ក្រុង​បាងកកៈ ក្រុម​ហ៊ុន​ជប៉ុន Nikko Hotels International (NHI) នឹង​​បង្ហាញ​ជា​ថ្មី​នូវ​​យី​ហោ​ Nikko ​ក្នុង​ប្រ​ទេស​ ថៃ​ ដោយ​មាន​​ផែន​ការ​​បើក​ដំ​ណើរ​ការ​សណ្ឋា​គារ​មួយ នៅ​ទី​ក្រុង​បាង​កក​​នៅ​ដើម​ឆ្នាំ​ក្រោយ​។​ នេះ​បើ​យោង​តាម​កា​សែត​បាង​កក​ប៉ុស្តិ៍។

កា​សែត​បាង​កក​ប៉ុស្តិ៍ បាន​រាយ​ការណ៍​នៅ​ខែ​វិ​ច្ឆិ​កា​នេះ​ថា សណ្ឋា​គារ​ Hotel Nikko Bangkok ដែល​មាន​ ៣០១ បន្ទប់​​ នៅ​ស្ថា​នីយ​រថ​ភ្លើង​​អា​កាស​​ Thong Lor នឹង​កំ​ណត់​ទិស​ដៅ​​ភ្ញៀវ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​​មក​ពី​ប្រ​ទេស ចិន ទី​ក្រុង​ ហុង​កុង ទី​ក្រុង ​ម៉ា​កាវ ​កោះ​តៃ​វ៉ាន់ ​​ប្រ​ទេស​ សិង្ហ​បុរី អូ​ស្ដ្រា​លី ជប៉ុន និងថៃ​។ អឺរ៉ុប​គឺ​ជា​​ ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​​ដាក់​ទី ២។​

លោក Jo Sato អ្នក​គ្រប់​គ្រង​ទូ​ទៅ​​របស់​ក្រុម​ហ៊ុន​បម្រើ​សេ​វា​ក្នុង​វិ​ស័យ​បដិ​សណ្ឋារ​កិច្ច​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា សណ្ឋា​គារ​នេះ​ នឹង​ធ្វើ​ទី​ផ្សារ​គ្រប់​ផ្នែក​ទាំង​អស់ ដែល​រួម​ទាំង​សា​ជីវ​កម្ម​ការ​កម្សាន្ត កិច្ច​ប្រ​ជុំ ការ​លើក​ទឹ​ក​ចិត្ត​ សាល​សន្និ​បាត សាល​តាំង​ពិ​ព័រណ៍​ (Mice)​ ជា​ដើម​។​

លោក​ Sato ​ថ្លែង​ថា​៖ «​យើង​​ចង់​ក្លាយ​ជា​ជម្រើស​ពេញ​ចិត្ត​ជាង​គេ​ នៅ​តំ​បន់​ Thong Lor សម្រាប់​ប្រ​ជា​ជន​ថៃ​​​សម្រាប់​ការ​រៀប​អា​ពាហ៍​ពិពាហ៍ រៀប​ចំ និង​បម្រើ​អា​ហារ ហាង​អាហារ​ និង​ភេស​ជ្ជៈ​របស់​យើង​​»។​

ក្រុម​ហ៊ុន Grand Tower Inn Group ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​​ពី​ឆ្នាំ ១​៩៨៥ ក្នុង​នាម​​ជា​ប្រតិ​បត្តិ​ករ​ផ្តល់​សេ​វា​​អា​ផាត​មិន ជា​ម្ចាស់​​​សណ្ឋាគារ​ Hotel Nikko Bangkok។​ ក្រុម​ហ៊ុន​នេះ​ជា​ធម្មតា​​​បម្រើ​​អ​តិ​ថិ​ជន​ជប៉ុន​ភាគ​ច្រើន​ ​ដែល​មាន​ប្រ​ហែល​ ៩០ ភាគរយ​នៃ​ភ្ញៀវ​​ដែល​ធ្វើ​​ដំ​ណើរ​​​សម្រាប់​ពា​ណិជ្ជ​កម្ម និង​ ១០ ភាគ​រយ​ជា​ភ្ញៀវ​ធ្វើ​​ដំ​ណើរ​កម្សាន្ដ​។​

ក្រុម​ហ៊ុន NHI ធ្លាប់​ប្រតិ​បត្តិ​ការ​សណ្ឋា​គារ​មួយ​នៅ​ទី​ក្រុង​បាង​កក​នៅ​តំ​បន់​ Ratchadaphisek ប៉ុន្តែ​ក្រោយ​​មក​​បាន​ដក​ខ្លួន​ចេញ​ដោយ​សារ​តែ​​មូល​ហេតុ​ពា​ណិជ្ជ​កម្ម​។ ​ក្រុម​ហ៊ុន​នេះ​មាន​ទំ​នុក​ចិត្ត​ចំ​ពោះ​ការ​បើក​ដំ​ណើរ​ការ​សណ្ឋា​គារ​ថ្មី​នេះ ដោយ​សារ​តែ​​មូល​ដ្ឋាន​ដ៏​រឹង​មាំ​របស់​អ​តិ​ថិ​ជន​​ជប៉ុន​។​

លោក Sato បាន​ឲ្យ​ដឹង​ថា ​យី​ហោ Nikko ត្រូវ​បាន​គេ​ទទួល​ស្គាល់​ និង​រីក​រាល​ដាល​នៅ​ក្នុង​ប្រ​ទេស​​ ជប៉ុន និង​ទី​កន្លែង​ផ្សេង​ទៀត​​នៅ​អា​ស៊ី ​ដោយ​សារ​​វិ​ធី​សាស្ដ្រ​ «បដិ​សណ្ឋារ​កិច្ច​» ​របស់​ខ្លួន​ក្នុង​ការ​ទទួល​ភ្ញៀវ៕ ​LA