ការមក​ដល់​របស់​សណ្ឋាគារ​លំដាប់​ពិភពលោក​នឹង​ជួយ​បញ្ចប់​កង្វះខាត​កន្លែង​ស្នាក់​នៅក្នុង​ក្រុង​ព្រះសីហនុ​។ បច្ចុប្បន្ន​នេះ​មាន​សណ្ឋាគារ​លំដាប់​ពិភពលោក​កាន់តែ​ច្រើន​កំពុង​ចាប់​អារម្មណ៍​វិនិយោគ​នៅ​ក្រុងព្រះសីហនុ ដែល​ជា​ទិសដៅ​ទេសចរណ៍​តំបន់​ឆ្នេរ​ដ៏ល្បីល្បាញ​ជាងគេ​របស់​ប្រទេស​កម្ពុជា​។

ការរីកចម្រើន​ហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើង​ចំនួន​កាស៊ីណូ និង​ការពង្រីក​ជើង​ហោះហើរ​ផ្ទាល់​ទៅ​កាន់​ក្រុង​ព្រះសីហនុ​បាន​ធ្វើឲ្យ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ធ្វើ​ដំណើរ​មកកាន់​ទីក្រុង​កំពង់ផែ​ភាគ​ខាង​ត្បូង​មួយ​នេះ​។ បច្ចុប្បន្ន​សណ្ឋាគារ​អន្តរជាតិ​មួយ​ចំនួន​ដូចជា Marriott, InterContinental និង AccorHotels កំពុង​តែ​ត្រៀម​បើក​សម្ពោធ​នៅ​ទីក្រុង​ព្រះសីហនុ​។

កាលពី​ដើម​ខែ​មីនា​នេះ​សណ្ឋាគារ​អន្តរជាតិ​អាមេរិក Marriott បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា Grand Lion Group ដើម្បី​រៀបចំ​សណ្ឋាគារ​ផ្កាយ​ ៥ Le Meridien ដែល​នឹង​សាងសង់​លើ​ផ្ទៃដី​ ១,៧ ​ហិកតា​ស្ថិត​នៅ​សង្កាត់​លេខ​ ៣ ជិត​ឆ្នេរ​ហាវ៉ៃ​។ សណ្ឋាគារ​ដែល​មាន​ចំនួន​ ៣៨៨ ​បន្ទប់​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ខែ​មករា ឆ្នាំ​ ២០១៩ ហើយ​គ្រោង​នឹង​ចំណាយ​ពេល​សាងសង់​ចំនួន​ ៣ ​ឆ្នាំ​។

Grand Lion Group នឹង​បញ្ចេញ​ប្រាក់​ ២០០ ​លាន​ដុល្លារ​ដើម្បី​សាងសង់​គម្រោង​លំនៅឋាន​ប្រណីត​មួយ (Gold Coast) ដែល​មាន​កម្ពស់ ៥៨ ​ជាន់​ស្មើនឹង​ ៨៨៨ យូនីត ហើយ Le Meridien គឺជា​ផ្នែក​មួយ​នៃ​គម្រោង​មួយ​នេះ​។

លោក Lundy Nath អគ្គនាយក​ក្រុមហ៊ុន Grand Lion Group មាន​ប្រសាសន៍​ថា ៖ «Gold Coast នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​បន្ត​ការ​ស្នាក់នៅ​យូរ​ថ្ងៃ​ថែម​ទៀត​ក្នុងប្រទេស​កម្ពុជា​។ Gold Coast ជា​គម្រោង​ដ៏ធំ​ដែល​នឹង​បើក​សករាជ​ថ្មី​នៅក្នុង​បទពិសោធ​ដំណើរ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​នៅ​ក្រុង​ព្រះសីហនុ​»​។

InterContinental Hotels & Resorts ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​សណ្ឋាគារ​ចំនួន​ជាង​ ៥០០០ ​កន្លែង​នៅលើ​ពិភពលោក​ក៏​ត្រៀម​នឹង​បញ្ចប់​ការសាងសង់​សណ្ឋាគារ​របស់​ខ្លួន​ដែល​មាន​ទុនវិនិយោគ​ចំនួន​​ ៧៧ ​លាន​ដុល្លារ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។ ចំណែក​គម្រោង​សាងសង់​សណ្ឋាគារ​មួយ​កន្លែង​ទៀត​របស់​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមាន​ចំនួន​ ៤៧៦ ​បន្ទប់​លើ​ផ្ទៃដី​ ៣ ​ហិកតា​ក្នុង​សង្កាត់​លេខ​ ៣ ក៏​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ផង​ដែរ​។

