បើទោះបីជាពេលវេលានៃការចាប់ផ្តើមសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងទន្លេបាសាក់ ពីរាជធានីភ្នំពេញឆ្ពោះទៅតំបន់អរិយក្សត្រ ហាក់មិនទាន់មានភាពច្បាស់លាស់ក៏ដោយ ក៏សកម្មភាពនៃការសាងសង់ និងចលនានៃការទិញ-លក់អចលនទ្រព្យនៅទីនោះនៅតែមានភាពរស់ររើកដដែល។
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បាននិយាយថា ចលនានៃការទិញ-លក់ អចលនទ្រព្យនៅតំបន់អរិយក្សត្រ គឺមានសកម្មភាពល្អប្រសើរ ដោយនៅពេលនេះគេសង្កេតឃើញមានគម្រោងសាងសង់បុរី ខុនដូ និងដីឡូត៍ពុះលក់ជាច្រើននៅទីនោះ។ ហេតុផលសំខាន់ៗដែលធ្វើឱ្យសកម្មភាពទិញ លក់ អចលនទ្រព្យនៅទីនោះមានដំណើរការល្អ គឺទី ១ នៅជិតចំណុចកណ្តាលរាជធានីភ្នំពេញ (ខណ្ឌគ្នាដោយទន្លេ) ទី ២ ភាពទាក់ទាញនៃទីតាំងភូមិសាស្ត្រដែលនៅជិតទន្លេ និងទី ៣ ផែនការនៃការសាងសង់ស្ពានឆ្លងទន្លេចំនួន ២ កន្លែង។
លោកបានអះអាងថា៖ «មូលហេតុចម្បងដែលធ្វើឲ្យតម្លៃ និងសកម្មភាពទិញ-លក់ អចលនទ្រព្យ នៅតំបន់អរិយក្សត្រមានភាពល្អប្រសើរ គឺការរំពឹងខ្លាំងទៅលើការសាងសង់ស្ពានឆ្ពោះទៅកាន់ទីនោះតែម្តង»។
បើតាមលោក ចណ្ណា បច្ចុប្បន្នដីនៅតាមបណ្តោយផ្លូវធំអាចមានតម្លៃចន្លោះពី ៤០០ ទៅ ៤៥០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ខណៈដីលំនៅឋានតាមផ្លូវតូចៗក្នុងភូមិមានតម្លៃចន្លោះពី ២០០ ទៅ ៣០០ ដុល្លារ និងដីកសិកម្ម (ដីស្រែ ប្រាំង) អាចមានតម្លៃចាប់ពីជាង ២ ដុល្លារឡើងទៅ។ តម្លៃនេះបើធៀបនឹងដើមឆ្នាំ ២០១៧ គឺកើនឡើងក្នុងរង្វង់ ១០ ទៅ ១៥ ភាគរយ។
ទោះជាយ៉ាងណាលោក ចណ្ណា បានប្រាប់ថា៖ «ប្រសិនបើអ្នកដែលមានបំណងចង់ធ្វើការវិនិយោគទៅលើអចលនទ្រព្យនៅតំបន់អរិយក្សត្រ ហើយមានទុនបង្វិលសម្រាប់រយៈពេលត្រឹម ៣-៥ ឆ្នាំគេគួរតែពិចារណាឱ្យបានច្បាស់ ជាពិសេសការជ្រើសរើសទីតាំង ព្រោះថាការទទួលបានប្រាក់ត្រឡប់មកវិញអាចនឹងមានរយៈពេលយូរ»។ លោកបានបន្តថា៖ «មានអ្នកទិញអចលនទ្រព្យនៅទីនោះជាច្រើនបានរំពឹងថា ខ្លួននឹងអាចទទួលបានប្រាក់ចំណេញច្រើនបន្ទាប់ពីមានស្ពានតភ្ជាប់ទៅទីនោះ តែជាក់ស្តែងសញ្ញាណដែលបញ្ជាក់ថា ការសាងសង់ស្ពាននឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហាក់មិនទាន់មានពន្លឺនោះទេ»។
ទាក់ទងនឹងការទិញអចលនទ្រព្យ អគ្គនាយកក្រុមហ៊ុន Lucky Realty បានលើកឡើងថា ជាការល្អបំផុតមុននឹងចង់ទិញអចលនទ្រព្យនៅតំបន់ណាមួយ គេគួរតែចំណាយពេលខ្លះដើម្បីជួបប្រឹក្សាជាមួយអ្នកជំនាញ ឬក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដើម្បីចៀសវាងយថាហេតុចៃដន្យណាមួយដែលអាចកើតឡើង។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Cambodia បាននិយាយកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នលោកក៏កំពុងស្វែងរកដីនៅអរិយក្សត្រឲ្យភ្ញៀវដែរដោយភ្ញៀវរបស់លោកភាគច្រើនគេទិញសម្រាប់វិនិយោគនាពេលអនាគត។ ដោយសារដីនៅអរិយក្សត្រភាគច្រើនជាដីលិចទឹកនៅរដូវវស្សា ដូច្នេះកន្លែងដែលនៅឆ្ងាយពីផ្លូវ និងមិនទាន់ចាក់ដីបំពេញ គេអាចរកបានក្នុងតម្លៃធូរថ្លៃផងដែរនាពេលនេះ។
