អ្នកស្រី សុខ មួយហ្គិច គឺជា​ផ្នែក​មួយ​នៃ​អ្នក​រចនា និង​ស្ថាបត្យករ​ជំនាន់​ថ្មី​ដែល​កំពុង​តែ​ធ្វើការ​រុញច្រាន​ទៅ​មុខ​នូវ​ដែន​កំណត់​នៃ​ស្ថាបត្យកម្ម​ប្រកប​ដោយ​ចីរភាព​។

ប្រហែល​ម៉ោង ២ ​រសៀល អ្នកស្រី សុខ មួយហ្គិច ដែល​ជា​នាយិកា​ក្រុមហ៊ុន BMK Architects កំពុង​តែ​ធ្វើការ​ពិភាក្សា​ពី​សេចក្តី​លម្អិត​នៃ​គម្រោង​រចនា​ផ្នែក​ខាង​ក្នុង​អគារ​មួយ​ជាមួយ​នឹង​បុគ្គលិក​ចំនួន​ ៦ ​នាក់​របស់​អ្នកស្រី​នៅ​ការិយាល័យ​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​ ១ ខណ្ឌ​ចំការមន​។

ការិយាល័យ​ដែល​ស្ថិត​នៅ​ពី​លើ​ហាង​កាត់​វែនតា​នេះ​អាច​នឹង​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ជា​កន្លែង​ចង្អៀត ប៉ុន្តែ​សម្រាប់​ស្ថាបត្យករ​ស្ត្រី​វ័យ​ ២៦ ​ឆ្នាំ​រូប​នេះ​ការ​ផ្លាស់​ការិយាល័យ​មក​ទី​នេះ​គឺជា​ការបោះ​ជំហាន​ដ៏ធំ​មួយ​ដោយ​ការិយាល័យ​ចាស់​របស់​ក្រុមហ៊ុន​នៅពេល​ដែល​ទើប​បើក​ដំណើរការ​កាលពី​ ២ ​ឆ្នាំ​មុន​មាន​ទំហំ​ធំ​ជាង​បន្ទប់​ធ្វើការ​ផ្ទាល់​របស់​អ្នកស្រី​តែ​បន្តិច​ប៉ុណ្ណោះ​។

ទោះ​ជា​យ៉ាង​ណា​កន្លែង​តូច​ចង្អៀត​នេះ​មិន​អាច​រាំងស្ទះ​ការច្នៃប្រឌិត និង​គំនិត​បង្កើត​ថ្មីៗ​ដែល​អ្នកស្រី​ មួយហ្គិច និង​ក្រុម​ស្ថាបត្យករ​ព្រម​ទាំង​អ្នក​រចនា​វ័យ​ក្មេង​ប្រកប​ដោយ​ថាមពល​របស់​អ្នកស្រី​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ​នោះ​ទេ​។ ការិយាល័យ​នេះ​គឺជា​ដំណាក់កាល​មួយ​នៃ​ការ​ងើប​ឡើង​របស់​ក្រុមហ៊ុន​អ្នកស្រី​នៅ​ក្នុង​វិស័យ​មួយ​ដែល​ត្រូវ​បាន​ត្រួតត្រា​ភាគច្រើន​ដោយ​បុរស​។

ជាមួយ​នឹង​រូបភាព​គម្រោង​រចនា និង​ស្ថាបត្យកម្ម​ជាច្រើន​ដ៏ស្រស់ស្អាត​នៅលើ​តុ​របស់​អ្នកស្រី គេ​មិន​អាច​ដឹង​បាន​ទេ​ថា​អ្នកស្រី មួយហ្គិច ដែល​បាន​ចាប់ផ្តើម​ជំនួញ​ជាមួយ​នឹង​ដើមទុន​ដ៏តិច ទើប​តែ​បាន​ទិញ​យក​ភាគហ៊ុន​ពី​ដៃគូ​ចំនួន​ ២ ​នាក់​កាលពី​ចុង​ឆ្នាំ​មុន​។ ក្រៅពី​មុខងារ​ជា​សហស្ថាបនិក និង​ជា​នាយិកា​គ្រប់គ្រង អ្នកស្រី​ក៏​បំពេញ​តួនាទី​ជា​ប្រធាន​ស្ថាបត្យករ អ្នក​គ្រប់គ្រង​ទីផ្សារ គណនេយ្យករ ហើយ​ជា​ញឹកញាប់​ត្រូវ​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​ថែម​ទៀត​ផង​។

