The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សណ្ឋាគារ​នៅ​តែ​រីក ទោះ​ជា​តម្លៃ​បន្ទប់​​​មាន​កម្រិត​​​ទាប

សណ្ឋាគារ​នៅ​តែ​រីក ទោះ​ជា​តម្លៃ​បន្ទប់​​​មាន​កម្រិត​​​ទាប

Content image - Phnom Penh Post
ការិយាល័យ​កណ្តាល​ AccorHotels នៅ​ក្រុង​ប៉ារីសដែល​​គ្រោងដំណើរការ​សណ្ឋាគារ​នៅ​បាងកក។ AFP

សណ្ឋាគារ​នៅ​តែ​រីក ទោះ​ជា​តម្លៃ​បន្ទប់​​​មាន​កម្រិត​​​ទាប

ក្រុង​បាងកកៈ វិនិយោគិន​បរទេស និង​ក្នុង​ស្រុក​​​នៅ​ប្រទេស​ ថៃ បន្ត​ពង្រីក​សណ្ឋាគារ​​​របស់​ខ្លួន​ដើម្បី​​​ឆ្លើយ​តប​​កំណើន​​​ទេសចរណ៍​ ​ប៉ុន្តែ​វិស័យ​នេះ​កំពុង​​​​ជួប​បញ្ហា​ប្រឈម​ដោយ​សារ​​​​​អត្រា​តម្លៃ​បន្ទប់​ជា​មធ្យម​​នៅ​តែ​មាន​កម្រិត​ទាប​​បំផុត​ក្នុង​ចំណោម​​ទីក្រុង​ធំ​ៗ​​នៅ​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

កាសែត​នេះ​បាន​រាយការណ៍​ថា ការ​ហូរ​ចូល​របស់​​​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ និង​​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ច្រើន​​ កំពុង​ជំរុញ​វិស័យ​សណ្ឋាគារ​។ អាជ្ញាធរ​​​ទេសចរណ៍​​ថៃ​​ព្យាករ​ថា ​ភ្ញៀវ​ទេសចរ​បរទេស ​​៤០,៣​ លាន​​នាក់​​នឹង​​ទៅ​​ទស្សនា​​ប្រទេស​ ថៃ ​នា​ឆ្នាំ​ក្រោយ​​ ខណៈ​​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ ១៧៧ ​លាន​ដង។

ឆមាស​​ទី​ ២ ​នៃ​ឆ្នាំ​ ២០១៨​ ​បាន​​បង្ហាញ​​ថា ​វិនិយោគិន​ក្នុង​ស្រុក​និង​បរទេស​​​កំពុង​បង្ហាញ​​តម្រូវ​ការ​​ខ្លាំង​សម្រាប់​​អាជីវកម្ម​សណ្ឋាគារ​​ ទោះ​​ជា​មាន​ការ​ធ្លាក់​​ចុះ​​ចំនួន​​ភ្ញៀវ​ទេសចរ​​ចិន​​​​ក្នុង​​វិស័យ​​នេះ​ក្តី​។

ក្រុមហ៊ុន​​អភិវឌ្ឍន៍​ក្នុង​ស្រុក​​​ដែល​មាន​​​សកម្មភាព​ច្រើន​មាន​​​ដូច​ជា​​ក្រុមហ៊ុន​ Singha Estate ដែល​ទិញ​សណ្ឋាគារ​ចំនួន ​៦​ ពី​ក្រុមហ៊ុន​ Outrigger។ ​​​ក្នុង​ចំណោម​នោះ សណ្ឋាគារ​ ២ ​​នៅ​ក្នុង​ប្រទេស​ ថៃ និង​​សណ្ឋាគារ​ដទៃ​ទៀត​នៅ​​បរទេស​។

ជាង​នេះ​ទៅ​​ទៀត ក្រុមហ៊ុន​ភ្នាក់ងារ​អចលន​ទ្រព្យ CBRE Asia-Pacific ​បាន​ឲ្យ​​ដឹង​ថា ​ប្រតិបត្តិករ​​​ និង​វិនិយោគិន​ក្នុង​ស្រុក ​បាន​បង្កើន​វត្តមាន​​របស់​ខ្លួន​​​​ ក្នុង​ផ្នែក​សណ្ឋាគារ​​តាមរយៈ​​ការ​​ទិញ​​​ ឬ​អភិវឌ្ឍន៍ ​ខណៈ​ពួក​​គេ​ជឿ​ថា ​វិស័យ​ទេសចរណ៍​​ផ្តល់​ទស្សន​វិស័យ​​កំណើន​​ខ្លាំង​ជាង​​​ឧស្សាហកម្ម​​​​​កម្មន្តសាល​​ដែល​ពួក​គេ​បាន​ចូល​រួម​ពាក់ព័ន្ធ​កាល​ពី​អតីត​កាល​។

