The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ថាបត្យករ​ហុងកុង​ល្បី​ឈ្មោះ​ថា បច្ចេកវិទ្យា​អាចជួយ​រចនា​ប្លង់​បែប​ស្រមើស្រមៃ

ស្ថាបត្យករ​ហុងកុង​ល្បី​ឈ្មោះ​ថា បច្ចេកវិទ្យា​អាចជួយ​រចនា​ប្លង់​បែប​ស្រមើស្រមៃ

Content image - Phnom Penh Post
លោក Yim ក្នុងពេល​ផ្តល់​បទសម្ភាស​បន្ទាប់ពី​លោក​ទទួល​បាន​ពានរង្វាន់​។ រូប ANN

ស្ថាបត្យករ​ហុងកុង​ល្បី​ឈ្មោះ​ថា បច្ចេកវិទ្យា​អាចជួយ​រចនា​ប្លង់​បែប​ស្រមើស្រមៃ

ក្រុងប៉េកាំងៈ លោក Rocco Yim Sen-kee ស្ថាបត្យករ​នៅ​ទីក្រុង​ហុងកុង​បាន​ប្រាប់​សារព័ត៌មាន​ប្រចាំថ្ងៃ China Daily នៅក្នុង​បទសម្ភាស​មួយ​ថា បច្ចេកវិទ្យា​អាច​ដឹកនាំ​ឧស្សាហកម្ម​សំណង់​ឆ្ពោះ​ទៅ​រក​ដំណាក់កាល​ថ្មី​មួយ ប៉ុន្តែ​បច្ចេកវិទ្យា​មិន​អាច​មាន​តួនាទី​លើស​ពី​ឧបករណ៍​មួយ​បាន​នោះទេ ដោយសារ​វិស័យនេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​មនុស្ស​។

លោក​ថ្លែងថា ស្ថាបត្យកម្ម​ត្រូវការ​ការស្រមើស្រមៃ ប៉ុន្តែ​មិន​អាច​សម្រេច​បាន​ដោយ​គ្រាន់តែ​ការស្រមើស្រមៃ​នោះទេ​។

បន្ទាប់ពី​ការឈ្នះ​បាន​ពានរង្វាន់​នៅ​ពិធី​ឧស្សាហកម្ម​ច្នៃប្រឌិត និង​វប្បធម៌​នៅ​តំបន់​ឈូងសមុទ្រ​ក្វាងទុង-ហុងកុង-ម៉ាកាវ (Guangdong-Hong Kong-Macao Greater Bay Area) ​កាលពី​ដើមខែ​នេះ លោក Yim បាន​ឲ្យ​ដឹងថា លោក​ជឿជាក់​ថា​បច្ចេកវិទ្យា​អាច​ធ្វើឲ្យ​គំនិត​របស់​ស្ថាបត្យករ​មួយ​ចំនួន​ក្លាយជា​ការពិត​បាន​។

លោក Yim ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Rocco Design Architects Ltd បាន​ថ្លែងថា​៖ «​ការអភិវឌ្ឍ​បច្ចេកវិទ្យា​អាច​ឲ្យ​យើង​មាន​ទស្សនទាន​ក្នុង​ការរចនា តាមរយៈ​រូបភាព​ស្ថាបត្យកម្ម និង​គំរូ​បោះពុម្ព 3D ។ ដោយ​ឈរលើ​មូលដ្ឋាន​នេះ យើង​អាច​ធ្វើការ​សិក្សា និង​ពិភាក្សា​បន្ថែម​ជាមួយ​អ្នកផ្សេង​ទៀត​»​។

លោក​បន្ថែម​ថា លើស​ពី​នេះ​បច្ចេកវិទ្យា​អាចជួយ​ផលិត​ធាតុ​ផ្សំ និង​គ្រឿង​ផ្គុំ​មួយ​ចំនួន​នៅពេល​ការសាងសង់​កំពុងដំណើរការ​។

