
អាផាតមិន មួយដែលស្ថិតក្នុងខណ្ឌចំការមន។ ហុង មិនា
ភ្នំពេញ: ខណ្ឌចំការមន និងខណ្ឌទួលគោក នឹងនៅតែបន្តស្រូបយកការវិនិយោគក្នុងវិស័យអាផាតមិនកាន់តែច្រើន ខណៈខណ្ឌសែនសុខនឹងក្លាយជាទិសដៅថ្មីមួយ ស្របពេលដែលចំនួនអាផាតមិនក្នុងរាជធានីភ្នំពេញនឹងកើន ៣ ដងនៅឆ្នាំ ២០៣០។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ VTrust Appraisal ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បង្ហាញថា បច្ចុប្បន្ននៅភ្នំពេញអាផាតមិនភាគច្រើនស្ថិតនៅក្នុងខណ្ឌចំការមន ដោយមានចំនួន ២៣០ គម្រោងស្មើនឹង ៥ ៨២០យូនីត ឬ ៦៤ ភាគរយនៃការផ្គត់ផ្គង់ទីផ្សារទាំងមូល ខណៈខណ្ឌទួលគោកមានចំនួន ៥៦ គម្រោង ស្មើនឹង ១ ៤៤៦ យូនីត ឬ ១៦ ភាគរយនៃចំណែកទីផ្សារ។
របាយការណ៍ដដែលបង្ហាញទៀតថា ខណ្ឌ ៧ មករា និងខណ្ឌដូនពេញក៏ចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទីផ្សារអាផាតមិនផងដែរ ដោយមាន ៦៣៥ យូនីត និង ៥៩០ យូនីតរៀងគ្នា។
ខណៈដែលខណ្ឌចំការមន និងខណ្ឌទួលគោកនឹងនៅតែទាក់ទាញការវិនិយោគនៅពេលអនាគតនោះ ខណ្ឌថ្មីមួយទៀតដែលនឹងទទួលបានការវិនិយោគខាងផ្នែកផ្គត់ផ្គត់អាផាតមិននេះ គឺខណ្ឌសែនសុខ។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal បានឱ្យដឹងថា ភាពទាក់ទាញរបស់ខណ្ឌសែនសុខឲ្យក្លាយជាទិសដៅវិនិយោគលើអាផាតមិនបន្ទាប់នោះ គឺដោយសារបច្ចុប្បន្ន ខណ្ឌនេះកំពុងប្រែក្លាយជាតំបន់ពាណិជ្ជកម្មថ្មីមួយ។
លោកបានថ្លែងថា៖ «សែនសុខកំពុងទាញនូវចំណាប់អារម្មណ៍ស្ថាប័នជាច្រើនឲ្យចូលទៅ [ខណ្ឌសែនសុខ]។ ជាក់ស្តែងគម្រោងធំៗ បានលេចឡើងជាបន្តបន្ទាប់នៅទីនោះ»។
បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានគម្រោងអាផាតមិនសរុបចំនួន ៣៥៥ គម្រោង ស្មើនឹង ៩ ០២១ យូនីត នៅដំណាច់ឆ្នាំ ២០១៨ ដែលនឹងកើនឡើង ៣ ដងដល់ ២៨ ០០០ យូនីតក្នុងឆ្នាំ ២០៣០។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវដដែលនេះ។
លោក សីហា បានឱ្យដឹងថា ការផ្គត់ផ្គង់អាផាតមិនក្នុងរាជធានីភ្នំពេញនឹងមានកំណើនប្រចាំឆ្នាំ ១០ ភាគរយ (អត្រាកំណើនថេរប្រចាំឆ្នាំ) ដែលមានន័យថា យូនីតថ្មីៗកើនឡើងជាមធ្យមចំនួន ១ ៥៨០ យូនីតក្នុង ១ ឆ្នាំចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។
លោកថ្លែងថា៖ «ទីផ្សារអាផាតមិននៅកម្ពុជានឹងកាន់តែមានភាពល្អប្រសើរ ពិសេសអាផាតមិនកម្រិតមធ្យមដែលនឹងអាចទាក់ទាញបានអតិថិជនក្នុងស្រុកកាន់តែច្រើន នៅពេលដែលចំនួនប្រជាជន និងចរាចរណ៍ក្នុងទីក្រុងកាន់តែចង្អៀត»។
លោកថាការសន្និដ្ឋាននេះលោកមានមូលដ្ឋានកត្តាមួយចំនួនដូចជា កំណើនប្រជាសាស្រ្ត ចំនួនជនបរទេសដែលចូលមករស់នៅ ឬធ្វើការក្នុងរាជធានីភ្នំពេញ កំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ចំនួនអ្នកវិនិយោគ និងទេសចរចិន និងបម្រែបម្រួលឥរិយាបថក្នុងការរស់នៅរបស់ប្រជាជនខ្មែរ។
ទាក់ទងនឹងការវិនិយោគលើអាផាតមិន លោក សីហា បានអះអាងថា៖ «បច្ចុប្បន្នមានអ្នកវិនិយោគលើខុនដូមួយចំនួនបានកែលម្អគម្រោងរបស់ខ្លួនទៅជាអាផាតមិន ព្រោះការ លក់ខុនដូអាចពិបាក»។
លោក ពឹង សេរី នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា អង្គរ រៀលអ៊ីស្ទេត បានប្រាប់ថា បច្ចុប្បន្នការវិនិយោគទៅលើអាផាតមិនអាចនិយាយថា កំពុងមានទីផ្សារល្អ ព្រោះវាអាចជួយឲ្យវិនិយោគិនទទួលបានប្រាក់មកវិញជាបណ្តើរៗ។ ដើម្បីងាយទទួលបានជោគជ័យ អ្នកវិនិយោគលើអាផាតមិនទាំងអស់ត្រូវតែគិតទៅលើតម្លៃ និងចំណតជាចម្បង។
លោកថ្លែងថា៖ «ទីផ្សារអាផាតមិនកំពុងមានសក្តានុពលខ្ពស់ ព្រោះការទទួលបានប្រាក់កម្រៃត្រឡប់មកវិញលឿន»។
លោកលើកឡើងថា នៅរយៈពេល ៥ ឆ្នាំខាងមុខ ទីផ្សារអាផាតមិននឹងកាន់តែមានភាពទាក់ទាញ ព្រោះប្រជាជនខ្មែរនឹងចូលទៅរស់នៅអាផាតមិន។
បច្ចុប្បន្ននេះអាផាតមិន ក្នុងរាជធានីភ្នំពេញ ប្រភេទ ១ បន្ទប់គេង មានតម្លៃជួលជាមធ្យមក្នុង ១ ខែចន្លោះពី ៤០០-៦០០ ដុល្លារ ប្រភេទ ២ បន្ទប់គេង មានតម្លៃមធ្យមចន្លោះពី ៨០០-១ ២០០ ដុល្លារ និងប្រភេទ ៣ បន្ទប់គេង មានតម្លៃពី ១ ៥០០-៣ ០០០ ដុល្លារ។ នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨ នេះអត្រាជួលសរុបគឺ ៨៤ ភាគរយ៕LA