ជន​បរទេស​ក៏​ចាប់​អារម្មណ៍​ផង​ដែរ​​ចំពោះ​ទីផ្សារ​​សណ្ឋាគារ​​​​របស់​ថៃ ​​ដោយ​​កិច្ច​ព្រម​ព្រៀង​​​​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ថ្មី​ៗ​មាន​​ដូច​ជា​​សណ្ឋាគារ Surf Hotel Patong Phuket ​ដែល​​ត្រូវ​បាន​លក់​ទៅ​ឲ្យ​​ប្រតិបត្តិករ​ ១ ​​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី។ ​​

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ថា ក្រុមហ៊ុន InterContinental Hotels Group ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​​​មួយ​ក្រុម​ហ៊ុន Ratanakorn Asset ​បាន​ប្រកាស​​ការ​ចុះ​ហត្ថលេខា​លើ​​អចលន​ទ្រព្យ​​ថ្មី​ចំនួន​ ៨​​ ទីតាំង​​ក្នុង​ទិស​ដៅ​រមណីយដ្ឋាន​សំខាន់​ៗ​របស់​ប្រទេស​ ថៃ ​​​គឺ​ទីក្រុង​ប៉ាតាយ៉ា ខេត្ត​រ៉ាក់យ៉ង ខេត្ត​ភូកេត ខៅឡាក់ និង​កោះ​សាមុយ។

ការ​ចុះ​ហត្ថលេខា​ពហុ​ម៉ាក​យីហោ​សណា្ឋគារ​​នេះ​ ​ដែល​មាន​ទាំង​​​សណ្ឋាគារ​​ថ្មី​ៗ​​មក​ពី​ក្រុមហ៊ុន Holiday Inn ក្រុមហ៊ុន Holiday Inn Express និង​ក្រុមហ៊ុន​ Staybridge Suites នឹង​បន្ថែម​បន្ទប់​ចំនួន​ជាង ​២ ពាន់​បន្ទប់​ទៀត​។ ការ​បើក​​​ដំណើរការ​សណ្ឋាគារ​ទាំង​នេះ ​​គ្រោង​ធ្វើ​ឡើង​​​នៅ​ចន្លោះ​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២៧​។

ក្រុមហ៊ុន Nikko Hotels International (NHI) ​ដែល​ជា​បណ្តាញ​សណ្ឋាគារ​​ជប៉ុន​ បាន​​ប្រកាស​ថា ខ្លួន​នឹង​បើក​សណ្ឋាគារ​មួយ​​​​ក្នុង​ទីក្រុង​បាង​កក​​​នៅ​ដើម​ឆ្នាំ​ ២០១៩​។ ក្រុមហ៊ុន AccorHotels ​គ្រោង​​​​ពង្រីក​​សាខា​របស់​ខ្លួន​នៅ​ទីក្រុង​មួយ​នេះ​​​ផង​ដែរ​ ដោយ​​មាន​គម្រោង​ប្រតិបត្តិការ​​​​សណ្ឋាគារ​​​ចំនួន ​២០​ មាន​បន្ទប់​សរុប ​​៤ ៧៧៥​​ បន្ទប់​ត្រឹម​ឆ្នាំ​ ២០២០ ​តាម​រយៈ​​ម៉ាក​យីហោ​ជា​ច្រើន​​។

ចំពោះ​​អាជីវកម្ម​​សេវា​ស្នាក់​នៅ​បែប​ចែក​រំលែក (home-sharing business) ​វិញ លោក​ Mike Orgill ​​អ្នក​គ្រប់គ្រង​​ប្រចាំ​ប្រទេស​សម្រាប់​តំបន់​​អាស៊ី​អាគ្នេយ៍​ ហុងកុង និង​តៃវ៉ាន់​ ​​នៃ​ក្រុមហ៊ុន Airbnb ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​​កន្លែង​ស្នាក់​នៅ​អនឡាញ បាន​ថ្លែង​ថា ​ក្រុមហ៊ុន​ទើប​តែ​បាន​បង្ហាញ​​ដំណាក់​កាល​​រីក​ចម្រើន​​បន្ទាប់​​មួយ​នៅ​​ក្នុង​​ប្រទេស​ ថៃ​ ជា​​មួយ​នឹង​ការ​ចាប់​ផ្តើម​​​​​ក្រុមហ៊ុន Airbnb Plus ក្នុង​ទីក្រុង​បាងកក​ និង​ខេត្ត​ភូកេត​​។ ​ផែនការ​នេះ​​មាន​គោល​បំណង​​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​សកល​ចំនួន ​​៤០០ លាន​​នាក់​។ ​

