The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេដ្ឋី​ហុងកុង ​ទិញ​លំនៅឋាន​តម្លៃ​ ១១៧ ​លាន​ដុល្លារ​

សេដ្ឋី​ហុងកុង ​ទិញ​លំនៅឋាន​តម្លៃ​ ១១៧ ​លាន​ដុល្លារ​

Content image - Phnom Penh Post
ទិដ្ឋភាព​នៃ​អគារ​ខ្ពស់ៗ​ជា​ច្រើន​ នៅ​ទីក្រុង​ហុងកុង។ រូបថត AFP

សេដ្ឋី​ហុងកុង ​ទិញ​លំនៅឋាន​តម្លៃ​ ១១៧ ​លាន​ដុល្លារ​

ក្រុង​ហុងកុងៈ កូន​ប្រុស​អាយុ​ ២២ ​ឆ្នាំ​របស់​មហាសេដ្ឋី​មួយ​រូប​បាន​ទម្លាក់​ប្រាក់​ចំនួន ១១៧ ​លាន​ដុល្លារ ​សម្រាប់​ការ​ទិញ​លំនៅឋាន​ប្រណីត​មួយ​កន្លែង​​ក្នុង​ទីក្រុង​ហុងកុង ដែល​នេះ​ជា​ការ​ទិញ​​តម្លៃ​ខ្ពស់​ចុង​ក្រោយ​​បំផុត​ក្នុង​ទីក្រុង​មួយ​ដែល​ថ្មីៗ​នេះ​បាន​រង្គោះរង្គើ​ដោយសារ​​ការ​តវ៉ា​ប្រឆាំង​ផ្នែក​នយោបាយ​។​​

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែល​កក​ស្ទះ​ដោយ​ក្រុម​មនុស្ស​នេះ គឺ​ជា​ទីកន្លែង​ដែល​លំនៅឋាន​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​​ពិភព​លោក​ ដោយ​សូម្បី​តែ​ផ្ទះ​ល្វែង​មាន​តម្លៃ​ទាប​បំផុត​ក៏​កម្មករ​ធម្មតា​​ភាគ​ច្រើន​មិន​អាច​មាន​លទ្ធភាព​ទិញ​​បាន​ដែរ​។​
កំណើន​វិសមភាព​ និង​កង្វះ​លំនៅឋាន គឺ​ជា​ចំណែក​មួយ​ដែល​​​ជំរុញ​ឲ្យ​​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​​តាមរយៈ​​ការ​ធ្វើ​បាតុកម្ម​​ដែល​ដឹកនាំ​ដោយ​ក្រុម​យុវវ័យ​ជា​បន្តបន្ទាប់​។​

លោក Matthew Cheung Siu-woon បាន​បញ្ចេញ​ប្រាក់​ ៩១៦ លាន​ដុល្លារ​ហុងកុង ​សម្រាប់​លំនៅឋាន​​មួយ​​មាន​ទំហំ​ ៨០៦ ​ម៉ែត្រ​ការ៉េ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ដាក់​លក់​នៅ​លើ​ទីផ្សារ​​កាល​ពី​ខែ​ឧសភា និង​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​។ នេះ​បើ​យោង​តាម​ឯកសារ​ចុះ​បញ្ជី​ដីធ្លី​ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឃើញ។​

លំនៅឋាន​នេះ​ស្ថិត​នៅ​​ក្នុង​អគារ The Peak ដែល​ជា​សង្កាត់​មួយ​ក្នុង​ចំណោម​សង្កាត់​ល្អ​បំផុត​ក្នុង​ទីក្រុង​ហុងកុង។ លំនៅឋាន​ដែល​មាន​កម្ពស់​ ៦ ជាន់​នេះ​រួមមាន ​អាង​ហែល​ទឹក សួនច្បារ កន្លែង​លម្ហែ​នៅ​លើ​ដំបូល និង​ជណ្ដើរ​យន្ត​ឯកជន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​កូន​សៀវភៅ​ប្រកាស​លក់​។​

ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា លោក Siu ដែល​មាន​វ័យ​ ​២២ ​ឆ្នាំ គឺ​​ជា​អគ្គនាយក​ក្រុមហ៊ុន​អប់រំ​មួយ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ Cheung & Sons ដែល​ជា​របស់​គ្រួសារ​លោក​ផ្ទាល់​។ Cheung & Sons គឺ​ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ ដែល​មាន​ដូច​ជា​ ​អចលនទ្រព្យ​ កសិពាណិជ្ជកម្ម អប់រំ និង​សំណង់​។​

