នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។ មួយ​សន្ទុះ​ក្រោយ​មក​លោក​បាន​បិទ​កុំព្យូទ័រ​យួរដៃ​នោះ ហើយ​ងាក​ទៅ​ចាប់​យក​ឧបករណ៍​ចាំង​ឆ្លាក់​របស់​លោក​ធ្វើការ​លើ​ចម្លាក់​ដែល​លោក​ត្រូវ​ធ្វើ​បញ្ចប់​សម្រាប់​ការតាំងពិព័រណ៍​នា​ពេល​ខាង​មុខ​។

ប្រសិន​បើ​ស្ថាបត្យករ និង​សិល្បករ​សហសម័យ​ម្នាក់​នេះ​មាន​ភាព​តានតឹង​ពី​ការងារ​លោក​តែងតែ​ចូលចិត្ត​ទៅ​ហាង​កាហ្វេ TINI ដែល​លោក​ជា​ម្ចាស់​ដើម្បី​សម្រាក ឬ​គិត​ពិចារណា​។ ហាង​កាហ្វេ​តូច​នៅ​ជិត​ផ្សារ​ទួល​ទំពូង​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​លោក សុធា ផ្ទាល់ ខណៈ​ការតុបតែង​ក្នុង​ហាង​នេះ​មាន​រូបគំនូរ និង​រូបចម្លាក់​ដែល​លោក​បាន​សាង​ឡើង​មាន​ដូចជា​រូប​ឈ្មោះ Devata ​ដែល​កាលពី​ឆ្នាំ​ ២០១៥ ត្រូវ​បាន​ដាក់​តាំង​នៅ​សាល​តាំង​របស់ Alliance Francaise នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

ជីវិត​របស់​លោក សុធា គឺ​ប្រៀប​ដូច​ហាង​កាហ្វេ​របស់​លោក​ដែរ​គឺជា​ការ​លាយ​ចម្រុះ​គ្នា​នៃ​ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ​។

មិន​មាន​ស្ថាបត្យករ ឬ​វិចិត្រករ​ម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​លោក​ទេ​។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន សុធា គ្រាន់​តែ​ជា​ក្មេង​ម្នាក់​មកពី​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​ចូលចិត្ត​គូរគំនូរ ក៏​ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ទឹកដៃ​អស្ចារ្យ​ខ្លាំងក្លា​នោះ​ទេ ក្រៅតែ​ពី​ពាន​រង្វាន់​មួយ​ចំនួន​ដែល​លោក​បាន​ឈ្នះ​នៅក្នុង​សាលា​បឋមសិក្សា និង​វិទ្យាល័យ​។

លោក​បាន​និយាយ​ថា៖ «​ខ្ញុំ​តែងតែ​ចង់​ក្លាយ​ជា​សិល្បករ​មួយ​រូប ប៉ុន្តែ​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​បាន​យល់​ស្រប​ថា​វា​នឹង​ពិបាក​ណាស់​ក្នុង​ការ​រស់នៅ​ដោយ​ពឹង​លើ​អាជីព​នេះ​។ ដូច្នេះ​ខ្ញុំ​ក៏​បាន​សម្រេចចិត្ត​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​ដែល​ស្រដៀង គ្នា​ទៅ​នឹង​ចំណង់​ចំណូលចិត្ត​របស់​ខ្ញុំ​នៅ​សាកលវិទ្យាល័យ​ន័រតុន​»​។

មិន​យូរ​ប៉ុន្មាន​លោក សុធា ត្រូវ​បាន​ទាក់ទាញ​ដោយ​ស្ថាបត្យកម្ម ដោយសារ​តែ​តម្រូវការ​នូវ​ជំនាញ​សិល្បៈ និង​ការ​យល់ដឹង​ពី​សោភ័ណភាព​របស់​ជំនាញ​នេះ​។ នៅ​ពេល​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​ ២០០៧ លោក​បាន​ចូល​ធ្វើការ​នៅ​ទីភ្នាក់ងារ​ស្ថាបត្យកម្ម​បារាំង​មួយ​។

ស្រេង ម៉េងស្រ៊ុន

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ការ​អង្គុយ​នៅ​ក្នុង​ការិយាល័យ​ស្ថាបត្យករ​ប្រកប​ដោយ​ផាសុកភាព​ពិតជា​មិនមែន​ជា​ភាព​រីករាយ​របស់​លោក សុធា នោះ​ទេ ហើយ​នេះ​អាច​ជា​មូលហេតុ​ដែល​លោក​ចាកចេញ​ពី​ក្រុមហ៊ុន​នេះ​វិញ​ បន្ទាប់ពី​បម្រើការ​បាន​ ៣ ​ឆ្នាំ ដើម្បី​ផ្តោត​លើ​ការរៀន​ដោយ​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​សិល្បករ​ម្នាក់​។ មិន​យូរ​ប៉ុន្មាន​លោក សុធា បាន​អភិវឌ្ឍ​ចំណង់​ចំណូលចិត្ត​របស់​លោក​ចូល​ទៅ​ក្នុង​ទម្រង់​សិល្បៈ​សហ​សម័យ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​។

ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​វិចិត្រករ​ខ្មែរ​ម្នាក់​កំពុង​លេចធ្លោ លោក សុធា បាន​រៀបចំ​ការតាំង​ពិព័រណ៍​ទោល និង​រួម​គ្នា​ជាច្រើន​។ ពិព័រណ៍​ដំបូង​បង្អស់​របស់​លោក​ដែល​មាន​ឈ្មោះ​ថា Happy Together (​ឆ្នាំ​ ២០០៩) ដែល​បង្ហាញ​ពី​ការប្រមូល​ផ្តុំ​ផ្ទាំងគំនូរ​របស់​លោក​នៅ​សណ្ឋាគារ​ក្នុង​ខេត្ត​សៀមរាប គឺជា​ជោគជ័យ​មួយ ហើយ​លោក​ក៏​បាន​ចាប់ផ្តើម​ការតាំង​ពិព័រណ៍​ជា​បន្តបន្ទាប់​។

ការតាំង​ពិព័រណ៍​ដែល​គួរឱ្យ​កត់សម្គាល់​បំផុត​នោះ​គឺ​ការបង្ហាញ​ស្នាដៃ​របស់​លោក​នៅ​វិចិត្រសាល​សិល្បៈ Orenda Art International នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។

ទោះបី​ជា​យ៉ាង​ណា​ស្ថាបត្យកម្ម​នៅតែ​មាន​តួនាទី​សំខាន់​នៅក្នុង​ជីវិត​របស់​លោក ខណៈ​លោក​នៅ​តែ​ទទួល​យក​ការងារ​ផ្នែក​ស្ថាបត្យកម្ម​ដែល​ភាគច្រើន​ជា​ការ​ជួសជុល​កែលម្អ​ឡើង​វិញ​។ ថ្វីបើ​កិច្ចការ​ភាគច្រើន​របស់​លោក​គឺ​អគារ​ផ្ទះល្វែង​ចាស់ៗ​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដោយ​ក្តី លោក សុធា បាន​និយាយ​ថា ចំណេះដឹង​របស់​លោក​នៅ​ក្នុង​ស្ថាបត្យកម្ម​បាន​ជួយ​លោក​ឱ្យ​បង្កើត​រចនាប័ទ្ម​ពិសេស​មួយ​នៃ​សិល្បៈ​ដែល​ភ្ជាប់​យ៉ាង​រឹងមាំ​ទៅ​នឹង​រចនាសម្ព័ន្ធ​សាងសង់​។

ស្រេង ម៉េងស្រ៊ុន

លោក​អះអាង​ថា៖ «​ស្ថាបត្យកម្ម​គឺ​ផ្តោត​សំខាន់​លើ​គំនិត​រួម​បញ្ចូល​គ្នា ដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​។ ទន្ទឹម​នឹង​នេះ​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​មាន​គោលបំណង​ផ្តល់​រចនាសម្ព័ន​នូវ​ការតុបតែង​លម្អ​ដែល​ផ្តល់​ជីវិត​មួយ​ដល់​វា​ដែល​ជា​តម្លៃ​ពិតប្រាកដ​នៃ​ភាពស្រស់ស្អាត​»​។

ឧទាហរណ៍​នៃ​ការងារ​បែប​នេះ​គឺ ស្នាដៃ The Forest ដែល​កំពុង​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​ពិព័រណ៍​រួម​គ្នា​ឈ្មោះ Deambulations Artistiques នៅ​សួនច្បារ​នៃ​ស្ថានទូត បារាំង​។ ស្នាដៃ​នេះ​មាន​រូបចម្លាក់​ដើមឈើ​ចំនួន​ ១២ ដែល​ធ្វើ​ពី​កំប៉ុង​អាលុយមីញ៉ូម​ជាង​ ៦ ពាន់​ជា​កំប៉ុង​ភេសជ្ជៈ សូដា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​ត្រូវ​បាន​គេ​កាត់​ដោយ​ដៃ​ជា​រាង​ស្លឹក​តូចៗ​តាម​បណ្តោយ ដើម​ធំ​ហើយ​បាន​រួមគ្នា​ដោយ​ខ្សែ​ហាល​សម្លៀក​បំពាក់​។

