ភ្នំពេញៈ សកម្មភាពនៃការសាងសង់សំណង់គ្រប់ប្រភេទក្នុងខេត្តព្រះសីហនុនៅពេលនេះមិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ទេ បើទោះបីជារដ្ឋាភិបាលបានចេញសេចក្តីសម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មល្បែងអនឡាញកាលពីខែមុនក្តី។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុកាលពីថ្ងៃម្សិលមិញ។
សេចក្តីសម្រេចស្តីពីការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មល្បែងអនឡាញកាលពីខែសីហាបានបង្កឲ្យមានក្តីបារម្ភថានឹងធ្វើឲ្យវិនិយោគិន (ភាគច្រើនជនជាតិចិន) បញ្ឈប់សកម្មភាពសាងសង់អគារដើម្បីបម្រើដល់សេវាកម្មល្បែងតាមប្រព័ន្ធអនឡាញនៅក្នុងខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា សកម្មភាពសាងសង់ក្នុងខេត្តព្រះសីហនុមានដំណើរការទៅមុខជាធម្មតាដោយមិនមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ទេក្នុងរយៈពេលជិត ១ ខែមកនេះ បន្ទាប់ពីរដ្ឋាភិបាលចេញសេចក្តីសម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ និងសកម្មភាពល្បែងអនឡាញនៅចុងឆ្នាំនេះ។
លោកបន្តថាសំណង់ដែលលេចឡើង និងកំពុងសាងសង់ក្នុងខេត្តព្រះសីហនុមានចម្រុះមានទាំងសណ្ឋាគារ ខុនដូ អាផាតមិន ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មដោយមិនមែនសាងសង់សម្រាប់តែកន្លែងលេងល្បែងតាមអនឡាញទេ ហើយគ្រប់ការដ្ឋានដំណើរការជាធម្មតា។
លោកថ្លែងថា៖ «ភាគច្រើនការសាងសង់សំណង់ក្នុងខេត្តព្រះសីហនុមិនមានជាប់ពាក់ព័ន្ធទៅនឹងការបិទល្បែងអនឡាញឡើយ»។
លោកបន្ថែមថា ប៉ុន្តែបើយើងនិយាយពីទិដ្ឋភាពជាទូទៅនៃការសាងសង់ក្នុងខេត្តព្រះសីហនុគឺអាចមានធ្លាក់ចុះខ្លះ បន្ទាប់ពីរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ក្រោយមានហេតុការណ៍បាក់រលំអគារដែលបានសម្លាប់មនុស្សជាង ២០ នាក់កាលពីខែមិថុនា។
លោកបន្តថា៖ «ដោយសារមួយរយៈចុងក្រោយនេះអាជ្ញាធរបានរឹតបន្តឹងលើគុណភាពសាងសង់នោះ ធ្វើឲ្យសំណង់ដែលគ្មានច្បាប់មួយចំនួនត្រូវផ្អាកការសាងសង់»។
ទោះបីមានការលើកឡើងថាសំណង់ដែលកំពុងសាងសង់ ឬទើបបញ្ចប់ភាគច្រើនជារបស់ជនជាតិចិនក៏ដោយ ប៉ុន្តែតាមពិត ដី និងសំណង់ភាគច្រើនជារបស់អ្នកវិនិយោគក្នុងស្រុកដែលជួលទៅឲ្យជនជាតិចិនយកទៅវិនិយោគបន្ត។ នេះបើតាមលោក ភារម្យ។
ទោះជាយ៉ាងណាលោក ភារម្យ មិនអាចបញ្ជាក់ពីចំនួនអគារ និងគម្រោងសាងសង់ថ្មីៗបានឡើយដោយសាររដ្ឋបាលសាលាខេត្តព្រះសីហនុមិនមានទិន្នន័យលម្អិត។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី សំណង់ និងសុរិយោដីខេត្តព្រះសីហនុ មិនអាចទាក់ទងបានទេកាលពីថ្ងៃម្សិលមិញ។
ប៉ុន្តែកន្លងមកលោកធ្លាប់បានប្រាប់ថាក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំ ២០១៩ នេះខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគចំនួន ១៨៦ គម្រោងមានតម្លៃជាង ៥៨២ លានដុល្លារ។ កាលពីឆ្នាំ ២០១៨ ទុនវិនិយោគវិស័យសំណង់ក្នុងខេត្តព្រះសីហនុមានតម្លៃជាង ១ ពាន់លានដុល្លារកើនឡើង ៥៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានប្រាប់ថា វាហាក់ដូចជាឆាប់ពេកក្នុងការវាយតម្លៃថាសកម្មភាពសាងសង់ក្នុងខេត្តព្រះសីហនុមានការប្រែប្រួលបែបណា ខណៈរដ្ឋាភិបាលទើបតែចេញសេចក្តីសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងអនឡាញកាលពីខែមុន។
លោកបន្តថា ប៉ុន្តែអ្វីដែលគេមើលឃើញជាទូទៅសម្រាប់វិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុនាពេលនេះគឺអ្នកដែលមានបំណងចង់លក់អចលនទ្រព្យមានច្រើនជាងអ្នកទិញ៕