The Phnom Penh Post Search

Search form

សំណង់​ទីផ្សារ​កុងតឺន័រ កំពុង​ពេញ​និយម​សម្រាប់​កម្ពុជា

Content image - Phnom Penh Post
ទិដ្ឋភាព​មើល​ពី​ក្រៅ​នៃ​ហាង​ភោជនាហារ និង​ភេសជ្ជៈ​នៅ​ក្នុង​ផ្សារ​កុងតឺន័រ​ថ្មី​នៅ​ទួល​គោក។ រូបថត SUPPLIED

សំណង់​ទីផ្សារ​កុងតឺន័រ កំពុង​ពេញ​និយម​សម្រាប់​កម្ពុជា

នៅ​ពេល​បច្ចុប្បន្ន ប្រភេទ​ផ្សារ​ដែល​សាងសង់ និង​ឌីហ្សាញ​ពី​កុងតឺន័រ ជា​ប្រភេទ​ផ្សារ​ដែល​ពេញ​និយម និង​មាន​ស្តង់ដារ​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​តម្រូវ​ការ​របស់​អតិថិជន​។

សំណង់​ផ្សារ​កុងតឺន័រ​ជាច្រើន​បាន​លេច​រូបរាង​ក្នុង​ប្រទេស​កម្ពុជា ដែល​ការ​តុបតែង​របស់​ហាង​កុងតឺន័រ​នីមួយៗ​មាន​រូបសណ្ឋាន និង​រចនាបទ​កែច្នៃ​ផ្សេងៗ​គ្នា​។ នៅ​ភ្នំពេញ នឹង​មាន​ផ្សារ​កុងតឺន័រ​មួយ​ថ្មី​ទៀត ឈ្មោះ Art’s Container Market ដែល​សាងសង់​លើដី​តំបន់​បឹងកក់​។

យោង​តាម​ម្ចាស់​អាជីវកម្ម​វ័យ ២៧​ឆ្នាំ លោក ប៊ុន សេង បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា គំនិត​នៃ​ការ​បង្កើត​អាជីវ​កម្ម​នេះ (Art’s Container Market) គឺ​ដើម្បី​គាំទ្រ​ទាំង​អាជីវកម្ម​ដែល​បង្កើត​ថ្មី​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ដល់​អតិថិជន​។

លោក​បាន​ឲ្យ​ដឹង​ថា Art’s Container Market គឺជា​អាជីវកម្ម​ទី​១ របស់​លោក​បន្ទាប់​ពី​ការ​បើក​ភោជនីយដ្ឋាន​រួច​មក ផ្សារ​នេះ​នឹង​មាន​ការ​ផ្គត់​ផ្គង់​តែ​សេវាកម្ម​ភោជនាហារ និង​ភេសជ្ជៈ ដោយ​មិន​មាន​ការ​លក់​សម្លៀក បំពាក់ ឬ​សម្ភារ​ប្រើ​ប្រាស់​ដូច​ផ្សារ​រាត្រី​ដទៃ​ឡើយ​។

ដោយ​ការ​បង្កើត​កន្លែង​អាជីវកម្ម​នេះ​មិន​មែន​ជា​លើក​ដំបូង សំណង់​ផ្សារ​កុងតឺន័រ​ជិត​ ៨០ ​តូប ដែល​ស្ថិត​ក្នុង​ផ្ទៃដី​ជិត​៣​ពាន់​ម៉ែត្រ​ការ៉េ បាន​ខិតខំ​ធ្វើ​ការ​ឌីហ្សាញ​ជា​លក្ខណៈ​ស្តង់ដារ​ថ្មី ដោយ​ ផ្តោត​សំខាន់​ទៅ​លើ​ទម្រង់​សិល្បៈ ដែល​កំពុង​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​។

