The Phnom Penh Post Search

Search form

សាងសង់​ថ្មី ឬ​កែលម្អ​ថ្មី​? អាជ្ញាធរ​ទីក្រុង​ឡុង​ដ៍​កំពុង​ពិចារណា​ស្តារ​ក្រុង​ជាថ្មី

Content image - Phnom Penh Post
​ផ្លូវ West Green នៅ​តំបន់​ Tottenham ក្នុង​ទីក្រុង​ឡុង​ដ៍ ។ រូបថត Andrew Testa/The New York Times

សាងសង់​ថ្មី ឬ​កែលម្អ​ថ្មី​? អាជ្ញាធរ​ទីក្រុង​ឡុង​ដ៍​កំពុង​ពិចារណា​ស្តារ​ក្រុង​ជាថ្មី

អ្នក​ស្រី Victoria Alvarez គឺជា​ស្ត្រី​ម្នាក់​ដ៏​សកម្ម​ពោរពេញ​ទៅ​ដោយ​ថាមពល ហើយ​ជា​អ្នក​គ្រប់គ្រង​ផ្សារ Seven Sisters Indoor Market នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ក្រុង​ឡុងដ៍​។

នៅ​ព្រឹក​មួយ​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ​នាង​បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​មិត្តភក្តិ​របស់ខ្លួន តែ​បាន​ប្រ​ញិ​ប​ប្រ​ញាប់​ដើរចូល​ទៅក្នុង​ហាង​ទំនិញ​មួយ​កន្លែង​ក្នុង​ផ្សារ​ដើម្បី​ទៅ​សួរ​ម្ចាស់​ហាង​ម្នាក់​ជា​ជនជាតិ​អុីរ៉ង់ ក្រែង​គាត់​មាន​ទំនិញ​ដែល​នាង​ត្រូវការ​។ មិនទាន់​ស្តាប់​ចប់​ម្ចាស់​ហាង​នោះ​និយាយ​ចប់​ស្រួលបួល​ផង នាង​បាន​ប្រ​ញាប់​ចេញទៅ​ហាង​ប្តូរប្រាក់ និង​ហាង​ដឹកជញ្ជូន​ទំនិញ​របស់​នាង​។

សម្រាប់ Alvarez ដែលជា​ជនជាតិ​កូឡុំប៊ី និង​បាន​បើកហាង​នៅ​ទីនេះ​អស់​រយៈពេល​១៦​ឆ្នាំ ព្រមទាំង​ជា​ប្រធាន​សមាគម​ឈ្មួញ​ទិញ​លក់​ផង​ដែរ​នោះ​ផ្សារ​នេះ​គឺជា​ផ្ទះ​ទី​២​របស់​នាង​តែម្តង​។ អតិថិ​ជន​របស់​នាង​អាច​មក​ទិញ​គ្រឿង​ទេស​ក៏បាន ឬ​ញ៉ាំ​អាហារ ឬក៏​កាត់សក់ ហើយ​ក៏​អាច​ជួប​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ និង​ទទួលបាន​ការប្រឹក្សា​យោបល់​សម្រាប់​​ការរត់​ឯកសារ​ផ្លូវ​ច្បាប់​នៅ​ក្នុង​ផ្សារ​នេះ​មួយ​តែ​ម្តង​។ កូនស្រី​របស់​នាង​បាន​ចំណាយ​ពេលវេលា​យ៉ាង​ច្រើន​ក្នុង​ដំណើរ​រីក​ធំ​លូត​លាស់​នៅ​ក្នុង​ផ្សារ​នេះ​។

អ្នក​ស្រី​ថ្លែងថា​ ៖ «​សម្រាប់​ខ្ញុំ ឫស​គល់​គឺមាន​សារៈ​សំខាន់​បំផុត​។ ដូច្នេះ​ហើយ​ទើប​ផ្សារ​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សហគមន៍​នេះ​»​។

