ក្រុង​សិង្ហបុរីៈ ក្រុម​ហ៊ុន​ពិ​គ្រោះ​យោបល់​អចល​នទ្រ​ព្យ​ JLL របស់​អាមេរិក​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយ​ការណ៍​​ចុង​ក្រោយ​របស់​ខ្លួន​ថា ទីតាំង​ការិយា​ល័យ​នៅ​​ប្រទេស​ សិង្ហ​បុរី ​​មាន​តម្លៃ​ខ្ពស់​​បំ​ផុត​លំ​ដាប់​ទី ១០ នៅ​ទ្វីប​អាស៊ី ដោយ​ទី​ក្រុង​ហុង​កុង​ស្ថិត​ក្នុង​លំដាប់​កំពូល។​

បន្ទាប់​ពី​​ចេញ​ផ្សាយ​របាយ​ការណ៍​​ស្តីពី​ការ​តាមដាន​តម្លៃ​​ជួល​ការិយា​ល័យ​តម្លៃ​ខ្ពស់​ (Premium Office Rent Tracker) ក្រុម​ហ៊ុន​ JLL បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​សិង្ហ​បុរី ​គឺ​ជា «ទី​តាំង​ការិ​យាល័​យ​​ដែល​ចំណាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​» ខណៈ​ដែល​ទីតាំង​ការិយា​ល័យ​តម្លៃ​ខ្ពស់​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ហុងកុង នៅ​តែ​​មាន​តម្លៃ​​ខ្ពស់​បំផុត​លើ​ពិ​ភព​លោក រយៈ​ពេល ៤ ឆ្នាំ​ជាប់​គ្នា។

ក្នុង​ប្រទេស​ សិង្ហ​បុរី ការ​ជួល​​ទីតាំង​ការិ​យា​ល័យ​បែប​នោះ​ជា​មធ្យម​មាន​តម្លៃ​​ ១០៨ ដុល្លារ​អា​មេរិក (១៤៨ ដុល្លារ​សិង្ហ​បុរី​) ក្នុង​មួយ​​ហ្វ៊ីត​ការ៉េ​ ពោល​គឺ​ស្មើ​នឹង​ប្រ​ហែល​ ១ ​ ភាគ ៣ នៃ​តម្លៃ​ជួល​​​​​​ក្នុង​សង្កាត់​កណ្តាល​​នៅ​​ទី​ក្រុង​ហុង​កុង​ដែល​មាន​​តម្លៃ ៣៣៨ ដុល្លារ​អា​មេរិក​​ក្នុង ១ ​ហ្វ៊ីត​ការ៉េ។​

ថ្លៃ​ជួល​​ក្នុង​សង្កាត់​ពាណិជ្ជ​កម្ម​កណ្តាល​​​របស់​ទី​ក្រុង​ហុង​កុង​នេះ​ ថ្លៃ​ខ្ពស់​ជាង​​​​ប្រហែល​ ៦០ ​ភាគរយ​ពី​ថ្លៃ​ជួល​​នៅ​សង្កាត់​​កណ្ដាល​ទី​ក្រុង​ញូវយ៉ក ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ២​ លើ​ពិ​ភព​លោក​ក្នុង​ចំណោម​ទី​ផ្សារ​ការិយា​ល័យ​សំខាន់​ៗ​ទាំង​ ៧២ នៅ​ក្នុង​ទី​ក្រុង​ ៦១​។​

នេះ​គឺ​ជា​ការ​ចេញ​ផ្សាយ​លើ​ក​ទី ៤​ ហើយ​​សម្រាប់​របាយ​ការណ៍​​​របស់​ក្រុម​ហ៊ុន​ផ្តល់​​សេវា​ប្រឹក្សា​​អចលន​​ទ្រព្យ JLL នេះ។​