អ្នកស្រី​និយាយ​ថា​៖ «​ធ្វើ​ស្ថាបត្យករ​មិនមែន​ជា​រឿង​ងាយ​ទេ ចុះ​ទំរាំ​ធ្វើ​អ្នក​ដឹកនាំ​ក្រុម​ស្ថាបត្យករ​ទៀត​? ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា យើង​នឹង​ធ្វើ​បាន​ល្អ​ដរាប​ណា​ខ្ញុំ​ខិតខំ​អស់​ពី​សមត្ថភាព និង​មាន​ជំនួយ​ពី​បុគ្គលិក​ដែល​ខ្ញុំ​អាច​ទុកចិត្ត​បាន​»​។

មិន​មាន​សមាជិក​ណា​ម្នាក់​ជា​ស្ថាបត្យករ​ក្នុង​គ្រួសារ​អ្នកស្រី មួយហ្គិច​នោះ​ឡើយ ហើយ​អ្នកស្រី​ក៏​មិន​ធ្លាប់​មាន​សុបិន​ចង់​ប្រឡូក​នឹង​អាជីព​នេះ​ដែរ​នៅក្នុង​វ័យ​កុមារភាព​។ ដោយ​កើត​មក​ជាមួយ​នូវ​ទេពកោសល្យ​សិល្បៈ​ដែល​វិវត្ត​យ៉ាង​លឿន​តាមរយៈ​ការគូសវាស និង​ការធ្វើ​វត្ថុ​នានា​ពីអ្វី​ដែល​គេ​បោះចោល​នៅ​បឋមវ័យ​ទៅ​ដល់​ការជក់​ចិត្ត​ក្នុង​ស្ថាបត្យកម្ម និង​ការ​រចនា​ខាង​ក្នុង​នៅពេល​ដែល​បញ្ចប់​វិទ្យាល័យ​។

អ្នកស្រី​ថ្លែង​ទៀត​ថា​៖ «​ខ្ញុំ​គឺជា​អ្នក​ឈាន​មុខ​គេ រឿង​គូររូប និង​គំនិត​ច្នៃប្រឌិត​ក្នុង​គ្រួសារ​របស់​ខ្ញុំ​។ នៅពេល​ដែល​ខ្ញុំ​រៀន​ចប់​វិទ្យាល័យ​ខ្ញុំ​បាន​ដឹង​ថា​ជំនាញ​ស្ថាបត្យកម្ម​គឺ​ត្រូវ​នឹង​ខ្ញុំ​។ និយាយ​តាម​ត្រង់​ទៅ​នៅ​ពេល​នោះ​ខ្ញុំ​មិន​សូវ​ដឹង​ពី​វា​ប៉ុន្មាន​ទេ តែ​មើល​ទៅ​វា​ដូចជា​សប្បាយ​ណាស់​សម្រាប់​ខ្ញុំ​»​។

ខណៈ​ឪពុកម្តាយ​របស់​អ្នកស្រី មួយហ្គិច បាន​គាំទ្រ​ការសម្រេច​ចិត្ត​របស់​អ្នកស្រី មាន​មនុស្ស​ចាស់​មួយ​ចំនួន​បាន​លើក​ឡើង​ប្រាប់​អ្នកស្រី​ថា ជំនាញ​ផ្នែក​ស្ថាបត្យកម្ម និង​វិស្វកម្ម​គឺ​សម​តែ​សម្រាប់​បុរស​ប៉ុណ្ណោះ​។ សេចក្តី​ចង់​ជម្នះ​ទៅ​លើ​គំនិត​ចាស់​គំរឹល​នេះ​ក៏​ជា​គោលបំណង​ផ្ទាល់​របស់​អ្នកស្រី​ផង​ដែរ​។

ក្រោយ​ពី​ការខិតខំ​សិក្សា​អស់​រយៈពេល ៤ ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ Limkokwing ដែល​នៅ​ចន្លោះ​ពេល​នោះ​អ្នកស្រី​បាន​ទទួល​ពាន​រង្វាន់​ជាច្រើន​ក្នុង​ការ​ប្រឡង​ប្រជែង​ផ្នែក​រចនា​ស្ថាបត្យកម្ម អ្នកស្រី មួយហ្គិច បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ Nottingham នៃ​ចក្រភព​អង់គ្លេស​។ អ្នកស្រី​បាន​បញ្ចប់​ការសិក្សា​ជាមួយ​សញ្ញាបត្រ​អនុបណ្ឌិត ផ្នែក​ស្ថាបត្យកម្ម និង​រចនា​នៅ​ឆ្នាំ​ ២០១៥​។ មុន​ពេល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ អ្នកស្រី​បាន​ចំណាយ​រយៈពេល​ប៉ុន្មាន​ខែ​ធ្វើ​ដំណើរ​ក្នុង​តំបន់​អឺរ៉ុប ដើម្បី​ដើរ​កម្សាន្ត និង​ស្វែងយល់​ពី​ស្នាដៃ​ស្ថាបត្យកម្ម និង​ឌីហ្សាញ​តាម​បស្ចឹម​ប្រទេស​នានា​។

