ក្រុង​បាង​កកៈ ស​ណ្ឋា​គារ​បែប​ជី​វិត​កម្សាន្ត​​ (Lifestyle hotels) កំពុង​កើន​ឡើង​​នៅ​អា​ស៊ី​ ​​ដែល​​​ជំ​រុញ​ដោយ​ភ្ញៀវ​ជា​យុវ​វ័យ​​​ រួម​ជា​មួយ​លក្ខណៈ​ពិ​សេស​នា​នា​ ដូច​ជា​​​ការ​រចនា​​​ច្នៃ​ប្រ​ឌិត​​ ការ​ត​​ភ្ជាប់​ល្អ​ និង​​ទី​តាំង​​ងាយ​ស្រួល​។ នេះ​បើ​យោង​តាម​​​ក្រុម​ផ្នែក​​សណ្ឋា​គារ​ និង​​ប​ដិ​សណ្ឋារ​កិច្ច​នៃ​ក្រុម​ហ៊ុន JLL​​​។

កា​សែត​បាង​កក​ប៉ុស្តិ៍​បាន​រាយ​ការណ៍​​ដោយ​ដក​ស្រង់​សំ​ដី​របស់​លោក Andrew Langston ​អនុ​ប្រ​ធាន​ប្រតិ​បត្តិ​​​ក្រុម​ហ៊ុន JLL ​ប្រ​ចាំ​តំ​បន់​អា​ស៊ី​​ប៉ា​ស៊ី​ហ្វិក​ ខណៈ​លោក​​​ថ្លែង​ថា​៖ «​ការ​កើន​ឡើង​​សណ្ឋា​គារ​​បែប​ជី​វិត​កម្សាន្ត​​​នៅ​អា​ស៊ី​​ត្រូវ​បាន​ជំ​រុញ​​​ដោយ​កត្តា​ប្រ​ជា​សាស្រ្ត​ ជា​ពិ​សេស​នៅ​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍន៍​ខ្លាំង​​​ដូច​ជា​​ ឥណ្ឌា​ និង​ចិន​»។

លោក​ថ្លែង​ថា៖ «​​អ្នក​ធ្វើ​ដំ​ណើរ​​ភាគ​ច្រើន​​ដែល​​ជ្រើស​រើស​យក​សណ្ឋា​គារ​​បែប​​នេះ​គឺ​​ជា​អ្នក​ដែល​កើត​នៅ​ឆ្នាំ​ ១៩​៨០ និង ១៩៩០។ មាន​ស​ក្តា​នុ​ពល​ ដ៏​​អស្ចារ្យ​​ក្នុង​ការ​រក​ប្រាក់​ពី​ទី​ផ្សារ​​​ដែល​​រីក​ចម្រើន​នេះ​​តាម​រយៈ​ការ​​បំ​ពេញ​​ទៅ​តាម​តម្រូវ​ការ​របស់​ពួក​គេ​»។

យី​ហោ W ​របស់​សណ្ឋា​គារ Starwood ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូ​លំ​​ទូ​លាយ​​ថា ​ជា​សណ្ឋា​គារ​បែប​ជី​វិត​កម្សាន្ត​​​ទី​មួយ​​នៅ​ពេល​ដែល​សណ្ឋា​គារ​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​ដាក់​ដំ​ណើរ​ការ​ដំ​បូង​នៅ​ទី​ក្រុង​ញូវ​យ៉ក​ក្នុង​ឆ្នាំ​ ១៩​៩៨​។ យី​ហោ​សណ្ឋា​គារ​​ និង​គោល​​គំ​និត​ស្រ​ដៀង​គ្នា​​បាន​រីក​រាល​ដាល​នៅ​អា​មេ​រិក​ខាង​ជើង​​ និង​អឺ​រ៉ុប​ ​ហើយ​ឥឡូវ​នេះ​មក​ដល់​អា​ស៊ី។

សណ្ឋា​គារ​បែប​​ជី​វិត​កម្សាន្ត​នៅ​ទូ​ទាំង​​​​សកល​លោក​​​ដែល​​​​ជោគ​ជ័យ​​ ​បាន​មក​វិ​និ​យោគ​នៅ​អា​ស៊ី​​ក្នុង​រយៈ​កាល​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​

សណ្ឋា​គារ Yotel ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រ​ទេស​អង់​គ្លេស​​​បាន​បើក​នៅ​ប្រ​ទេស​ សិង្ហ​បុ​រី ​​ក្នុង​ឆ្នាំ​ ២០១៧​ ហើយ​​សណ្ឋា​គារ Moxy របស់​ក្រុម​ហ៊ុន Marriott ​បាន​ចាប់​ផ្តើម​នៅ​ទី​ក្រុង Bandung ទី​ក្រុង Osaka និង​ទី​ក្រុង​ តូ​ក្យូ​។ សណ្ឋា​គារ​ជា​​ច្រើន​​ទៀត​​នឹង​ធ្វើ​ដូច​គ្នា​ដែរ​។ សណ្ឋា​គារ​ Ace មក​ពី​សហ​រ​ដ្ឋ​អា​មេ​រិក​ ​គ្រោង​បើក​សណ្ឋា​គារ Ace Hotel Kyoto នៅ​ប្រ​ទេស​ ជប៉ុន ​នា​ឆ្នាំ​ក្រោយ។

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ស​ហ​គ្រិន​​​ក្នុង​តំ​បន់​​​បាន​ចាប់​ផ្តើម​​គោល​គំ​និត​​កន្លែង​ស្នាក់​នៅ​​បែប​ជី​វិត​កម្សាន្ត​​ដោយ​​​ខ្លួន​ឯង​។ ក្រុម​ហ៊ុន​ប​ដិ​សណ្ឋា​កិច្ច​អូ​ស្រ្តា​លី​ឈ្មោះ QT ​បាន​បើក​សា​ខា​របស់​ខ្លួន​នៅ​ទី​ក្រុង Perth កាល​ពី​ខែ​សី​ហា។