លោក​ស្រី Supawan Tanom​kieatipume ​ប្រធាន​សមាគម​សណ្ឋាគារ​ថៃ ​(TH​A) ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា ​បញ្ហា​ប្រឈម​ធំ​មួយ​​សម្រាប់​​វិស័យ​សណ្ឋាគារ​ក្នុង​ប្រទេស​ ថៃ ​​គឺ​​ការ​កំណត់​តម្លៃ​។ លោក​ស្រី​បាន​ពន្យល់​ថា ​អត្រា​តម្លៃ​​បន្ទប់​​ជា​មធ្យម​​​ក្នុង​ទីក្រុង​ធំ​ៗ​​​នៅ​​អាស៊ី​អាគ្នេយ៍​​ដូច​ជា​​​សិង្ហបុរី គូឡាឡាំ​ពួ ​និង​ទីក្រុង​យ៉ាំង​ហ្គោន មាន​តម្លៃ​ខ្ពស់​ជាង​​នៅ​ក្រុង​បាង​កក​​ ២ ទៅ​ ៣ ដង​។ ​តម្លៃ​បន្ទប់​នៅ​ទីក្រុង​តូក្យូ ​​និង​ហុងកុង​​រឹត​តែ​​ខ្ពស់​ជាង​នៅ​ប្រទេស​ សិង្ហបុរី ​ទៅ​ទៀត​។

លោក​ស្រី Supawan ​បាន​ថ្លែង​ថា​៖ «​​យើង​ឃើញ​មាន​ការ​វិនិយោគ​ច្រើន​ឡើង​ៗ​ក្នុង​ប្រទេស​​ ថៃ​ ដោយ​សារ​សណ្ឋាគារ​​​ត្រូវ​ការ​បរិមាណ​​ភ្ញៀវ​ច្រើន​ ​ហើយ​ប្រទេស​ ថៃ ​អាច​ឆ្លើយ​តប​ទៅ​នឹង​​ចំនួន​​នោះ​បាន​​»។ ​ ​

សមាគម​សណ្ឋាគារ​ថៃ​ប៉ាន់​​ប្រមាណ​​ថា អាជីវកម្ម​សណ្ឋាគារ​​ នឹង​បន្ត​រីក​ចម្រើន​​ បើ​មិនមាន​​វិបត្តិ​នយោបាយ​​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​ ២០១៩ ​ហើយ​​​​បើ​សេដ្ឋកិច្ច​សកល​មាន​ស្ថិរ​ភាព។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​កំពុង​សម្លឹង​មើល​ការ​បោះ​ឆ្នោត ​​និង​ការ​​វិវឌ្ឍ​នយោបាយ​​​​នៅ​ថៃ ហើយ​ភាព​តាន​តឹង​រវាង​អាមេរិក និង​ចិន​បាន​បង្ក​ឲ្យ​មាន​ការ​ផ្អាក​​កក់​បន្ទប់​សណ្ឋាគារ​ពី​សំណាក់​ភ្ញៀវ​ចិន​ដី​គោក។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដក​ស្រង់​សំដី​របស់​លោក​ស្រី Supawan ​ខណៈ​​​លោក​ស្រី​សង្ឃឹម​ថា ​ភ្ញៀវ​ទេសចរ​ចិន​​នឹង​ត្រឡប់​​​មក​វិញ​ក្នុង​អំឡុង​​ចូល​ឆ្នាំ​ចិន​​នៅ​ដើម​ខែ​កុម្ភៈ។

ការ​កក់​បន្ទប់​ទុក​​ដែល​ធ្វើ​ឡើង​សម្រាប់​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៨​ ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​​ ៧០ ​ភាគរយ​។ ​សណ្ឋាគារ​ក្នុង​ប្រទេស​ ថៃ ​ជា​ធម្មតា​​មាន​អត្រា​កក់​បន្ទប់​​ ៨០ ភាគរយ​ក្នុង​អំឡុង​​​ត្រី​មាស​​ចុង​ក្រោយ​នៃ​ ឆ្នាំ​នី​មួយ​ៗ៕ PS

អត្ថបទគួរចាប់អារម្មណ៍