លោក​សាស្ត្រាចារ្យ ទួស សាភឿន មន្ត្រី​ជាន់ខ្ពស់​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បាន​និយាយ​ថា សណ្ឋាគារ​នេះ​បាន​បញ្ចប់​គ្រោង​អគារ​របស់​ខ្លួន​ហើយ និង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​នៃ​អគារ​ដែល​មាន​កម្ពស់​ ១៧ ​ជាន់​។

ក្រុមហ៊ុន​បារាំង AccorHotels Group ដែល​គ្រប់គ្រង​សណ្ឋាគារ​ជាង ៤៣០០ ​កន្លែង​នៅ​ទូទាំង​ពិភពលោក​ក៏​គ្រោង​នឹង​បើក​ដំណើរការ​សណ្ឋាគារ​ផ្កាយ​ ៤ ​ដែល​មាន​ឈ្មោះថា Novotel នៅ​ឆ្នេរ​ឯករាជ្យ​នា​ត្រីមាស​ទី​ ៣ ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ផង​ដែរ​។ គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រីក​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ដែល​រួមមាន​សណ្ឋាគារ Novotel នៅ​ក្រុង​ភ្នំពេញ និង​សណ្ឋាគារ Ibis នៅ​សៀមរាប​។

លោកស្រី Joyce Ong នាយក​ផ្នែក​ទំនាក់ទំនង​ប្រចាំ​តំបន់​របស់ AccorHotel និយាយថា ៖ «​ក្រុង​ព្រះសីហនុ​ស្ថិត​ក្នុង​ទីតាំង​ល្អ​បំផុត​មួយ​នៅក្នុង​តំបន់ ហើយ​ក្រុមហ៊ុន​ជឿជាក់​ថា​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​នឹង​បន្ត​រីកចម្រើន​នៅ​កម្ពុជា​ជាមួយ​នឹង​កំណើន​ភ្ញៀវទេសចរ និង កំណើន​ជើង​ហោះហើរ​មក​កាន់​កម្ពុជា​»​។

លោកស្រី​បាន​បន្ត​ថា ការសម្រេច​ចិត្ត​វិនិយោគ​លើ​សណ្ឋាគារ​ផ្កាយ​ ៤ គឺ​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ទីផ្សារ​កន្លែង​ស្នាក់​នៅក្នុង​ក្រុងព្រះសីហនុ និង​ពី​បំណង​ប្រាថ្នា​ចង់​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​បន្ថែម​ទៀត​។

លោកស្រី​បញ្ជាក់​ថា៖ «AccorHotels កំពុង​គ្រប់គ្រង​លើ​ទីផ្សារ​សណ្ឋាគារ Raffles និង Sofitel នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។ សណ្ឋាគារ​ថ្មី​របស់​យើង​នឹង​ជួយ​បំពេញ​តម្រូវការ​ស្នាក់នៅ​បន្ថែម​ទៀត​នៅ​ក្រុងព្រះសីហនុ​»​។

លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ការវិនិយោគ​លើ​សណ្ឋាគារ​ខ្នាត​អន្តរជាតិ​បន្ថែម​នៅ​ក្រុង​ព្រះសីហនុ​បាន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ទំនុក​ចិត្ត​ពី​សំណាក់​អ្នក​វិនិយោគ​លើ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ សណ្ឋាគារ​ទាំង​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ប្រការ​នេះ​នឹង​ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក និង​ជួយ​លើកកម្ពស់​កម្រិត​ជីវភាព​របស់​ពួកគេ​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា​កំណើន​ភ្ញៀវទេសចរ​បាន​ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​ប្រឈម​មុខ​នឹង​កង្វះខាត​កន្លែង​សម្រាប់​ស្នាក់នៅ​ផង​ដែរ​នាពេល​នេះ​។ កាលពី​ឆ្នាំ​ ២០១៧ កន្លង​មក​ខេត្ត​ព្រះសីហនុ​ទទួល​ភ្ញៀវ​ទេសចរ​បាន​ប្រមាណ​ជាង​ ២ ​លាន​នាក់​ក្នុង​នោះ​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន​ជាង​ ៤៧០០០០ ​នាក់​ដែល​ជាង​ ១ ​​ភាគ​ ៤ ​ជា​ជនជាតិ​ចិន​។ សណ្ឋាគារ​ចំនួន​ ៨០ និង​ផ្ទះសំណាក់​ចំនួន​ ៣០០ ​ជា​ញឹកញាប់​ត្រូវ​បាន​គេ​កក់​អស់​ពេល​មាន​បុណ្យទាន​ម្តងៗ​។ បច្ចុប្បន្ន​មាន​សណ្ឋាគារ​ចំនួន​ ១០ ​ដែល​កំពុង​តែ​សាងសង់​។