កាល​ពី​ដើម​ឆ្នាំ​នេះ​ ក្រុម​ហ៊ុន Dusit International ដែល​ជា​ក្រុម​ហ៊ុន​មួយ​​​​​ក្នុង​ចំ​ណោម​ក្រុម​ហ៊ុន​​អភិ​វឌ្ឍន៍​អ​ច​ល​ន​ទ្រព្យ​​ និង​សណ្ឋា​គារ​​ល្អ​បំ​ផុត​​របស់​ប្រ​ទេស​ ថៃ​​ បាន​ប្រ​កាស​ផែន​ការ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​សា​ខា​​ ASAI Hotels ​នៅ​អា​ស៊ី​អា​គ្នេយ៍​ ក្នុង​ឆ្នាំ​ ២០​១៩​ ​ដោយ​​សណ្ឋា​គារ​ទី​ ១ ​គ្រោង​​បើក​នៅ​ទី​ក្រុង​បាង​កក​​នៅ​ក្នុង​ត្រី​មាស​ទី​ ១។

ក៏​មាន​ក្រុម​ហ៊ុន​​​ដែល​មិន​ស្ថិត​​ក្នុង​ផ្នែក​​​ប​ដិ​សណ្ឋារ​កិច្ច​ផង​ដែរ​ដែល​​​ចូល​មក​ក្នុង​ទី​ផ្សារ​សណ្ឋា​គារ​បែប​ជី​វិត​កម្សាន្ត​​​នៅ​ក្នុង​តំ​បន់​នេះ​​​។

ក្រុម​ហ៊ុន​បែប​ជី​វិត​កម្សាន្ត​ដ៏​ធំ​​​របស់​ប្រ​ទេស​ ជប៉ុន ​ឈ្មោះ Muji ដែល​ល្បី​ល្បាញ​ដោយ​សារ​​​សិ​ល្បៈ​សោ​ភណ​ភាព​ ​បាន​បើក​ដំ​ណើរ​ការ​សណ្ឋា​គារ​ Muji ​ចំ​នួន ២ ដំ​បូង​​របស់​ខ្លួន​ក្នុង​ទី​ក្រុង Shenzhen និង​ទី​ក្រុង​ ប៉េ​កាំង​ ប្រ​ទេស​ ចិន នៅ​ក្នុង​​ឆ្នាំ​នេះ​ ​និង​មាន​ក្រុម​ហ៊ុន​មួយ​ទៀត​កំ​ពុ​ង​រង់​ចាំ​ការ​ចាប់​​ផ្តើម​នៅ​ទី​ក្រុង​​តូ​ក្យូ​ នា​ឆ្នាំ​ក្រោយ​​។ ក្រុម​ហ៊ុន​​​លក់​រាយ​​​ដូច​ជា​ Koe និង Zouk ក៏​កំ​ពុង​ចូល​មក​ក្នុង​វិ​ស័យ​សណ្ឋា​គារ​ផង​ដែរ​។

សូ​ម្បី​តែ​ក្រុម​ហ៊ុន​​ផលិត​របស់​ក្មេង​លេង​ Hasbro ក៏​កំ​ពុង​ចូល​​ទៅ​ក្នុង​ទី​ផ្សារ​នេះ​ផង​ដែរ ដោយ​ចាប់​ដៃ​គូ​​​ជា មួយ​​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​ន៍​អ​ច​ល​ន​ទ្រព្យ​​របស់​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី​ M101 Holdings ដើ​ម្បី​ចាប់​ផ្តើម​សណ្ឋា​គារ​ Monopoly នៅ​ទី​ក្រុង​គូ​ឡា​ឡាំ​ពួ​ នា​ឆ្នាំ​ក្រោយ​​។

លោក Langston បាន​ថ្លែង​ថា​៖ «​ខណៈ​សណ្ឋា​គារ​​បែប​ជី​វិត​កម្សាន្ត​​​សម្រប​ទៅ​តាម​តម្រូវ​ការ​ផ្លាស់​ប្តូរ​​នៃ​អ្នក​ធ្វើ​ដំ​ណើរ​ជំ​នាន់​ថ្មី​ ​វា​ងាយ​ស្រួល​ជាង​មុន​ដែល​ចាប់​ផ្តើម​​គោល​គំ​និត​​ជី​វិត​កម្សាន្ត​​​​ដែល​មាន​លក្ខណៈ​ច្នៃ​ប្រ​ឌិត​​នៅ​អា​ស៊ី​​ ​ដែល​ជា​កន្លែង​សណ្ឋា​គារ​ភាគ​ច្រើន​បំ​ផុត​​មាន​​និ​ន្នា​ការ​សាង​សង់​ថ្មី​ ​​និង​មិន​មែន​ជួស​ជុល​កែ​ប្រែ​»។

លោក​បន្ថែម​ថា៖ «​ដោយ​សារ​ហេតុ​ផល​ទាំង​នេះ​ ​វា​នឹង​ជា​ការ​ភ្ញាក់​ផ្អើល​​ដែល​ឃើញ​សណ្ឋា​គារ​បែប​ជី​វិត​កម្សាន្ត​​​រីក​ចម្រើន​​ក្នុង​អត្រា​លឿន​​នៅ​​តាម​បណ្តា​ទី​ក្រុង​​អភិ​វឌ្ឍ​ន៍​ខ្លាំង​របស់​អា​ស៊ី ​​និង​​ទិស​ដៅ​​សម្រាក​លម្ហែ​ទេស​ចរណ៍​នា​នា​»៕ PS