ជាមួយ​នឹង​ហាង​ដែល​ឌីហ្សាញ​ជា​លក្ខណៈ​សិល្បៈ និង​ការ​ទស្សនា​តន្ត្រី​ពី​ក្រុម​អ្នក​ចម្រៀង​និពន្ធ​ដោយ​ខ្លួន​ឯង លោក សេង បន្ត​ថា​ ៖ «​អតិថិជន នឹង​មាន​ការ​ចាប់​អាម្មរណ៍​ខ្លាំង​លើ​ការ​តុប​តែង​រចនា​ផ្នែក​ខាង​ក្នុង​របស់​ហាង​នីមួយៗ​នៅ​ក្នុង​ផ្សារ​របស់​យើង​»​។

Content image - Phnom Penh Post
ផ្សារ​កុងតឺន័រ​ថ្មី​នៅ​ទួលគោក កំពុង​សាងសង់។ រូបថត SUPPLIED

លោក​បាន​ពន្យល់​ពី​ការ​បើក​អាជីវកម្ម​នៅ​ទីតាំង​បឹងកក់​ថា​ ៖ «ខ្ញុំ​នឹង​កំណត់​តម្លៃ​មួយ​សមរម្យ​សម្រាប់​ប្រជាជន​គ្រប់​ថ្នាក់ ហើយ​ខ្ញុំ​ជឿថា ទីតាំង​នេះ​ជា​ទីតាំង​គោល​ដែល​ជា​ទីក្រុង​គជ់​ដូច​តំបន់​កោះ​ពេជ្រ ហើយ​ភ្ញៀវ​នៅ​ក្បែរ​ទីតាំង​នេះ​រស់នៅ​តំបន់​ទួលគោក​ជាដើម​»​។

លោក ប៉ែន វឌ្ឍនៈ​យុត្តិ វ័យ ២៣​ឆ្នាំ មាន​បើក​អាជីវកម្ម​មួយ​នៅ​ក្នុង Art’s Container Market បាន​ប្រាប់ថា​៖ «​យើង​បាន​នាំ​យក​ហាង​មកពី​ស្រុក​ក្រៅ​ដែល មាន​លក់​ប្រភេទ​ជា Burger ដែល មាន​រូប​ស្អាត​។ អ្វីដែល​សំខាន់ គឺជា​ប្រភេទ​ម្ហូប​មក​ពី​ប្រទេស​ហុងកុង ដែល​មាន​ឈ្មោះ​ថា «Bear Bread»​។

លោក​បាន​ឲ្យ​ដឹង​ថា ទីតាំង​ហាង​ក្នុង​តំបន់​នេះ​ជា​តំបន់​ទីប្រជុំជន នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ហើយ​ផ្សារ​កុងតឺន័រ​នេះ​មាន​លក្ខណៈ​ខុសពី​ផ្សារ​រាត្រី​ផ្សេងៗ ដែល​មាន​លក់​ចម្រុះ​ច្រើន​មុខ​។

លោក​បន្ត​ថា​ ៖ «​ម្ហូប​ដែល​យើង​បាន​នាំចូល​មក​ជា​ប្រភេទ​មុខ​ម្ហូប​ថ្មី សង្ឃឹម​ថា​ប្រជាជន​ទូទៅ ជា​ពិសេស​យុវវ័យ នឹង​ពេញចិត្ត​ជាមួយ​នឹង​រសជាតិ និង​រូបរាង​ស្រស់​ស្អាត​ខុសពី Burger ដែល​មាន​លក់​នៅក្នុង​ប្រទេស​នេះ​ពីព្រោះ​គ្រឿង​ផ្សំ​បាន​នាំ​យក​មក​ពី​ខាង​ក្រៅ​ទាំង​អស់​»​។

ផ្សារ Art’s Container Market ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងកក់ នឹង​ចាប់​ផ្តើម​បើក​លក់​នៅ​ថ្ងៃទី​៥ ខែសីហា ខាង​មុខ នេះ គឺ​ចាប់ពី​ម៉ោង ៤​ល្ងាច​រហូត ទល់​ភ្លឺ​៕

អត្ថបទគួរចាប់អារម្មណ៍