ប្រធាន​ផ្នែក​លក់ និង​ជួល​នៃ​ក្រុមហ៊ុន Sihanoukville Property លោក នន ធីម បាន​ប្រាប់​ថា សណ្ឋាគារ​អន្តរជាតិ​នឹង​ជួយ​បំពេញ​តម្រូវការ​សណ្ឋាគារ​ដែល​កំពុង​តែ​ខ្វះខាត​នៅ​ក្រុង​ព្រះសីហនុ​។

លោក​និយាយ​ថា តម្រូវការ​បន្ទប់​សណ្ឋាគារ​នៅក្នុង​ក្រុង​ព្រះសីហនុ​បាន​កើនឡើង​លើស​ពី​ការផ្គត់ផ្គង់ ពិសេស​នៅ​ពេល​មាន​បុណ្យ​ទាន​ដូចជា​ចូលឆ្នាំ​ខ្មែរ និង​បុណ្យ​អុំទូក ជាដើម​។ ជាទូទៅ ជនជាតិ​ចិន​បាន​ជួល​សណ្ឋាគារ​ដើម្បី​ធ្វើ​ជា​កន្លែង​សម្រាប់​ឲ្យ​បុគ្គលិក​ស្នាក់នៅ​ដែល​ជា​ហេតុ​ធ្វើឱ្យ​ខ្វះ​បន្ទប់​សណ្ឋាគារ​សម្រាប់​ភ្ញៀវទេសចរ​។ ដូច្នេះ​ការ​មក​ដល់​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ នៅ​ក្រុង​ព្រះសីហនុ​នឹង​ជួយ​បំពេញ​ការផ្គត់ផ្គង់​បន្ថែម​ទៀត​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​។

លោក ធីម បាន​បន្ត​ថា​តម្លៃ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ​បាន​កើនឡើង​យ៉ាង​ខ្ពស់​ដោយសារ​តែ​លំហូរ​ការវិនិយោគ​មកពី​ប្រទេស​ចិន​។ ការវិនិយោគ​លើ​សណ្ឋាគារ​អន្តរជាតិ​ថ្មីៗ​នឹង​កាន់តែ​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ​កើនឡើង​បន្ថែម​ទៀត គឺ​ប្រហាក់​ប្រហែល​ទៅនឹង​តម្លៃ​អចលនទ្រព្យ​កោះ​ភូកេត ប្រទេស​ថៃ​។

បើ​ពិនិត្យ​មើល​ពី​ការវិនិយោគ​ដ៏សម្បើម​ពី​សំណាក់​ប្រទេស​ចិន​នៅក្នុង​វិស័យ​អចលនទ្រព្យ ក្រុង​ព្រះសីហនុ ទំនង​ជា​នឹង​ដើរ​តាម​គន្លង​អភិវឌ្ឍន៍​នៅ​កោះ​ភូកេត ប្រទេស​ថៃ​ជា​ទី​ដែល​មាន​រមណីយដ្ឋាន និង សណ្ឋាគារ​ផ្កាយ​ ៥ ​ជាច្រើន​នៅ​ទី​នោះ​។

តែ​ទោះ​ជា​យ៉ាង​ណា​លោក ធីម នៅ​តែ​យល់​ថា ក្រុងព្រះសីហនុ​គឺ​មិន​ដូច​គ្នា​ជាមួយ​ភូកេត​នោះ​ទេ​។ កំណើន​វិនិយោគិន​ចិន និង​ការរីកដុះដាល​កាស៊ីណូ អាច​ធ្វើ​ឱ្យ​ក្រុងព្រះសីហនុ​កាន់​តែ​ដូច​គ្នា​ទៅ​នឹង​ទីក្រុង​ស៊ាងហៃ និង​ម៉ាកាវ ដែល​មាន​អគារ​ពាណិជ្ជកម្ម និង​សណ្ឋាគារ​ធំៗ​ព្រម​ទាំង​កាស៊ីណូ​ជាច្រើន​៕

រាយការណ៍​បន្ថែម​ដោយៈ Cam McGrath