The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សណ្ឋាគារ​ប្រណីត​នៅ​នេប៉ាល់​ កើន​លើស​តម្រូវការ

សណ្ឋាគារ​ប្រណីត​នៅ​នេប៉ាល់​ កើន​លើស​តម្រូវការ

Content image - Phnom Penh Post
សណ្ឋាគារ​ផ្កាយ​ ៥ កំពុង​សាងសង់​នៅក្នុង​ប្រទេស​នេប៉ាល់​។ រូបថត ANN

សណ្ឋាគារ​ប្រណីត​នៅ​នេប៉ាល់​ កើន​លើស​តម្រូវការ

ក្រុងកាត់ថ្មាន់ឌូៈ មាន​សណ្ឋាគារ​ផ្កាយ​ ៥ ចំនួន​ ១៥ ក្នុងប្រទេស​ នេប៉ាល់ ហើយ​សណ្ឋាគារ​ជាច្រើន​ទៀត​កំពុង​ត្រូវបាន​សាងសង់ បើ​ទោះជា​សណ្ឋាគារ​ដែល​មាន​ស្រាប់​បន្ត​រាយការណ៍​អំពី​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្តី​។

សណ្ឋាគារ​តម្លៃ​ខ្ពស់​អាច​កំពុង​កើនឡើង​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​មិនមាន​ភ្ញៀវ​គ្រប់គ្រាន់​មក​ស្នាក់​នៅឡើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ៣ របស់​ប្រទេស​ នេប៉ាល់​។

របាយការណ៍​ប្រចាំ​ត្រីមាស​ទី​ ១ នៃ​ឆ្នាំសារពើពន្ធ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ប្រតិបត្តិការ​សណ្ឋាគារ​ចំនួន ៣ គឺ​ក្រុមហ៊ុន Taragaon Regency Hotels ក្រុមហ៊ុន Soaltee Hotel និង​ក្រុមហ៊ុន Oriental Hotels ដែល​សណ្ឋាគារ​ទាំង​ ៣ នេះ​ចុះបញ្ជី​នៅ​ផ្សារភាគហ៊ុន​នេប៉ាល់​បាន​បង្ហាញ​ថា ប្រាក់​ចំណេញ​បាន​ធ្លាក់ចុះ​ចុះ​បន្ទាប់ពី​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​មិន​ធ្លាប់​មាន​នៅ​ឆ្នាំសារពើពន្ធ​មុន​។ ត្រីមាស​ទី​ ១ នៃ​ឆ្នាំសារពើពន្ធ​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែ​កក្កដា​រហូត​ដល់​ដំណាច់​ខែកញ្ញា​។

សណ្ឋាគារ​ទាំង ៣ នេះ​បាន​ឲ្យ​ដឹងថា ការប្រកួតប្រជែង​ខ្លាំង​ដូចជា​ការទម្លាក់​តម្លៃ គម្លាត​ការផ្គត់ផ្គង់ និង​តម្រូវការ និង​ការកើនឡើង​ចំនួន​ភ្ញៀវទេសចរ​សម្ពាយ​គឺជា​ហេតុផល​នៃ​ការធ្លាក់ចុះ​ប្រាក់ចំណេញ​ខ្លាំង​នេះ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Oriental Hotels ដែល​ប្រតិបត្តិការ​សណ្ឋាគារ Radisson Hotel ក្រុមហ៊ុន​នេះ​បាន​កត់ត្រា​ការធ្លាក់ចុះ​ប្រាក់ចំណេញ ៦៧,៥៣ ភាគរយ​។ សណ្ឋាគារ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មិនទាន់​ធ្វើ​សវនកម្ម​របស់​ខ្លួន​ថា ប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន​បន្ទាប់ពី​បង់ពន្ធ​រួច​បាន​ធ្លាក់​ចុះមក​នៅត្រឹម ១៣ ​លាន​រូពី (​ជាង ១១ ​ម៉ឺន​ដុល្លារ​) នៅ​ត្រីមាស​ទី​ ១ ធៀប​នឹង ៤០ ​លានរូពី​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ សណ្ឋាគារ​នេះ​ប្រមូលប្រាក់​ប្រាក់ចំណូល​ចំនួន ១៩២,៨ ​លាន​រូពី​ កាលពី​ត្រីមាស​ទី​ ១​។

លោក Pawan Rajbhandari ប្រធាន​ផ្នែក​លក់ និង​ទីផ្សា​របស់​សណ្ឋាគារ Radisson Hotel បាន​ប្រាប់​កាសែត The Kathmandu Post ថា​ប្រទេស​ នេប៉ាល់ ​កំពុង​មើលឃើញ​កំណើន​ចំនួន​ភ្ញៀវទេសចរ​សម្ពាយ និង​អ្នកធ្វើដំណើរ​ចាយប្រាក់​តិច​។

លោក Rajbhandari បាន​ថ្លែងថា​៖ «​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ទៅ​ស្នាក់នៅ​ផ្ទះ​សំណាក់​ប្រភេទ​ហូមស្តេ (homestay)​។ ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​បង្ក​ឲ្យ​មាន​ការថមថយ​កំណើន​នេះ​គឺ​ការថយចុះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​ឥណ្ឌា​»​។

ក្រុមហ៊ុន​ប្រតិបត្តិការ​សណ្ឋាគារ​ ២ ​ទៀត​ គឺ​ក្រុមហ៊ុន Taragaon Regency Hotels ក្រុមហ៊ុន Soaltee Hotel បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​មុន​បង់ពន្ធ​ខ្លាំង​នៅ​ត្រីមាស​ទី​ ១​ ​ដូចគ្នា​ដោយ​ធ្លាក់ចុះ ៦២,៤៧ ​ភាគរយ ​មក​នៅត្រឹម ១៤,៦ ​លានរូពី និង​ធ្លាក់ចុះ ៤៩,២​ ភាគរយ​ មក​ត្រឹម ២៩,៥ ​លានរូពី​រៀង​គ្នា​។

ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន Taragaon Regency មាន​ចំនួន ៣៩ ​លាន​រូពី ខណៈ​ដែល​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Soaltee កើនឡើង ២៨,៧៩ ​ភាគរយ​ ដល់ ២៧៤,២ ​លាន​រូពី​។

ក្រុមហ៊ុន Taragaon Regency បាន​ឲ្យ​ដឹង​ក្នុង​ឯកសារ​ដែល​ផ្ញើជូន​ផ្សារហ៊ុន​ថា ប្រទេស ​នេប៉ាល់​ បាន​មើលឃើញ​កំណើន​ការសាងសង់​សណ្ឋាគារ​យ៉ាងច្រើន ហើយ​ប្រទេស​នេះ​នឹង​ជួប​បញ្ហា​ប្រឈម ប្រសិន​បើ​ចំនួន​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​មិន​ឆ្លើយតប​ទៅ​នឹង​ការអភិវឌ្ឍ​។

លោក Yogendra Sakya នាយក​ក្រុមហ៊ុន ACE Hotels and Resorts ថ្លែងថា មិនយូរ​មិនឆាប់ វា​នឹង​កើតឡើង​។ ប្រទេស ​នេប៉ាល់​ បាន​មើលឃើញ​កំណើន​សណ្ឋាគារ​ច្រើន​ជ្រុល​៕ ANN/KC

អត្ថបទគួរចាប់អារម្មណ៍