ក្រុម​ហ៊ុន JLL បាន​ឲ្យ​ដឹង​ថា តម្លៃ​ជួល​​ខ្ពស់​នៅ​ទី​ក្រុង​ហុង​កុង បាន​​រួម​​ចំណែក​ដោយ​សារ​​​​ក្រុម​ហ៊ុន​របស់​ប្រទេស ​ចិន ដែល​ទិញ​ភ្លាម​ៗ​នូវ​ទីតាំង​ការិយា​ល័យ​​កម្រិត ​A នៅ​ទី​នោះ​។

ប្រទេស​ សិង្ហ​បុរី ត្រូវ​បាន​ជាប់​ចំ​ណាត់​​​​ថ្នាក់​ទី​ ១០ នៅ​លើ​បញ្ជី​ទីផ្សារ​ការិយា​ល័យ​តម្លៃ​ខ្ពស់​បំផុត​ថ្លៃ​បំផុត​​នៅ​អា​ស៊ី​ កើន​ឡើង​ពី​ចំណាត់​ថ្នាក់​ទី ១៤ កាល​ពី​ឆ្នាំ​មុន​។​

លោក​ Chris Archibold ប្រធាន​ទទួល​បន្ទុក​ការ​ជួល​របស់​​ក្រុម​ហ៊ុន​ JLL Singapore បាន​ថ្លែង​ថា​៖«​​ប្រទេស​ សិង្ហ​បុរី ​​មាន​លក្ខណៈ​ប្រកួត​គ្នា​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ថា ​ប្រទេស​នេះ​ជា​មជ្ឈ​មណ្ឌល​ពិ​ភព​លោក​មួយ​សម្រាប់​ឧស្សាហ​កម្ម​មាន​តម្លៃ​ខ្ពស់​ជា​ច្រើន​ និង​ផ្ដល់​​ជីវភាព​រស់​នៅ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ ប៉ុន្តែ​​មាន​តម្លៃ ទាប​បើ​ធៀប​នឹង​មជ្ឈ​មណ្ឌល​ពិ​ភព​លោក​ផ្សេង​ទៀត​»​។​

លោក​បន្ថែម​ថា​៖ «​លទ្ធ​ផល​សុទ្ធ​ (Net result) នៃ​ការ​ជួល​នេះ​គឺ​ថា យើង​កំពុង​មើល​ឃើញ​​ការ​​កើន​ឡើង​នៅ​ក្នុង​វិ​ស័យ​ជា​ច្រើន ដែល​រួម​ទាំង​​កំណើន​គួរ​​ឲ្យ​កត់​សម្គាល់​លើ​តម្រូវ​ការ​​មក​ពី​វិស័យ​បច្ចេក​វិទ្យា​​ផង​ដែរ»​។​

របាយ​ការណ៍​របស់​ក្រុម​ហ៊ុន JLL ​ប្រើប្រាស់​ទិន្នន័យ​ស្ដី​ពី​ការ​ជួល​ដែល​សម្រេច​បាន​​​នៅ​ក្នុង​អគារ​គុណ​ភាព​ខ្ពស់​បំ​ផុត​​​ក្នុង​សង្កាត់​ការិយា​ល័យ​ដ៏​សំខាន់​នៅ​ក្នុង​ទី​ក្រុង​នា​នា។​​

របាយ​ការណ៍​នេះ​រួម​​បញ្ចូល​ធាតុ​សំ​ខាន់​ៗ​​នៃ​ការ​ចំ​ណាយ​លើ​ការ​កាន់​កាប់ (occupancy cost) ពោល​គឺ​ជា​​ថ្លៃ​ជួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​សុទ្ធ (net effective rent) ការ​គិត​ថ្លៃ​សេវា​ និង​ពន្ធ​អច​លន​ទ្រព្យ​ ដែល​ទាំង​អស់​នេះ​ ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ស្ដង់ដារ​ ដើ​ម្បី​អាច​ឲ្យ​មាន​ការ​ប្រៀប​ធៀប​ជា​លក្ខណៈ​អន្តរ​ជាតិ​។​