ការផ្លាស់​ទី​ដោយ​កម្លាំង​នៃ​ខ្យល់​ព្រៃ​ផ្ដល់​ស្រមោល​ស្រដៀង​គ្នា​ទៅ​នឹង​ស្រមោល​ចេញ​ពី​ដើមឈើ​ធម្មជាតិ ដែល​ឈរ​នៅ​ជាប់​នឹង​វា​ក្នុង​សួនច្បារ​ដ៏ស្រស់ស្អាត​។ យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក សុធា រូប​នេះ​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ធ្វើឱ្យ​សួនច្បារ​ដ៏​ស្រស់ស្អាត​មើល​ទៅ​កាន់តែ​ល្អ​ប្រសើរ ហើយ​ថែម​ទាំង​ផ្សព្វផ្សាយ​សារ​អំពី​បរិស្ថាន​ទៀត​ផង​។

លោក​បាន​ពន្យល់​ថា៖ «​តាមរយៈ​បទពិសោធ​របស់​ខ្ញុំ​ក្នុង​ស្ថាបត្យកម្ម​រូប​គំនូរ និង​ចម្លាក់ ខ្ញុំ​យល់​ច្បាស់​ថា​វា​ទាក់ទង​គ្នា​យ៉ាង​ដូចម្តេច​» ។

ស្នាដៃ​គួរ​ឱ្យ​កត់សម្គាល់​ដទៃ​ទៀត​របស់​លោក គឺ Under The Water ដែល ចម្លាក់​រូប​ត្រី​ ១ ​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ជញ្ជាំង​នៅ​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ នៅ​ក្រុងកែប និង The Branch ជា​រូបចម្លាក់​មែកឈើ​ដែល​ឥឡូវ​ត្រូវ​បាន​ព្យួរ​នៅ​លើ​ជញ្ជាំង​ពណ៌​ស​នៃ​សាខា​ទួល​ទំពូង​របស់​ហាង​កាហ្វេ Brown​។

ស្រេង ម៉េងស្រ៊ុន

លោក សុធា បាន​បន្ថែម​ថា​ជំនាញ​សិល្បៈ​ក៏​មាន​ឥទ្ធិពល​លើ​ការងារ​របស់​លោក​ផង​ដែរ​។ ក្នុង​នាម​ជា​ស្ថាបត្យករ​ម្នាក់​លោក​តែងតែ​ដាក់តាំង​រូប​គំនូរ​របស់​លោក​ក្នុង​ប្លង់​របស់​លោក​។

លោក​និយាយ​ថា៖ «​ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ​គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ​។ ភាព​ខុស​គ្នា​ធំ​ជាង​គេ​ដែល​ខ្ញុំ​អាច​មើល​ឃើញ​គឺថា​ខ្ញុំ​ធ្វើការ​តែ​ម្នាក់ឯង​ក្នុង​នាម​សិល្បករ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​ជាច្រើន​ក្នុង​នាម​ជា​ស្ថាបត្យករ​»​។

មិន​ដូច​ស្ថាបត្យករ​ជាច្រើន​ដែល​មាន​ការ​រំពឹង​ទុក និង​គោលដៅ​ដ៏អស្ចារ្យ​នាពេល​អនាគត ជាពិសេស​តាមរយៈ​ការធ្វើ​ធុរកិច្ច បុរស​ដែល​មាន​វ័យ​ ៣៥ ​ឆ្នាំ​រូបនេះ​បាន​និយាយ​ថា៖ «​ខ្ញុំ​នឹង​ទុក​ឲ្យ​វា​មាន​លំហូរ​តាម​ពេលវេលា​» ដោយ​លោក​​រស់នៅ​ក្នុង​ជីវិត​របស់​លោក និង​ធ្វើ​អ្វី​ដែល​ធ្វើឲ្យ​លោក​សប្បាយ​រីករាយ ហើយ​​នឹង​មិនសូវ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ឡើយ​។

លោក​បាន​បន្ថែម​ថា៖ «​នៅក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​តែងតែ​រំភើប​ក្នុង​ការបង្កើត​វត្ថុ​ថ្មីៗ មិន​ថា​ជា​ស្ថាបត្យកម្ម ឬ​សិល្បៈ​នោះ​ទេ​។ សិល្បករ​កម្រ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ណាស់​ ខណៈ​ពេល​ដែល​ខ្ញុំ​មិន​មាន​មហិច្ឆតា​ធំ​ក្នុង​នាម​ជា​ស្ថាបត្យករ ប៉ុន្តែ​ខ្ញុំ​តែងតែ​រំភើប និង​រីករាយ​នៅ​ពេល​នរណា​ម្នាក់​មក​រក​ខ្ញុំ​ដើម្បី​ធ្វើការ​ក្នុង​គម្រោង​របស់​គេ​»៕

ស្រេង ម៉េងស្រ៊ុន