នៅពេល​និយាយ​ពី​ការបោះឆ្នោត​ជាតិ​នាពេល​ខាង​មុខ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ហាក់​មិន​មាន​អ្វី​ប្រែប្រួល​ទេ ហើយ​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ចកម្ពុជា​ក៏​នឹង​នៅ​តែ​បន្ត​ដើរ​ទៅមុខ​ដោយឡែក​បើ​ក្រឡេក​មើល​ទៅក្នុង​វិស័យ​សំណង់​វិញ​មាន​គម្រោង​អគារ​ធំៗ​ជាច្រើន​បាន​និង​កំពុង​កែតម្រូវ​ប្លង់ ឬ​ការ​ឌីហ្សាញ និង​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​ការចាប់ផ្តើម​ការសាងសង់ គឺ​វា​ហាក់​ដូចជា​ការទន្ទឹង​រង់ចាំ​មើល​លទ្ធផល​នៃ​ការបោះឆ្នោត​ដែរ​។

នាយិកា​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន​និយាយ​ថា គម្រោង​នីមួយៗ​មាន​រឿង​ខុសៗ​គ្នា​ប៉ុន្តែ​ការពន្យារពេល ឬ​មិន​ពន្យារពេល​ក្នុង​ការ​សាងសង់​អាច​មិនមែន​ដោយសារ​ការបោះឆ្នោត​នោះ​ទេ ព្រោះ​ការបោះឆ្នោត​នាពេល​ខាង​មុខ​ហាក់​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ អ្នកនាង​បន្ត​ថា​អ្វីដែល​អ្នក​អភិវឌ្ឍន៍​បារម្ភ​អាច​បណ្តាល​មកពី​ពួកគេ​គិតពី​ភាព​ជោគជ័យ​ក្នុង​ការលក់​ដោយសារ​ភាព​ប្រកួតប្រជែង​កំពុង​កើនឡើង​ខ្ពស់​នាពេល​នេះ​។

«​បញ្ហា​ទីផ្សារ​អាច​ជា​រឿង​ដែល​អ្នក​វិនិយោគ​បារម្ភ​ជាងគេ​ ប៉ុន្តែ​ការពន្យារពេល​សាងសង់​នូវ​គម្រោង​មួយ​ចំនួន​ក៏​អាច​បណ្តាល​មកពី​មាន​ហេតុផល​ផ្ទៃក្នុង​ក្រុមហ៊ុន​ផង​ដែរ​តែ​គេ​មិន​បាន​ប្រកាស​ឲ្យ​ដឹង​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកនាង សុធីតា​។ «​អ្នក​វិនិយោគ​ខ្លះ​ក៏​អាច​នឹង​កំពុង​ស្វែងរក​ (​វិធីសាស្ត្រ ឬ​ភាព​ទាក់ទាញ​) ​ថ្មី​សម្រាប់​វិនិយោគ​ផង​ដែរ​»​។

បច្ចុប្បន្ន​គម្រោង Sina Plaza ដែល​ស្ថិត​នៅ​ទល់មុខ​ការិយាល័យ​លក់​នៃ​គម្រោង Olympia City ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មករា និង​គម្រោង Kowloon Bay ដែល​បាន​បុកគ្រឹះ​មួយ​រយៈ​រួច​មក​ហើយ​នោះ​ពេល​នេះ​គម្រោង​ទាំង​​ ២ ​នេះ​នៅ​ស្ងៀមស្ងាត់​ដូច​គ្នា​។ ចំណែក​គម្រោង The Glory ដែល​មាន​កម្ពស់​ ៧៨ ​ជាន់​ស្ថិត​នៅ​ខាងក្រោយ​នៃ​គម្រោង The Bridge ក៏​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅពេល​ឆាប់ៗ​នេះ​ផង​ដែរ​។

លោក ផូ ប៊ីលសម្បត្តិ តំណាង​ក្រុមហ៊ុន​យានឆ័ង​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ហើយ​គម្រោង​នឹង​សាងសង់​អគារ The Glory មិន​លើក​ទូរស័ព្ទ​ទេ​នៅ​អំឡុង​ដើម​សប្តាហ៍​នេះ​។