អ្នកស្រី​និយាយ​ថា​៖ «​ស្ថាបត្យកម្ម​មិនមែន​ជា​ការឃុំ​ខ្លួន​ឯង​ទុក​មួយ​កន្លែង​នោះ​ទេ​។ ខ្ញុំ​ជឿ​ថា​ស្ថាបត្យករ​ដ៏ប្រសើរ​ត្រូវ​តែ​បាន​ឃើញ និង​សិក្សា​ពី​សំណង់​អគារ​ពី​ប្រទេស​ផ្សេងៗ​មិនមែន​ដើម្បី​តែ​ទទួល​បាន​គំនិត​ជំរុញ​ប៉ុណ្ណោះ​នោះ​ទេ តែ​ដើម្បី​បង្កើត​គំនិត​ថ្មី​ផង​ដែរ​»​។

នៅ​ប្រទេស​កម្ពុជា​មហិច្ចតា និង​គំនិត​ច្នៃប្រឌិត​របស់​អ្នកស្រី​ត្រូវ​បាន​ជំរុញ​បន្ថែម​ដោយ​គ្រូបង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​រូប​គឺ លោក ហ៊ុន ចាន់សាន ដែល​ជា​ស្ថាបត្យករ​វ័យក្មេង​ឈាន​មុខ​មួយ​រូប​នៅ​កម្ពុជា​។ អ្នកស្រី​ក៏​បាន​ទទួល​ការ​បំផុស​គំនិត​ពី​ស្ថាបត្យករ​ខ្មែរ​ដ៏ល្បី​គឺ លោក វណ្ណ ម៉ូលីវណ្ណ ដែល​ជា​អ្នក​ផ្តួចផ្តើម​មួយ​ក្នុង​ចលនា​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី ដែល​ប្រើប្រាស់​រចនាប័ទ្ម​ស្ថាបត្យកម្ម​មួយ​ដែល​នៅ​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្ថាបត្យកម្ម​ប្រកប​ដោយ​ចីរភាព​។

នៅ​ចុង​ឆ្នាំ​ ២០១៥ អ្នកស្រី មួយហ្គិច និង​ស្ថាបត្យករ​ ២ ​រូប​ទៀត​ដែល​អ្នកស្រី​បាន​ស្គាល់​កាលពី​នៅ​សិក្សា​នៅ​មហាវិទ្យាល័យ​បាន​រួម​គ្នា​ស្ថាបនា​ក្រុមហ៊ុន BMK Architects​។ ជា​ជាង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អន្តរជាតិ​ធំៗ​ក្នុង​ការ​ទទួល​បាន​គម្រោង​អគារ​ខ្ពស់ៗ និង​សំណង់​អភិវឌ្ឍន៍​ធំៗ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​កសាង​ឡើង​ចេញ​ពី​ទំនុក​ចិត្ត​របស់​អតិថិជន ដោយ​ផ្តើម​ចេញ​ពី​ការ​សង្កត់ធ្ងន់​ទៅ​លើ​គម្រោង​តូចៗ​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន​ជា​ការ​ជួសជុល​កែលម្អ និង​រចនា​ខាង​ក្នុង​បុរី វីឡា និង​ហាង​ជំនួញ​តូចៗ​។ គម្រោង​ដំបូងៗ​របស់​ក្រុមហ៊ុន​មាន​ដូចជា ការិយាល័យ​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ Grow Plc ក្នុង​ខណ្ឌ​សែនសុខ និង​ការ​រចនា​ខាង​ក្នុង​សាខា​ហាង​កាហ្វេ Koi លើ​មហាវិថី​ព្រះនរោត្តម​។

បញ្ហា​ប្រឈម​ធំ​បំផុត​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល ២ ​ឆ្នាំ​គឺ​នៅពេល​ដែល​ម្ចាស់​ភាគហ៊ុន​ ២ ​រូប​ទៀត​ចង់​លក់​ភាគហ៊ុន​របស់​ពួកគេ ដើម្បី​ទៅ​ផ្តោត​លើ​អាជីព​ផ្ទាល់​របស់​ខ្លួន​។