ក្នុង​រយៈ​​ពេល​​ប៉ុន្មាន​​​ខែ​ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​អន្តរ​ជាតិ​ជា​ច្រើន​បាន​ប្រកាស​ផែន​ការ​​បង្កើត​ការិយា​ល័យ​កណ្ដាល​​ប្រចាំ​តំ​បន់​​នៅ​ក្នុង​ប្រទេស​ សិង្ហ​បុរី​ ដែល​រួម​ទាំង​ក្រុមហ៊ុន​ Guardant Health ដែល​ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​វេជ្ជ​សាស្ដ្រ​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ Nasdaq និង​ក្រុមហ៊ុន​ Engie ដែល​ជា​ក្រុម​ហ៊ុន​ថាម​ពល​របស់​ប្រ​ទេស​ បារាំង​។​

លោក​ Paul Maguire ប្រធាន​ប្រតិ​បត្តិ​ប្រចាំ​តំបន់​អាស៊ី​ និង​ប៉ាស៊ី​ហ្វិក​​ការ​របស់​ក្រុម​ហ៊ុន Engie បាន​ឲ្យ​ដឹង​កាល​ពី​ខែ​តុ​លា​ថា ​​​សិង្ហបុរី​​គឺ​ជា​ជម្រើស​ពី​ធម្មជាតិ​​មួយ​សម្រាប់​​ក្រុមហ៊ុន Engie ដោយ​សារ​តែ​អតិ​ថិជន​​ជា​ច្រើន​របស់​ខ្លួន​មាន​មូលដ្ឋាន​នៅ​ទី​នេះ​។​ លោក​បាន​លើក​ឡើង​ពី​ចក្ខុ​វិស័យ​ប្រទេស​វៃ​ឆ្លាត (Smart Nation) និង​ភាព​ជា​អ្នក​ដឹក​នាំ​ខាង​នវា​នុវត្ត​ន៍ និង​​​ចីរភាព​​របស់​​​សិង្ហ​បុរី។​

ទោះ​ជា​យ៉ាង​ណា ក្រុម​ហ៊ុន JLL បាន​​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ដែល​ផ្តល់​​សេវា​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ គឺ​នៅ​តែ​​ជា​​ក្រុម​ហ៊ុន​ជួល​ឈាន​មុខ​គេ​នូវ​ទីតាំង​​ការិយា​ល័យ​តម្លៃ​ខ្ពស់​លើ​ពិ​ភព​លោក​។​

តម្រូវ​ការ​​ជួល​ការិយា​ល័យ​នៅ​តែ​រឹងមាំ​​​ក្នុង​ប្រទេស​ សិង្ហបុរី​។ សន្ទស្សន៍​​ជួល​ការិយា​ល័យ​សម្រាប់​​តំបន់​ផ្នែក​កណ្ដាល​​បាន​កើន ​២,៥​ ភាគ​រយ​​​ក្នុង​ពេល​ ​៣ ខែ​គិត​ត្រឹម​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​​ធៀប​នឹង​​​ត្រី​មាស​ទី ២​ ដោយ​ពឹង​ផ្អែក​លើ​ទិន្នន័យ​​បាន​ពី​អាជ្ញា​ធរ​អភិ​វឌ្ឍន៍​នៅ​ទីក្រុង​ឡើង​វិញ (UR​A)។​​

យោ​ង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​ Blo-omberg ដែល​បាន​រាយ​ការណ៍​នៅ​ពេល​ថ្មី​ៗ ក្រុមហ៊ុន Cushman & Wakefield ដែល​ជាក្រុមហ៊ុន​ផ្តល់​សេវា​អចលន​ទ្រព្យ​របស់​អាមេរិក រំពឹង​ថា ការ​ជួល​ការិយា​ល័យ​កម្រិត​ A នៅ​ក្នុង​ប្រទេស​ សិង្ហ​បុរី នឹង​កើន​ឡើង​ចំនួន ១១ ភាគរយ​នៅ​ឆ្នាំ​នេះ​ និង ​៩ ភាគ​រយ​នៅ​ឆ្នាំ​ក្រោយ​​៕​ ANN/LA