ប៉ុន្តែ​កាលពី​ពេល​កន្លងមក​ លោក ប៊ីលសម្បត្តិ ​ធ្លាប់​បាន​ថ្លែង​ថា គម្រោង​នេះ​មិន​បាន​ពន្យារពេល​សាងសង់​នោះ​ទេ​ហើយ​ក្រុមហ៊ុន​ក៏​មិន​ដែល​បានប្រកាស​ពី​កាលបរិច្ឆេទ​សាងសង់​ជាក់លាក់​នោះ​ទេ​។ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ឌីហ្សាញ​ប្លង់​អគារ​ឡើងវិញ​ដោយសារ​វា​ជា​អគារ​ខ្ពស់​ហេតុនេះ​បច្ចេកទេស​សំណង់​ជា​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ធានា​ការសាងសង់​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​។

ទីស្នាក់ការ​លក់​នៃ​គម្រោង Kowloon Bay ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស​។ ផា លីណា

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ថ្លែង​ថា ទីផ្សារ​ខុនដូ​វា​ហាក់​ក្មេងខ្ចី​នៅ​ឡើយ​នៅក្នុង​ទីផ្សារ​កម្ពុជា​ហេតុនេះ​អ្វី​ដែល​អ្នក​អភិវឌ្ឍន៍​ត្រូវ​ធ្វើ​គឺ​គួរ​សិក្សា​ពី​ទីផ្សារ និង​តម្រូវការ​ឱ្យបាន​ច្បាស់លាស់​សិន​ចាំ​ធ្វើការ​អភិវឌ្ឍ​ខណៈ​សញ្ញា​នៃ​ការផ្គត់ផ្គង់​នាពេល​នេះ​ហាក់​កើន​លើស​ពី​តម្រូវការ​ទន្ទឹម​នឹង​នេះ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ក៏កើនឡើង​ខ្លាំង​ទៀត​ផង​។

ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​ទាំង​អ្នកវិនិយោគ​ និង​អតិថិជន​សុទ្ធតែ​យល់​ដឹង និង​មាន​បទពិសោធ​តាមរយៈ​ការបោះឆ្នោត​ពី​លើក​មុនៗ​រួមទាំង​ពេល​ខាង​មុខ​នេះដែរ «​រឿង​សាមញ្ញ​គឺ​អ្នកលក់ និង​អ្នកទិញ​ពួកគេ​នៅ​បន្ត​អាច​លក់ និង​ទិញ​អ្វីៗ​តាម​តម្រូវការ​របស់​ពួកគេ​ជាធម្មតា​ទេ​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុខនីម​។ «​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ទាល់តែ​អ្នក​អភិវឌ្ឍន៍​មាន​អតិថិជន​ក្នុង​ដៃ​ស្រាប់ និង​មានការ​សិក្សា​ពី​ទីផ្សារ​ច្បាស់លាស់​សិន​ចាំ​ធ្វើការ​វិនិយោគ​បាន​វា​ប្រសើរ​បើ​មិន​ដូច្នេះ​វា​អាច​នឹង​មាន​បញ្ហា​ដែរ​»​។

ក្រឡេក​មើល​តាម​ផែនការ​របស់​ក្រុមហ៊ុន WorldBridge Group ក្រុមហ៊ុន​នេះ​នឹង​សាងសង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅឋាន​ដែល​មាន​ឈ្មោះ​ថា Kowloon Bay Twin Towers កម្ពស់​ ៥៩ ​ជាន់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស​ប៉ែក​ខាង​ត្បូង​ផ្សារ​ទំនើប Aeon Mall នៅ​ចុង​ឆ្នាំ​ ២០១៨ ​នេះ​។

លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​ WorldBridge Group បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ថា​អ្នក​សាងសង់​ខុនដូ​នៅ​កម្ពុជា​ភាគច្រើន​បាន​ផ្តោត​លើ​អតិថិជន​ជា​ជនបរទេស​ ប៉ុន្តែ​គម្រោង​របស់​លោក​គឺ​ចាប់ផ្តើម​ជាមួយ​និង​ការគិតគូរ​ជា​ចម្បង​លើ​អតិថិជន​ជនជាតិ​ខ្មែរ​។

លោក​បន្ត​ថា​គម្រោង Kowloon Bay Twin Towers នៅពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការរៀប​ចំ​កែសម្រួល​ឌីហ្សាញ​ឡើង​វិញ​ព្រោះ​ការ​ឌីហ្សាញ​លើក​មុន​មិន​សូវ​ស័ក្តិសម​ទាក់ទាញ​ចំណាប់​អារម្មណ៍​ និង​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​គម្រោង​នេះ​ក្លាយ​ជា​ចំណុច​កត់សម្គាល់​ថ្មី​មួយ​ហើយ​គម្រោង​នេះ​បាន​បង្រួម​មក​នៅត្រឹម​កម្ពស់​ ៥៩ ​ជាន់​វិញ​បន្ទាប់ពី​ការដាក់​ពាក្យ​ស្នើសុំ​ច្បាប់​សាងសង់​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ជា​ផ្លូវការ​មាន​កម្ពស់​ ៦១ ​ជាន់​នោះ​។

ទីតាំង​នៃ​ការដ្ឋាន​របស់​គម្រោង Kowloon Bay​។ផា លីណា

លោក​មានប្រសាសន៍​ថា៖ «​បច្ចុប្បន្ន​គម្រោង​នេះ​បាន​បញ្ចប់​ការបុក​គ្រឹះ​ហើយ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​គឺ​បន្ទាប់ពី​ (​ការ​កែសម្រួល​) ​ឌីហ្សាញ​ឡើងវិញ​ចប់​រួចរាល់​»​។ លោក​បន្ត​ថា៖ «​ខ្ញុំ​នៅតែ​មាន​ជំនឿ​ចិត្ត​ចរិត​របស់​ខ្ញុំ​គឺ​បើ​មិន​ជឿជាក់​គឺ​ខ្ញុំ​នឹង​មិន​ធ្វើ​នោះ​ទេ​»​។

អ្នកស្រី​ Grace Rachny Fong នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Century21 Cambodia ​បាន​ថ្លែង​ថា៖ «​បច្ចុប្បន្ន​ប្រជាជន​ដូចជា​ពុំ​ដែល​គិត​អំពី​បញ្ហា​អវិជ្ជមាន​កើតឡើង​ពី​ការបោះឆ្នោត​ខាង​មុខ​នេះ​ទេ​»​។

«​សម្រាប់​អ្នកទិញ​គិតគូរ​តែ​អំពី​ផលិតផល​ល្អ​ (​ផ្ទះ​)​ ខណៈ​អ្នក​អភិវឌ្ឍន៍​ចាប់ផ្តើម​គិតគូរ​កាន់តែ​ខ្លាំង​អំពី​ការ​ឌីហ្សាញ​ទំហំ​គុណភាព​ខ្ពស់​ (​រាល់​យូនីត​) ​និង​កាលបរិច្ឆេទ​ (​បញ្ចប់​ការសាងសង់​)»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី​Rachny Fong​។ នាពេល​ខាង​មុខ​ឆាប់​នេះ «​នឹង​មាន​គម្រោង​ធំៗ​មួយ​ចំនួន​ទៀត​នឹង​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​របស់​ពួកគេ​នៅក្នុង​អំឡុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០១៨ ​នេះ​»​។

តាម​ការសិក្សា​របស់​ក្រុមហ៊ុន Vtrust Appraisal បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​រកឃើញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៧ កម្ពុជា​មាន​ខុនដូ​សរុប​ចំនួន​​ ៦១១៩៩ ​យូនីត​ក្នុង​នោះ​ ៤១៧០ ​យូនីត​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កណ្តាល​មាន​ចំនួន​ ១៥០៣ ​យូនីត​៕