នាង​និយាយ​ថា បច្ចុប្បន្ន​នាង​មាន​ផ្សារ Seven Sisters Indoor Market ដែល​ជា​ផ្សារ​អាមេរិក​ឡាទីន​ធំ​ជាង​គេ​បំផុត​ក្នុង​ចក្រភព​អង់គ្លេស ប៉ុន្តែ​កំពុង​តែ​ប្រឈម​នឹង​ការ​គំរាម​កំហែង ដោយ​សារ​តែ​ផ្សារ​នេះ​កំពុង​ស្ថិត​ក្នុង​គម្រោង​ស្តារ​ក្រុង​ដ៏​ធំ​បំផុត​របស់​អាជ្ញាធរ​ក្រុង​ឡុងដ៍​។

ឈ្មួញ និង​អាជីវករ​បាន​ថ្លែង​ថា ពួក​គេ​កំពុង​តែ​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ ដោយ​សារ​តែ​អាជ្ញាធរ​ក្នុង​តំបន់​មិន​ស្តាប់​បណ្តឹង​របស់​ពួក​គាត់​នោះ​ទេ ហើយ​ប្រជាជន​ភាគ​តិច​ដែល​និយាយ​ភាសា​អេស្ប៉ាញ​ក្នុង​រាជធានី​នៃ​ប្រទេស​នេះ​នឹង​ត្រូវ​បាត់បង់​អស់​ជាក់​ជា​មិន​ខាន​។

តំបន់​មួយ​ដែល​នៅ​ជុំវិញ​ផ្សារ​នេះ​ដែល​មាន​ឈ្មោះ​ថា Tottenham គឺជា​តំបន់​ចម្រុះ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​ឡុងដ៍ ដែល​មាន​ប្រជាជន​ចម្រុះ​និយាយ​ដល់​ទៅ​ ២០០​ ភាសា​ផ្សេង​គ្នា​។ ខណ្ឌ​នេះ​ស្ថិត​នៅ​ចំ​កណ្តាល High Road ហើយ​មាន​ទំហំ​៣​ម៉ាយល៍ ដែល​មាន​ទាំង​ហាង​លក់​សាច់​ប្រភេទ​ហាឡាល់ និង​ហាង​សម្អាង​ការ​ជនជាតិ Afro-Caribbean និង​ហាង​កាហ្វេ​តូចៗ ភោជនីយដ្ឋាន និង​ផ្សារ​ជាច្រើន​ដូច​ផ្សារ​របស់ Alvarez ដែរ​។

Tottenham ជា​ខណ្ឌ​មួយ​ដែល​ជួប​នឹង​ភាព​ស្មុគស្មាញ​ខ្លាំង​បំផុត​ក្នុង​ទីក្រុង​ឡុងដ៍ ហើយ​ក្រុម​ប្រឹក្សា​អាជ្ញាធរ​ក្នុង​តំបន់​លើក​ឡើង​ថា តំបន់​នេះ​កំពុង​ត្រូវ​ការ​ការ​សាងសង់​ថ្មី​។ ប្រជាជន​ប្រហែល ១​ ម៉ឺន​នាក់ កំពុង​ស្ថិត​ក្នុង​បញ្ជី​រង់ចាំ​សម្រាប់​ទទួល​បាន​ផ្ទះ​សាធារណៈ​។

រីឯ​អត្រា​ឧក្រិដ្ឋ​កម្ម គឺ​ខ្ពស់​ជាង​អត្រា​មធ្យម​របស់​ទីក្រុង​ឡុងដ៍​ទៅ​ទៀត​។ លើស​ពី​នេះ​ទៅ​ទៀត​នោះ ក្រុម​អ្នក​គាំទ្រ​គម្រោង​ស្តារ​នេះ​បាន​លើក​ឡើង​អំពី​បាតុកម្ម កាល​ពី​ឆ្នាំ​ ២០១១ ដែល​បាន​ចាប់​ផ្តើម​នៅ Tottenham នោះ​គឺជា​ភស្តុតាង​មួយ​ដែល​សង្កត់​បន្ថែម​ថា បញ្ហា​ក្នុង​តំបន់​នេះ​ត្រូវ​តែ​មាន​ដំណោះស្រាយ​សមស្រប​។

លោក Mark Brearley សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ London Metropolitan University ផ្នែក​កម្មវិធី Cass Cities បាន​លើក​ឡើង​ថា ៖ «អ្នក​រស់​នៅ​ទីក្រុង​ឡុងដ៍ មិន​មាន​កន្លែង​ណា​ដែល​មិន​ជួប​ប្រទះ​នឹង​គំនាប​នេះ​នោះ​ទេ​។ Tottenham គឺជា​គំរូ​មួយ​នៃ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ទីក្រុង​ឡុងដ៍​»​។

ប្រសិន​បើ​គម្រោង​នេះ​ដំណើរការ​ទៅ​មុខ ហើយ​បើ​ទោះ​ជា​វា​នឹង​ផ្លាស់​ប្តូរ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ជាមួយ​នឹង​គោល​បំណង​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​ល្អ​ប្រសើរ​ក្តី ក៏​ប្រជាជន​ជាច្រើន​កំពុង​មាន​ក្តី​បារម្ភ​ខ្លាច​គេ​បណ្តេញ​ចេញ​។

គម្រោង​ជាច្រើន​កំពុង​តែ​ត្រូវ​បាន​រៀបចំ​ឡើង​។ ក្រុម​បាល់​ទាត់​ក្នុង​តំបន់ Premier League ឈ្មោះ Tottenham Hotspur កំពុង​តែ​ធ្វើ​ការ​កែ​លម្អ​ពហុ​កីឡដ្ឋាន​ផង​ដែរ ដែល​មាន​តម្លៃ​៧៥០​លាន​ផោន ឬមួយ​កោដិ​ដុល្លារ​(​មួយ​ពាន់​លាន​ដុល្លារ​)​។ ស្ថានីយ​រថភ្លើង និង​ផ្លូវ​ក្រោម​ដី​កំពុង​ត្រូវ​បាន​កែលម្អ​ថ្មី ហើយ​សាលា និង​សេវា​សុខភាព​កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ខណៈ​លំនៅឋាន​១​ម៉ឺន​ខ្នង កំពុង​ត្រូវ​បាន​គេ​សាងសង់​បន្ថែម​ថ្មី​ ហើយ​ផ្សារ Seven Sisters Indoor Market ក៏​នឹង​ត្រូវ​សាងសង់​ថ្មី​ឡើង​វិញ​ដែរ​។

លោក Alan Strickland សមាជិក​ក្រុម​ប្រឹក្សា​អាជ្ញាធរ​នៅ​ក្នុង​តំបន់​ដែល​រៀបចំ​គម្រោង​ស្តារ​នេះ​បាន​លើក​ឡើង ថា ​៖ «​នេះ​ជា​មហិច្ឆតា​ដ៏​ធំ​មួយ​។ ឧបសគ្គ​ក៏​មាន​ទំហំ​ធំ​ខ្លាំង​ផង​ដែរ​»​។

អាជីវករ និង​ឈ្មួញ​ក្នុង​ផ្សារ​នេះ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​កូឡុំប៊ី តែ​ក៏​មាន​ជន​ជាតិ​ប៉េរូ អេក្វាទ័រ ប្រេស៊ីល និង​មកពី​តំបន់​នានា​នៃ​ទ្វីប​អាហ្វ្រិក​ផង​ដែរ​នោះ នឹង​ត្រូវ​ប្តូរ​មក​ផ្លូវ​ម្ខាង​ទៀត​អំឡុង​ឆ្នាំ​២០២០​ខាង​មុខ ខណៈ​ពេល​ដែល​ផ្សារ​នេះ​ត្រូវ​បាន​សាងសង់​ថ្មី​។ បន្ទាប់​ពីនោះ២​ឆ្នាំ​ក្រោយ​មក ពួក​គេ​នឹង​អាច​រើ​ត្រឡប់​ទៅវិញ នេះ​បើ​យោង​តាម​សម្តី​របស់​ក្រុម​ប្រឹក្សា​អាជ្ញាធរ​ប្រចាំ​តំបន់ និង Grainger ដែល​ជា​ក្រុមហ៊ុន​ទទួល​បន្ទុក​ការ​សាង​សង់​។

ក្រុមហ៊ុន Grainger ទទួល​ស្គាល់​ថា ថ្លៃ​ឈ្នួល​តូប​សម្រាប់​អាជីវករ​មួយ​ចំនួន​នឹង​ឡើង​ថ្លៃ ប៉ុន្តែ​នឹង​មាន​តម្លៃ​សមរម្យ​បំផុត​បើ​ធៀប​នឹង​តម្លៃ​ឈ្នួល​នៅ​ផ្សារ​ផ្សេងៗ​។ ពួក​គេ​សន្យា​រក្សា​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ត្រឹម​តែ​២​ភាគរយ​ប៉ុណ្ណោះ សម្រាប់​រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០២០​តទៅ​។

Alvarez មាន​វ័យ​៤៧​ឆ្នាំ​នោះ ក៏​បាន​ប្រឆាំង​ទៅ​នឹង​គម្រោង​នេះ​ផង ដែរ។ នាង និង​អ្នក​រួមការ​ងារ​របស់​នាង​ចង់​ឲ្យ​មាន​ការ​ធានា​ច្បាស់​លាស់ និង​ខ្លាំង​ជាង​នេះ​លើ​ការគ្រប់គ្រង​តម្លៃ​ជួល​តូប សំណង​ហិរញ្ញវត្ថុ​ច្រើន​ជាង​នេះ និង​តម្លាភាព​កាន់​តែ​ច្បាស់​អំពី​គម្រោង​នេះ។ ពួក​គេ​បាន​ប្តឹង​ទៅ​តុលាការ​របស់​ចក្រភព​អង់គ្លេស ហើយ​ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សហ​ប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស​ឈរ​នៅ​ខាង​ពួក​គេ​ទៀត​ផង​។

ប្រជាជន​ក្នុង​តំបន់​ផ្សេងៗ​ជាច្រើន​ទៀត​ក៏បាន​ប្រឆាំង​ទៅនឹង​ការ​ផ្លាស់​ប្តូរ​នេះ​ផងដែរ ដែល​ពួកគេ​មិន​ពេញ​ចិត្ត និង​ចាត់​ទុក​ថា ជាការ​ស្តារ​ដើម្បី​ស្វែងរក​ផល​ចំណេញ​ពី​ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មធ្យម​។

ផុត​ពី​ផ្សារ​នេះ​បន្តិច​ស្ថិត​នៅ​បណ្តោយ​​ផ្លូវ High Road ដដែល​នោះ បង​ប្អូន​ប្រុស​​ភ្លោះ​ដែល​បើក​ហាង​មាន់​បំពង​ឈ្មោះ Chick King ក៏មាន​ក្តី​បារម្ភ​ផង​ដែរ​។ ហាង​របស់​ពួកគេ គឺ​ស្ថិត​នៅ​ចំ​ពី​មុខ​កីឡដ្ឋាន​បាល់ទាត់​តាំងពី​ឆ្នាំ​១៩៨១​មក​ម្ល៉េះ។ យ៉ាង​ណា​មិញ ហាង​កាហ្វេ​របស់​ពួកគេ​ដែលមាន​ផ្ទះ និង​ហាង​ទំនិញ​នៅ​ជាប់ៗ​គ្នា​នោះ ក៏​កំពុង​ប្រឈម​នឹង​ការ​វាយ​កម្ទេច​ចោល​សម្រាប់ធ្វើ​ជា​ផ្លូវ​តភ្ជាប់​ពី​កីឡដ្ឋាន​នេះ​ទៅ​ស្ថានីយ​រថភ្លើង​ដែល​នឹង​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​។

​លោក Alex Tryfonos ជា​បង​ប្អូន​ភ្លោះ​នោះបាន​ថ្លែងថា​ ៖ «​សហគមន៍​នេះ​ចង់​ឃើញ​ភាព​ប្រសើរ ប៉ុន្តែ​មិន​មែន​វាយ​កម្ទេច​តំបន់​នេះ​ទាំង​មូល​ចោល​នោះ​ទេ​»៕

Prashant S Rao
The New York Times

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។