លោកបានប្រាប់ថា៖ «សម្រាប់រយៈពេលវែងទៅមុខ ការវិនិយោគនៅតំបន់នោះល្អប៉ុន្តែនាពេលនេះមិនទាន់សូវល្អទេដោយសារមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់»។
អរិយក្សត្រ ជាផ្នែកមួយរបស់ខេត្តកណ្តាល ដែលខណ្ឌចែកពីរាជធានី-ភ្នំពេញដោយទន្លេតែប៉ុណ្ណោះ។ តំបន់នោះក៏ត្រូវបានរាជរដ្ឋាភិបាលគ្រោងនឹងដាក់បញ្ចូលជាផ្នែកមួយនៃរាជធានីភ្នំពេញនាពេលឆាប់ៗនេះផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងមកធ្លាប់បានប្រកាសពីផែនការនៃការសាងសង់ស្ពានចំនួន ២ កន្លែងដើម្បីតភ្ជាប់តំបន់អរិយក្សត្រមកកាន់រាជធានីភ្នំពេញ ដែលចំណុចទី ១ ចេញពីកំពង់ចម្លងជ្រោយចង្វារទៅស្វាយជ្រំ និងទី ២ ចេញពីកំពង់ចម្លងក្តីតាកុយ (ផ្លូវជាតិលេខ ១) នៃខណ្ឌច្បារអំពៅឆ្ពោះទៅកាន់ឃុំអរិយក្សត្រ។
លោក នូ វឌ្ឍនៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយថា ផែនការសាងសង់ស្ពានពីរាជធានីភ្នំពេញឆ្ពោះទៅអរិយក្សត្រដែលជាកម្ចីសម្បទានពីប្រទេសចិននោះ ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សា។ នៅពេលមានស្ពានទាំង ២ នេះ ការធ្វើដំណើរ ពិសេសការដឹកជញ្ជូនទំនិញនឹងកាន់តែមានភាពងាយស្រួលព្រោះមិនចាំបាច់ត្រូវឆ្លងកាត់រាជធានីភ្នំពេញឡើយ។
លោកមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះគឺមិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់ដើម្បីសាងសង់ស្ពានភ្ជាប់ពីភ្នំពេញទៅតំបន់អរិយក្សត្រឡើយ»។
បច្ចុប្បន្ននៅតំបន់អរិយក្សត្រមានគម្រោងលំនៅឋានជាច្រើនដូចជា បុរីចតុមុខស៊ីធី បុរី Evergreen City និងបុរីសែនសុខជាដើម។
បុគ្គលិកជាន់ខ្ពស់ផ្នែកលក់នៃគម្រោងបុរីចតុមុខស៊ីធី ដែលវិនិយោគលើការសាងសង់ផ្ទះល្វែង វីឡា ខុនដូ និងដីឡូត៍នៅតំបន់អរិយក្សត្រ បាននិយាយថា ការលក់នាដើមឆ្នាំ ២០១៨ នេះមានភាពល្អប្រសើរជាងឆ្នាំមុនដោយបច្ចុប្បន្នក្រុមហ៊ុនរបស់លោកគម្រោងសាងសង់លំនៅឋានថ្មីៗជាបន្តបន្ទាប់។ លោកបានបន្តថា ការលក់បន្ទប់ស្នាក់នៅក្នុងខុនដូ ដែលមានជិត ៥០០ យូនីតរហូតមកដល់ពេលនេះសម្រេចបានភាគច្រើនផងដែរ។
បុគ្គលិកខាងលើបាននិយាយថា៖ «សម្រាប់ខ្ញុំតម្លៃដី និងអចលនទ្រព្យនៅតំបន់អរិយក្សត្រនឹងកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀតព្រោះជាកន្លែងដ៏ល្អសម្រាប់ការរស់នៅ និងស្ថិតនៅជិតចំណុចកណ្តាលរាជធានីភ្នំពេញ»។
បើតាមបុគ្គលិកក្រុមហ៊ុនខាងលើបានអះអាងថា ការសាងសង់ស្ពានចំនួន ២ កន្លែងដែលភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ នឹងសាងសង់ឡើងមិនឱ្យលើសពីឆ្នាំ ២០២០ ឡើយ៕