កក្កដា​បាន​ឯកភាព​ថា វិបត្តិ​អចលនទ្រព្យ​នឹង​មិន​ទំនង​ជា​កើត​មាន​នោះ​ទេ​ក្នុង​អំឡុង​ ២ ​ឆ្នាំ​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​គេហទំព័រ Vietname Investment Review (VIR)​។

គេហទំព័រ​នេះ​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​លោក Phan Truong Son ប្រធាន​ផ្នែក​អភិវឌ្ឍន៍​លំនៅឋាន និង​អចលនទ្រព្យ ខណៈ​លោក​ថ្លែង​ថា ស្ថិត​ក្រោម​នាយកដ្ឋាន​សំណង់​ទីក្រុង​ហូជីមិញ វិបត្តិ​អចលនទ្រព្យ​មិន​ទំនង​ជា​មិន​កើត​មាន​ឡើយ​ក្នុង​ពេល​ ២ ​ឆ្នាំ​ខាង​មុខ​ដោយសារ​តែ​ការផ្គត់ផ្គង់​លំនៅឋាន នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​មាន​ចំនួន​ទាប​ជាង​ចំនួន​នៅ​អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

លំនៅឋាន​គ្រប់​កម្រិត​ថ្នាក់​ប្រហែល ៩ ៧០០ យូនីត​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​នៅ​ឆមាស​ទី ១ ឆ្នាំ​នេះ​ធៀប​នឹង ១៦ ៤០០ យូនីត​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក Son ថ្លែង​ថា​៖ «​ចំនួន​អាផាតមិន​សម្រាប់​លក់​មាន​ស្ថិរភាព ខណៈ​ដែល​បញ្ហា​បាន​កើត​មាន​នៅ​លើ​ដី​ស្ថិត​ក្នុង​តំបន់​ជាយក្រុង​មួយ​ចំនួន​របស់​ទីក្រុង​នេះ ដោយសារ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ​មេត្រូ Long Thanh ជា​លើក​ដំបូង ផ្លូវ​លឿន Dau Giay ព្រលាន​យន្តហោះ Long Thanh ស្ពាន Cat Lai និង​ផ្លូវថ្នល់​ជាច្រើន​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​សាងសង់​នៅ​ជុំវិញ​ទីក្រុង​នេះ​»​។

លោក Le Hoang Chau ប្រធាន​សមាគម​អចលនទ្រព្យ​ទីក្រុង​ហូជីមិញ​បាន​ថ្លែង​ថា បញ្ហា​ដែល​កើត​មាន​នៅ​លើ​ទីតាំង​ដី​នានា​ដោយសារ​ការកើនឡើង​តម្លៃ​ខ្លាំង​បាន​កើត​មាន​ឡើង​ចាប់ពី​ចុង​ឆ្នាំ​ ២០១៦ រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​នេះ ជាពិសេស​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣ ដែល​ត្រូវ​បាន​ស្នើ​បង្កើតឡើង​។ ប៉ុន្តែ​ថ្មីៗ​នេះ​បញ្ហា​ជុំវិញ​ការលក់​ដី​ទាំង​នេះ​ត្រូវ​បាន​ដោះស្រាយ​ហើយ​។

យោង​តាម​លោក Chau ស្ថានភាព​វិបត្តិ​អចលនទ្រព្យ​កើតឡើង​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​ការអភិវឌ្ឍ​ភ្លាមៗ​នៃ​សេដ្ឋកិច្ច ការ​បន្ធូរបន្ថយ​គោលនយោបាយ​ពី​រដ្ឋាភិបាល​លើ​ការគ្រប់គ្រង​ឥណទាន គម្លាត​ដ៏ធំ​មួយ​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ និង​ការកើនឡើង​នៃ​ការលក់​កេង​ចំណេញ​។

លោក Chau បាន​ថ្លែង​ថា​៖ «​កត្ដា​ទាំង​នេះ​រហូត​មក​ដល់​ពេល​នេះ​មិន​បាន​កើតឡើង​នៅ​វៀតណាម​នៅឡើយ ដូច្នេះ​វា​មិន​ទំនង​នឹង​ជា​ស្ថានភាព​វិបត្តិ​មួយ​នៅពេល​អនាគត​ដ៏ខ្លី​នោះ​ឡើយ យ៉ាង​ហោច​ណាស់​រហូត​ដល់​ឆ្នាំ​ ២០១៩»​។

VIR បាន​រាយការណ៍​ទៀត​ថា​ក្នុង​អំឡុង ៤ ទសវត្សរ៍​ចុង​ក្រោយ​នេះ​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​បាន​ជួប​ប្រទះ​វិបត្តិ​ប្រហែល​ជា​រៀងរាល់ ១០ ឆ្នាំ​ម្ដង​៕ LA