លោក Yim គឺ​ស្ថាបត្យករ​ដែល​ទទួល​ខុសត្រូវ​ខាង​ការ​រចនា​ប្លង់​របស់​អគារ​ល្បីៗ​ជាច្រើន​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​រួមមាន​អគារ International Finance Centre នៅ​កណ្តាល​ក្រុង​ហុងកុង និង​អគារ Central Government Complex នៅ​ទីតាំង Tamar ជាដើម​។

លោក Yim ត្រូវ​បាន​តែងតាំង​ជា​ស្ថាបត្យករ​ផ្នែក​រចនា​ប្លង់​សម្រាប់​អគារ​សារមន្ទីរ វិមាន​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ ២០១៧ ​។ ការ​រចនា​ប្លង់​ចុងក្រោយ​សម្រាប់​ការសាងសង់​បន្ថែម​ថ្មី​ទៅលើ​អគារ West Kowloon Cultural District ត្រូវបាន​បង្ហាញ​រួចហើយ​។

លោក​បាន​ឲ្យ​ដឹងថា ការងារ​រចនា​ប្លង់​ដ៏ពិបាក​ទាំងអស់​ត្រូវបាន​បញ្ចប់​ហើយ​។ អ្វី​នៅសល់​នៅពេល​នេះ​គឺ​ព័ត៌មាន​លម្អិត​ដែល​ចាំបាច់​ត្រូវ​ស្វែងរក​ដំណោះស្រាយ បន្ទាប់ពី​ការចរចា​ជាមួយ​អ្នក​អភិរក្ស​សារមន្ទីរ និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។

គម្រោង​ដ៏សំខាន់​នៃ​អគារ Palace Museum បាន​ចាប់ផ្ដើម​ជាច្រើន​ខែ​មុននេះ​។ អគារ​ដែល​គ្រោង​សាងសង់​នេះ​មាន​រូបរាង​ដូច​ទៅ​នឹង​ថូផ្កា ឬ​ឆ្នាំង​ទឹក​បុរាណ​ដ៏ធំ​មួយ​របស់​ប្រទេស​ចិន​ដូច្នេះ​ដែរ​។

លោក Yim ថ្លែងថា​៖ «​ជា​មូលដ្ឋាន វា​ជា​អគារ​សហសម័យ​មួយ​ដែល​បង្ហាញ​វប្បធម៌​ប្រពៃណី​។ សម្ភារ និង​រូបរាង​គឺជា​សហ​សម័យ​ពិតប្រាកដ​។ ប៉ុន្តែ​យើង​សង្ឃឹមថា វា​អាច​រំឭក​ពី​បុរាណកាល​។ អគារ​នេះ​ប្រាប់​ឲ្យ​ដឹង​ច្រើន​អំពី​និស្ស័យ​របស់​អគារ​នេះ​»​។

លោក​រំពឹងថា សារមន្ទីរ​នេះ​អាច «​មាន​ការលើក​យក​មក​និយាយ​ច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​» ធៀប​នឹង​អគារ​ផ្សេងទៀត​នៅក្នុង​សង្កាត់​វប្បធម៌​មួយ​នេះ ខណៈ​ដែល​នឹង​មាន​ការប្រៀបធៀប​គ្នា​រវាង​អគារ «​ភាពចាស់ និង​ភាព​ថ្មី​»​។

លោក Yim ធ្លាប់​ពណ៌នា​អគារ Palace Museum នេះ​ថា​ជា​គម្រោង​សារមន្ទីរ​ដែល​ពិបាក​បំផុត​របស់​លោក​ដោយ​ពិចារណា​ទៅលើ​ទីតាំង​ផ្ទៃដី​សាងសង់​ដែល​មាន​កម្រិត​។ ដើម្បី​ប្រើប្រាស់​ទីតាំង​ផ្ទៃដី​តូច​នេះ​ឲ្យ​បានល្អ​ប្រសើរ​បំផុត​នោះ លោក​ត្រូវតែ​រចនា​ការសាងសង់​អគារ​ឲ្យ​លៀន​ចេញ​ទៅ​លម្ហ​៕ ANN/LA

អត្ថបទគួរចាប់អារម្មណ៍