
ឡូហ្គោរបស់សមាគមអចលនទ្រព្យដែលមានដំណើរការស្រាប់ និងឡូហ្គោរបស់សមាគមដែលនឹងត្រូវបង្កើតថ្មី។ រូបថត សហការី
ភ្នំពេញៈ ខណៈទីផ្សារអចលនទ្រព្យកំពុងមានការរីកចម្រើន ហើយវិស័យសំណង់គឺជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់កម្ពុជា អ្នកនៅក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា វិស័យនេះទាមទារឲ្យមានអ្នកជំនាញកាន់តែច្រើនដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ។
សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) ជាសមាគមអចលនទ្រព្យថ្មីមួយទៀតនឹងត្រូវបង្កើតឡើង ដែលអ្នកជំនាញលើកឡើងថានឹងជំរុញឲ្យវិស័យនេះកាន់តែរីកចម្រើន។
លោក អ៊ិន មាន (In Mean) អ្នកនាំពាក្យសមាគម CREA ដែលនឹងត្រូវបើកដំណើរការនៅត្រីមាសទី ៣ ឆ្នាំ ២០១៨ បាននិយាយថាសមាគមនេះបង្កើតឡើងក្នុងគោលបំណងជួយបំពេញនូវចន្លោះប្រហោងដែលមាននាពេលកន្លងមកដែលនឹងជំរុញឲ្យវិស័យនេះដើរទៅមុខកាន់តែលឿនបន្ថែមទៀត។
លោកបន្តថាខណៈសមាគមដែលមានស្រាប់ ភាគច្រើនប្រមូលផ្តុំដោយក្រុមហ៊ុនធំៗ សមាគមថ្មីនេះនឹងផ្តោតលើក្រុមហ៊ុនអចលនទ្រព្យតូចៗ។
លោកថ្លែងថា៖ «គោលការណ៍ចម្បងមួយក្នុងចំណោមគោលការណ៍សំខាន់ៗរបស់សមាគម CREA គឺខិតខំជួយដល់ក្រុមហ៊ុនតូចៗដើម្បីឲ្យពួកគាត់អាចចូលរួមគ្នាក្នុងសមាគមមួយ និងបង្កើតជាសំឡេងតែមួយ»។
លោកបានបន្ថែមថា៖ «ការបង្កើតសមាគមថ្មីនេះក៏ជាការធ្វើឲ្យក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យអចលនទ្រព្យមានជម្រើសក្នុងការចូលរួមក្នុងសមាគមផងដែរ»។
ខណៈស្វាគមន៍ចំពោះការបង្កើតសមាគមថ្មីនេះប្រធានសមាគមអចលនទ្រព្យដែលមានស្រាប់បានបង្ហាញពីភាពមិនចាំបាច់ក្នុងការបើកដំណើរការសមាគមថ្មីមួយផ្សេងទៀត។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ឲ្យដឹងថា សមាគមដែលមានស្រាប់គឺគ្រប់គ្រាន់ហើយសម្រាប់វិស័យអចលនទ្រព្យកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនមានការយល់ទាស់អ្វីនោះទេចំពោះគម្រោងបង្កើតសមាគមថ្មីនេះ ព្រោះវាជាសិទ្ធិរបស់បុគ្គលគ្រប់រូប ប៉ុន្តែបើនិយាយពីវិជ្ជាជីវៈ ខ្ញុំគិតថាវាមិនសូវល្អនោះទេព្រោះកម្ពុជាបច្ចុប្បន្នមានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុដែលកំពុងមានដំណើរការយ៉ាងរលូនរួចហើយ»។
លោកបានលើកជាសំណួរថា៖ «តើការបង្កើតសមាគមថ្មីនេះនឹងមានអត្ថប្រយោជន៍អ្វីបន្ថែមសម្រាប់ប្រទេស ខណៈបច្ចុប្បន្នសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយសមាគមអចលនទ្រព្យជាច្រើន ដូចជា អាស៊ាន កូរ៉េ ចិន និងអាមេរិកជាដើម។ ហេតុអ្វីបានជាយើងមិនរួមដៃគ្នាក្នុងការជួយធ្វើឲ្យសមាគមដែលមានស្រាប់កាន់តែរឹងមាំថែមទៀត?»។
បើតាមលោក គីម ហ៊ាង បច្ចុប្បន្ន សមាគម CVEA មានសមាជិកចំនួន ៩២ ក្រុមហ៊ុន ឬស្មើនឹងជិត ៧០ ភាគរយនៃក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្របច្បាប់ទាំងអស់នៅកម្ពុជា។
យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដីនៅឆ្នាំ ២០១៧ មានគម្រោងសាងសង់ ៣ ០៥២ ដែលត្រូវបានអនុម័តមានតម្លៃ ៦,៤២ ពាន់លានដុល្លារ ដែលកើនពី ២ ៤០៥ គម្រោងមានតម្លៃ ៥,២៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦៕ LA