ក្រុងសិង្ហបុរីៈ ត្រូវបានទាក់ទាញដោយបរិស្ថាននយោបាយប្រកបដោយស្ថិរភាពរបស់សិង្ហបុរី និងការជួលការិយាល័យរឹងមាំជាងនៅទីក្រុងហុងកុង វិនិយោគិនជនជាតិហុងកុងបានចាក់បញ្ចូលទឹកប្រាក់សរុបចំនួន ១,៤ ពាន់លានដុល្លារទៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសដីកោះនេះក្នុងឆមាសទី ១ ឆ្នាំ ២០១៩។
ទឹកប្រាក់នេះស្មើជាង ១ ភាគ ៤ នៃទឹកប្រាក់ចំនួន ៥,២ ពាន់លានដុល្លារនៃវិនិយោគលើអចលនទ្រព្យនៅបរទេសសរុបដែលហូរចេញពីទីក្រុងហុងកុង ដែលធ្វើឲ្យសិង្ហបុរីក្លាយជាទិសដៅកំពូលគេ។ នេះបើយោងតាមរបាយការណ៍ស្តីពីការវិនិយោគនៅបរទេសរបស់ប្រទេសចិន (Greater China) ដែលបានចេញផ្សាយកាលពីចុងខែសីហាដោយក្រុមហ៊ុនស្រាវជ្រាវ Cushman & Wakefield Research។
លោក Christine Li ប្រធានផ្នែកស្រាវជ្រាវប្រចាំសិង្ហបុរី និងតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Cushman & Wakefield ថ្លែងថា៖ «វិនិយោគិនមួយចំនួនក្នុងចំណោមវិនិយោគិនហុងកុងទាំងនេះ និងមូលនិធិនានាមានភាពសកម្មក្នុងប្រទេសសិង្ហបុរីសម្រាប់ពេលខ្លះ ប៉ុន្តែស្ថានភាពនយោបាយនៅទីក្រុងហុងកុងមានភាពគាប់ជួនជាមួយនឹងបុគ្គល និងគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនមកពីទីក្រុងហុងកុងដែលចង់ទិញប្រកបដោយសក្តានុពល»។
លោក James Shepherd ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Cushman & Wakefield ថ្លែងថា៖ «សិង្ហបុរីអាចត្រូវបានគេមើលឃើញកាន់តែខ្លាំងថាជាទីកន្លែងសុវត្ថិភាពធៀបនឹងទីកន្លែងផ្សេង ដោយសារបញ្ហាប្រឈមនានាដែលទិសដៅមួយចំនួនផ្សេងទៀតក្នុងពិភពលោកកំពុងប្រឈម»។
ទិសដៅដែលមានប្រជាប្រិយភាពទី ២ សម្រាប់វិនិយោគិនហុងកុងគឺសហរដ្ឋអាមេរិកដែលមានទឹកប្រាក់វិនិយោគជិត ១,២ ពាន់លានដុល្លារនៅឆមាសទី ១ បន្ទាប់មកគឺចក្រភពអង់គ្លេសដែលមានទឹកប្រាក់វិនិយោគប្រហែល ៩០០ លានដុល្លារ និងជប៉ុនប្រហែល ៨៥០ លានដុល្លារ។
ប្រតិបត្តិការសំខាន់ក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំនេះគិតរហូតមកដល់ពេលនេះ រួមមាន ក្រុមហ៊ុនមូលនិធិឯកជនរបស់ក្រុងហុងកុង Gaw Capital Partners'' (GCP) បានចំណាយប្រាក់ ៧១០ លានដុល្លារទិញយកអគារការិយាល័យ Robinson 77។ ក្រុមហ៊ុន GCP ក៏បានដឹកនាំក្រុមហ៊ុនភាពជាដៃគូមួយផងដែរ ដែលរួមមានទាំងក្រុមហ៊ុនធានារ៉ាប់រង Allianz ដើម្បីទិញអគារការិយាល័យ និងទីកន្លែងលក់រាយ Duo តម្លៃ ១,៥៧៥ ពាន់លានដុល្លារ នេះបើយោងតាមការអះអាងរបស់អ្នកលក់កាលពីខែកក្កដា។
នៅខែសីហា ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ Arch Capital Management បានបញ្ចប់ការទិញអគារការិយាល័យ Anson House ដែលមានតម្លៃ ២១០ លានដុល្លារ។
វិនិយោគិនហុងកុងក៏មានចំណាប់អារម្មណ៍កាន់តែខ្លាំងផងដែរក្នុងវិស័យអចលនទ្រព្យលក់រាយរបស់ប្រទេសសិង្ហបុរីដោយថ្មីៗនេះមានការទិញផ្សារទំនើប Chinatown Point Mall តម្លៃ ៥២០ លានដុល្លារដោយក្រុមហ៊ុន Pan Asia Realty Advisors ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយរវាងក្រុមហ៊ុន Mitsubishi Estate និងក្រុមហ៊ុន CLSA Capital ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។
ទន្ទឹមនឹងនេះដែរ អតិថិជនមកពីប្រទេសចិនដីគោកក៏បានចាប់ផ្តើមដាក់ប្រទេសសិង្ហបុរីទៅក្នុងរ៉ាដារបស់ពួកគេផងដែរនៅក្នុងវិស័យទ្រព្យសកម្មពាណិជ្ជកម្ម។
ឧទាហរណ៍ ក្រុមហ៊ុន Place Holdings បានទិញមជ្ឈមណ្ឌល Realty Centre តម្លៃ ១៤៨ លានដុល្លារនៅខែមេសា។ ក្រុមហ៊ុន Place Holdings ដែលចុះបញ្ជីនៅសិង្ហបុរីគឺជាក្រុមហ៊ុនដែលគាំទ្រដោយក្រុមហ៊ុន Place Investment Group របស់ប្រទេសចិន៕ ANN/KC