ក្រុមហ៊ុន​នេះ​​មិន​បាន​ឆ្លើយតប​នឹង​ការ​ស្នើសុំ​ព័ត៌មាន​របស់ AFP ​អំពី​ការ​ទិញ​នេះ​ទេ​។​

ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន លោក Matthew Cheung Siu-woon ដែល​ជា​បុគ្គល​ម្នាក់​​ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​បាន​​​ឲ្យ​ដឹង​ថា ​លោក​បាន​ចាប់​ផ្ដើម​ចូលរួម​ក្នុង​ក្រុមហ៊ុន​ដែល​បើក​បង្រៀន​​ភាសា​​ចិន នៅ​ពេល​មាន​អាយុ ​១៩ ​ឆ្នាំ ពេល​លោក​សិក្សា​នៅ​សាកលវិទ្យាល័យ​ទីក្រុង​ឡុងដ៍​។​

ហុងកុង ជា​ទីក្រុង​មួយ​ដែល​មនុស្ស​វ័យ​ចំណាស់​ក្រីក្រ​បំផុត​អាច​ត្រូវ​បាន​​មើល​ឃើញ​ដើរ​​ប្រមូល​ក្រដាស​កាតុង​នៅ​​តាម​ដង​ផ្លូវ​ដើម្បី​យក​ទៅ​​កែច្នៃ​ឡើង​វិញ​ ខណៈ​ទីនោះ​ក៏​ជា​កន្លែង​ដែល​​​ចំនួន​នៃ​ក្រុម​សេដ្ឋី​ប្រាក់​ពាន់​​លាន​នៅ​លើ​ពិភព​លោក​​ច្រើន​ជាង​គេ​។​

សេចក្ដី​រាយការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE កាល​ពី​ពេល​ថ្មីៗ​​នេះ​ បាន​ផ្ដល់​ចំណាត់​ថ្នាក់​ឲ្យ​​​ក្រុង​​ហុងកុង ​ជា​កន្លែង​ដែល​លំនៅឋាន​​មាន​​​តម្លៃ​ខ្ពស់​បំផុត​ ដោយ​មាន​តម្លៃ​ជា​មធ្យម​ជាង​ ២០០ ០៩១ ​ដុល្លារ ​​ក្នុង​មួយ ​១ ​ម៉ែត្រ​ការ៉េ​​។

សេចក្ដី​រាយការណ៍​កាល​ពី​ខែ​កញ្ញា​ដោយ​​ក្រុមហ៊ុន UBS បាន​ឲ្យ​ដឹង​ថា «​កម្មករ​ជំនាញ» ត្រូវការ​ប្រាក់​ចំណូល​រយៈពេល​ ២២ ​ឆ្នាំ ​​ដើម្បី​អាច​ទិញ​ផ្ទះ​ល្វែង​ទំហំ ៦០ ​ម៉ែត្រ​ការ៉េ ដោយ​​កើន​ឡើង​ពី​ ១២ ​ឆ្នាំ ​ក្នុង​រយៈពេល ​១ ​ទសវត្សរ៍​​កន្លង​មក។​

របាយការណ៍​ទ្រព្យ​សម្បត្តិ​ពិភព​លោក​របស់​ក្រុមហ៊ុន​​ Knight Frank មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ជា​ច្រើន​នៅ​ទីក្រុង​ហុងកុង បាន​កើន​ឡើង​ពី ​៤០ ​​នាក់ ​កាល​ពី​ឆ្នាំ ​២០១៣ ដល់ ​៦៤ ​នាក់ ​កាល​ពី​ឆ្នាំ​មុន​។​

អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ទីក្រុង​នេះ​​ដែល​ដាក់​លក់​នៅ​ពេល​បច្ចុប្បន្ន គឺ​គេហដ្ឋាន​ដែល​មាន​បន្ទប់​គេង​ ​៤ ដែល​ចុះ​បញ្ជី​ដោយ​​ក្រុមហ៊ុន​ Christies មាន​តម្លៃ​ ៤៤៨ ​លាន​​ដុល្លារ ​ហុងកុង (​៥៧ ​លាន​ដុល្លារ​អាមេរិក​) ដែល​ជា​តម្លៃ​ស្នើសុំ៕AFP/LA

អត្ថបទគួរចាប់អារម្មណ៍