អ្នកស្រី​ពន្យល់​ថា​៖ «​មាន​ហេតុផល​ជាច្រើន​ដែល​បណ្តាល​ឲ្យ​ដៃគូ​របស់​ខ្ញុំ​ដើរចេញ ក៏​ប៉ុន្តែ​ហេតុផល​ចម្បង​គឺ​ការមិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​យល់ឃើញ​របស់​យើង​។ ផ្នែក​នៃ​ភាព​ខុស​គ្នា​នេះ​កើត​ចេញ​ពី​ភាព​ខុស​គ្នា​ក្នុង​យែនឌ័រ​របស់​យើង​»​។

ចាប់​តាំងពី​បាន​គ្រប់គ្រង​ក្រុមហ៊ុន​ផ្តាច់​តែឯង​នៅ​ខែ​តុលា​ឆ្នាំ​មុន​អ្នកស្រី មួយហ្គិច និង​ក្រុម​ការងារ​បាន​បញ្ចប់​គម្រោង​មួយ​ចំនួន​ហើយ​។ គម្រោង​ថ្មី​រួមមាន​ការកែលម្អ​នៅ​សណ្ឋាគារ Blue River នៅ​រាជធានី​ភ្នំពេញ និង​ការ​រចនា​ខាង​ក្នុង​សណ្ឋាគារ ៥០០ ​បន្ទប់​នៅ​ខេត្ត​សៀមរាប​។

អ្នកស្រី​អះអាង​ថា​ការលូតលាស់​នៃ​កិត្តិយស និង​មូលដ្ឋាន​អតិថិជន​របស់​អ្នកស្រី​មាន​ការ​រួមចំណែក​ពី​ការសិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់​ទៅ​លើ​ស្ថាបត្យកម្ម​ប្រកប​ដោយ​ចីរភាព ដែល​តម្រង់​ទៅ​កាត់​បន្ថយ​ឲ្យ​ដល់​កម្រិត​អប្បបរមា​នូវ​ឥទ្ធិពល​នានា​ដែល​បរិស្ថាន​មាន​មក​លើ​សំណង់​អគារ​ព្រម​ទាំង​ការ​សង្កត់ធ្ងន់​លើ​បទពិសោធ​អ្នក​ប្រើប្រាស់​ដែល​ជា​របៀប​ដែល​សំណង់​អគារ​អាច​ផ្តល់​ផាសុកភាព និង​ផលប្រយោជន៍​ទៅ​ដល់​អ្នក​រស់នៅ​ក្នុង​សំណង់​អគារ​។

ឧទាហរណ៍​មួយ​ដែល​អ្នកស្រី សុខ មួយហ្គិច បាន​លើក​ឡើង​គឺ​ការ​រចនា​បន្ទប់​ការិយាល័យ​មួយ​។ ស្តាប់​មើល​ទៅ​ហាក់​ដូចជា​សាមញ្ញ ក៏​ប៉ុន្តែ​អ្នកស្រី​បាន​ពន្យល់​ថា​ការ​វិភាគ​ទៅ​លើ​ឥទ្ធិពល​ដែល​ធាតុ​នីមួយៗ​ក្នុង​ការ​រចនា​អាច​មាន​មក​លើ​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ សូម្បី​តែ​រឿង​តូច​បំផុត​ដូចជា​ពន្លឺ​ចេញ​ចូល និង​កាយវិការ​របស់​មនុស្ស​នៅ​ពេល​អង្គុយ​វាយ​កុំព្យូទ័រ​ក៏​ត្រូវ​តែ​បាន​វិភាគ​មុន​ពេល​រចនា​ឡើង​ផង​ដែរ​។

អ្នកស្រី​និយាយ​ថា​៖ «​ពន្លឺ ខ្យល់ លំហ និង​កត្តា​រូប​ជាច្រើន​ទៀត​ត្រូវ​តែ​យក​មក​ពិចារណា និង​វិភាគ​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​បង្កើត​រចនាសម្ព័ន្ធ​ដ៏ស្រស់ស្អាត​តែ​ប្រកប​ដោយ​ផាសុកភាព​។ ក្នុង​នាម​ជា​ស្ថាបត្យករ​មួយ​រូប​យើង​ត្រូវ​តែ​យក​អារម្មណ៍​របស់​អ្នក​ដែល​នឹង​ត្រូវ​ប្រើប្រាស់​ផលិតផល​របស់​យើង​មក​ដាក់​ក្នុង​អារម្មណ៍​ខ្លួនឯង​ជា​ដាច់ខាត​»៕